ប្រជាពលរដ្ឋខ្មែរមួយចំនួន មានដីស្រែនៅជាប់ព្រំដែនវៀតណាម ក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង បានសម្តែងការព្រួយបារម្ភ ខ្លាចអាជ្ញាធរខ្មែរ មិនហ៊ានចុះទៅវាស់ដីស្រែ ដើម្បីផ្តល់បណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីជូនពួកគាត់ ខណៈដីស្រែមួយផ្នែករបស់ពួកគាត់បានក្លាយទៅជាដីចម្ការរបស់វៀតណាម។
ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋខ្មែរនេះ កើតមានឡើងនៅពេលដែលរដ្ឋាភិបាល កំពុងបើកយុទ្ធនាការចុះវាស់វែងដីធ្លីជាប្រព័ន្ធ ដើម្បីផ្តល់បណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លី ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងនោះភូមិមួយចំនួន នៅក្នុងឃុំដូង ស្រុករមាសហែក ក៏អាជ្ញាធរបាននិងកំពុងដំណើរការវាស់វែង និងបំពេញបែបបទតាមនីតិវិធី ក្នុងការចេញបណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋផងដែរ។
ស្រ្តីវ័យ ៧០ឆ្នាំម្នាក់ ដែលបដិសេធប្រាប់ឈ្មោះ និងមិនឱ្យថតសំឡេង ដោយសារតែកន្លងទៅធ្លាប់ត្រូវបានអាជ្ញាធរហៅទៅព្រមាន នៅពេលនិយាយពីរឿងបាត់បង់ដីខ្មែរនៅតាមព្រំដែនប្រាប់អ្នកកាសែត បាននិយាយប្រាប់VODនៅដើមខែកុម្ពៈនេះថា កាលពីមុន អ្នកស្រីមានដីស្រែ៣ហិកតា នៅខាងក្រោយប៉ុស្តិ៍នគរបាលព្រំដែនខ្មែរ ក្នុងភូមិដូង ដែលកាលពីមុនជាវត្តភូមិដូងចាស់។
អ្នកស្រីបាននិយាយក្នុងសម្តីដើមថា៖ «ដី៣ហិកតានៅត្រង់នេះ ជាដីកេរ្តិ៍ម៉ែខ្ញុំ តាំងពីដូនតាមកហើយខ្ញុំបានចូលមកធ្វើស្រែធម្មតាវិញ ចាប់តាំងពីបែកអាពតក្រោយឆ្នាំ១៩៧៩។ ប៉ុន្តែនៅក្នុងអំឡុងឆ្នាំ១៩៩៤ ទាហ៊ានយួនគេបានប្រើគ្រឿងចក្រចូលមកឈូសឆាយកាប់គាស់រំលើងដីព្រៃនិងដីស្រែរបស់ប្រជាពលរដ្ឋខ្មែរ នៅតាមបណ្តោយព្រំដែនរាប់ពាន់ហិកតា។ បច្ចុប្បន្នក្នុងចំណោមដី៣ហិកតានោះ ខ្ញុំនៅសល់មិនដល់១ហិកតាទេ ពីព្រោះយួនយកអស់ហើយ ហើយដីជិត១ហិកតានេះ ប្រហែលជាអាជ្ញាធរខ្មែរយើង មិនហ៊ានទៅវាស់ធ្វើប្លង់ឱ្យទេមើលទៅ ពីព្រោះវានៅជាប់ព្រំដែនតែម្តង ហើយអាជ្ញាធរខ្មែរយើង ខ្លាចយួនចង់ងាប់ មិនដែលឃើញហ៊ានតតាំងជាមួយយួនទេ»។
បុរសវ័យ៧៥ឆ្នាំម្នាក់ ដែលប្រាប់ឱ្យដាក់ឈ្មោះត្រឹម តាម៉ៅ និងក៏មិនឱ្យថតសំឡេងដែរនោះ រស់នៅភូមិអង្គុញ ជាភូមិនៅជាប់ព្រំដែនផងដែរ ក៏បានសម្តែងការព្រួយបារម្ភខ្លាចអាជ្ញាធរខ្មែរមិនហ៊ានចុះទៅវាស់ដីនៅសល់ប្រមាណកន្លះហិកតារបស់លោក ដើម្បីចេញបណ្ណកម្មសិទ្ធិឱ្យលោកដោយសារតែដីស្រែរបស់លោក នៅជាប់នឹងព្រំដីដែលត្រូវបានគេកំណត់ថាជាតំបន់ស។
លោកតាម៉ៅនិយាយក្នុងសំដីដើមថា៖«ដីកេរដូនតាខ្ញុំប្រហែលជា៤ហិកតាទៀតនៅជាប់ជើងព្រៃបត់ឈ្ងោក ត្រូវយួនឈូសឆាយវាទយកអស់កាលពីអំឡុងឆ្នាំ១៩៩៤។ ឥឡូវទាំងដីស្រែខ្ញុំ និងដីពលរដ្ឋខ្មែររាប់រយគ្រួសារផ្សេងទៀត រួមទាំងព្រៃបត់ឈ្ងោកតាំងពីផ្សារចេកមាស រហូតដល់ក្បាលចាម ត្រូវយួនឈូសឆាយដាំអំពៅ ដាំដំឡូង និងដាំកៅស៊ូអស់ហើយ»។
VOD មិនទាន់អាចទាក់ទង លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍សា អភិបាលនៃគណ:អភិបាលខេត្តស្វាយរៀង ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើក្តីបារម្ភរបស់ប្រជាពលរដ្ឋ ដែលមានដីស្រែនៅជាប់ព្រំដែន ដូចមានការលើកឡើងខាងលើនេះបានទេ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
ប៉ុន្តែនៅក្នុងកិច្ចប្រជុំ ជំរុញ និងផ្តល់ការគាំទ្រដល់ការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្រ្តខេត្តស្វាយរៀង កាលពីពេលកន្លងមក លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលនយោបាយចុះបញ្ជីដីធ្លីជាអាទិភាពមួយ ដើម្បីផ្តល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
រដ្ឋមន្ត្រីរូបនោះ បញ្ជាក់ថា ការងារចុះបញ្ជីដីធ្លីជាការងារស្នូល ទាមទារឱ្យមានក្រសួងរៀបចំដែនដី ជាអ្នកដឹកនាំការងារនយោបាយ ហិរញ្ញវត្ថុ បច្ចេកទេស រីឯប្រតិបត្តិករ គឺរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋក្នុងខេត្ត ត្រូវសហការចូលរួមពិនិត្យព្រំដី ក្នុងពេលដែលក្រុមការងារកំពុងចុះវាស់វែងដីធ្លី ដើម្បីឱ្យដំណើរការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន។
បើតាមលោក តាម៉ៅ និងចាស់ព្រឹទ្ធាចារ្យមួយចំនួនដែលធំដឹងក្តី និងរស់នៅក្នុងឃុំដូង តាំងពីមុនសម័យសង្គមរាស្ត្រនិយមមកនោះ បាននិយាយរៀបរាប់ថា នៅក្នុងឃុំដូង មានភូមិចំនួន៦ដែលនៅជាប់ព្រំដែនវៀតណាម ក្នុងនោះ មានភូមិកំពង់ថ្នា ភូមិអង្គុយ ភូមិឈើទាល ភូមិដូង ភូមិតាសួស និងភូមិពោន រួមទាំងមានព្រៃឈើរាប់គីឡូម៉ែត្រនៅតាមព្រំដែន ដូចជា ព្រៃបត់ឈ្ងោក ព្រៃត្រាចគុយ និងព្រៃត្រពាំងប្រាសាទ ដែលមានប្រាសាទបុរាណមួយនៅកណ្តាលព្រៃនោះនិងមានបឹងធម្មជាតិដ៏ធំ មើលដាច់កន្ទុយភ្នែកមួយឈ្មោះ បឹងជប់ ត្រូវបានវៀតណាមឈូសឆាយវាទរំលោភយកអស់។
ព្រៃនៅតាមព្រំដែនដែលមានប្រវែង និងជម្រៅរាប់គីឡូម៉ែត្រទាំងនោះ មានដើមឈើធំៗ អាចឱ្យអ្នកភូមិកាប់ឈើសាងសង់ផ្ទះ និងអាស្រ័យផលអនុផលព្រៃឈើ ដូចជា កាប់ឈើដាក់ឡដុតធ្វើជាធ្យូង ជីកទំពាំង ដកផ្សិត បោចវល្លិ៍ជាដើម និងក៏មានដីព្រៃរិករិលរាប់រយហិកតា សម្រាប់អ្នកភូមិឃ្វាលគោឃ្វាលក្របីផងដែរ។
ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៩៤មក កងទ័ពវៀតណាម បានចាប់ផ្តើមធ្វើការឈូសរំលើងដីព្រៃ និងឈូសកម្ទេចប្រាសាទបុរាណខ្មែរឱ្យរាបដល់ដី ថែមទាំងឈូសឆាយវាទយកដីស្រែរបស់ប្រជាពលរដ្ឋខែ្មរ នៅជាប់ជើងព្រៃ ដែលពួកគាត់ធ្លាប់ធ្វើស្រែតជំនាន់តាំងពីដូនតាមកនោះ ដើម្បីដាំអំពៅដាំកៅស៊ូ និងដាំដំណាំផ្សេងៗ។
ប្រភពដដែលបន្តថា កាលពីដំបូងប្រជាពលដ្ឋខ្មែរ នៅតាមភូមិទាំងនោះ បានលើកគ្នាទៅតតាំងវ៉ៃតប់រុញច្រានបណ្តេញទាហានវៀតណាមទាំងនោះ មិនឱ្យធ្វើការឈូសឆាយលើដីស្រែរបស់ពួកគាត់ឡើយ។
ប៉ុន្តែអាជ្ញាធរខ្មែរមិនត្រឹមតែមិនបានជួយការពារដីទាំងនោះ ប្រឆាំងនឹងការឈ្លានពានរបស់ទាហានវៀតណាមប៉ុណ្ណោះទេ ថែមទាំងហាមឃាត់ពលរដ្ឋខ្មែរ មិនឱ្យតបតទៅវៀតណាមឡើយដោយអះអាងថា ទុកឱ្យរដ្ឋាភិបាលដោះស្រាយ។
ប៉ុន្តែចាប់តាំងពីពេលនោះមក គេមិនដែលឃើញអាជ្ញាធរកម្ពុជា ឬគណៈកម្មាធិការព្រំដែនរបស់រដ្ឋាភិបាលកម្ពុជា ចេញមុខដោះស្រាយទាមទារយកដីស្រែនោះ ជូនពលរដ្ឋវិញឡើយ។
បច្ចុប្បន្នដីស្រែរបស់ប្រជាពលរដ្ឋខ្មែរ នៅតាមព្រំដែនរាប់គីឡូម៉ែត្រ បានក្លាយទៅជាដីចម្ការអំពៅ ចម្ការកៅស៊ូ ចម្ការដំឡូងមីរបស់វៀតណាម ហើយពលររដ្ឋខ្មែរមួយចំនួន ដែលជាម្ចាស់ដីបានទៅធ្វើជាកម្មករស៊ីឈ្នួលនៅតាមចម្ការរបស់វៀតណាមទាំងនោះ។
បើតាមប្រជាពលរដ្ឋ បច្ចុប្បន្ននៅច្រកព្រំដែនក្នុងឃុំដូង មានសមត្ថកិច្ចខ្មែរពាក់ព័ន្ធចំនួន៥ស្ថាប័ន ចាំរាប់ក្បាលឡានដឹកទំនិញចេញ-ចូល យកប្រាក់ ដោយឡានដឹកទំនិញធុនធំ១គ្រឿង ត្រូវបង់ប្រាក់ទៅឱ្យសមត្ថកិច្ចទាំងនោះសរុបចាប់ពី ៣០ម៉ឺនទៅដល់៤០ម៉ឺនរៀល។
ទំនិញដែលដឹកចូលពីវៀតណាមមកកម្ពុជា មានបន្លែផ្លែឈើនិងត្រី សាច់ ដោយគេពុំឃើញសមត្ថកិច្ចខ្មែរ ធ្វើការត្រួតពិនិត្យទំនិញទាំងនោះទេ គឺរាប់តែក្បាលឡានយកប្រាក់។ ចំណែកទំនិញដែលដឹកពីកម្ពុជាទៅវៀតណាម មានស្រូវ ផ្លែស្វាយ និងដំឡូងមីជាដើម។
ប្រភពដដែលបន្តថា នៅតាមវាលស្រែតាមបណ្តោយព្រំដែនវិញ ជារៀងរាល់ថ្ងៃ គេឃើញទាហានវៀតណាម បានដើរល្បាត២ដងព្រឹកម្តងល្ងាច១ដង ចំណែកខាងកម្ពុជាគេមិនដែលឃើញដើរល្បាតតាមព្រំដែននោះទេ៕