បទវិភាគ៖​ ហេតុអ្វី​បាន​ជា​លោកហ៊ុន សែន ​តែង​ប្រើ​គ្រប់​មធ្យោបាយ​​ដើម្បី​តាម​កម្ទេច​ខ្មែរ​គ្នា​ឯង?

វិធាន​ការ​តាម​កម្ទេច​ក្រុម​អ្នក​មាន​និន្នាការ​ប្រជាធិប​តេយ្យ នៅ​តែ​បន្ត​យ៉ាង​សកម្ម​ច្រើន​ទសវត្សរ៍​ទៅ​នេះ បើ​ទោះ​ជារដ្ឋ​ធម្ម​នុញ្ញ​បាន​ចង​កាតព្វ​កិច្ច​អ្នក​នយោបាយ​ខ្មែរ ឱ្យ​អនុវត្ត​របប​ប្រជា​ធិប​តេយ្យ​​សេរី​ពហុ​បក្ស​ក្តី ដែល​​​ការណ៍​នេះ បង្កើត​ជា​ក្តី​បារម្ភ ពី​យុទ្ធសាស្ត្រ​បំបែក​បំបាក់​ជាតិ​គ្មាន​ទី​បញ្ចប់។

អ្នកតាមដាន​ខ្លះ ចង្អុលបង្ហាញពីការផ្តើមចេញ​ពី​ការចាប់ខ្លួន លោក ប៉ែន សុវណ្ណ អំឡុង​ឆ្នាំ​១៩៨១​ ដែល​ក្រោយ​មក​វៀត​ណាម បាន​លើក​បន្ទុប លោក ហ៊ុន សែន ឱ្យឡើងកាន់​តំណែង លោក ប៉ែន ​សុវណ្ណ​ ដែល​​លោក ប៉ែន សុវណ្ណ ពេល​នោះ​មានតំណែងជា​នាយករដ្ឋមន្ត្រីកម្ពុជា។

លោក ប៉ែន សុវណ្ណ បាន​អះ​អាង​ថា មូល​ហេតុ​នៃ​ការ​ចាប់​ខ្លួន​គាត់ ផ្តើម​ចេញ​ពី​ការ​ដែល​គាត់​ជំទាស់​នឹង​ម​ហិច្ឆ​តា​​វៀត​ណាម ដែល​ចង់​លេប​ត្របាក់​ទឹក​ដី​កម្ពុជា និង​ការ​បង្ហូរ​ជន​ជាតិ​ខ្លួន​ចូល​មក​រ​ស់​នៅ​កម្ពុជា។

អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោ​បាយ ​និង​សង្គម ​កត់​សម្គាល់ថា បើផ្អែក​​​ទៅ​លើ​​សំឡេង ​​និង​សកម្ម​ភាព​​ដែ​ល ​​លោក​ ហ៊ុន សែន តែង​តែ​​ថ្លែងជាសាធារណៈផង និង​សារ​សំឡេង​នានា ​​ត្រូវ​បាន​ចែកចាយ​នៅ​តាម​បណ្តាញ​សង្គម និង​អំពើ​ហិង្សា ​រួម​ទាំង​ការ​ចាប់​ខ្លួន​សកម្ម​ជនប្រឆាំង ។

​​​បញ្ហានេះ វា​បាន​កើតឡើងជាបន្ត​បន្ទាប់​កន្លង​មក ​​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា អតីត​​កម្មាភិ​បាល​ខ្មែរ​​ក្រហម​​រូប​​នេះ បាន​​​ប្រើ​គ្រប់​​មធ្យោបាយ​​ដើម្បី​​ធ្វើបាប​ខ្មែរ​ ចាប់​ខ្មែរ​​ដាក់​​ពន្ធនាគារ​ ​​ប្រើ​​ក្រុម​​​បាត​​ដៃទី​៣ តាម​វាយ​ដំ​ធ្វើទុក្ខ​បុកម្នេញ តាម​​កម្ទេច ​តាម​កម្ចាត់​​ខ្មែរ គឺ​ធ្វើ​យ៉ាង​ណាឱ្យ​តែ​​​​បាន​ឈ្នះ​លើ​ខ្មែរ ដែល​​មាន​និន្នាការ​មិន​ស្របនឹង​ខ្លួន​ ដើម្បី​បំពេញ​មហិច្ឆ​តា​កា​ន់​អំណាច​​​តពូជ​។

 ប៉ុន្តែ​ទាំង ​លោក​ ហ៊ុន សែន ​និង​កូនប្រុសរបស់​លោក ​គឺលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត មិន​ដែល​ឃើញ​ហ៊ាន​​ចេញ​មុខ​តបត​ ទៅនឹង​ការ​រំលោភ​បំពាន​​ទឹក​ដី ​​ពី​សំណាក់​​អាជ្ញាធរ​​វៀត​ណាម ​និង​​​ថៃ​នោះ​ទេ។

វិល​មក​រឿងក្តី​អយុត្តិធម៌ការ​​រំលាយគណបក្ស​សង្គ្រោះ​ជាតិ​​ និង​​ការ​ចាប់​ឃុំខ្លួន ​​លោក ​កឹម សុខា ប្រធាន​គណបក្សសង្គ្រោះជាតិ ​​​ដែល​មាន​ប្រជាពលរដ្ឋ​គាំទ្រ​ជិត​ពាក់​កណ្តាល​ប្រទេស​​ ចាប់​តាំង​ពី​ឆ្នាំ​​២០​១៧​ ដែល​​​ធ្វើឱ្យមាន​ការ​ថ្កោល​ទោស ​និង​ការ​ដាក់​ទណ្ឌកម្ម​ពី​ប្រទេស​​លោក​​សេរី​​ រហូត​​មក​ដល់​​ពេល​​នេះ​ ត្រូវ​បាន​ផ្អឹបទុកចោល បើ​ទោះ​បី​​ជា​​សហគមន៍​​អឺរ៉ុប ​បាន​គំរាម​កាត់​​ផ្តាច់​​ប្រព័ន្ធ​អនុ​គ្រោះ​​ពន្ធ​ ​EBA ដែល​នៅសល់​៨០ភាគ​រយ​ទៀត ​​បើ​សិន​ជារដ្ឋាភិបាល ​មិន​ព្រម​ស្តារ​​​សិទ្ធិមនុស្ស​ និង​បើក​ឱ្យ​មាន​លំហ​ប្រជាធិបតេយ្យ​ឡើងវិញ​។

បន្ថែម​ពីនេះ ​សំណុំ​រឿង​កោះ​គុត ដែល​ថៃកំពុង​កាន់​កាប់​ទាំង​ស្រុង ​ដែល​ជារឿង​បូរណភាព​ទឹក​​ដី ​និង​​​រឿងឃាត​កម្ម​​បាញ់​សម្លាប់​ លោក ​លិម គិម​យ៉ា ​តំណាង​រាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ ​កាល​ពី​ពេល​ថ្មីៗ​នេះ បូក​រួម​ទាំង​ទុក្ខ​លំបាក​របស់​ប្រជាកសិករ​ ដោយ​សារ​កសិផល​ចុះ​ថោក ​​គ្មាន​ទីផ្សារ​ជា​ដើម​ គេ​​មិន​ដែល​ឃើញ​លោក ​ហ៊ុន​ សែន​ និយាយ​​ស្តី​ឬ​​បង្ហាញ​ពីឆន្ទៈ ​ក្នុង​​ការ​​យក​ចិត្ត​ទុកដាក់​ខ្វាយ​​ខ្វល់ ធ្វើការ​ដោះ​ស្រាយ ​​ដើម្បី​ស្តារ​មុខមាត់​ប្រទេស​ជាតិ​​ឡើង​​​វិញ​​ និង​ស្តារ​ជីវភាព​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ​​ប្រសើរ​ឡើង​ឡើយ។

 អ្នក​តាម​ដាន​ស្ថានការណ៍​​នយោបាយ​ លើកឡើង​ថា ពី​មួយ​ថ្ងៃ​​ទៅ​​មួយ​ថ្ងៃ គេ​ឃើញ ​លោក ហ៊ុន សែន បង្កើត​​តែ​រឿង​ដើម្បី​​បន្លប់​​​កាយ​​កប់​​ព្រឹត្តិ​ការ​ណ៍ ដូចជាពេលថ្មីៗនេះ ​លោក ​ហ៊ុន សែន បាន​បញ្ចេញ​សារ​ជា​សំឡេង​របស់ ​លោក ​សេង​ សារី ដែល​លោក​បាន​​គំរាម​ផង ​និង​ទិញ​ទឹក​ចិត្ត​ផង ដើម្បី​​ឱ្យ​អ្នក​​វិភាគ​រូប​នេះ​ធ្វើ​​ជាជន​បង្កប់ ​ដើម្បី​យកការណ៍​ពីក្រុម​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ដោយ​​ចំណាយ​ថវិកា​ក្នុង១ខែ​​មិន​តិច​ជាង​​១ម៉ឺនដុល្លារ​ឡើយ​។

ការចាប់ឃុំ​ខ្លួន លោក កឹម សុខា និងការរំលាយបក្សប្រឆាំង​តាមទំនើងចិត្តរបស់​លោក ហ៊ុន សែន គឺជាការបំផ្លាញនូវ​គោលការណ៍សិទ្ធិ​មនុស្ស និងប្រជាធិបតេយ្យ ដែល​ធ្វើឱ្យកម្ពុជា​​មាន​កេរ្តិ៍​ឈ្មោះ​​មិន​ល្អលើឆាក​អន្តរជាតិ រហូត​ធ្វើឱ្យ​សហគមន៍​អឺរ៉ុប​ បាន​កាត់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធEBA ២០​ភាគ​​រយ ​និង​បាន​ព្រមានកាត់​៨០​ភាគ​​រយ​ទៀត ដែល​នៅសល់ ​ប្រសិន​​បើ​​កម្ពុជា​​មិន​​ព្រម​ស្តារ​សិទ្ធិ​មនុស្ស ​​បើក​​លំហ​ប្រជាធិបតេយ្យ​​ឡើង​វិញ ​​និង​មិន​ព្រម​ដោះ​លែង​អ្នក​ទោស​​នយោបាយ ​និង​សកម្ម​​ជន​សង្គមក្នុង​នោះ​រួម​ទាំង លោក​ កឹម សុខា ផងដែរ​នោះ។

បើ​ទោះ​បីជា​​បច្ចុប្បន្ន ​លោក ​ហ៊ុន សែន ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ក៏ដោយ ​​ក៏​​លោក​មាន​​តួនាទី​​ជា​ប្រធាន​ព្រឹទ្ធ​សភា​ ដែល​ជាស្ថាប័ន​កំពូល​របស់​ជាតិ ​​ដែល​ស៊ីប្រាក់​ខែ​ពីប្រជា​ពលរដ្ឋ​បង់ពន្ធ​ផងដែរ​​ ដូច្នេះ​តាម​ច្បាប់​លោក​ ហ៊ុន សែន ​ត្រូវ​តែ​ខិតខំ​បំពេញ​តួនាទី​របស់​ខ្លួន​ដោយ​ឯករាជ្យ ​​ក្នុង​នាម​ជាថ្នាក់​ដឹកនាំកំពូល​របស់​ជាតិ គឺ​ត្រូវការ​ពារ​សិទ្ធិ ​និង​ផល​ប្រយោជន៍​​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប​ ទាំង​ប្រជាពលរដ្ឋ​ដែល​គាំទ្រគណបក្ស​ប្រជាជន ​និង​ពលរដ្ឋ​​ដែល​​គាំទ្រ​គណបក្ស​​ផ្សេង​​ទៀត ​​មិន​គួរ​ជា​អ្នក​បញ្ជា​ឱ្យ​មាន​ការ​តាម​កម្ទេច​​ តាម​កម្ចាត់ ​​តាម​សម្លាប់​ តាម​ចាប់​​ខ្លួន​​ទៅ​លើ​អ្នក​ដែល​មាន​មតិមិន​ស្រប​​នឹង​រដ្ឋាភិ​បា​ល ​ដែល​ដឹកនាំ​ដោយ​កូន​ប្រុស​របស់​លោក​​ ដូចដែល​លោក​បាន​ធ្វើ​និងកំពុង​តែបន្ត​ធ្វើ ក្នុង​ពេល​បច្ចុប្បន្ននេះនោះ​ទេ។

អ្នក​តាម​ដាន​ស្ថានការណ៍​នយោ​បាយ ​និង​​សង្គម លើកឡើង​ថា លើសពី​នេះ ​លោក ហ៊ុន សែន គួរ​ប្រើ​​ពេល​​វេលា ​និង​ធនធាន​ ដើម្បីដោះស្រាយបញ្ចប់​សំណុំ​រឿង​​​​ក្តី​​អយុត្តិធម៌ ​របស់​លោក ​កឹម សុខា រឿង​​វិវាទ​កោះ​​គុត និង​​សំណុំ​រឿង​បាញ់​សម្លាប់ ​លោក ​លិម គិមយ៉ា រួម​ទាំង​រឿង​​ទុក្ខ​​លំបាក​របស់​ប្រជា​កសិករ​​ ដែល​កំពុង​តែជួប​វិបត្តិ​គ្មាន​ទីផ្សារ​លក់​កសិផល​កសិកម្ម​ជាដើម។

​ជាពិសេស ​គួរ​រ​ក​វីធី​ដើម្បី​ឱ្យ​មានការ​បង្រួប​បង្រួម​​ផ្សះ​ផ្សារ​ជាតិខ្មែរ ​ដើម្បី​ឱ្យមាន​ការ​ឯក​ភាព​ជាតិ​​ឡើង​​វិញ ​ជាជាងបង្កើតព្រឹត្តិការណ៍បន្លប់​មហាជន ហើយ​បន្សល់​ទុក​ជន​រង​គ្រោះ​រាប់​លាន​នាក់ រួម​ទាំង​​អ្នក​ជួប​វិ​បត្តិ​​បំណុ​ល និងប្រព័ន្ធច្បាប់គ្មានយុត្តិធម៌។

បន្ថែម​ពីនេះ ​លោក ​ហ៊ុន សែន ​ក៏គួរ​បញ្ឈប់​​ការ​ប្រើពាក្យសម្តី​​បែប​​ប្រជាភិថុតិ ​​​បំភ្លៃការ​ពិត​ដើម្បី​កេង​​ចំណេញ​​នយោ​បាយ ​ដូច​​ជា​​ថា «មិន​ដោះដូរ​​អធិបតេយ្យភាព ​ដើម្បី​​ជំនួយ​​បរទេស ​ឬ​ការ​អនុ​គ្រោះ​​ណា​» ​ដើម្បី​តែច​ង់សម្រេច​មហិច្ឆតា​ក្តោប​អំណាច​តាម​បែប​ផ្តាច់​ការ​នោះ​ឡើយ។

បញ្ហានេះ រងការរិះគន់ថា ​ធាតុ​ពិត ​​​គ្មាន​បរទេស​ ដូចជាសហគមន៍​​អឺរ៉ុប​ សហរដ្ឋអាមេរិក ​ឬបណ្តា​ប្រទេស​​​លោក​សេរីណា​ គេចង់​​បាន ​ឬក៏ចង់​យក​អធិបតេយ្យ​ភាព ​របស់​កម្ពុជា​​ទៅធ្វើ​អ្វីនោះ​ទេ គឺ​គេ​គ្រាន់​​តែ​​ស្នើ​​ឱ្យ​​រដ្ឋាភិបាល​កម្ពុជា​​ ដឹកនាំ​ប្រទេសត្រូវ​​ដើរ​ទៅតាម​​គន្លង​​ប្រជាធិប​តេយ្យ​​ ​គោរព​សិទ្ធិ​មនុស្ស ​​​ទៅ​តាម​អ្វី​ដែល​មា​​ន​​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ​ច្បាប់​​ជាតិ​ និង​អន្តរជាតិ ​ដែល​​កម្ពុជា​បាន ​ផ្តល់​​សច្ចាប័ន​តែប៉ុណ្ណោះ។

មជ្ឈដ្ឋាន​អ្នក​ឃ្លាំមើល​សង្គម​ បាន​ចោទសួរថា តើ​លោក​ ហ៊ុន សែន​ បាន​ថវិកា​មក​ពីណា​ក្នុង​ការ​បន្ត​ធើ្វ​សកម្មភាព​ទុច្ចរិត ​រំលោភ​បំពានសិទ្ធិមនុស្ស​ ដោយ​បង្កើត​​ក្រុម​ទុច្ចរិត ​ក្រុម​ចារកម្ម​តាម​​យក​ការណ៍ តាម​វ៉ៃ​ តាម​​កម្ទេច​ តាម​កម្ចាត់​ តាម​ចាប់​ខ្លួន​ក្រុម​ប្រឆាំង​​ទាំង​​នៅក្នុង​ប្រទេស​​ទាំង​នៅក្រៅប្រទេស ?

បើ​​នៅ​ប្រទេស​ដែល​មាន​នីតិរដ្ឋពិត​ប្រាកដ ​​អំពើ​របស់​ លោក​ ហ៊ុន សែន ដែល​តែង​តែ​ប្រើ​គ្រប់​មធ្យោ​បាយទាំង​​វិធី​សុចរិត ​និងទុច្ចរិត ​រួម​​ទាំងការ​​ចំណាយ​ប្រាក់​​ច្រើន​​សន្ធឹក​​សន្ធាប់ ​ក្នុង​ការ​តាម​​កម្ទេច ​តាម​កម្ចាត់​​គូ​ប្រជែង​នយោបាយ​ បូក​​រួមទាំង​អំពើ​លួច​​ថត​សំឡេង​​អ្នក​ដទៃ​ ដោយ​ខុស​ច្បាប់​ ហើយ​យក​មក​​ចែក​ចាយ​ និង​​ផ្សព្វផ្សាយ​ជាសាធារណៈ​ផង​​នោះ​ ​​មេ​បក្ស​​កាន់​​អំណាច​​រូប​នេះ​ ​ប្រាកដជានឹង​ត្រូវ​នាំខ្លួន​យក​ទៅ​ផ្តន្ទាទោស​មិនខានឡើយ​។

ប៉ុន្តែ​ក្នុង​ស្ថានភាពបច្ចុប្បន្ន​​ នៅកម្ពុជា​មិន​មាន​​បុគ្គលណា ឬ​ស្ថាប័ន​អនុវត្ត​​ច្បាប់​ណា​ ហ៊ាន​ប៉ះ​ពាល់​ លោក ​ហ៊ុន សែន ​​និង​ក្រុម​គ្រួសារ​​របស់​លោក​នោះ​​ទេ បើ​ទោះ​ដឹង​ថា​គាត់​បាន​បំពាន​រដ្ឋ​ធម្ម​នុញ្ញ ពី​ព្រោះ​គ្រប់​​គ្នា​​សុទ្ធ​​តែ​ដឹង​​ច្បាស់​ហើយ​ថា លោក ​ហ៊ុន សែន​ នៅអង្គុយ​​ពីលើច្បាប់ ដោយ​លោក​​អាច​​បញ្ជា​បាន​គ្រប់​​ស្ថាប័ន​​ទាំង​​អស់​ ​រួមទាំង​ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ​ ឧត្តមក្រុមប្រឹក្សា​​នៃ​អង្គ​ចៅក្រម ព្រឹទ្ធ​សភា​ រដ្ឋសភា ​តុលាការ ​រដ្ឋាភិបាល រហូត​​ដល់​គណៈក​ម្មាធិការជាតិ​រៀប​ចំការ​​បោះ​ឆ្នោត​​ជាដើម។

លោកបណ្ឌិត មាស នី អ្នក​សិក្សា​ស្រាវជ្រាវ​ពីការ​អភិវឌ្ឍ​​សង្គម​ បាន​ថ្លែងថា នៅពេល​​អាន​ប្រវត្តិ​សាស្រ្ត​ខ្មែរ ឱ្យ​​បាន​​ស៊ី​​ជម្រៅ ចាប់​តាំង​ពី​ការ​បែក​បាក់​ក្រោយ​សម័យ​អង្គរ បាន​បង្ហាញ​​ថា យើង​មាន​បញ្ហា​ច្រីន​ជាមួយខ្មែរគ្នាឯង ជាជាង​ជាមួយ​ប្រទេស​​ជិត​​ខាង​ពាក់​ព័ន្ធ​នឹង​បូរណភាពទឹកដី ​។

លោកបន្តថា គ្រប់​ដំណាក់​កាល​​​នៃ​ការ​បាត់​បង់​ ចាប់​ផ្តើមចេញពី​ជម្លោះ​ផ្ទៃ​ក្នុង​​ស្រួច​ស្រាវ ឬ​ដែល​គេ​ហៅ​​ថា ឈ្លោះ​គ្នា​មែន​ទែន រីឯ​អ្នក​ជិត​ខាង​តែង​រងចាំ​ឱកាស បេះ​យក​បន្តិច​ម្តងៗ តាម​ដែល​គេ​​អាច​​ធ្វើ​បាន។ នៅចំណុច​ខ្លះ គេយកបានដោយសារ​យើង​គ្មាន​សមត្ថភាព​តតាំង ដូច្នេះ​ការ​បាត់​​បង់​ចេះ​តែ​បន្ត រួច​ខ្មែរ​​បន្តឆ្លើយដាក់គ្នា ពីជំនាន់មួយទៅជំនាន់មួយ។ ពាក្យថា «ក្បត់» និង​«ចារកម្ម» លើគ្នា​ឯង ដើម្បីការពារខ្លួន ត្រូវបានគេប្រើស្ទើ​គ្រប់ជំនាន់។​

ទាក់​​ទង​នឹង​ការលួច​ថតសំឡេងសន្ទនា​​តាម​ទូរសព្ទ ​ឬតាម​បណ្តាញ​សង្គម​ ​ហើយ​​យក​​មក​ចែក​ចាយ​​ផ្សព្វ​​ផ្សាយ​​ជាសាធារណៈ អ្នក​​តាម​​ដាន​​ស្ថានការ​ណ៍​នយោបាយរូបនេះ​ ​លើកឡើង​ថា​​ មិន​ត្រឹម​តែ​ជា​ទ​ង្វើ​អសីលធម៌​​​មិន​​ថ្លៃថ្នូរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជាអំពើ​ខុសច្បាប់​ ដែល​​ប្រឈម​​នឹង​​ការ​​ជាប់​ពន្ធនាគារ​ពី១ខែ ​ដល់​១ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១សែន​រៀល​ទៅ​ ២លាន​រៀល​ថែម​ទៀតផង។ នេះ​បើ​យោង​តាម​មាត្រា​ ៣០១​ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា។

ប៉ុន្តែ​យ៉ាងណាក្តី លោក ​ហ៊ុន សែន ​មិន​ត្រឹម​តែមិន​ចេះ​ខ្មាស់​អៀន​ និង​មិន​ខ្លាចច្បាប់​ក្នុង​ការ​ធ្វើ​អំពើ​ទាំង​នេះ​​ជាហូរហែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​ហាក់​បង្ហាញ​ថា លោក​​ខ្លាំង​ដោយ​តែង​តែ​បញ្ចេញ​ការ​សន្ទនា​ជា​ឯកជន​​របស់​​លោក​ ជាមួយ​​​ដៃ​គូប្រជែង​​នយោបាយ ​និង​​មនុស្ស​​មួយ​​ចំនួន ​ដែល​ជា​គោល​​ដៅ​​លោក​​ចង់​​កម្ទេច ​និង​បំផ្លាញ​បំបាក់​មុខ ក្នុង​នោះ​​មាន ​លោក​ កឹម សុខា​ លោកហូរ វ៉ាន់ តំណាង​រាស្ត្រគបក្ស​សង្គ្រោះ​ជាតិ លោក​លឺ ឡាយ​ស្រេង​ អតីត​មន្ត្រី​ជាន់​ខ្ពស់គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​​ចុង​ក្រោយ​​នេះ ​គឺ​លោក ​សេង សារី អ្នក​សិក្សា​ស្រាវ​ជ្រាវ ​និង​ជាអ្នក​វិភាគ​ពីបញ្ហា​​នយោបាយ​ជាដើម។ល។

សូម​បញ្ជាក់​​ថា នៅក្នុងពិធីប្រគល់វិញ្ញាបន​បត្រ​​សម្បទា​​វិជ្ជាជីវៈ​​មេធាវី​​​ដល់​​សិស្ស​មេធាវី​ និង​ប្រគល់​វិញ្ញា​​បនបត្រ​​សុក្រឹត​ការ​វិជ្ជាជីវៈ​​មេធាវី​​ដល់​​សិក្ខាកាម​មេធាវី កាលពីថ្ងៃទី​​៥ ​ខែ​កញ្ញា ​ឆ្នាំ​២០២៤ ​លោក​ហ៊ុន ម៉ាណែត ​បាន​​​ចោទ​សួរ​​ថា តើ​ដោយ​សារ​​អ្វី​ដែលកម្ពុជា​បាត់​បង់​​ទឹ​ក​ដី​​​​ពី​អាណា​ចក្រខ្មែរ​មក​នៅ​ដូច​សព្វ​ថ្ងៃ? ហើយ​​លោក​​ក៏បាន​ឆ្លើយ​ខ្លួន​​លោក​​ថា គឺ​ដោយ​​សារ​​ការ​បាក់​បែក​ផ្ទៃ​ក្នុង​ជាតិ​​ធ្វើ​ឱ្យ​ប្រទេស​​ចុះ​ខ្សោយ។

នៅពេល​នោះ​ អ្នក​តាម​ដាន​​ស្ថានការណ៍​នយោ​បាយ ​បាន​យល់ស្រប​ទៅនឹងការ​លើកឡើង​របស់​លោក ​​ហ៊ុន ម៉ាណែត និង​​លើក​​ទឹកចិត្ត​ឱ្យ​​នាយក​រដ្ឋមន្ត្រី​​​​ដែលទើប​​​កាន់​​តំណែង​​បាន​​ជាង​១ឆ្នាំរូប​នេះ ​​រក​វិធី​ធ្វើឱ្យមាន​ការ​ផ្សះ​​ផ្សា​​បង្រួប​បង្រួម​ជាតិ​​​ឡើង​​វិញ ​​​ដើម្បី​​ឱ្យ​កម្ពុជា​មាន​​ការ​​ឯកភាព​ជាតិ​ ក្លាយ​​ទៅ​​ជា​​​ប្រជាជាតិ​មួយ​ដែ​​ល​​រឹ​ង​មាំ ​​មាន​សមត្ថភាព​អាច​ការ​​ពារ​ជាតិ​​ទឹក​ដី​របស់​ខ្លួន​​ឱ្យ​បាន​​គង់វង្ស​យូរ​អង្វែង​។

ប៉ុន្តែ ​អ្នក​តាម​ដាន​ស្ថានការណ៍​នយោ​បាយ ​កត់សម្គាល់​ឃើញថា អ្វី​ដែល​លោក​ ហ៊ុន ម៉ាណែត ​​បាន​ថ្លែង​​​​មិន​ត្រូវ​បាន​យក​មក​​អនុវត្ត​ឱ្យ​ចេញ​​ជាផ្លែផ្កាឡើយ​ ខណៈ​​ដែល​​រដ្ឋាភិបាល​​ដែល​​នៅ​តែ​រង​ឥទ្ធិពល​​ពី​ឪពុក​​របស់​​លោក ​នៅ​តែ​បន្តធ្វើទុក្ខបុកម្នេញ​តាម​ទ្រឹស្តី ​«យក​លលក​ទាក់លលក»​ បើ​ទាក់​​មិន​​បាន​​​មិន​​ព្រម​​ចុះ​​ចូល គឺត្រូវ​​តាម​​​កម្ទេច​ តាម​កម្ចាត់ ​បើ​ទោះ​បីជា​សកម្ម​ជន​គណបក្ស​ប្រឆាំង​​ទាំង​​នោះ ​បាន​រត់​ភៀសខ្លួន​ទៅដល់ក្រៅប្រទេស​ហើយក្តី។

បើដូច្នេះ​​សួរ​ថា តើ​ហេតុអ្វីបានជា លោក ហ៊ុន សែន ​តែងប្រើគ្រប់​មធ្យោបាយ​ឥត​ឈប់​ឈរ​​ដើម្បី​តាម​​កម្ទេច​ តាម​កម្ចាត់​ខ្មែរ​​គ្នាឯងបែបនេះ​ ?

ចម្លើយ១ ក្នុង​ចំណោម​ចម្លើយ​​ផ្សេងទៀត ដែល​​យើង​ទាំង​អស់គ្នា​បាន​​មើល​ឃើញ​ គឺដើម្បី​បាន​ផ្ទេរ​អំណាចតពូជ​ និង​ហេតុផល​ផ្សេងទៀត​ ដែល​យើង​ជាខ្មែរគួរ​ពិចារណា ​គឺមើល​ទៅ​លើ​ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​លោក​ ហ៊ុន សែន ​បាន​ធ្វើ​កាលពីពេល​កន្លង​មក។ ក្នុង​នោះ​ មាន​ដូច​ជាការ​ចាប់ លោក ​ប៉ែន សុវណ្ណ ដែល​​ជា​នាយក​រដ្ឋមន្ត្រី​ នៃ​របប​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា កាលពី​​ដើម​ខែ​​ធ្នូ ឆ្នាំ​១៩៨១ ហើយ​លោក ​ហ៊ុន សែន ​ត្រូវបាន​​វៀត​ណាម​ លើក​បន្តុប​ជំនួស​​លោក ​ប៉ែន សុវណ្ណ ​តាំង​ពី​ពេល​នោះ​មក។

នៅក្រោយ​ការ​​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣​ ​លោក​ ហ៊ុន សែន ​ដែលកាលណោះ​ គណបក្ស​ប្រជាជន​កម្ពុជា​​បាន​ចាញ់​ឆ្នោត ​លោក​​​​បាន​​បង្កើតតំបន់អប្បគមន៍​ ការ​​ធ្វើរដ្ឋប្រហារ​កម្ទេច​គណបក្ស​ហ្វ៊ុន​ស៊ីន​ប៉ិច​ និង​​បាន​​សម្លាប់​​ឥស្សរជន​ស្នេហាជាតិ​ខ្មែរ​​រាប់​សិប​នាក់ កម្ទេចគណបក្ស​លោក​​តា​ ស៊ឺន សាន​​និង​​ក្រោយ​មក​ក៏បាន​ប្រើកណ្តាប់ដៃដែក ​គំរា​ម​រំលាយ​​របប​រាជានិយម​នៅ​កម្ពុជា​ ​ដោយ​​សារ​តែ​កាល​នោះ​​ ​សម្តេចព្រះ​ នរោត្តម សីហនុ បាន​​ធ្វើ​ឱ្យ​រាំង​ស្ទះ​​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​​កម្ពុជា​វៀតណាមឆ្នាំ​​២០០៥។

សន្ធិសញ្ញា​​ឆ្នាំ​១៩៨២-៨៣ ​និង​​៨៥ បាន​ធ្វើ​ឱ្យកម្ពុជា​បាត់​បង់ទឹកដី​​​ទៅ​​ប្រទេស​វៀត​ណាម ​​ទើប​​កិច្ច​​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​បាន​និរាករណ៍​សន្ធិសញ្ញា​ទាំង​៣នេះ​ចោល។

​ប៉ុន្តែ ​លោក ​ហ៊ុន សែន ក្រោយវៀតណាម​លើក​បន្តុប ធ្វើឱ្យលោកមានឥទ្ធិពលលើ​កង​កម្លាំង ប្រដាប់​អាវុធ និងប្រព័ន្ធតុលាការផងនោះ ​បាន​ប្រើ​គ្រប់​មធ្យោបាយ ​​ធ្វើ​ឱ្យ​សន្ធិសញ្ញា​ខុស​ច្បាប់​នេះ ​ក្លាយ​ជា​ស្រប​ច្បាប់​វិញ ​​ហើយ​បាន​ចាប់​ផ្តើម​ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន​ ផ្អែក​ទៅ​តាម​សន្ធិ​សញ្ញា​​បំពេញ​បន្លែម​​ឆ្នាំ​២០០៥ បើ​ទោះ​បី​ជាមានការ​ប្រឆាំង​ជំទាស់​យ៉ាងខ្លាំង ​ពី​មជ្ឈដ្ឋាន​ជាច្រើន​រួម​​ទាំង​​ពី​ លោក ​ជា ស៊ីម ដែលកាលណោះជាប្រធាន​​ព្រឹទ្ធសភា ​និង​ជាប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជាក៏ដោយ​។

ព្រឹត្តិការ​ណ៍​ទាំង​នេះ ​និង​ការ​នៅ​តែ​មិន​ព្រម​បណ្តេញ​​ជន​ជាតិ​វៀតណាម​រាប់សែននាក់ ​​ឱ្យ​វិល​ត្រឡប់​​ទៅ​ប្រទេស​វៀតណាម​​វិញ ​រួម​ទាំង​ការ​រំលាយ​​គណបក្ស​សង្គ្រោះ​ជាតិ ​ទាំង​បំពាន​កាល​ពី​ឆ្នាំ​២០១៧ ​ខណៈ​​​គណបក្ស​​ប្រឆាំ​ង​ ដែល​​បណ្តុំ​ទៅ​​ដោយ​​អ្នក​​ជាតិ​​និយម ខ្មែរ​កំពុង​តែ​​កើន​ប្រជា​ប្រិយ​ភាព​​ ​រួម​​ទាំង​​សកម្ម​ភាព​​ដែល​ ​លោក ​ហ៊ុន សែន នៅ​តែ​​កំពុងបន្ត​តាម​កម្ចាត់​ តាម​​​កម្ទេច​ថ្នាក់​ដឹក​នាំ​ និង​សកម្ម​ជនគណបក្ស​​ក្នុង​​ពេល​​​បច្ចុប្បន្ន ​វាក៏​អាច​ជាទឡ្ហីករណ៍​​រួម​​ចំណែក​​ឆ្លើយ​​ទៅ​នឹង​សំណួរ​​ដែល​​ថា​ តើ​ហេតុអ្វីបានជា ​លោក​ ហ៊ុន សែន ​តែង​ប្រើគ្រប់​មធ្យោ​​បាយឥត​ឈប់​ឈរ​​ ដើម្បី​តាម​​កម្ទេច​ ​តាម​កម្ចាត់​ខ្មែរ​គ្នាឯងបែបនេះ​?៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ