ជនជាតិវៀតណាមជាង២០០​នាក់​ទៀត​ត្រូវ​បណ្តេញ​ចេញ​ពី​កម្ពុជា​ពាក់​ព័ន្ធ​បទ​ឧក្រិដ្ឋច្រើ​ន​ទម្រង់

ជនជាតិវៀតណាមជាង ២០០នាក់​ទៀត ត្រូវ​បាន​បណ្តេញ​ចេញ​ពី​កម្ពុជា ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ច្រើន​ទម្រង់ នៅ​ក្រុង​ប៉ាវិត ដែល​ជំរុញ​ឱ្យមាន​ការ​លើក​ឡើ​ង​ថា កម្ពុជា​ចាំបាច់​ត្រូវ​បោស​សម្អាត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ ទើប​អាច​ទប់​ស្កាត់​បាន។

អ្នកឃ្លាំមើលបារម្ភថា បញ្ហានេះ កំពុង​រុញ​ច្រាន​កម្ពុជា ឱ្យក្លាយជាជម្រកឧក្រិដ្ឋជនឆ្លងដែន​ខុស​ច្បាប់ បង្ក​ការ​គំរាម​គំហែង​ដល់​ជីវភាព​ពលរដ្ឋច្រើន​លាន​នាក់​ ច្រើនឆ្នាំទៀត បើវិធានការទប់ស្កាត់គ្មាន​ប្រសិទ្ធ​ភាព និង​មិន​អាច​ចាប់​មេក្លោងនៅ​ពីក្រោយ​បទ​ឧក្រិដ្ឋនេះបាន។

អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍ និយាយ​លើ​គេហទំព័​របស់​ខ្លួន​ថា កាល​ពី​ថ្ងៃ​ទី​៥​និង​៦ ខែ​កុម្ភៈ​នេះ​ពោល​គឺ​ត្រឹម​រយៈ​ពេល​ពីរ​ថ្ងៃ ខ្លួន​បាន​ធ្វើការ​ស៊ើប​អង្កេត និង​បណ្តេញ​ជន​ជាតិ​វៀតណាម​សរុប​ចំនួន ២១៣​នាក់ ចេញ​ពី​កម្ពុជា ពាក់​ព័ន្ធ​បទ​ឆបោក បង្ខាំង​មនុស្ស​ខុស​ច្បាប់ និង​កំហែង​យក បទ​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន និងបទហិង្សាដោយចេតនា និងបទល្មើសមួយចំនួនទៀត។

ប្រភពនោះ បញ្ជាក់ថា វិធាន​បណ្តេញ​ចេញ​នេះ ធ្វើ​ឡើង​តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិ​បាវិត និង​ព្រៃវល្លិ៍ ខេត្ត​ស្វាយ​រៀង។

តំណាង​រាស្រ្ត​គណបក្សសង្រ្គោះ​ជាតិ ​លោក ម៉ែន សុថាវ​រិន្ទ ប្រាប់​VOD​នៅថ្ងៃទី១១ ខែ​កុម្ភៈ​នេះ​ថា បញ្ហា​នេះ ដោយ​សារ​​តែ​អំពើ​​ពុក​រលួយ​ចាក់​ឫស​ជ្រៅ រុញកម្ពុជាឱ្យក្លាយជាជម្រកក្រុមឧក្រិដ្ឋជនឆ្លង​ដែន។

លោកសង្កត់ធ្ងន់ថា បទឧក្រិដ្ឋច្រើនទម្រង់នេះ នឹងបន្តគំរាមកំហែង​ពលរដ្ឋ​កម្ពុជា​ច្រើន​ឆ្នាំ​ទៀត បើ​កម្ពុជា​គ្មាន​ការ​ប្រកួត​អំណាច ដោយ​តម្លា​ភាព ត្រឹម​ត្រូវ និង​យុត្តិធម៌ តាមគន្លងប្រជាធិបតេយ្យទេនោះ។

លោកថា៖«ប្រទេស​កម្ពុជា​យើង​នឹង​ទៅ​ជា​ជម្រក​របស់​ពួក​ឧក្រិដ្ឋ​ជន ពួក​ពុក​រលួយ​ បក្ខ​ពួក​និយម ​ជម្រក​របស់​ពួក​គ្រឿង​ញៀន ពួក​ឧក្រិដ្ឋ​ជន​ទាំង​អស់​នេះ​ហើយ ដែល​នៅ​អាស៊ី​របស់​យើង​ទាំង​១១​ប្រទេស​នេះ គឺ​ខ្មែរ​យើង​នៅ​ក្រោម​បាត​តារាង អ៊ីចឹងខ្ញុំសូមឲ្យ​រដ្ឋាភិបាល​គាត់គិតគូរបញ្ហាហ្នឹងមែនទែន»។

​អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត មាស នី និយាយថា ភាព​ធូរលុង នៃការអនុវត្តច្បាប់អន្តោរប្រវេសន៍ និង​អំពើ​ពុក​រលួយ គឺ​ជា​កត្តា​ជំរុ​ញ​ឱ្យ​ក្រុម​ឧក្រិដ្ឋជនឆ្លងដែន​ ហ៊ាន​ប្រព្រឹត្តិ​បទ​ល្មើស​ឆបោក​និង​ចាប់​ជំរិត។

លោកបន្ត​ថា បើរដ្ឋាភិបាលមិនពន្លឿន​ការ​ទប់​ស្កាត់ ឬ​លុបបំបាត់​អំពើ​ពុក​រលួយ បក្ស​ពួក​និយម​ទេ បញ្ហា​ទាំង​នេះ​នឹង​បន្ត​ចាក់​ស្រែស បង្ក​ការ​គំរាម​កំហែង​ដល់​វិស័យ​ទេសចរណ៍ និងអ្នកវិនិយោគ​ទុន​ជាដើម។

ម្យ៉ាងវិញទៀត លោក​ថា អំពើ​ឆបោក ការ​ចាប់​ជំរិត ឬ​ការ​បង្ខាំង​មនុស្ស​ខុស​ច្បាប់​នេះ ក៏​បង្ក​ការ​ភ័យ​ខ្លាច​ដល់​សង្គម​ជាតិ និង​ប្រជាពលរដ្ឋ​ផង​ដែរ ​បើ​មិន​ត្រូវលុបបំបាក់ ឬទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទេនោះ។

លោកថា៖ «ប្រទេសណាដែ​ល​មាន​ការ​អនុវត្ត​ច្បាប់​នៅ​ធូរ​រលុង ហើយ​មាន​អំពើ​ពុក​រលួយ​អី​នៅក្នុង​ហ្នឹង គឺ​ប្រទេស​ហ្នឹ​​ងជា​កន្លែង​ដែល​ពួក​ឧក្រិដ្ឋ​ជន គេ​ស្រាវ​ជ្រាវ​រក កន្លែង​ណា​ចន្លោះ​ល្អ​កន្លែង​ហ្នឹង គឺ​គេ​មក​រក​ស៊ី​ហើយ។ អ៊ីចឹង​ដូច្នេះ​បើ​យើង​មើល​ទៅ​លើហ្នឹង​មិន​មែន​ជា​ទ្រឹស្តី​ទេ ប៉ុន្ដែ​វា​ជា​ការ​សង្កេត​មួយ​ដែល​គេ​មើល​​ឃើញ បើ​ចឹង​វា​ត្រូវ​តែ​ប្រទេស​កម្ពុជា​យើង​ ត្រូវ​គិត​មើល​ទៅ​លើ​រឿង​ហ្នឹង​ទៅ ហើយ​ដោះ​ស្រាយ​ធ្វើ​ម៉េច​ឱ្យ​ការ​អនុវត្ត​ច្បាប់​មាន​ប្រសិទ្ធ​ភាព»។

ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យអគ្គនាយដ្ឋានអន្តោប្រវេសន៍ លោក សុខ សុមនា ប្រាប់​VOD​ថា ករណី​នេះ នាយក​ដ្ឋាន​ពិត​ជា​បាន​ចាប់​បញ្ជូន​ជន​ជាតិ​វៀត​ណាម​ខុស​ច្បាប់ ​ពាក់​ព័ន្ធ​បទល្មើស​ឆបោក​នៅ​កម្ពុជា​មែន។

តែយ៉ាងណា លោក​បដិសេធ​ថា ករណី​ឧក្រិដ្ឋជន​ឆបោក​ឆ្លង​ដែន​នេះ មិន​ជំរុញ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ជម្រក​ឧក្រិដ្ឋ​ជន​នោះ​ទេ ដោយ​លោក​សំអាង​ថា អាជ្ញាធរ​ពាក់​ព័ន្ធ​បាន​នឹង​កំពុង​ព្យាយាម​បង្រ្កាប​ និង​ទប់​ស្កាត់​ដូច​ភ្លៀង​រលឹម។

លោកថា៖ «ដោយឡែក​ពួក​គាត់​គឺ​ឆ្លង​ដែន​ខុស​ច្បាប់ ហើយ​ធ្វើ​ការ​ងារ​ខុស​ច្បាប់ ដោយ​មិន​នៅ​ក្នុង​ក្រោម​ច្បាប់​ព្រះរា​ជា​ណា​ចក្រកម្ពុជា អ៊ីចឹងទេជារឿយៗ​យើង​​ចុះ​ទៅ​បាន​ឃើញ​ យើង​បង្ក្រាប​ហើយ អ៊ីចឹង​​​ទេ​ក្នុង​ច្បាប់​កម្ពុជា ច្បាប់​អន្តោប្រវេសន៍​ គឺត្រូវបណ្ដេញគាត់ចេញ​ហើយ​ដាក់​គាត់​ទៅ​ក្នុង Black List មិនឲ្យ​ចូល​ស្រុកខ្មែរ​ពី​របី​ទៅ​ប្រាំឆ្នាំ ឬមួយច្រើនជាងហ្នឹង»។

ប្រធាន​សមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍​ថា អំពើ​ឆបោក ការ​ចាប់​ជំរិត ឬ​ការ​បង្ខាំង​មនុស្ស​ខុស​ច្បាប់​នៅ​កម្ពុជា មិនមែនជាលើកទី១​ទេ​ដែល​អាជ្ញាធរ​រកឃើញ​និង​បញ្ជូន។

លោកបារម្ភ​ថា បើករណី​ទាំង​នេះ​ នៅ​តែ​បន្ត​កើត​មាន​ជាហូរហែរ វានឹង​បង្ក​ការ​គំរាម​គំហែង​ដល់​សន្តិសុខ​ជាតិ សុវត្ថិ​ភាព​ពលរដ្ឋ ភ្ញៀវ​ជាតិ​និង​អន្តរ​ជាតិ លែង​ហ៊ាន​មក​លេង​ឬធ្វើការវិនិយោគផ្សេងៗនៅកម្ពុជា។

លោកថា៖ «យើង​ដឹង​ហើយ​ថា​ការ​ដែល​គាត់​អាច​មក​ប្រព្រឹត្ត​នូវ​បទ​ល្មើស​នៅ​ក្នុង​ទឹក​ដី​យើង​បាន អាច​បណ្ដាល​មក​ពី​រឿង​បញ្ហា​អំពើ​ពុក​រលួយ អាច​រឿង​មក​ពី​បញ្ហា​អំពើ​បក្ខ​ពួក​និយម មាន​ន័យ​ថា ការ​យក​អំណាច​ក្នុង​ការ​ការ​ពារ​គ្នា​ទៅ​វិញ​ទៅ​មក​អី​ អាហ្នឹង​វា​ជា​រឿង​មួយ​ដែល​យើង​ត្រូវ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​បើ​ពុំ​នោះ​ទេ ខ្ញុំ​គិត​ថា រឿង​ទាំង​អស់​នេះ​ វា​ជា​រឿង​មួយ​ចៀស​មិន​ផុត​ពី​ការ​ជះ​ឥទ្ធិពល​មិន​ល្អ​មក​ដល់​ប្រទេស​យើង​ទេ»។

យ៉ាងណា​​ មន្រ្តីអាដហុករូបនេះ ស្នើ​ឱ្យ​រដ្ឋាភិបាល​និង​អាជ្ញាធរ​ពាក់​ព័ន្ធ ត្រូវ​ពង្រឹង​ប្រសិទ្ធ​ភាព​បង្រ្កាប ទប់​ស្កាត់​ឧក្រិដ្ឋ​ឆ្លង​ដែន​ទាំង​នេះ​ ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ឆបោក ចាប់ជំរិត ឬបង្ខាំងមនុស្ស​ខុស​ច្បាប់​ជាដើម។

ល្បែងអនឡាញខុសច្បាប់ រួម​ទាំង​បទ​ឧក្រិដ្ឋ​​ចា​ប់​​ជំរិត និង​​បង្ខាំង​មនុស្ស ត្រូវ​បាន​គេ​មើ​ល​ឃើញ​​ថា វា​បាន​​កើន​​ឡើង​​យ៉ាង​​គំហុក​​នាប៉ុន្មាន​​ឆ្នាំ​ចុង​​ក្រោយ​​នេះ ទោះ​រដ្ឋាភិបាល​បាន​ប្រកាស​​បិ​ទ​ល្បែង​អន​ឡាញ​នេះ​​ច្រើន​​​ឆ្នាំ​​ទៅ​នេះ​ក្តី។

អំឡុងខែមេសា​ ឆ្នាំ២០២៤ កម្ពុជាក៏បានបណ្តេញជនជាតិវៀតណាម​ជាង ២៣០នាក់ ចេញពីកម្ពុជា ​ក្នុង​បទ​ល្មើស​ឆបោក​អន​ឡាញ។

មានជនជាតិវៀតណាម​ចំនួន ២៣១នាក់ ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ បណ្តេញចេញពីកម្ពុជាតាម ច្រក​អន្ត​រជាតិ​ព្រែក​ចាក ខេត្ត​កំពត ក្រោយ​រក​ឃើញ​ថា ជនជាតិ​វៀត​ណាម​ទាំង​នោះ ពួក​គេ​មាន​ជាប់​ពាក់​ព័ន្ធ​​ពី​បទ​ល្មើស​បទ​ឆបោកតា​មអន​ឡាញ ក្នុង​៣ទីតាំងផ្សេងគ្នា​ក្នុង​ខេត្ត​ព្រះសីហនុ មាន​ទាំង​ទីតាំង​កាស៊ីណូ។

យ៉ាង​ណា ការបង្ក្រាបពេល​នោះ ឡើង​ប៉ុន្មាន​ខែ ក្រោយ​ពី​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ២០២៤ លុប​បំបាត់​ឱ្យ​អស់ នូវ​ទីតាំង​ដែល​មាន​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Scammed Online) ក្នុងខេត្តព្រះសីហនុ ។

ពាក់ព័ន្ធនឹងអំពើពុករលួយវិញ អង្គការតម្លាភាពអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ​នេះ រក​ឃើញ​ថា កម្ពុជាជាប់ចំណាត់ថ្នាក់អំពើពុករលួយកាន់តែអាក្រក់​ជាង​ឆ្នាំ​មុន ដែល​ទាម​ទារ​ឱ្យ​កម្ពុជា ត្រូវ​ដោះ​ស្រាយ​​​បញ្ហា​នេះ ជាប្រព័ន្ធនិងទ្រង់ទ្រាយ​ធំ។ បើតាម​ចំណាត់​ថ្នាក់​នេះ​ ថ្មី​ៗនេះ កម្ពុជា​ជា​ប្រទេស​មាន​អំពើ​ពុក​រលួយ​កម្រិត​ខ្ពស់​ជាប់​គ្នា​ជិត​១០ឆ្នាំ។

អង្គការតម្លាភាពអន្តរជាតិ បញ្ជាក់ថាប្រទេស​​ដែលមិនអាចរើខ្លួនពីអំពើពុករលួយ​ញាំញីបា​ន បញ្ហា​ចម្បង​មួយ គឺ​ឥទ្ធិពល​នយោបាយ​ជ្រៀត​ជ្រែក​ប្រព័ន្ធ​យុត្តិធម៌ ហើយ​បង្ក​ការ​ឈឺចាប់​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ប្រទេស ក៏​ព្រោះ​តែ​ប្រព័ន្ធ​យុត្តិធម៌​មិនអាច​ដាក់​ទោស​កំហុស​រដ្ឋាភិបាល​បាន។

ជាដំណោះស្រាយ អង្គការ​​តម្លាភាពអន្តរជាតិ បញ្ជាក់ថា ត្រូវបាន​លំហសេរីភាព​បញ្ចេញ​មតិ និង​រៀបចំ​ការ​បោះ​ឆ្នោត​ឱ្យ​មាន​លក្ខណះ​សេរី ត្រឹមត្រូវ និងយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ