ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន បានផ្ញើសារដោយប្រយ៉ោលដោយប្រៀបធៀបលោក សេង សារី ទៅនឹងសាកសពដែលមិនអាចសង្គ្រោះបាន ហើយលោកគ្មានការចាំបាច់អ្វីដើម្បីបកស្រាយទៀតទេ ក្រោយបណ្ឌិតរូបនេះប្រកាសថាគឺជាចារកម្មរបស់លោក។
ការថ្លែងនេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលនានានៅវត្តព្រះឥន្ទសាមគ្គីធម៌ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ថ្លែងសំដៅដល់លោក សេង សារី ថា បុគ្គលនេះគ្រាន់តែជាសាកសពដែលមិនអាចរកថ្នាំពេទ្យ ឬរកឧបករណ៍សង្គ្រោះបន្ទាន់មកជួយបានទេ ហើយក៏គ្មានការចាំបាច់ណាមួយដើម្បីនិយាយទៀតដែរ ជុំវិញរឿងចារកម្មនេះ។
លោកថា៖ «គ្មានការចាំបាច់ណាមួយដើម្បីនឹងរកថ្នាំពេទ្យ ឬរកឧបករណ៍សង្គ្រោះបន្ទាន់សម្រាប់សាកសព ដែលគេយកទៅកប់ហើយនោះ និយាយប៉ុណ្ណឹងអាចដឹងហើយ។ យូរៗវាតាំងខ្លួនជាចារកម្ម ឯងក៏និយាយថា គ្រាន់តែជាអ្នកពិគ្រោះយោបល់»។
ការថ្លែងរបស់មេដឹកនាំរូបនេះ ក្រោយលោកបណ្ឌិត សេង សារី ដែលធ្លាប់ជាអ្នកវិភាគនយោបាយផងនោះ បានសារភាពថា ខ្លួនធ្វើជាចារកម្មឱ្យមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន រយៈពេល៤ឆ្នាំ ក្នុងបេសកកម្មផ្តល់ព័ត៌មានសម្ងាត់របស់ក្រុមប្រឆាំង ឱ្យទៅមេដឹកនាំបក្សកាន់អំណាច ដើម្បីរៀបចំសេណារីយូទប់ស្កាត់។
ក្រោយមក លោក ហ៊ុន សែន ធ្លាប់ព្រមានថា ប្រសិនបើ លោក សេង សារី ហ៊ានដើរលើសពីបន្ទាត់ក្រហមដែលលោកបានកំណត់ នោះលោកនឹងទម្លាយសារឆ្លើយឆ្លងគ្នាជិត ៣០០សារទៀត ពីផែនការដែលអ្នកវិភាគរូបនេះ ធ្លាប់ធ្វើកិច្ចការដោយសម្ងាត់ក្នុងពេលកន្លងទៅ។
ជាការឆ្លើយតប លោក សេង សារី បានបង្ហោះសារតបទៅវិញលើបណ្តាញសង្គមរបស់លោកថា ក្នុងនាមជាដៃគូរសន្ទនា រូបលោកក៏ចង់ឱ្យលោក ហ៊ុន សែន បញ្ចេញសារទាំងអស់នោះឱ្យបានឆាប់ដែរ។
បន្ថែមលើនេះ លោក សេង សារី ប្រកាសជំហរថា នៅពេលដែលលោកមានឱកាស អាចកសាងកេរ្តិ៍ឈ្មោះ និងកសាងកម្លាំងនយោបាយបាន នោះសត្រូវនយោបាយទីមួយរបស់លោក គឺជា លោក ហ៊ុន សែន៕