កម្ពុជាជាប់ចំណាត់ថ្នាក់​អំពើ​ពុក​រលួយ​កាន់​តែ​អាក្រក់​​ក្នុង​​ឆ្នាំ​​២០២៤

អង្គការ​តម្លាភាពអន្តរ​ជាតិ រកឃើញថា អំពើ​ពុក​រលួយ​​នៅក្នុង​​ប្រទេស​​កម្ពុជា ក្នុង​ឆ្នាំ២​០២៤ មាន​​ស្ថាន​ភាព​​​អាក្រក់​ជាង​​ឆ្នាំ​​មុន បង្ហាញ​ពី​ភាព​បោះ​ជំហាន​​យ៉ាង​យឺត ក្នុង​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ដែល​ទាម​ទារ​ឱ្យកម្ពុជា​​ដោះ​ស្រាយ​​​​បញ្ហា​នេះជា​ប្រព័ន្ធ​និង​ទ្រង់​ទ្រាយ​​ធំ។

សេចក្តីប្រកាសព័ត៌មានរបស់អង្គការតម្លាភាពអន្តរជាតិ ស្តីពី សន្ទស្សន៍នៃការ​យល់ឃើញពីអំពើ​ពុករលួយ(​CPI )​ប្រចាំឆ្នាំ២០២៤ ដែល​ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥​នេះ ឱ្យ​ដឹង​​ថា ប្រទេស​​កម្ពុជា ទទួលបានពិន្ទុ ២១ លើពិន្ទុអតិបរ​មា ១០០ ដែល​​ជា​ការ​ថយ​ចុះ​ចំនួន​មួយ​ពិន្ទុ ធៀប​​នឹង​​ឆ្នាំ​២០២៣។ ប្រភពដដែលបញ្ជាក់ថា ពិន្ទុទាបនេះ បង្ហាញ​ថា កម្ពុជា​​បោះជំហាន​​​យ៉ាង​យឺត​ក្នុង​ការ​​ប្រឆាំង​អំពើ​ពុក​រលួយ។

អង្គការនេះ បន្តថា ក្នុងតំបន់អាស៊ាន កម្ពុជានៅតែស្ថិត​នៅជិតបាតតារាង​ ដោយនៅពីលើ​តែ​ប្រទេស​មីយ៉ាន់ម៉ាមួយប៉ុណ្ណោះ ដែល​ទទួល​បាន​ពិន្ទុ​១៦ ខណៈនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក​ កម្ពុជា​មាន​លេខ​រៀង​ទាប​ជាង​គេ​​បំផុត​ទី៤ ដោយនាំមុខតែអាហ្វហ្គានីស្ថាន (ពិន្ទុ១៧) មីយ៉ាន់ម៉ា (ពិន្ទុ១៦) និង​កូរ៉េខាងជើង(ពិន្ទុ១៥)។

សន្ទស្សន៍ ​CPI ចាត់ថ្នាក់ប្រទេស​ និងដែនដីចំនួន ១៨០ តាម​កម្រិតនៃការ​យល់ឃើញ​ពីអំពើ​ពុក​រលួយ​​នៅក្នុងវិស័យសាធារណៈ ដោយប្រើប្រាស់មាត្រ​ដ្ឋាន​ពីពិន្ទុ ០(ពុករលួយខ្លាំង) ដល់​ពិន្ទុ​១០០​(ស្អាត​ស្អំ​ខ្លាំង)។

អង្គការ​តម្លាភាពអន្តរជាតិ​ បន្តថា ​ពិន្ទុត្រឹម ២១នេះ ធើ្វឱ្យកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី​ ១៥៨ ក្នុង​ចំណោម ១៨០​ប្រទេស ដែលត្រូវបានវាយតម្លៃ ហើយ​លទ្ធផលនេះ បានបង្ហាញពីនិន្នាការ​ដ៏គួរ​ឱ្យ​ព្រួយបារម្ភ ខណៈ​ពិន្ទុ​CPI របស់​កម្ពុជា​ ​ស្ថិត​​ក្នុងកម្រិត​ពិន្ទុទាបនេះ ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​មកហើយ។

តាមរយៈរបាយការណ៍វាយតម្លៃនេះ អង្គការ​តម្លាភាពអន្តរជាតិ បានធ្វើការ​វិភាគ​ទៅ​លើ​ប្រភព​ទិន្ន​ន័យ​​​សំខាន់ៗ​ចំនួន​៧ ដែលកត្តានេះបានបង្ហាញឱ្យឃើញ​នូវចំណុច​ខ្សោយ​​ដែល​​បន្ត​​មាន​ក្នុង​អភិបាល​​កិច្ច សុចរិតភាពស្ថាប័ន និងកិច្ចប្រឹងប្រែង​ប្រយុទ្ធប្រឆាំងអំពើពុករលួយ។

នាយកប្រតិបត្តិអង្គការ​តម្លាភាពកម្ពុជា លោក​ ប៉ិច ពិសី បានលើកឡើង​ក្នុង​សេច​ក្តី​ប្រកាស​ព័ត៌​មាន​នោះ​​ថា ការ​​បន្ត​ធ្លាក់​ចុះ​របស់​កម្ពុជា​នៅ​ក្នុង​សន្ទស្សន៍ CPI បង្ហាញ​ពី​ភាព​ចាំបាច់​ជា​បន្ទាន់​សម្រាប់​ការ​អនុវត្ត​យ៉ាងខ្ជាប់ខ្ជួននូវ​ច្បាប់​​ប្រឆាំង​អំពើ​ពុក​រលួយ និង​​កា​រ​​ប្តេជ្ញា​កាន់​តែ​មុត​ម៉ាំ​ក្នុង​ការ​​​ដោះ​ស្រាយ​​បញ្ហា​អំពើ​ពុក​រលួយ​​ដែល​មានលក្ខណៈជាប្រព័ន្ធ និងទ្រង់ទ្រាយ​ធំ។

លោក​បន្តថា ថ្វីត្បិតតែមានវឌ្ឍនភាពក្នុងវិស័យមួយចំនួន​ដូចជា ការ​កៀរគរ​​ធនធាន និង​សេវា​សាធារណៈ​នៅ​​ថ្នាក់​មូល​ដ្ឋាន​ក្តី ប៉ុន្តែនិន្នាការ​ទូទៅបង្ហាញពីការភាពរ៉ាំរ៉ៃ​នៃបញ្ហាដែ​លចាក់​ឬស​ក្នុង​អភិបាល​កិច្ច ដែលតម្រូវ​ឱ្យមានការ​យកចិត្តទុកដាក់ដោះស្រាយឱ្យបាន​ឆាប់រហ័ស។

ចំណែក ប្រធានអង្គការ​តម្លាភាពអន្តរជាតិ លោក ហ្វ្រ័ងស្វ័រ វ៉ាលេរាន (François Valérian) បាន​លើក​ឡើង​ក្នុង​​សេចក្តី​ប្រកាសព័ត៌មាននោះដែរថា អំពើពុក​រលួយ ជាការ​គំរាមកំហែង​សកល​លោក​​ដែល​បន្ត​វិវឌ្ឍ​ន៍​ បំផ្លាញ​​​មិន​ត្រឹមតែការ​អភិវឌ្ឍ​ប្រទេស​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជាមូល​ហេតុ​ចម្បង​មួយ​​នៃ​ការ​​ថម​ថយ​​​​​លទ្ធិប្រជាធិបតេយ្យ អស្ថិរភាព និងការ​រំលោភបំពាន​សិទ្ធមនុស្ស។

ករណីនេះ លោកបានជំរុញឱ្យ​សហគមន៍អន្តរជាតិ និងគ្រប់ជាតិសាសន៍ ត្រូវ​ដាក់ការ​ដោះស្រាយ​​អំពើ​​ពុករលួយ​ជា​អាទិភាពកំពូល និង​យូរអង្វែង ដើម្បី​រុញច្រានរបបផ្តាច់ការ​ និង​ធានា​នូវ​ពិភព​លោក​ដែលមានសន្តិ​ភាព សេរី និងនិរន្តរភាព។

ជាមួយគ្នានេះ អង្គការ​តម្លាភាពអន្តរជាតិ ក៏បានផ្តល់អនុសាសន៍​ដល់រដ្ឋាភិបាល ត្រូវ​ពង្រឹង​ និងពន្លឿន​កិច្ចខិតខំប្រឹងប្រែង​កំណែទម្រង់​របស់ខ្លួន ក្នុងការ​លុបបំបាត់អំពើពុករលួយ​ ដោយ​ត្រូវ​​ផ្តន្ទាទោស​រាល់អំពើពុករលួយ ពង្រឹង​គណនេយ្យភាពនិងកា​រត្រួតពិនិត្យ​ ធ្វើទំនើបកម្ម​ក្រប​ខ័ណ្ឌ​​ច្បាប់ប្រឆាំងអំពើពុករលួយ លើកកម្ពស់​តម្លាភាពនិងការ​ត្រួតពិនិត្យ​សាធារណៈ និងកម្រិត​​​នៃការ​ប្រកួតប្រជែង​សម្រាប់ជីវកម្ម។

វីអូឌី ពុំទាន់អាចសុំការ​អត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃអង្គារនេះ។

កាលពីឆ្នាំ​២០២៣ ក្នុងសន្ទស្សន៍នៃការ​យល់ឃើញពីអំពើ​ពុករលួយ ដែលចេញដោយ​​អង្គ​ការ​តម្លាភាព​​អន្តរជាតិដែរនោះ កម្ពុជា​ទទួលបានពិន្ទុ​​២២ លើ១០០ ខណៈនៅឆ្នាំ​២០២២ កម្ពុជា​ទទួលបាន​ពិន្ទុ២៤ លើ១០០ និង​នៅឆ្នាំ២០២១​ កម្ពុជា​ទទួលបានពិន្ទុ ២១ លើ១០០ ដែលបង្ហាញ​ថា កម្ពុជា​ជាប្រទេស​មានអំពើពុករលួយ​ខ្លាំង​​នៅតំបន់អាស៊ាន។

បើតាមរបាយការណ៍នោះ កម្ពុជា មានអំពើពុករលួយខ្ពស់ជាប់​គ្នា ជិត១ទសវត្សរ៍ បើ​ធៀប​នឹង​ប្រទេស ១៨០ ដែលអង្គការនោះបានសិក្សា។

ប្រទេស​ដែល​មិន​អាច​រើ​ខ្លួន​ពី​អំពើ​ពុក​រលួយ​ញាំញី​បាន បញ្ហា​ចម្បង​មួយ​គឺ ឥទ្ធិពល​នយោបាយ​ជ្រៀត​ជ្រែត​​ប្រព័ន្ធយុត្តិធម៌ ហើយបង្កការឈឺចាប់ដ​ល់​ប្រជាពលរដ្ឋ​ជាម្ចាស់​ប្រទេស ក៏​ព្រោះ​តែ​ប្រព័ន្ធ​យុត្តិធម៌​មិន​អាច​ដាក់​ទោស​កំហុស​រដ្ឋាភិបាលបាន។

អង្កការតម្លាភាពអន្តរជាតិ គូសបញ្ជាក់ថា ជាដំណោះស្រាយ ត្រូវបានលំហសេរីភាព​បញ្ចេញ​មតិ និង​រៀបចំ​ការបោះ ឆ្នោត​ឱ្យ​មាន​លក្ខណះ​សេរី ត្រឹម​ត្រូវ និងយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ