ពលរដ្ឋរស់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ទាមទារឱ្យអាជ្ញាធរបើកទ្វារទំនប់ទឹកគុចនុប បញ្ចូលប្រឡាយ ដែលថា មានប្រវែងប្រមាណ ៥គីឡូម៉ែត្រ ដើម្បីសង្គ្រោះជីវិតឱ្យពួកគាត់ជាង ៣០០គ្រួសារ និងសត្វពាហនៈ ដែលកំពុងប្រឈមនឹងរងគ្រោះដោយសារខ្វះទឹក។
ពលរដ្ឋរស់នៅភូមិក្រឡាញ់ លោក គុជ វ៉េង បានថ្លែងប្រាប់VODនៅថ្ងៃទី១២ ខែកុម្ភៈនេះថា ប្រឡាយដែលអាជ្ញាធរកាយជូនពលរដ្ឋរយៈពេល៣ឆ្នាំនៅនេះ គឺមិនដែលទទួលបានទឹកសោះឡើយទាំងរដូវប្រាំង និងវស្សា ដែលលោកថា បញ្ហានេះ ជារឿងប្រឈមធ្ងន់ធ្ងររបស់កសិករច្រើនភូមិ និងសត្វពាហនៈ។
លោកគូសបញ្ជាក់ថា ពលរដ្ឋក្នុងភូមិបានស្នើអាជ្ញាធរឱ្យបើកទ្វារទឹកបង្ហូរចូលប្រឡាយសម្រាប់ប្រើប្រាស់ច្រើនដងហើយ តែអាជ្ញាធរមូលដ្ឋានមិនមានដំណោះស្រាយ រហូតដល់អ្នកខ្លះថា ទាល់បង់លុយទើបអាចប្រើទឹកនេះបាន ។
លោកថា៖ «ខ្ញុំចង់និយាយថា ពួកខ្ញុំគឺអ្នកផលិតកសិកម្ម ចិញ្ចឹមគោ ចិញ្ចឹមមាន់ ចិញ្ចឹមជ្រូក ធ្វើស្រែធ្វើចម្ការដាំដំណាំចាំបាច់បំផុតរឿងទឹកម៉ងឯណា ក៏ដោយបើអត់ទឹកហើយរស់នៅអត់កើតទេ ប្រភពទឹកនេះ គឺធំជាងគេម៉ង ពិសេសគម្រោងឃុំសង្កាត់ហ្នឹងតែម្ដងដែលលុយរដ្ឋាភិបាលទម្លាក់ឱ្យមកធ្វើប្រឡាយ ដើម្បីឱ្យពលរដ្ឋមានទឹកប្រើប្រាស់ តែពួកខ្ញុំ៣ឆ្នាំមកហើយអត់ដែលមានទឹកប្រើប្រាស់ទេ»។
បន្ថែមនៅលើហ្វេសប៊ុករបស់លោក ក៏បានបង្ហោះរូបភាពប្រឡាយគ្មានទឹក រួមទាំងសរសេរសាររិះគន់ ភាពអសកម្មរបស់មន្ត្រីពាក់ព័ន្ធនៅមូលដ្ឋាន ពីបញ្ហាប្រឈមនឹងខ្វះទឹកនេះផងដែរ។
យ៉ាងណាក្រោយលើកឡើងពីបញ្ហានេះ លោក គុជ វ៉េង ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច កោះហៅ ដើម្បីបំភ្លឺ ដោយបញ្ជាក់ត្រឹមថា ដើម្បីសួរនាំបញ្ហាផ្ទាល់ខ្លួន។
សម្រាប់លោក គុជ វ៉េង បានអះអាងថា លោកមិនបាននិយាយប៉ះពាល់ ឬរិះគន់ដល់រដ្ឋាភិបាលនោះទេ លោកគ្រាន់តែលើកឡើងពីបញ្ហាគ្មានទឹកប្រើប្រាស់ប៉ុណ្ណោះ។
លោកថា៖ «ខ្ញុំអត់បានយាយមើលងាយរដ្ឋាភិបាលទេ រដ្ឋាភិបាលឱ្យគម្រោងហ្នឹងមកអាជ្ញាធរមូលដ្ឋានដើម្បីកសាងធ្វើជូនប្រជាពលរដ្ឋ»។
បើតាមលិខិតកោះហៅរបស់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច ដែលចុះហត្ថលេខាដោយ លោក ម៉ៅ រដ្ឋា ចុះថ្ងៃទី១២ខែកុម្ភៈនេះ តម្រូវឱ្យ លោក គុជ វ៉េង មុខរបរជាកសិករ ចូលទៅបំភ្លឺនៅប៉ុស្តិ៍ក្បាលត្រាច នៅថ្ងៃទី១៣ ខែកុម្ភៈ ដើម្បីមកបំភ្លឺរឿងផ្ទាល់ខ្លួន។
យ៉ាងណា VOD មិនអាចរកការឆ្លើយតបពី លោក ម៉ៅ រដ្ឋា ដើម្បីចង់ដឹងថា តើលិខិតកោះហៅ លោក គុជ វ៉េង ឱ្យទៅឆ្លើយបំភ្លឺនេះ ពាក់ព័ន្ធនឹងការបង្ហោះសារ ទាមទារឱ្យបើកទ្វារទឹក ដើម្បីដោះស្រាយបញ្ហាភូមិនេះ ឬក៏យ៉ាងណានោះទេ ដោយលេខទូរសព្ទ ដែលប្រកាសលើលិខិតកោះហៅនោះ គ្មានអ្នកឆ្លើយតប។
បន្ថែមពីនេះ កសិករម្នាក់ទៀត អ្នកស្រី ឡោន ធាវី និយាយថា តាំងពីចាប់ផ្ដើមធ្វើប្រឡាយមក រហូតមកដល់បច្ចុប្បន្ន គឺមិនមានទឹកសម្រាប់ប្រើប្រាស់ និងធ្វើស្រែចម្ការទេ ហើយកន្លងមកការបើកទឹកផ្ដល់ជូនពលរដ្ធ ក៏មិនបានគ្រប់គ្រាន់នោះឡើយ។
បន្ថែមពីនេះ អ្នកស្រីក៏សំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន និងក្រសួងពាក់ព័ន្ធជួយចុះមកពិនិត្យជុំវិញករណីនេះ ដោយសាងសង់ទ្វារទឹកខណ្ឌចែកឱ្យបានត្រឹមត្រូវ និងផ្ដល់ទឹកតាមតំបន់នីមួយៗឱ្យបានស្មើៗគ្នាផងដែរ។
អ្នកស្រីថា៖ «សម្រាប់ខ្ញុំ សំណូមពរឱ្យអាជ្ញាធរភូមិឃុំជួយធ្វើអាកន្លែងទ្វារទឹកតំឡើងមកកន្លែងពួកខ្ញុំនេះផង ហើយមើលទឹកហ្នឹងផង ព្រោះប្រជាពលរដ្ឋមែននៅតែមួយចំហៀងខាងកើតទេ ម៉ាចំហៀងខាងលិចក៏មានប្រជាពលរដ្ឋដែរ»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា ករណីប៉ុស្តិ៍រដ្ឋបាលឃុំត្រឡាច កោះហៅបុគ្គលណាម្នាក់ឱ្យចូលខ្លួនបំភ្លឺ គួរតែមានការបញ្ជាក់ឱ្យបានច្បាស់ ដើម្បីអ្នកដែលត្រូវចូលខ្លួនបំភ្លឺ បានត្រៀមឯកសារក៏ដូចជាត្រៀមខ្លួនក្នុងការឆ្លើយតប។
លោកថា៖ «ចុះបើសិនជាពាក់ព័ន្ធនឹងរឿងនេះ គឺគាត់ចង់ប្រាប់ទៅអាជ្ញាធរនៅថ្នាក់ក្រោមជាតិ ចង់ប្រាប់ទៅរដ្ឋាភិបាលចង់ប្រាប់ទៅក្រសួងពាក់ព័ន្ធ ឲ្យដឹងថា ប្រជាជនអត់មានទឹកប្រើប្រាស់ទេ អត់មានទឹកធ្វើស្រែទេ ប្រជាពលរដ្ឋត្រូវការទឹកអ៊ីចឹងនេះ ជាការផ្តល់ព័ត៌មានមួយពីប្រជាពលរដ្ឋ ទៅឱ្យសមត្ថកិច្ចឲ្យអាជ្ញាធរពាក់ព័ន្ធ លោកធ្វើការដោះស្រាយ ប្រសិនបើការហៅគាត់ដោយសារតែការបង្ហោះវីដេអូនេះ បើវាជាការរឹតត្បិតសេរីភាពធ្ងន់ធ្ងរណាស់ យើងសួរទៅវិញថា បើសិនជាគាត់បង្ហោះអ៊ីចឹង គាត់ខុសស្អី ហើយសមត្ថកិច្ចមានតែហៅគាត់ទៅនោះយកច្បាប់អី»។
បន្ថែមពីនេះ លោកថា ការសម្ដែងមតិរបស់ពលរដ្ឋពីបញ្ហាដែលខ្លួនកំពុងជួបវិបត្តិ គឺដើម្បីស្វែងរកដំណោះស្រាយពីរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ឋ។
រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៣៥ ចែងថា «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ»។
លោក គុជ វ៉េង ធ្លាប់ជាសកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស ក្នុងអំឡុងឆ្នាំ២០០០ មកម្លេះ។
ភាពសកម្មការពារធនធានធម្មជាតិ និងសិទ្ធិមនុស្ស ធ្វើឱ្យ លោក គុជ វ៉េង ត្រូវតុលាការចាប់ដាក់ពន្ធនាគារ កំឡុងឆ្នាំ២០១៣។ លោកក៏រងការចោទប្រកាន់ជាច្រើនករណីផ្សេងៗគ្នា បន្ទាប់ពីលោក និងសមាជិកដទៃទៀត ចេញមុខធ្វើជាសកម្មជនការពារព្រៃឈើ នៅតំបន់របស់លោក៕