អ្នក​តាម​ដាន​ចាត់​ទុក​ការ​ដាក់​​ឈ្មោះ​​លោក ហ៊ុន សែន ទៅ​លើ​សមិទ្ធផល​ជាតិ​ជា​ការ​គួរ​ឱ្យ​អាម៉ាស់

ក្រុម​អ្នកឃ្លាំ​មើល​សង្គម ចាត់​ទុក​ការ​យក​ឈ្មោះ​របស់​លោក ហ៊ុន សែន ទៅ​ប្រើ​លើ​សមិទ្ធផល​របស់​ជាតិ វា​​​គឺ​​​​​ជា​រឿង​ដែល​គួរ​ឱ្យ​អាម៉ាស់ ព្រោះ​នេះ​​គឺ​ជា​ទម្រង់​នៃ​អំពើ​ពុក​រលួយ​ក្នុង​កម្រិត​ធ្ងន់​ធ្ងរ និង​ជា​ការ​រំលោ​ភ​​អំ​ណា​​ច ​ដែល​រដ្ឋ​គួរ​បើក​ការ​ស៊ើប​អង្កេត និង​ចាត់​វិធានការ​ដោយ​ហ្មត​ចត់ ប្រឆាំង​ការ​ប្រើ​ប្រាស់​​ទម្រង់​ន​យោ​បាយ​បែប​នេះ ដើម្បី​ធានា​ថា​កម្ពុជា​គឺ​ជា​ប្រទេស​មួយ ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ដូច​ការ​ប្តេជ្ញា​ចិ​​ត្ត​​​រប​ស់​ខ្លួន ដូច​ការ​សន្យា​នៅ​ក្នុង​ក្រប​ខណ្ឌ​ជា​អន្តរ​ជាតិ។

លោក ម៉ែន ណាត ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា យល់​​ឃើញ​ថា ការ​យក​ឈ្មោះ​របស់​លោក ហ៊ុន សែន ទៅ​ដាក់​នៅ​លើ​សមិទ្ធផល​រប​ស់​ជាតិ​បែប​នេះ គឺ​ជា​រឿង​ដែល​អាក្រក់​លើស​ពី​ការ​ស្មាន។ លោក​បន្ត​​ថា ប្រសិន​​​បើ​លុយ​ដែលចំ​ណាយ​ទាំង​នោះ គឺ​ជា​ថវិកា​ផ្ទាល់​ខ្លួន​របស់​ លោក​ ហ៊ុន សែន វា​អាច​ជា​រឿង​ដែល​​មិ​ន​ជា​ទាស់​​ខុស​អ្វីនោះ​​ទេ​។ ប៉ុន្តែនេះ គឺជាកញ្ចប់ថវិកា​របស់​ជាតិ តែ​បែរ​ជា​ដាក់​ឈ្មោះ លោក ហ៊ុន សែន ទៅ​វិញ ទៅ​​លើ​​ស​​មិទ្ធ​ផល​ជាតិ​ទាំង​នោះ។

បើទោះជាបែប​នេះក្តី សម្រាប់ ម៉ែន ណាត នៅ​​តែ​​យល់​​ឃើញ​​ថា ប្រសិន​បើ លោក ហ៊ុន សែន ហ៊ា​ន​​យកលុយ​ខ្លួន​ផ្ទាល់ ចំណាយ​លើ​ការ​សាង​សង់​ក្នុង​ទំហំ​ធំ​បែប​នេះ ក៏មិន​គួរ​កើត​មាន​នោះ​ដែរ។ ប្រសិន​បើ​បែប​នេះ​មែន ស្ថាប័ន​ជំនាញ ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ គួរ​បើក​ការ​ស៊ើប​អង្កេត​ភ្លាម រក​ឱ្យ​​ឃើ​ញ​ពី​ប្រភព​លុយ​ដែល លោក ហ៊ុន សែន យក​ទៅ​ចំណាយ​លើ​ការ​ស្ថាបនា​សម្បត្តិ​សាធារណៈ ក្នុង​​ទំ​​ហំ​​ធំ​​បែប​នេះ។

លោកថា៖ «រឿង​នេះ វាជា​រឿង​​លួច​លុយ​​ជាតិ បំផ្លាញ​លុយ​ជាតិ​យក​ទៅ​ដាក់​ឈ្មោះ​ខ្លួន​ឯង ក្នុង​ការ​កសាង​ក្នុង​សមិទ្ធផល​ឈ្មោះ​ខ្លួន​ឯង។ អត់​ពិបាក​យល់​ទេ​ បើ​ចង់​ស៊ើប​អង្កេត​ពី​បទ​ឧក្រិដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង គឺស៊ើប​អង្កេត​ពី​ លោក ហ៊ុន សែន ទៅ​អត់​ពិបាក​យល់​ទេ ធៀប​នឹង​ប្រាក់​ខែ​ប៉ុន្មាន ហើយ​អាការ​យក​ឈ្មោះ​ខ្លួន​ឯង​ដាក់​កន្លែង​នេះ​កន្លែង​នោះ សួរ​ថា​វា​សម​នឹង​ប្រាក់​ខែ​ដែរ​ឬ​ទេ?»

បើ​គេ​ពិនិត្យ​ពី​ប្រាក់​បៀវត្ស៍​របស់​​​​នាយករដ្ឋ​មន្រ្តី មុនឆ្នាំ២០១៧ សម្រាប់​មុខ​តំណែង​កំ​ពូល​មួ​យ​នេះ​ ទ​ទួ​ល​បាន​មួយ​ខែ​ ៣លាន​៦សែ​ន​រៀល ឬ​ស្មើ​ប្រមាណ​ ៩០០ដុល្លារ​អាមេរិក។ ប៉ុន្តែ​ក្រោយ​ឆ្នាំ​២០១៧​មក​ ប្រាក់​​​​ខែ​​​នេះ ត្រូវ​បាន​គេ​ដំឡើង​ដល់​ទៅ ១០​លាន​រៀល ឬ​ស្មើ​ប្រមាណ ២៥០០​ដុល្លារ​អាមេរិក ក្នុង​មួ​យ​ខែ។

​បើ​​ទោះ​ជាទំហំ​កាំប្រាក់​នេះ មើល​ឃើញ​ថា​មាន​ការ​កើន​ឡើង​២ដង បើ​ធៀប​មុន​ឆ្នាំ​២០១៧​ក្តី ក៏​គេ​មិន​អា​ច​​យក​​ទៅ​​ទូទាត់​នឹង​ការ​ចំណាយ ដែល​មាន​ទំហំ​រហូត​ដល់​គុណ​នឹង​១០​ដង នៃ​ការ​ចំណាយ សម្រា​ប់​សមិ​ទ្ធ​ផល​​​ជាតិនីមួយៗ​ដែរ។ ជាក់ស្តែង ព្រលាន​យន្ត​ហោះថ្មី ដែលគេដាក់​ឈ្មោះ​ថា ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​តេ​ជោ​ ក្រុង​តាខ្មៅ ក្រុម​ហ៊ុន​គ្រោង​ចំណាយ​ក្នុង​ទំហំ​ទឹក​ប្រាក់​ខ្ទង់ ១៥០០​លាន​ដុល្លារ​អាមេរិក។

ចំនួននេះ គឺ​គ្រា​​ន់តែ​ជា​តួលេខ​នៃ​ការ​ចំណាយ​​ក្នុង​បរិមាណ​ជាង ​៧០​ភាគរយ នៃ​ការ​ចំណាយ​សរុប​​នៅ​ឡើយ​។

​ហេ​តុ​​នេះ បើ​គិត​ពី​ប្រាក់ខែរបស់​​នាយក​រដ្ឋ​មន្រ្តី ទំនង​ជាមិន​អាចយកទៅផ្គត់ផ្គង់ការចំណាយ ដែល​មា​នទំ​ហំធំ​​​បែ​​​​​បនេះបានទេ ប្រសិនបើគ្មានហេតុ​ផលណា​​ផ្សេង​ក្រៅ​ពី​នេះ។ ហេតុ​ផល​ផ្សេង​អាច​មាន​អ្នក​រ​ង​ចាំចំ​ណាយ​​​ជំនួស​ លោក​ ហ៊ុន សែន ជាដើមស្ថិតក្រោមសេនារីយោនេះ​ហើយ ដែល​លោក ម៉ែន ណាត ហៅ​​ថា​នេះ​ជា​ទម្រង់​នៃ​អំពើ​ពុក​រលួយ និង​ជា​កា​​​រ​រំ​លោភ​អំណាច ដ៏​ធ្ងន់​ធ្ងរ​នៅ​ក្នុង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន និងកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ា​ណែត។

ម្យ៉ា​ងវិញទៀត ប្រសិនបើការដាក់ឈ្មោះនេះ ជាការ​គាប់​គួរ ឬ​យក​មុខ​យក​មាត់ ពី​មន្រ្តី​ក្រោមៗ នោះ​​លោក ហ៊ុន សែន គួរ​ចេះ​ជំទាស់ ឬ​ខ្មាស់​ខ្លួន​ឯង ដែល​អនុញ្ញាត​ឱ្យ​មន្រ្តី​របស់​លោក បន្ត​យក​ឈ្មោះ​​ទៅ​ដាក់​ព្រោ​ង​​ព្រាត នៅតាមទីសាធារណៈបែបនេះ។

លោកថា៖ «ធ្វើនយោបាយបែបហ្នឹង គេថាលើក​តម្កើង​ខ្លួន​ឯង គ្រួសារ​ខ្លួន​ឯង​ដោយ​អត់​ចែក​ចំណែក​ទៅ​ឱ្យ​អ្នក​ណា ជា​ទ្រព្យ​សម្បត្តិ​សាធារណៈរ​បស់​ជាតិ គេនាំ​គ្នា​ប្រសិទ្ធ​នាម​សួន​សម្តេច​តេជោ សាលា​រៀន​សម្តេច​តេជោ ប្រើជ្រុលថាដាក់ឈ្មោះ​គ្រប់​កន្លែង​អីចឹង ចេតិយ៍​អី​សម្តេចតេជោ មន្ទីរពេទ្យសត្វ​អី​ដាក់​មន្ទីរ​ពេទ្យតិរច្ឆានតេជោដែរ​ទៅ ឱ្យស្រឡះចឹងទៅ»។

មានឈ្មោះ ស្ពាន សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ និង​សមិទ្ធផល​ដទៃ​ទៀត មិន​តិច​ទេ​ដែល​ដាក់​ឈ្មោះ លោ​​ក ហ៊ុន សែន។

ការដាក់ឈ្មោះ​នេះ ជួលកាលអាចជាការ​សម្រេច​ត្រឹម​ថ្នាក់​ក្រោម ឬ​នៅ​កម្រិត​ថ្នាក់​ណា​មួយ ដែល​មិ​​នមែ​​ន​ជា​ការយល់ព្រមផង​ក៏មិនដឹងពីលោក ហ៊ុន សែន។

តែ​យ៉ាងណា គេកម្រឃើញ ប្រធានគណ​បក្ស​​ប្រជាជនកម្ពុជារូប​នេះ ជំទាស់ណាស់ បើទោះ​ជា​ជំទាស់ ទាំង​ដោយ​ចំហរ ឬ​លាក់​លៀម​ក្តី ចំពោះ​ការ​​​ប្រើ​​ឈ្មោះរបស់​លោក ដាក់​ទៅ​លើ​សមិទ្ធ​ផល​ទាំង​នោះ។

ព្រលាន​យន្តថ្មី ដែលកំពុងតែស្ថាបនា នៅក្នុងស្រុកកណ្តាល​ស្ទឹង ខេត្ត​កណ្តាល ដែល​គំរោង​វិនិយោគ​បង្កើត​​ការ​ឈឺ​ចា​ប់​​ឱ្យ​ពលរដ្ឋរាប់ពាន់គ្រួសារ ដោយ​ក្រុម​ហ៊ុន អូ​ស៊ី​អាយ​ស៊ី របស់​លោក ពុង ឃាវសែ ក៏​បា​​ន​ប្រ​សិ​​ទ្ធិនាម​ឈ្មោះ​របស់​លោក ហ៊ុន សែន ភ្ជាប់​ដែរ ដោយ​ដាក់​ឈ្មោះ​ថា ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​តេ​ជោ​ ក្រុ​​ង​​តាខ្មៅ។

ក្រៅពីនេះ អាគារ​ដែលទើបបញ្ចប់ការសាងសង់ និងដាក់ឱ្យប្រើប្រាស់​នៅក្នុងបរិវេណមន្ទី​រពេ​ទ្យ​កាល់​ម៉ែ​ត្រ ដាក់ថា អាគារតេជោអភិវឌ្ឍន៍។

ដូចគ្នាដែរ មន្ទីរពេទ្យដែលទើបដាក់​ឱ្យដំណើរការ ក្នុងពេល​​ដំ​ណា​ល​គ្នា នៅ​លើ​ទីតាំង​ទំនប់​កប់​ស្រូវ ក៏​យក​ឈ្មោះ​លោក ហ៊ុន សែន ដាក់​ដែរ​​មាន​ឈ្មោះ​ថា មន្ទីរពេ​ទ្យ​​ជាតិ តេជោសន្តិភាព។

មិនត្រឹមតែប៉ុណ្ណោះ ការប្រើ​ឈ្មោះប្រធានព្រឹទ្ធសភានេះ គេក៏សង្កេតឃើញ​មាន​​​ដាក់​នៅ​​តាម​សាលារៀន ផ្លូ​​វថ្ន​ល់ ស្ពាន និងអគារដទៃទៀតដែរ។

បើទោះជាគេមិនយកឈ្មោះតាមលោក ហ៊ុន សែ​​ន ក៏គេអាចដាក់​តាម​ថ្ងៃ ខែ ឆ្នាំកំណើត ដែរ​ដូច​ជា​ស្ពាន​៧មករា ដែលជាស្ពានភ្លោះ​​​ផ្លូវពេទ្យ​លោ​ក​​​​ស​​ង្ឃ​ ជា​​ដើម។ គេធ្វើយ៉ាងណា ឱ្យ​តែ​បាន​ភ្ជាប់​ឈ្មោះ ឬ​ខ្សែ​ស្រ​ឡាយ​​របស់ប្រធានគណបក្សកាន់​អំណាចរូបនេះ។

ភាពជោរ​ជន់​នៃ​ការប្រើឈ្មោះប្រធាន​ព្រឹទ្ធ​សភា សឹង​ថា​គ្មាន​ចន្លោះ​បែប​នេះ នាំ​ឱ្យ​មាន​ប្រតិ​កម្ម​ជា​ហូរហែ​ពី​​ព​​ល​រដ្ឋ នៅលើ​បណ្តាញ​សង្គម ក្នុងពេលដែលរដ្ឋបាល​ខេត្ត​សៀម​រាប បាន​យក​ឈ្មោះ​សួន​ច្បារ​ព្រះ​​រាជ​​ដំ​ណា​​ក់ ឬសួនច្បារបឹង​កាឡូ ដែល​នរណាៗ​គេ​ក៏​ស្គាល់​តជំនាន់​ទៅ​ហើយ ប្តូរ​ទៅ​ជា​សួន​តេជោ​សន្តិភាព​វិ​ញ​​។​

ចំណែក អនុប្រធាន​អង្គការពលរដ្ឋយើង លោក មាន ព្រហ្មមុនី យល់​ឃើញ​ថា ការ​យក​លុយ​រដ្ឋ ដោយ​​ប្រើ​​​ឈ្មោះ​​​បុគ្គល ដូចដែលគណបក្សប្រជាជន​កម្ពុជា កំពុង​តែ​អនុវត្ត​សព្វ​ថ្ងៃ​នេះ គឺ​ជា​អំពើ​ឆបោក​ដែល​គួរ​ត្រូវ​បា​ន​​ស​ង្គមរើសអើង។ លោកបន្តថា បញ្ហានេះវាគួរឱ្យ​ខ្មាស់​អៀន ដែល​ប្រើ​ប្រាស់​ថវិកា​ជាតិ តែ​បែរ​​​​ជា​​ដាក់​​​​ឈ្មោះ​​​​​បុគ្គល​ជំនួស​វិញ នេះ​បង្ហាញឱ្យឃើញពីការដឹកនាំ​រដ្ឋ តាម​បែប​កុម្មុយនីស្ត។ លើសពីនេះទៀត លោកថា វាជា​រឿ​ងដែលគួរឱ្យ​សង្វែក ចំពោះ​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ពន្ធ​មិនត្រូវបានគេលើក​ទឹក​ចិត្ត។ ផ្ទុយ​ទៅ​វិញ អ្នក​នយោ​បា​​យ ដែល​លោក​ចាត់​ទុក​ថា ជា​អ្នក​ឆ្លៀត​ឱកាស បាន​យក​ចំណេញ​ពី​ថវិកា​ជាតិ​នេះ ហើយ​ប្រើ​ឈ្មោះ​​របស់​​ខ្លួ​​ន ដែល​បណ្តា​ប្រទេស​នៅ​ក្នុង​ពិភព​លោក​កម្រ​ឃើញ​អនុវត្ត​ប្រព័ន្ធ​បែប​នេះ លើក​លែង​តែ​ក្រុម​កុម្មុយ​នីស្ត និង​ពួក​មេដឹកនាំ​តាម​បែប​ផ្តាច់​ការ​ប៉ុណ្ណោះ។

លោកថា៖ «រដ្ឋាភិបាល​បែប​ហ្នឹង​គេ​ធ្វើ​បាន​តែ​ពួក​ក្រាញ​អំណាច​ផ្តាច់​ការ​ដែល​ឱ្យ​ប្រជាពលរដ្ឋ​ជឿ​ទុក​ចិត្ត​ថា ធ្វើ​ទៅ​មាន​គុណ​លើ​ប្រជា​ពលរដ្ឋ តាម​ពិត​ទៅ​គ្មាន​គុណ​លើ​ប្រជា​ពលរដ្ឋ​ទាល់​តែ​សោះ មាន​តែ​ជំពាក់​គុណ​ប្រជា​ពលរដ្ឋ​ហើយ​គឺ​បោក​ប្រាស់​ប្រជា​ពលរដ្ឋ​ ឥត​បម្រើប្រ​ជា​ពលរដ្ឋ។ តាម​ពិត​កាតព្វ​កិច្ច​រដ្ឋាភិបាល មិន​ត្រឹម​ធ្វើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប៉ុណ្ណឹង​ទេ ត្រូវ​ផ្តល់​សេវា​ការ​ពារ​សិទ្ធិ​ប្រជា​ពលរដ្ឋ​ ត្រូវ​លើក​តម្កើង​ប្រជាពលរដ្ឋ​ លើក​កម្ពស់​ជីវ​ភាព​ប្រជា​ពលរដ្ឋ ការ​ពារ​បូរណ​ភាព​ទឹក​ដី​ ការពារសិទ្ធិមនុស្សទៅទៀត»។

សំឡេង​ប្រជាធិបតេយ្យ វីអូឌី មិន​អាច​ស្វែងរកការបំភ្លឺបាន​ទេ ពី​លោក ប៉ែន បូណា អ្នក​នាំ​ពាក្យ​រដ្ឋាភិ​បាល ដោ​យ​ទូរស័ព្ទ ពុំអាចទាក់ទងបាន នៅ​ថ្ងៃ​នេះ។

បើទោះបែបណា លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ធ្លាប់​ប្រតិកម្ម​ចំពោះ​អ្នក​រិះ​គន់​លោក រឿង​លោក​​ពិសា​រ​​សុរា​នៅក្នុងវេទិកាសាធារណៈមួយ ក្នុង​ពេលលោកនៅជានាយករដ្ឋមន្រ្តី។ កាល​ណោះ លោក ហ៊ុន សែន បា​នដៀមដាមឱ្យក្រុមអ្នករិះគន់​នឹង​លោក​លើក​កំប៉ុង​ស្រាបៀ មុខមហាជនថា ឋានៈ​ប្រហែល​នឹ​ង​លោក​ គ្មាន​លុ​យ​​ទិញ​ស្រាទទួល​ទាន។ ក្នុង​ន័យ​នេះ មាន​ន័យ​ថា​លោក​ជា​នាយក​រដ្ឋ​មន្រ្តី ហើយ​ប្រាក់​ខែ​ក៏​ច្រើន ហេតុ​នេះ​​​លោ​​កអាចចង់ធ្វើអ្វី ឬ​ទិ​ញអី​ក៏​គ្មាន​ខ្វះ​ដែរ កុំ​ថា​ឡើយ​សម្បត្តិ​ត្រឹម​សាង​សង់​ហេដ្ឋារច​នា​សម្ព័ន្ធ​​រូបវន្ត​​សា​​​ធា​រណៈ និងដាក់ឈ្មោះលោកគ្មានខ្វះនោះទេ។ ​

ចាប់ពីឆ្នាំ២០១២ មក ប្រទេសកម្ពុជា ត្រូវបានអង្គការ​ប្រឆាំង​អំពើ​ពុក ចាត់​ចំណាត់​ថ្នាក់​ជា​ប្រទេស​ដែ​​ល​មាន​​អំពើពុករលួយខ្លាំង។ ដោយ​ឡែក អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល​វិញ គេសង្កេតឃើញ ចាត់​វិធាន​ការ​បាន​តែ​ទៅ​លើ​សំណុំ​រឿង​ណា​ដែល​តូច​តាច ហើយ​ថែម​ទាំ​​ងគ្មាន​​ខ្ន​​ង​​បង្អែ​ក​​ប៉ុ​ណ្ណោះ។ ក្នុង​ពេល​ស្ថាប័ន​នេះ ដំណើរ​ការ​រឿង​ក្តី​ល្អិត​ល្អោច បទ​ឧក្រិដ្ឋ​ធំៗ ដែលប្រព្រឹត្តឡើងដោយមន្រ្តីស្និ​ទ​​នឹង​ ​លោក ហ៊ុន សែន មានដូចជាឧកញ៉ា ទ្រី ភាព មេឧក្រិដ្ឋកម្មព្រៃឈើ និង លោក កុក អាន លោក ឡេង ណាវ៉ាត្រា និ​ងលោក ហ៊ុន តូ ជាដើម មិនដែលឃើ​​ញអង្គភាពប្រឆាំងអំពើពុករលួយ មាន​ចំណា​ត់​កា​​រម្តងណាទេ។

អង្គការតម្លាភាពអន្តរជាតិកម្ពុជា កាលពីចុងខែមករា ឆ្នាំ២០២៣ តាម​រយៈ​សន្ទស្សន៍ នៃ​ការ​រក​ឃើញ​ពី​​​អំ​ពើ​​​​​​​​ពុ​ករលួយ បង្ហាញថា តួលេខនៃអំពើ​ពុក​រលួយ សម្រាប់​ឆ្នាំ​នេះ​ធ្លាក់​ចុះ។ ថ្វី​បើ​តួលេខ​ថយ​ចុះ តែ​ស​កម្ម​ភា​ព​​នៃអំពើពុករលួយ នៅតែមានរូបភាព​គួ​រឱ្យ​បារម្ភដដែល។ កត្តាប្រឈម ព្រោះតែការប្រព្រឹត្ត​អំពើ​ពុក​រលួយ ត្រូ​វ​គេដូរទម្រង់ និង​មាន​របៀប​នៃកា​រ​ខុស​ពី​សព្វ​មួយ​ដង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ