សាលាដំបូងខេត្តក្រចេះ បន្តកោះហៅតំណាងពលរដ្ឋរងគ្រោះដីធ្លី៦នាក់ នៅឃុំកោះខ្ញែរ ឱ្យចូលខ្លួនបំភ្លឺពីបទប្រើអំពើហិង្សា តាមការប្តឹងចោទពីក្រុមហ៊ុនវៀតណាម ដែលក្រុមអ្នករងគ្រោះ លើកឡើងថា ជារឿងអយុត្តិធម៌បំផុត សម្រាប់ពួកគេជាម្ចាស់ដី ដែលកំពុងរងការរំលោភបំពាន។
តំណាងជនរងគ្រោះដីធ្លីនៅឃុំកោះខ្ញែរ អ្នកស្រី អ៊ែល រ៉ូហ្សា ប្រាប់VODនៅថ្ងៃទី១១ ខែកុម្ភៈនេះថា អ្នកស្រី និងសមាជិក៥នាក់ទៀត ត្រូវបានតុលាការបង្គាប់ចូលបំភ្លឺជាថ្មីទៀត នៅថ្ងៃទី២៥ ខែកុម្ភៈ នាពេលខាងមុខនេះ ពីបទហិង្សាតាមការប្តឹងចោទពីក្រុមហ៊ុនវៀតណាម ។
អ្នកស្រីបន្តថា អ្នកស្រី រួមទាំងសមាជិក ៥រូបទៀត មិនបានប្រើហិង្សាដូចការចោទឡើយ។
អ្នកស្រី៖ «មិនដែលទេ មិនដែលហ៊ានប្រើហិង្សាលើគេទេមិនដែលបានប៉ះគេមួយក្រចកទេ គ្រាន់តែគេឈូសបំផ្លាញហាមឃាត់គេ គេមិនស្ដាប់ ក៏ឡើងទៅដាក់ញាត្តិនៅភ្នំពេញហ្នឹងអត់ដែលបានប្រើហិង្សាលើគេទេ»។
បន្ថែមពីនេះ អ្នកស្រីបន្តថា បច្ចុប្បន្នពលរដ្ឋឃុំកោះខ្ញែរ ពិតជាលំបាកខ្លាំងណាស់ ដោយត្រូវដើរស៊ីឈ្មួលជាកម្មករគេ រកមួយថ្ងៃរស់មួយថ្ងៃ ដើម្បីដោះស្រាយជីវភាព និងសងបំណុលធនាគារ ព្រោះដីចម្ការដែលពួកគាត់ធ្លាប់អាស្រ័យផលត្រូវបានក្រុមហ៊ុនរំលោភយក និងហាមមិនឱ្យចូល។
អ្នកស្រីថា៖ «ទើបតែក្រុមហ៊ុនកសិកម្ម យុវជនស្វាយរៀងហ្នឹងហើយដែលមករំលោភបំពានប្រជាពលរដ្ឋ ពួកខ្ញុំនៅឃុំកោះខ្ញែរនេះ ក្រលំបាកណាស់ ស៊ីឈ្នួលគេរកមួយថ្ងៃរស់មួយថ្ងៃ មានដីបន្តិចបន្តួចសម្រាប់ធ្វើ បែរជារងការចោទប្រជាពលរដ្ឋយកដីក្រុមហ៊ុន តើសួរថាយុត្តិធម៌នៅកន្លែងណា ខ្ញុំចង់ឱ្យមន្រ្តីក្រឡេកមើលប្រជាពលរដ្ឋផង»។
ចំណែក តំណាងជនរងគ្រោះម្នាក់ទៀត លោក ភេម ឡៃ បានថ្លែងប្រាប់VODថា ពួកគាត់ជាជនរងគ្រោះពិតប្រាកដ ដែលសព្វថ្ងៃមានជីវភាពក្រីក្រលំបាក តស៊ូការពារដីដែលខ្លួនអាស្រ័យមកជាយូរ តែបែរជាទទួលរងនូវការចោទប្រកាន់ទៅវិញ។
បន្ថែមពីនេះ លោកស្នើឱ្យរដ្ឋាភិបាលពន្លឿនដោះស្រាយបញ្ហាដីធ្លីនេះឱ្យបានឆាប់រហ័ស និងលុបចោលរាល់ការចោទប្រកាន់លើលោក និងសមាជិក។
លោកថា៖ «ខ្ញុំចង់សំណូមពរឱ្យរដ្ឋាភិបាល គាត់ជួយកាត់ឆ្វៀលដីឱ្យប្រជាពលរដ្ឋពេញសិទ្ធិផង ហើយនឹងឈប់ចោទប្រកាន់ពួកខ្ញុំទាំងអស់គ្នាទៀតទៅ»។
ជុំវិញបញ្ហានេះ ប្រធានលេខាធិកាដ្ឋានខេត្តក្រចេះ អ្នកស្រី ឆាន់ ស្រីមុំ បានឆ្លើយតប VOD តាមរយៈសារអក្សរក្នុងប្រព័ន្ធ Telegram ថា នៅថ្ងៃទី២៥ ខែកុម្ភ:នេះ ចៅក្រមបានកោះហៅតំណាងពលរដ្ឋ ដើម្បីបន្តការស៊ើបសួរ និងកំពុងកោះហៅសាក្សីជាបន្តបន្ទាប់ ដើម្បីមកបំភ្លឺករណីហិង្សានេះ។
ដោយឡែក អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា ក្រសួងពាក់ព័ន្ធគួរតែពិនិត្យលើបញ្ហានេះឱ្យបានលម្អិត ជាពិសេសរបាយការណ៍ថ្នាក់ស្រុក ដែលលើកឡើងផ្ទុយពីថ្នាក់មូលដ្ឋាន និងពលរដ្ឋ។
បន្ថែមពីនេះ លោកថា ការបន្តអូសបន្លាយមិនព្រមដោះស្រាយនេះ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋជាខ្លាំង ជាពិសេសកូនៗពួកគេអាចប្រឈមបោះបង់ការសិក្សាដោយសារខ្វះខាតថវិកា និងបំណុល។
លោកថា៖ «ក្រសួងដែលពាក់ព័ន្ធដែលប្រជាពលរដ្ឋឡើងមកតវ៉ាដាក់ពាក្យបណ្ដឹង ហាក់ដូចជាស្ងៀមស្ងាត់ ហើយឱ្យក្រុមហ៊ុនប្ដឹងប្រជាពលរដ្ឋទៅតុលាការ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់ ប៉ះពាល់ដល់ការសិក្សាប៉ះពាល់ដល់ធនធានរបស់ប្រទេសទៅទៀត»។
ជុំវិញបញ្ហានេះ កាលពីថ្ងៃ២១ ខែមករា ឆ្នាំ២០២៥ តុលាការបានកោះហៅពួកគាត់ ៦នាក់ ទៅបំភ្លឺតាមបណ្តឹងរបស់ភាគីក្រុមហ៊ុនវៀតណាម ពីបទហិង្សា ម្ដងរួចមកហើយ។
បើតាមប្រភពដដែល ជិត១ឆ្នាំទៅនេះ ពួកគាតរ់បានឡើងមកភ្នំពេញ រកកិច្ចអន្តរាគមន៍ពីមេដឹកនាំ ញឹកញាប់ រួមទាំងក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាលផងដែរ ឱ្យជួយទប់ស្កាត់ការរំលោភយកដី ពីសំណាក់ក្រុមហ៊ុនវៀតណាមនេះ ប៉ុន្តែថាមកដល់ពេលនេះគ្មានដំណោះស្រាយទេ។
ពួកគាត់ថា ចំពេលយុត្តិធម៌ត្រូវបានស្ថាប័នជាតិកប់ចោល ក្រុមហ៊ុនវៀតណាម បានបង្កើនការប្រើដៃតុលាការ ប្តឹងចោទប្រកាន់ តំណាងពួកគាត់ជាជនរងគ្រោះទៅវិញ៕