អ្នកមានបទពិសោធន៍កិច្ចការព្រំដែនដែលមិនចំណុះឱ្យរដ្ឋាភិបាល លោក អ៊ុំ សំអាន បាននិយាយថា សារបែកធ្លាយរបស់មេដឹកនាំគ្រួសារហ៊ុនថ្មីទៀត បញ្ជាក់កាន់តែច្បាស់ថា មេដឹកនាំរូបនេះ គ្មានចេតនាការពារបូរណភាពទឹកដី រួមទាំងបញ្ហាកោះគុតទេ ។
លោកថា ការណ៍នេះ ជាការទាញសញ្ញាអាសន្ន ពីហានិភ័យបូរណភាពទឹកដីតជំនាន់ក្រោមដៃគ្រួសារហ៊ុន បើពលរដ្ឋខ្មែរ មិនរួមគ្នាបន្លឺសំឡេង ដើម្បីដាក់សម្ពាធដល់មេដឹកនាំឱ្យប្រើយន្តការអន្តរជាតិការពារទេនោះ។
បើតាមសារសំឡេងរយៈពេលជាង ២នាទី ដែល លោក អ៊ុំ សំអាន បានបង្ហោះលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី១០ ខែកុម្ភៈនេះ លោក ហ៊ុន សែន បានបញ្ចុះបញ្ចូលយុវជនមួយរូប ដែលលោក អ៊ុំ សំអាន ថានៅប្រទេសជប៉ុន កុំឱ្យចែករំលែកបញ្ហាព្រំដែន រួមទាំងបញ្ហាកោះគុត ដូចដែលគណបក្សប្រឆាំង មាន លោក អ៊ុំ សំអាន និងលោក សម រង្ស៊ី កំពុងធ្វើ។
លោក ហ៊ុន សែន គូសបញ្ជាក់ថា ការជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ប្តឹងថៃករណីកោះគុត ទៅតុលាការអន្តរជាតិ ជាការរុញឱ្យប្រទេសថៃប្រើកម្លាំងដើម្បីវាយបកមកកម្ពុជា ដែលលោកថាជាគ្រោះថ្នាក់របស់ជាតិ ។
មេដឹកនាំបក្សកាន់អំណាចរូបនេះ សង្កត់ធ្ងន់ថា កិច្ចការព្រំដែន ទុកឱ្យរដ្ឋាភិបាលជាអ្នកដោះស្រាយ ដែលរដ្ឋាភិបាលរបស់លោកបានចរចាទ្វេភាគីជាមួយថៃ២៤ឆ្នាំហើយ ។
លោកថា៖ «ពុកដឹងថាកូនឯងក្លាហានហើយ ពុកយល់ ប៉ុន្តែកូនក្លាហាន កូនត្រូវដឹងថា រឿងហ្នឹងវាយ៉ាងម៉េច វាអន្តរាយដល់ប្រទេស វាអាចមានសង្គ្រាម ក្នុងពេលដែលយើងកំពុងតែចរចា ដើម្បីដោះស្រាយបញ្ហា ហើយយើងបែរជាដកការចរចា ទៅប្តឹងតុលាការ។ គេអាចពង្រាយទ័ពភ្លាម វ៉ាយគ្នាប្រាវ រឿងហ្នឹងហើយ ជារឿងគ្រោះថ្នាក់។ អីចឹងបាន ជាភាគីទាំងសងខាងបន្តចរចាទៅលើការដោះស្រាយ។ បញ្ហាវាមិនគ្រាន់តែជាបញ្ហាកោះគុតទេ វាពាក់ព័ន្ធទៅនឹងក្របខណ្ឌសមុទ្រ ដែលគេហៅថា តំបន់ត្រួតស៊ីគ្នា។ ពុកពន្យល់កូន ដើម្បីឱ្យកូនបានដឹងប៉ុណ្ណឹង»។
សម្រាប់លោក អ៊ុំ សំអាន វិញអះអាងថា សំឡេងនេះពិតជាសម្តីលោក ហ៊ុន សែន ដែលគាត់គំរាមយុវជនឈ្មោះសិទ្ធិ ដែលកំពុងធ្វើការនៅប្រទេសជប៉ុន។
សម្រាប់លោក អ៊ុំ សំអាន តាមរយៈសារបែកធ្លាយនេះ បង្ហាញយ៉ាងច្បាស់ថា លោក ហ៊ុន សែន គ្មានឆន្ទៈការពារបូរណភាពទឹកដីទេ រួមទាំងកោះគុតដែលថៃកំពុងគ្រប់គ្រង។
លោកថា៖ «ព្រោះដើម្បីតែអំណាចលោក ហ៊ុន សែន សុខចិត្តកាត់កោះត្រល់ កោះក្រចកសេះឱ្យទៅយួន ដើម្បីឱ្យយួនគាំទ្រគាត់ឱ្យក្លាយជានាយករដ្ឋមន្ត្រី កាលពីឆ្នាំ១៩៨៥ សម័យយួនត្រួតត្រា ដូច្នេះដើម្បីអំណាចគាត់សុខចិត្តកាត់ទឹកដី កោះរបស់យើងឱ្យទៅប្រទេសជិតខាង ដើម្បីសិក្សាអំណាច។ ឥឡូវនេះគាត់អាចនឹងឱ្យកូនរបស់គាត់ លោក ហ៊ុន ម៉ាណែត ហ្នឹងកាត់កោះគុតទៅឱ្យថៃ ដើម្បីឱ្យថៃជួយការពារអំណាចគាត់ផងដែរ»។
លោកបារម្ភថា ប្រទេសជិតខាងនឹងបន្តលេបទឹកដីខ្មែរគ្មានទីបញ្ចប់ បើពលរដ្ឋខ្មែរមិនបន្លឺសំឡេងទាមទារ ដូចករណីប្រឆាំងជំទាស់នឹងគម្រោងអភិវឌ្ឍន៍រួមតាមព្រំដែនកម្ពុជា ឡាវ វៀតណាម (CLV)ទេនោះ។
លោកថា៖ «បើសិនជាខ្មែរយើងអត់ស្រុះគ្នាទេ ប្រហែលជាត្រកូលហ៊ុន និងត្រកូលថាក់ស៊ិនហ្នឹងគប់គិតគ្នា ដើម្បីផលប្រយោជន៍ប្រេងនៅបាតសមុទ្រ ហើយត្រកូលហ៊ុនហ្នឹង នឹងកាត់កោះគុតឱ្យថៃ ដើម្បីឱ្យថៃការពារអំណាចរបស់ខ្លួន តាមរយៈការធ្វើបាបសកម្មជនបក្សប្រឆាំងនៅថៃ ដូច្នេះត្រកូលហ៊ុន អាចនឹងក្លាយជាត្រកូលក្បត់ជាតិតជំនាន់»។
VOD មិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេគិតត្រឹមម៉ោងផ្សាយនេះ ដើម្បីសុំប្រតិកម្មជុំវិញការលើកឡើងនេះ ។
ប៉ុន្តែកន្លងទៅ លោកធ្លាប់ចាត់ទុកក្រុមមន្ត្រីបក្សជំទាស់ថា ជាក្រុមប្រឆាំងសន្តិភាព បង្កទុក្ខលំបាកដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីតែបុព្វហេតុ ដណ្តើមអំណាចដែលលោកប្រើពាក្យថា ចង់ផ្តួលរំលំរដ្ឋាភិបាលដែលការពារសន្តិភាព។
លោកថា៖ «ក្រុមហ្នឹង គេហៅក្រុមយើង ដែលខំរក្សាការពារសន្តិភាពថា ពួកអរគុណសន្តិភាព ហើយគេត្មិះតេះដៀលថ្នាក់ដឹកនាំដែលខំស្វែងរកសន្តិភាព ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋហ្នឹង គេក្តៅក្រហាយណាស់[…]ហើយបើមានរបួសស្នាម បើមានស្លាប់ទៀតគេរឹតចំណេញ គេយកបញ្ហាហ្នឹង ដើម្បីបញ្ឆេះបន្ថែម ដើម្បីបំផ្ទុះកំហឹងប្រជាពលរដ្ឋ អីចឹងហើយបានគេចាត់ទុកពួកគេហ្នឹងជាសត្រូវរបស់សន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ»។
ដោយឡែក ប្រធានក្រុមឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត មានប្រសាសន៍ថា កាលដែលមេដឹកនាំគ្រួសារហ៊ុន មិនហ៊ានប្តឹងរឿងកោះគុតជាមួយថៃ ទៅតុលាការអន្តរជាតិ ព្រោះខ្លាចឥទ្ធិពលវៀតណាម ដែលថាវៀតណាមមិនចង់ឱ្យមានការសើរើព្រំដែននោះទេ ខណៈវៀតណាមកំពុងគ្រប់គ្រងដីកម្ពុជាមួយភាគ ក្រោយលើកបន្តុបលោក ហ៊ុន សែន ឱ្យកាន់អំណាចនោះ។
លោកសង្កត់ធ្ងន់ថា ការប្រើយន្តការអន្តរជាតិប្តឹងអ្នករំលោភទឹកដីទៅតុលាការអន្តរជាតិ ជាជម្រើសទប់ស្កាត់មិនឱ្យមានសង្គ្រាមជាមួយប្រទេសជិតខាង និងតម្លាភាពបំផុត ព្រោះនៅពេលតុលាការអន្តរជាតិកាត់ឱ្យភាគីណាឈ្នះ ពលរដ្ឋនៃប្រទេសទាំងសងខាង រួមទាំងគណបក្សប្រឆាំងអស់មានលេសអីចោទប្រកាន់រដ្ឋាភិបាលទៀតទេ។
ប៉ុន្តែលោកថា ត្រង់ចំណុចនេះ តើរដ្ឋាភិបាលគ្រួសារហ៊ុន ហ៊ានប្រើយន្តការតម្លាភាព ដើម្បីប្រឆាំងមេកើយរបស់ខ្លួនចិញ្ចឹមចិត្តលេបទឹកដីខ្មែរឬអត់ប៉ុណ្ណោះ។
ជាការកត់សម្គាល់ លោក ហ៊ុន សែន ថ្វីបើអាចប្រើរដ្ឋធម្មនុញ្ញធ្វើជាឧបករណ៍នយោបាយ និងប្រើប្រព័ន្ធតុលាការចាប់ចងមនុស្ស ដែលគាត់មិនពេញចិត្តតាមទំនើងចិត្ត ប៉ុន្តែលោកមិនហ៊ានជំទាស់ នឹងការទាមទាររបស់វៀតណាមទេ ។
ជាក់ស្តែងនៅឆ្នាំ២០០៥ លោក ហ៊ុន សែន ធ្លាប់គំរាមរំលាយស្ថាប័នព្រះមហាក្សត្រ ដើម្បីសម្រេចមហិច្ឆតាវៀតណាមលេបទឹកដី បើព្រះអង្គមិនឡាយព្រះហស្តលេខា លើសន្ធិសញ្ញាព្រំដែនខុសច្បាប់ ដែលគូរវាសដោយវៀតណាម ឆ្នាំ១៩៨២ ៨៣ និង៨៥ ឱ្យរស់ឡើងវិញទេនោះ។
បន្ថែមពីនេះ លោក ហ៊ុន សែន តែងតែចោទមេដឹកនាំគណបក្សប្រឆាំងថា ជាជនក្បត់ជាតិ ខណៈពួកគេជាញឹកញាប់បានប្រើយន្តការសភា និយាយលាតត្រដាងពីមហិច្ឆតាវៀតណាមលេបទឹកដីខ្មែរនេះ ។
លើសពីនេះ គណបក្សសង្គ្រោះជាតិ ជាបក្សប្រឆាំងធំជាងគេត្រូវបាន លោក ហ៊ុន សែន ប្រើតុលាការរំលាយចេញពីឆាកនយោបាយនៅចុងឆ្នាំ២០១៧ និងបន្តសម្លាប់ជីវិតនយោបាយមេដឹកនាំរហូតបច្ចុប្បន្ន។
មាត្រា៥៥ ចែងថា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹត្យភាព និងឯកភាពជាតិរបស់កម្ពុជា ត្រូវលុបចោល។
រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការពារឯកភាពជាតិ។
ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា ៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»។
កោះគុតស្ថិតនៅខេត្តកោះកុង មានផ្ទៃក្រឡាប្រមាណ ១០៥គីឡូម៉ែត្រការ៉េ មានបណ្តោយប្រវែង ២៥គីឡូម៉ែត្រ និងទទឹង ៩គីឡូម៉ែត្រ ។
កោះគុតមានចម្ងាយ ៨០គីឡូម៉ែត្រ ភាគនិរតីនៃខេត្តត្រាត ប្រទេសថៃ និងមានចម្ងាយ ៣២គីឡូម៉ែត្រ ពីខេត្តកោះកុងដែលបច្ចុប្បន្នភាគីថៃកំពុងគ្រប់គ្រងទាំងស្រុង៕