មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស(សង់ត្រាល់) បានលើកឡើងថា កម្មករប្រមាណជា ១០០០នាក់ នៅរោងចក្រមួយ ក្នុងរាជធានីភ្នំពេញ ប្រឈមនឹងអត់ការងារធ្វើបណ្តោះអាសន្ន ក្រោយអគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុង កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
សង់ត្រាល់និយាយលើគេហទំព័ររបស់ខ្លួន នៅថ្ងៃទី១២ ខែកុម្ភៈនេះថា រោងចក្រ ហ្វ័រម៉ាត ខេមបូឌា ខូលអិលធីឌី (Foremart Cambodia Co.,LTD) ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវអគ្គិភ័យឆេះ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។
ប្រភពនោះ បញ្ជាក់ថា រោងចក្រនោះ បានខូចខាតស្ទើរទាំងស្រុង បើទោះបីជាក្រុមអន្តរាគមន៍ផ្នែកពន្លត់អគ្គិភ័យ បានជួយអន្តរាគមន៍ពន្លត់ក្តី។ ដោយឡែក គ្មានកម្មករណាម្នាក់រងរបួស ឬស្លាប់ដោយអគ្គិភ័យឆាបឆេះនេះទេ។
បើតាមអង្គការសង់ត្រាល់ រោងចក្រនេះ កាត់ដេរសំលៀកបំពាក់ (អាវធ្វើពីសំឡី) ដែលត្រូវបានគេដឹងថៅកែជាជនជាតិកូរ៉េ ហើយថា គេមិនទាន់ដឹងមូលហេតុច្បាស់លាស់នៃការឆេះនេះនៅឡើយទេ។
យ៉ាងណាប្រភពនោះ អះអាងថា ស្របពេលជាមួយគ្នានេះ កម្មករ កម្មការិនី ប្រមាណជិត ១០០០នាក់ ប្រឈមនឹងការអត់ការងារធ្វើជាបណ្តោះអាសន្ន ក្រោយរោងចក្រខាងលើនេះបានឆេះ ហើយថា កម្មករជាច្រើនរូប រំពឹងលើភាគីពាក់ព័ន្ធជួយរកដំណោះស្រាយ ដើម្បីមានលទ្ធភាព រកការងារថ្មី និងពិសេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ដោយឡែក គេហទំព័រស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកុម្ភៈនេះ ក៏មិនទាន់បង្ហាញពីមូលហេតុពីអគ្គិភ័យឆាបឆេះរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នេះនៅឡើយដែរ ដោយគ្រាន់តែបញ្ជាក់ថា រោងចក្រដែលឆេះនោះ មានថៅកែជាជនជាតិកូរ៉េ និងគ្មាននរណាម្នាក់គ្រោះថ្នាក់ ក្នុងគ្រោះអគ្គិភ័យនេះឡើយ៕