ចរន្ត​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ជំរុញ​ឱ្យ​ទប់​ស្កាត់​ចារកម្ម​ឆ្លង​ដែន​ផ្តើម​ពី​ករណី លោក សេង សារី

អ្នក​តាមដានបញ្ហាសង្គម អំពាវនាវឱ្យសហគមន៍ខ្មែរនៅប្រទេសប្រជាធិបតេយ្យ​ជឿន​លឿន សហការ​គ្នា ទប់​ស្កាត់​ចារកម្ម​គំរាមឆ្លងដែន​របស់​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន ដោយ​ផ្តើម​ចេញ​ពី​ករណី​លោក​បណ្ឌិត សេង សារី ដើម្បី​ជំរុញ​ចរន្ត​ផ្លាស់​ប្តូរ​នៅ​កម្ពុជា តាម​គន្លង​ប្រជាធិប​តេយ្យ។

អ្នកវិភាគបញ្ហាសង្គម​ លោក​​បណ្ឌិត សេង សារី ដែល​បង្ហាញ​ខ្លួន​ស្និទ្ធ​នឹ​ងលោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សារ​ភាព​ថ្មីៗនេះ​ថា លោក​បាន​ចូល​ទន្ទាក់ ធ្វើ​ជា​ចារម្ម​ឱ្យ​មេដឹកនាំ​​បក្ស​កាន់​អំណាច រយៈ​ពេល​៤ឆ្នាំ។

លោក​គូស​បញ្ជាក់​ផង​ដែរ​ថា ក្នុង​នាម​ជា​ចារជន លោក​បាន​ទទួល​លុយ​ពី​លោក ហ៊ុន សែន ប្រមាណ​ជា​១២​ម៉ឺន​ដុល្លារ ដើម្បី​បំពេញ​បេសកកម្ម​នេះ។

បញ្ហា​នេះ អ្នក​ជំនាញ​ច្បាប់ និង​អភិបាល​កិច្ច​បែប​ប្រជាធិប​តេយ្យ លោក វន់ ចាន់ឡូត និយាយ​ប្រាប់​VOD​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈនេះ​ថា ពលរដ្ឋ​និង​សហគមន៍​ខ្មែ​រនៅ​អូស្ដ្រាលី គួរ​តែ​ប្ដឹង​ទៅ​អាជ្ញាធរ​ឱ្យ​ស៊ើប​អង្កេត​លើ​បទ​ល្មើស លោក ហ៊ុន សែន និង​ចារកម្ម កំពុងបោក​អ្នក​ប្រជាធិបតេយ្យ​នៅ​ក្រៅ​ប្រទេស។

លោកបន្តថា ពលរដ្ឋ​ខ្មែរ​ស្នេហា​ជាតិ មិន​អាច​បណ្តោយ​ឱ្យ​ជន​ផ្តាច់​ការ​និង​ចារកម្ម​ពួក​គេ​ដើរ​បំផ្លាញ​អ្នក​ប្រជា​ធិប​តេយ្យ ឬ​ឈ្លប​តាម​ដាន​គោល​នយោបាយ​ស្តារ​ប្រជាធិប​តេយ្យ និង​សិទ្ធិ​មនុស្ស​កម្ពុជា​នោះ​ទេ។

លោកសង្កត់ធ្ងន់​ថា ដើម្បី​ទប់​ស្កាត់​ចារកម្ម​របស់​ជន​ផ្តាច់​ការ​កុំ​ឱ្យ​ដើរ​បំផ្លាញ​អ្នក​ប្រជាធិប​តេយ្យ​នៅ​ក្រៅ​ប្រទេស គឺ​បងប្អូន​ខ្មែរ​ស្នេហា​ជាតិ​ទាំង​អស់ ត្រូវ​រួម​សាមគ្គី​ប្តឹង​ពួក​ចារកម្ម​នោះ​ដើម្បី​កុំ​ឱ្យ​បន្ត​កើត​មាន។

លោក​ថា៖ «លោក​ហ៊ុន សែន បាន​ប្រើ​ប្រាស់​ថវិកា​ជាតិ ដើម្បី​ធ្វើ​ការ​ស្រាវ​ជ្រាវ​ស្វែង​រក​នូវ​ព័ត៌មាន​ពី​ដៃ​គូ​នយោបាយ​របស់​ខ្លួន ក្នុង​ចេតនា​ដើម្បី​កម្ទេច​ខ្មែរ​ម្ខាង​ទៀត​នេះ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​មួយ​ធំធេង​ណាស់ ដែល​មិន​អាច​ប្រកែក​បាន ដូច្នេះ​អ្វី​ដែល​រដ្ឋាភិបាល​អូស្ត្រាលី អាជ្ញាធរ​អូស្ត្រាលី​គួរ​តែ​ធ្វើ​ល្អ គឺ​ធ្វើការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​នេះ ហើយ​ខ្ញុំ​ជឿ​ថា បើ​មាន​ការ​ស៊ើប​អង្កេត​មួយ​ពិត​ប្រាដក ទៅ​លើ​ករណី​ដែល​លោក ហ៊ុន សែន ប្រើ​ប្រាស់​ថវិកា​ជាតិ ដើម្បី​ប្រើ​មនុស្ស​មក​បម្រើ​កិច្ចការ​នយោបាយ​ទុច្ចរិត​របស់​ខ្លួន»។

បន្ថែម​ពី​នេះ លោក វន់ ចាន់ឡូត បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក​របស់​លោក​ កាល​ពី​ថ្ងៃ​ទី៩ ខែ​កុម្ភៈ​នេះ ដោយ​និ​យាយ​​ថា ករណី​ជន​ចារកម្ម​នេះ មាន​តម្រុយ​បទ​ល្មើស​ពី​រ​ធំៗ បាន​ប្រព្រឹត្តអំពើ​ពុក​រលួយ​ដោយ​សារ​គប់​គិត​យ​​ក​​លុ​យ​ជាតិ​ចាយ​វាយ​លើ​សកម្មភាព​ចារកម្ម​ បំផ្លាញខ្មែរគ្នាឯង និង​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត​របស់​UNH​​CR និងរដ្ឋាភិបាលអូស្ដ្រាលី ដោយទំនងផ្ដល់ព័​ត៌មាន​ប្រឌិត failure information។

លោកបន្ត​ថា លោកអ្នកវិភាគ​បាន​សារភាព​ថា ខ្លួន​និង​ប្រធានព្រឹទ្ធសភា បាន​រៀប​ចំ​គម្រោង​ស្រាវ​ជ្រាវ​កម្លាំង​ប្រឆាំង​នៅ​ទឹក​ដី​ថៃ​១ឆ្នាំ ដោយ​ឱ្យ​មួយ​ខែ ១ម៉ឺន​ដុល្លារ។ រយៈពេល​១ឆ្នាំ គម្រោង​ស្រាវ​ជ្រាវ​នេះ ចាប់​ផ្ដើម​នៅ​ខែ​មីនា ឆ្នាំ​២០២១ និង​បញ្ចប់​នៅ​ខែ​មីនា ឆ្នាំ​២០២២ នៅ​ពេល​រូប​គាត់​ទៅ​ដល់​អូស្ដ្រាលី។

លោក ចាន់​ឡូត យល់​ថា លោក ហ៊ុន សែ​ន គម្រាម​ចាប់​ខ្លួន​គាត់​គឺ​សំដៅ​លើ លោក សេង សារី នៅ​ខែ​កក្កដា ហើយ​គាត់​ភៀស​ខ្លួន​ទៅ​ថៃ​ នៅខែកក្កដា បាន​ធ្វើការ​នេះ​មុន​ឧបទ្ទវ​ហេតុ​កើត​ឡើង ឬ​និយាយ​បាន​ថា ប​ង្កើត​ការ​គម្រាម​ក្លែង​ក្លាយ​ដើម្បី​ទទួល​ទំនុ​កចិត្ត​ពីជនរងគ្រោះ និងអ្នកតស៊ូនៅក្រៅប្រទេស និង​សហគមន៍​​អន្ដរជាតិ។

លោកបញ្ជាក់​ថា អ្នកណា ឬបុគ្គល​ណា នៅ​រក្សា ឬ​បន្ដ​ចិញ្ចឹម​ចិត្ត​ធ្វើការ​ងារ​ជាមួយ​ជន​ល្មើស គឺ​ជា​ការ​ប្រ​មាថ​​ធ្ង​​ន់ធ្ងរដល់​ប្រព័ន្ធ​យុត្តិធម៌ ដល់ជនរងគ្រោះ និង​អ្នក​តស៊ូ។

កាលពីថ្ងៃទី៩ ខែ​កុម្ភៈ លោក​បណ្ឌិត សេង សារី បាន​បង្ហោះ​វីដេអូ​ឡាយ និយាយ​អំពី​ការ​កំណត់​មុខ​សញ្ញា​ចារ​បុរស​ និង​ការ​បំបែក​ល្បែង​ចារ​កម្ម​របស់​ លោក ហ៊ុន​ សែន។ ក្នុង​វីដេអូ​នោះ លោក​បាន​ចោទ​ប្រកាន់​ព្រះ​តេជ​គុណ ប៊ុត ប៊ុន​តិញ និង​លោក ជូន ចន្ទបុត្រថា ជា​ចារកម្មរបស់​លោក ហ៊ុន សែន ផង​ដែរ។

លោក​ថា៖ «បទពិសោធន៍​មួយ​ដែល​ខ្ញុំដឹ​ង​ ជា​ពិសេស​សមាជិក​អចិន្ត្រៃយ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​យើង​ឃើញ​ហើយ នៅពេល​ដែល​ថ្នាក់​ដឹក​នាំ​ដក​ លោក ប៊ុត ប៊ុនតិញ ចេញ​ពី​ការ​ប្រជុំ​អចិន្ត្រៃយ៍​បក្ស​ហ្នឹង គឺ​ព័ត៌​មាន​​​​វាលែងបែក​ធ្លាយ ព័ត៌មាន​អ៊ីចឹង​វា​លែង​ទៅ​ណា ពួក​យើង​ដឹង​ហើយ​ថា​រឿង​ចោរកម្ម​នេះ​មិន​​មែន​តែ​ជំនាន់​ខ្ញុំ​ទេ ខ្ញុំជា​ចារកម្ម​ប្រឡំ​ទេ ជា​ចោរកម្ម​ដែល​ជា​ការ​ទិញ​ទិន្នន័យ​ក្នុង​នាម​អ្នក​ស្រាវ​ជ្រាវ»។

ជុំវិញបញ្ហានេះ ស្ថាបនិកវត្តភ្នំសេរីនៃរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក ព្រះតេជគុណ ប៊ុត ប៊ុនតិញ អះ​អាង​ថា ព្រះអង្គមិនមែនជាចារកម្ម​លោក ហ៊ុន សែន ដូចការចោទប្រកាន់របស់​លោកបណ្ឌិត សេង សារី នោះ​ទេ។

ព្រះអង្គថា នេះ​ជាល្បិចទុច្ចរិត​លោក ហ៊ុន សែន ខ្ចីដៃ​លោក សេង សារី ដើរ​ចោទ​ប្រកាន់​អ្នក​ប្រជាធិប​តេយ្យ​ដើម្បី​កម្ចេច​ពួក​គេ ដោយ​ធ្វើ​ឱ្យ​ពលរដ្ឋ​ភ័ន្តច្រឡំ​ថា នរណា​ជាមិត្ត នរណា​ជា​សត្រូវ ឱ្យពិតប្រាកដ។

ព្រះអង្គសង្កត់ធ្ងន់ថា មួយ​ជីវិត​របស់​ព្រះអង្គ​មិន​បម្រើ​ឱ្យជន​​ផ្តាច់​ការ ឬ​ធ្វើ​ចារកម្ម​ឱ្យ​អ្នក​បំផ្លាញ​ជាតិ​មាតុភូមិជា​​​ដាច់​​ខាត ម្យ៉ាង​វិញ​ទៀត​ព្រះអង្គ​ថា ការ​លក់​ឧត្តម​គតិ​បម្រើ​ជនផ្តាច់​ការ​ជា​ទង្វើ​បំផ្លាញ​ជាតិ​ខ្លួន​ឯង។

ព្រះអង្គថា៖ «ចំពោះ​អាត្មា អ្វីដែលអាត្មាស្រឡាញ់​ក្នុង​ជីវិត​អាត្មា​គឺ​ទឹក​ដី ​ស្រឡាញ់ ប្រជា​ពលរដ្ឋ​ជាតិ​របស់​អាត្មា មាន​ន័យ​ថា​ស្រឡាញ់​ជាតិ ទី២​អាត្មា​ស្រឡាញ់​យុត្តិធម៌ ដោយ​ ហ៊ុន សែន មិន​មែន​ស្រឡាញ់​ជាតិ​ មិន​ស្រឡាញ់​យុត្តិធម៌​ គឺវាផ្ទុយពីអាត្មា បាន​អាត្មាមិន​អាច​ទៅ​បម្រើ ហ៊ុន សែន បាន​ទេ»។

យ៉ាងណា ពាក់ព័ន្ធនឹងករណីប្តឹងចារកម្ម លោក ហ៊ុន​ សែន នៅអូស្រ្តាលី​នោះ ព្រះ​អង្គ​បញ្ជាក់​ថា ​ជា​សិទ្ធិ​របស់​សហគមន៍​ខ្មែរ ឬ​ពលរដ្ឋ​​ខ្មែរក្រៅ​ប្រទេស បើ​គិត​ថា​ប៉ះ​ពាល់​ ឬ​បំផ្លាញ​ប្រជាធិប​តេយ្យ​មែន គួរ​តែ​ធ្វើ។

ប្រធាន​ក្រុម​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត និយាយ​ថា មេដឹកនាំ​ផ្តាច់​ការ លោក ហ៊ុន សែន បាន​ប្រើ​ចារកម្ម​របស់​ខ្លួន ដើម្បីកម្ទាច់អ្នកប្រជាធិបតេយ្យ ដូច្នេះត្រូវតែរួមដៃគ្នាទប់ស្កាត់ជាបន្ទាន់។

លោកបន្តថា ពួក​ចារកម្ម​ឬជនបង្កប់ លោក ហ៊ុន សែន នឹង​​បរាជ័យ​ ប្រសិន​បើ​អ្នក​ប្រជាធិប​តេយ្យ​ចេះ​តាម​ដាន​សង្កេត គឺ​បណ្តេញ​ពួក​គេ​ភ្លាម ដើម្បី​កុំ​ឱ្យមាន​បញ្ហា​ ឬ​រាំង​ស្ទះ​ការ​ស្តារ​ប្រជាធិបតេយ្យ។

លោកថា៖ «ដើម្បី​ដោះ​ស្រាយ​ទប់​ស្កាត់​អំពើ​ចោរកម្ម និង​បាន​ត្រូវ​ការ​សហគមន៍​ខ្មែរ​នៅ​ក្នុង​ប្រទេស​និមួយៗ​ ត្រូវ​ទប់ ទប់​តាម​រយៈ​ការ​រាយ​ការណ៍​ទៅ​ស្ថាប័ន​សមត្ថកិច្ច​របស់​ប្រទេស​គេ​ទី១។ ទី២​បើ​មាន​ឯកសារ​រឹង​មាំ​ទៅ​ប្ដឹង ហើយ​បើ​ស្ថាន​ភាព​វា​ធ្ងន់​ជាង​ហ្នឹង យើង​អាច​នាំគ្នា​ធ្វើ​បាតុកម្ម​ទាម​ទារ​ដាក់​សម្ពាធ​ឱ្យ​រដ្ឋបាល​ស្រុក​ នឹងដោះស្រាយ​ជាមួយ​សាមីជន​ហ្នឹង ឬក៏អាច​បណ្ដេញ​ជនហ្នឹងចេញពីប្រទេស»។

លោកថា ដើម្បីបង្ការ​ទប់​ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​បទ​ចារកម្ម ពី​សំណាក់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ទៅ​លើ​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ គឺត្រូវរួម​ដៃ​គ្នា ធ្វើ​សេចក្តី​រាយ​ការណ៍​ជូន​រដ្ឋាភិបាល​ប្រទេស​នោះ ពីបទ​ចារកម្ម គំរាម​កំហែង​ឆ្លង​ដែន បង្ក​ការ​ភ័យ​ខ្លាច​នានា ពាក់​ព័ន្ធ​មនុស្ស​នៅ​ក្នុង​សហគមន៍​​ខ្លួន។

សម្រាប់ លោក ម៉ែន ណាត ករណី​នេះ ត្រូវបែង​ចែក​ឱ្យដាច់ រវាងមនោសញ្ចេតនា សីលធម៌ និងច្បាប់ ពោ​​ល​​គឺ មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ជន​ទុច្ចរិត ធ្វើអំពី​ចារកម្ម ដែល​ខុស​ធ្ងន់​ធ្ងរ​ទៅ​លើ​ផ្លូវ​ច្បាប់ និង​គោល​ការណ៍​នៅ​​ប្រទេស​ប្រជាធិប​តេយ្យ ហើយ​ពលរដ្ឋ​ខ្មែរ​រ​ស់​នៅ​​ប្រទេស​លោក​សេរី គប្បី​យល់​ឱ្យ​ច្បាស់​រឿង​នេះ។

សម្រាប់ លោក ម៉ែន ណាត អំពាវនាវឱ្យសហគមន៍ខ្មែរតាម​ប្រទេស​នីមួយៗ គួរតែចេញតវ៉ា ឬដាក់ស​ម្ពា​ធ បណ្តេញ​ចេញសាម៉ីជន ជាចារជន (ជនបង្កប់) និងអ្នកចូលដៃជាមួយរដ្ឋាភិបាលភ្នំពេញទាំងនោះ ពីប្រ​ទេ​ស​ដែលពួកគេកំពុងរស់នៅ។

ជាក់ស្តែងករណី លោក សេង សារី និង​អ្នកដទៃទៀត ដែល​រំលោភ/​បោក​ប្រាស់​កិច្ច​សន្យា​ជន​ភៀស​ខ្លួន​នយោ​បាយ តាម​រយៈ​អង្គការ​សហប្រជាជាតិ UNHCR។ អ្នកទាំងនោះ គប្បី​ទទួល​ទោស ពី​បទ​ក្លែង​បន្លំ​ឯកសារ និង​បទ​ចារកម្ម គំរាម​កំហែង ធ្វើ​ឱ្យពលរដ្ឋ​ខ្មែ​រនៅ​ក្រៅ​ប្រទេស មានការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ