លោក ហ៊ុន​ សែន រងការិះគន់ថាបង្កើតល្បិច«ភេវរកម្ម»​ដើម្បី​កម្ទេច​ក្រុម​សំឡេង​ជំទាស់

មេដឹកនាំបក្សកាន់​អំណាច លោក ហ៊ុន សែន ទម្លាយ​ថា ថ្មីៗនេះ មាន​គេ​រៀបចំ​ផែន​ការ ភេវរកម្ម​ដោយ​ប្រើ​យន្ត​ហោះ​​គ្មាន​មនុស្ស​បើក បញ្ជា​ចូលក្នុ​ង​ភូមិ​គ្រឹះ​លោក​ក្នុង​ក្រុង​តាខ្មៅ ដើម្បី​ផ្តាច់​ជីវិត​របស់​លោក តែ​ការ​ថ្លែង​នេះ រង​ការ​រិះគន់​ថា គ្រាន់​តែ​ជា​ល្បិច​កម្ទេច​ក្រុម​ជំទាស់​ពី​ទីលាន​នយោបាយ​ ដើម្បី​សម្រេច​មហិច្ចតា​ក្តោប​អំណាច​ត្រកូល​ហ៊ុន​ប៉ុណ្ណោះ។

ការទម្លាយ​របស់ លោក ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ព្រះ​ឥន្ទ​សាមគ្គី​ធម៌ ក្នុង​ខេត្ត​កណ្តាល នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

បើតាម​លោក ហ៊ុន សែន ផែនការ​ភេវរកម្ម​នេះ ត្រូវ​បាន​លោក​ដឹង​ជាមុន តាម​រយៈ​សារ​សំឡេង​សម្ងាត់ ដែលលោ​ក​ទទួល​បាន ហើយ​លោក​ប្រាប់​ទៅ​ភាគី​បរទេស​ កុំ​លូក​លាន់​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា ដោយ​ថា កម្ពុជា​ត្រូវ​គ្រប់​គ្រង​សន្តិសុខ​ជាតិ​របស់​ខ្លួន​ដោយ​ខ្លួន​ឯង។

លោក​ថា៖ «ផែន​ការ​វាយ ដ្រូន ចូល​តាខ្មៅ! អ្នក​ត្រូវ​ចាំ បាត់​ខ្លួន​ពី​តាកែវ​មួយ​គឺ​គាំទ្រ​ផែន​ការ​ពេញ​វាយ ដ្រូន ចូល​តាខ្មៅ។ សន្ដិសុខ​ជាតិ​អ្នក​កុំ​ចង់​ប្រហារ​ជីវិត​របស់​ខ្ញុំ ចង់​សម្លាប់​ខ្ញុំ។ នេះ​ជា​​អំពើ​ភេរវកម្ម ហើយ​សុំ​ជនបរទេស​ទាំង​ឡាយ ប្រយ័ត្ន​ប្រយែង​ទៅ លើ​ការ​គាំទ្រ​​​ទាំង​ឡាយ​នៃ​សកម្មភាពភេរវកម្ម»។

យ៉ាងណា លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​អំពី​អ្នក​ពាក់​ព័ន្ធ​ក្នុង​ការ​រៀបចំ​ដ្រូន​ដើម្បី​វាយ​ប្រហារ​លោក​នោះ​ឡើយ ប៉ុន្តែ​ការ​បង្ហើប​ពី​ផែនការ​ធ្វើ​ភេរវកម្ម​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​លោក សម រង្សី មេដឹកនាំ​បក្ស​ប្រឆាំង បាន​ប្រកាស​ពី​ការ​បង្កើត​រដ្ឋាភិបាល​និរទេស​នៅ​ក្រៅ​ប្រទេស។ 

ជុំវិញ​​រឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ប្រាប់​VOD​ថា លោក ហ៊ុន​ សែន កំពុង​បង្កើត​ល្បិច​វាយ​កម្ទេច​ក្រុម​សំឡេង​ជំទាស់ តាម​រយៈ​ការ​បង្កើត​ច្បាប់​ដាក់​ក្រុម​មនុស្ស ជា​ភេវរករ ដែល​លោក ហ៊ុន សែន ទា​ម​ទារ​ឱ្យ​បង្កើត​ច្បាប់​នេះ​ក្នុង​ពេលថ្មីៗ​នេះ។

បើតាម លោក សំអាន  គឺ​​លោក ហ៊ុន សែន មាន​អង្គរក្ស​រាប់​ពាន់​នាក់ ដូច​នេះ​គ្មាន​អ្នក​ណា​ហ៊ាន​ទៅ​ប្រើ​ប្រាស់​​អាវុធ​វាយ​ប្រហារ​ដល់​ជីវិត​ លោក ហ៊ុន សែន ទេ​នៅ​ចំពោះ​មុខ​នេះ។

ជាង​នេះ​ទៀត សម្រាប់ លោក អ៊ុំ សំអាន ក្នុង​ល្បិច​បង្កើត​រឿង​ថា​មាន​គេ​ប្រើ​ដ្រូន​ចង់​សម្លាប់ លោក ហ៊ុន សែន បែប​នេះ គឺជាបំណង​បង្វែរ​ព្រឹត្តិការណ៍​ពី​ជម្លោះ​កោះ​គុត​ផង និង​ជា​យុទ្ធ​សាស្រ្ត​បង្រ្កាប​ក្រុម​អ្នក​ប្រជាធិប​តេយ្យ​ចេញ​ពី​សង្វៀន​នយោបាយ​ផង។

លោក​ថា៖ «ពួក​យើង​ធ្វើ​បាតុកម្ម​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨ និង​ទាម​ទារ​ឲ្យ​លោក ហ៊ុន សែន​ ចុះ​ចេញ​ពី​តំណែង​ជា​នាយករដ្ឋ​មន្ត្រី​ហ្នឹង! ពេល​ហ្នឹង លោក ហ៊ុន សែន ឲ្យ​គេ​បោក​គ្រាប់​បែក​ចូល​ក្នុង​ផ្ទះ​របស់​គាត់​ នៅជិត​វិមាន​ឯករាជ្យ។ ប៉ុន្តែ អ​ត់មាន​ត្រូវ​ផង​ហ្នឹង! គាត់​យក​លេស ព្រលឹម​ឡើង​គឺ​បង្ក្រាប​បាតុកម្ម​ហ្នឹង​តែម្តង បង្កើត​ព្រឹត្តិ​ការណ៍​ដោយ​ខ្លួន​ឯង កាល​ឆ្នាំ​១៩៩៧ គាត់​ឲ្យ​គេ​បាញ់​បេ​ទៅ​លើ​ឡាន​​គាត់ ដើម្បី​យក​លេស​បង្ក្រាប​ទៅ​លើ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច។ ឃើញ​រដ្ឋប្រហារ​ឆ្នាំ១៩៩៧ ដើម្បី​កម្ទេច ហ៊្វុន​ស៊ិន​ប៉ិច។ ដូច្នេះ​ខ្ញុំ​យល់​ថា​ដ្រូន​ដែល​បង្ហោះ​លើ​ផ្ទះ លោក ហ៊ុន សែន គ្មាន​អ្នក​ណា​មាន​សមត្ថភាព​បង្ហោះ​ដ្រូន​ទៅ​លើ​ផ្ទះ​របស់​គាត់​នោះ​ទេ​ មាន​តែ​គាត់​ខ្លួន​ឯង​ហ្នឹង ដែល​មាន​សមត្ថ​ភាព​អាច​បង្ហោះ​ដ្រូន​ទៅ​លើ​ផ្ទះ​របស់​គាត់ ដើម្បី​យក​លេស​ថា​គេ​ចង់​ធ្វើ​ភេវរកម្ម​ទៅ​លើ​គាត់​ អ៊ីចឹង​ទៅ​ដើម្បី​បង្កើត​ច្បាប់​ដាក់​ក្រុម​ប្រឆាំង​ជា​ក្រុម​ភេរវករ​ចឹង​ទៅ»។

ជាមួយគ្នា​នេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើល​​កម្ពុជា លោក ម៉ែន ណាត យល់​ថា ក្នុង​ពេល​បច្ចុបុ្បន្ន លោក ហ៊ុន សែន កាន់​អំណាច​ពេញ​ដៃ ដូច​នេះ​វា​មិន​អាច​ទៅ​រួច​ទេ រឿង​បង្ហោះ​ដ្រូន​តាម​សម្លាប់​លោក ហ៊ុន សែន បែប​នេះ។

ក្នុងន័យនេះ លោកចាត់ទុក​ថា នេះ​គឺ​ជា​យុទ្ធនាការ​ទ្រង់​ទ្រាយ​ធំរ​បស់​លោក ហ៊ុន សែន ដើម្បី ប្រាប់​អន្តរជាតិ​ថា លោក​ការ​ពារ​ខ្លួន​ពី​អំពើ​ភេវរកម្ម តែ​តាម​ពិត​ជា​ល្បិច​វាយ​កម្ទេច​ក្រុម ​ដែល​រាំង​ស្ទះ​ដល់​ការ​ក្តោប​អំណាច​បែប​គ្រួសារនិ​យម​របស់​លោក​ទៅ​វិញ​ទេ។

លោកថា៖ «គាត់ [លោក ហ៊ុន សែន] អ្នក​រៀប​ចំ​ផែន​ការ​ទាំង​អស់​ខ្លួន​ឯង ហើយ​គាត់​យក​អា​ព្រឹត្តិ​​ការណ៍​មួយ​ហ្នឹង​ទៅ​ទម្លាក់​កំហុស​ឲ្យ​អ្នក​ដទៃ។ រួច​ទៅ​គាត់​ចង់​ចោទ​អ្នក​ណា​ក៏​ស្រេច​តែ​ចិត្ត! មើល​ពី​ខាង​ក្រៅ​ទៅ ដូច​គាត់​ហ្នឹង​ជា​ជន​រង​គ្រោះ​អ៊ីចឹង ក៏​ប៉ុន្តែ​មិន​មែន​ទេ គឺ​ក្នុង​យុទ្ធនា​ការ​ក្នុង​យុទ្ធ​សាស្ត្រ​របស់​គាត់​រៀប​ចំ​​​ទាំង​អស់ ដូច្នេះ​ជម្រាប​ជូន​ដោយ​ខ្លី​ថា វាជា​ល្បែង​ថ្ពិនភ្នែក​​របស់​លោក ហ៊ុន សែន ដែល​ធ្លាប់​លេង​ហូរ​ហែ​កន្លង​មក​ដដែលៗ​ហ្នឹង! រួច​ទៅ​មាន​បំណង​ធ្វើ​បាប​អ្នក​ដទៃ​ ក្នុង​គោល​ដៅ​ការ​ពារ​អំណាច​ក្រុម​គ្រួសារ​និយម​របស់​ខ្លួន​ឯង​ប៉ុណ្ណឹង​ទេ»។

កន្លងទៅ ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា លោក ហ៊ុន សែន បានជំរុញឱ្យ​បង្កើត​​ច្បាប់​​ថ្មី​មួយ ដោយ ដាក់​​ក្រុម​​មនុស្ស​ ឬ​អង្គការ​ចាត់​តាំង​មួយ​​ចំនួន​​ទៅ​ជា ​ក្រុម​​ភេរ​វ​ករ ក្រោម​​ហេតុ​​ផល ដើម្បី​​ទប់​ស្កាត់​​សកម្ម​ភាព​​បង្ក​​ភាព​អសន្តិសុខ​ក្នុង​​សង្គម និង​ប៉ុនប៉ង​​ផ្តួល​រំលំ​រដ្ឋាភិបាល​។

បើ​តាម​ លោក ហ៊ុន សែន ​​​ក្រុមទាំងនោះលោក​សំដៅ​​ដល់​​អ្នក​​ប្រឆាំង​​នៅ​​ក្រៅ​​ប្រទេស ​ដែល​លោក​​ចាត់​ទុក​​​ថា​​ជា «​ក្រុម​ជ្រុល​និយម»​។​

ប៉ុន្តែ សម្រាប់ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ យល់​ថា ការ​បង្កើត​ច្បាប់​ដោយ​កំណត់​​ឲ្យ​​ក្រុម​​ជំទាស់​​នៅ​ក្រៅ​ប្រទេស​​ទៅ​​​ជា​​ក្រុម​​ភេរវកម្មបែបនេះ គឺជា​ការ​គំរាមកំហែងធ្ងន់ធ្ងរ​​ដល់​អ្នក​មាន​និន្នាការ​​ផ្ទុយ​ពី​​រដ្ឋាភិបាល ហើយ​ថា​ច្បាប់​នេះ​បម្រើ​តែ​ផល​ប្រយោជន៍​នយោបាយ​របស់​គ្រួសារ​ហ៊ុន​តែ​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ