អគ្គស្នងការនគរបាលជាតិកម្ពុជា និយាយថា សមត្ថកិច្ចកម្ពុជា កំពុងបើកការស៊ើបអង្កេត អង្គហេតុជនសង្ស័យ លី រតនរស្មី និង ពេជ្រ គឹមស្រ៊ិន ដែលតុលាការព្រហ្មទណ្ឌថៃ និងប៉ូលិសអន្តរជាតិ ស្នើសុំឱ្យចាប់បញ្ជូនក្នុងសំណុំរឿងឃាតកម្ម បាញ់ស្លាប់តំណាងរាស្ត្រគណបក្សសង្ក្រោះជាតិ លោក លិម គិមយ៉ា ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បានប្រាប់VOD តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃសុក្រថា ករណីជនសង្ស័យ លី រតនរស្មី និង ពេជ្រ គឹមស៊្រិន សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត។
យ៉ាងណា លោកគូសបញ្ជាក់ថា «សមត្ថកិច្ចកម្ពុជា កំពុងពិនិត្យឯកសារ និងអង្គហេតុ ដើម្បីបើកការស៊ើបអង្កេត»។
លោកបញ្ជាក់បន្ថែមក្នុងន័យដើមថា៖ «ការពារសុវត្ថិភាព មិនបាន គឺជាបន្ទុកសមត្ថកិច្ចថៃ វាជាមុខមាត់ប្រទេសថៃ កម្ពុជាគឺភាគីសហការ ចំពោះការចាប់ជនសង្ស័យបញ្ជូនឱ្យថៃ ត្រូវអនុវត្តតាមច្បាប់កម្ពុជា»។
ការលើកឡើងរបស់អ្នកនាំពាក្យនគរបាលជាតិនេះ ជាការឆ្លើយតបទៅនឹងសំណួររបស់VOD ដែលបានសួរជុំវិញការលើកឡើងថា ការមិនចាប់បញ្ជូនជនសង្ស័យទាំងពីរនាក់នេះ ឱ្យទៅភាគីថៃ ដើម្បីកាត់ទោសតាមការស្នើសុំ ជាភាពអាម៉ាស់របស់មេដឹកនាំកម្ពុជា និងសុំការឆ្លើយតប ជុំវិញការចោទថា ការបន្តលាក់ទុកជនសង្ស័យ លី រតនរស្មី និង ពេជ្រ គឹមស៊្រិន វាបញ្ជាក់ថា មេដឹកនាំកម្ពុជា ជាមេក្លោងនៅពីក្រោយឃាតកម្មលើលោក លិម គិមយ៉ា។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោកស្រី មួរ សុខហួរ កាលពីថ្ងៃទី៧ខែកុម្ភៈនេះ បាននិយាយលើហ្វេសប៊ុករបស់លោកស្រី ដោយរំឭកពីយុត្តិធម៌ លោក លិម គិមយ៉ា ។
លោកស្រីថា៖ «ក្នុងនាមលោកជានាយករដ្ឋមន្ត្រី ឪពុកលោកជាអ្នកដឹកនាំនៃប្រទេសកម្ពុជាហេតុអ្វីអស់លោកមិនអាចរកយុត្តិធម៌ឲ្យស្វាមីរបស់ខ្ញុំនេះ គឺជាភាពអាម៉ាស់នេះ គឺជាការកំសាក នេះជាសម្ដីរបស់ លិម អាម៉ារី ភរិយារបស់លោក លិម គិមយ៉ា»។
លោកស្រីយកបញ្ហានេះ អំពាវនាវឱ្យពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ចូលរួមទាមទារយុត្តិធម៌សម្រាប់លោក លិម គិយ៉ា ក្រោមហេតុផលថា ដើម្បីលុបបំបាត់វប្បធម៌និទណ្ឌភាពនៅកម្ពុជា។
លោកស្រីថា៖ «លោកស្រីបានផ្ដាំឲ្យយើងទាំងអស់គ្នាកុំភ្លេច លោក លិម គិមយ៉ា ដូច្នេះយើងជាពលរដ្ឋខ្មែរសញ្ជាតិអ្វីក៏ដោយ យើងត្រូវតែបន្តនៅជាមួយនឹងគ្រួសាររបស់លោកស្រី ជាមួយនឹងលោក លិម គិមយ៉ា ដែលជាវីរជន ជាអ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ យើងមិនឲ្យភាពអយុត្តិធម៌នេះតទៅទៀតបានទេ ត្រូវបញ្ចប់និទណ្ឌភាពនៅប្រទេសកម្ពុជា»។
លោក លិម គិមយ៉ា ត្រូវបានខ្មាន់កាំភ្លើងជនជាតិថៃឈ្មោះ អេកាឡាក់ ភែណយ បាញ់សម្លាប់នៅក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ក្រោយរិះគន់គ្រួសារហ៊ុន រឿងធ្វើឱ្យឆេះរូបព្រះឆាយាល័ក្ខល៍ព្រះមហាក្សត្រ ក្នុងពិធីសាទរកម្ពុជា នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
ប្រភពព័ត៌មានថៃ បានអះអាងថា ឃាតកម្មនេះ ត្រូវបានគេរៀបចំជាប្រព័ន្ធបញ្ជាចេញពីកម្ពុជា ខណៈខ្មាន់កាំភ្លើង អេកាឡាក់ ភែណយ ត្រូវប៉ូលីសចារម្មថៃ សហការជាមួយប៉ូលិសកម្ពុជា ចាប់បាននៅលើទឹកដីកម្ពុជា ក្នុងខេត្តបាត់ដំបង ក្រោយកើតហេតុបានមួយថ្ងៃ។
ក្រោយកើតហេតុ តុលាការព្រហ្មទណ្ឌថៃ បានចេញដីកាឱ្យចាប់ខ្លួនជនសង្ស័យ លី រតនរស្មី ដែលគេស្គាល់ថាជនសង្ស័យរូបនោះ ជាទីប្រឹក្សាប្រធានគណបក្សប្រជាជនកម្ពុជា គឺលោក ហ៊ុន សែន។
ដោយឡែក ប៉ូលិសអន្តរជាតិចេញប្រកាសឱ្យចាប់ខ្លួន ពេជ្រ គឹមស៊ិន ដែលជាជនសង្ស័យដូចគ្នា ក្នុងការរួមដៃក្នុងសំណុំរឿងឃាតកម្មនេះ។ ប៉ុន្តែជាង១ខែទៅនេះ ជនសង្ស័យទាំងពីរ មិនទាន់ត្រូវបានចាប់បញ្ជូនឱ្យមកភាគីថៃ ដើម្បីកាត់ទោស និងរកមេក្លោងនៅពីក្រោយឃាតកម្មនេះនៅឡើយទេ។
ជុំវិញបញ្ហានេះ ប្រធានអង្គការប្រជាធិបតេយ្យប្រចាំនៅប្រទេសអូស្រ្តាលី លោក ស៊ឹង សែនកុរណា ធ្លាប់ប្រាប់VODថា ការចាប់បញ្ជូនជនសង្ស័យឱ្យទៅភាគីថៃ ជាការបញ្ជាក់ពីភាពស្អាតស្អំ របស់មេដឹកនាំកម្ពុជា ប៉ុន្តែថា ការប្រើជម្រើសលាក់ទុកជនសង្ស័យ មេដឹកនាំមិនអាចលាងជម្រះការចោទបានទេ។
លោកថា៖ «ការដែលមិនចាប់នេះ ហើយដែលគេជាប់សង្ស័យថា មេដឹកនាំសព្វថ្ងៃជាប់ពាក់ព័ន្ធនឹងការបញ្ជានៅពីក្រោយខ្នងនៃឃាតកម្មហ្នឹង។ អីចឹងសំខាន់ ការជឿជាក់ទៅលើទង្វើ និងអំពើដែលបានធ្វើ អនុវត្តច្បាប់ទៅលើអ្នកពាក់ព័ន្ធ ករណីហ្នឹង អាហ្នឹងបានគេអាចជឿជាក់បាន»។
វប្បធម៌និទណ្ឌភាព ត្រូវគេមើលឃើញថា បានរុញកម្ពុជាឱ្យក្លាយជាជម្រកឧក្រិដ្ឋជន ហើយទីបំផុតរុញប្រទេសកម្ពុជារអិលទៅរករបបដឹកនាំបែបផ្តាច់ការ ពលរដ្ឋក្លាយជាចំណាប់ខ្មាំងនយោបាយ រស់ក្នុងភាពភ័យខ្លាច ដោយរងគ្រោះគ្មានទីបញ្ចប់៕