អ្នក​តាម​ដានថា​បញ្ហា​ព្រំដែន​ត្រូវ​កាត់​ទោស​លោក ហ៊ុន សែន មិន​មែន លោក​ រ៉ុង ឈុន ទេ

អ្នកតាម​ដាន បាន​និយាយ​ថា បញ្ហា​ព្រំដែន ត្រូវ​កាត់​ទោស​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដោយ​សំអាង​​ថា មេដឹកនាំ​​រូប​នោះ ធ្វើ​ឱ្យ​បាត់​ដីមួយ​ផ្នែក​ទៅ​ប្រទេស​វៀត​ណាម រំលោភ​មាត្រា​៤៤០​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ដែល​ត្រូវ​ប្រឈម​នឹង​ទោស​ក្បត់​ជាតិ ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

ការចង្អុលបង្ហាញ តាមមាត្រា៤៤០នៃក្រម​ព្រហ្មទណ្ឌនេះ ក្រោយ​ពីតុលាការ​កម្ពុជា តម្រូវ​ឱ្យ​អ្នក​និយាយ​ពី​បញ្ហា​ព្រំដែន រួម​ទាំង លោក រ៉ុង ឈុន ត្រូវ​បង់​លុយ​ចំនួន ៤០០​លាន​រៀល ឬ​ប្រមាណ​ជា​១០​ម៉ឺន​ដុល្លារ ​ទៅ​ឱ្យគ​ណៈកម្មា​ធិការព្រំដែន។

សាលក្រមចោទប្រកាន់នេះ ផ្អែកលើការលើក​ឡើង​ពី​ការ​បាត់​បង់​ដី​ស្រែ​ចម្ការ របស់​ពលរដ្ឋ​នៅ​ជាប់​ព្រំដែន​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ដែល​បាន​អះ​អាង​ថា ដីស្រែ​ចម្ការ​របស់​ពួក​គេ​មួយ​ផ្នែក ធ្លាក់​ក្នុង​ដៃ​ប្រទេស​វៀត​ណាម តាម​រយៈ​ការ​បោះ​បង្គោល​ព្រំដែន នាសម័យ​គ្រប់​គ្រង​របស់ លោក ហ៊ុន សែន ។

បើ​តាម​លិខិត​ជូន​ដំណឹង​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ទុក​រយៈ​ពេល​១ខែ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី១១ ខែ​កុម្ភៈ​នេះ​ទៅ ដើម្បី​ឱ្យ លោក រ៉ុង ឈុន និង​សកម្មជន ២រូប​ទៀត ដែល​ជាប់​បណ្តឹង រក​លុយ​មក​សង​គណៈកម្មាធិ​ការ​កិច្ច​ការ​ព្រំដែន តែបើ​មិន​គោរព​តាម តុលាការ​នឹង​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់​បន្ត​ទៀត។

តំណាងរាស្រ្តគណបក្សសង្រ្គោះ​ជាតិ លោក អ៊ុំ សំអាន និយាយ​ថា វិធាន​ការ​លើ លោក រ៉ុង ឈុន នេះ​ជា​រឿង​អយុត្តិ​ធម៌​បំផុត ហើយ​ថា លោក ហ៊ុន សែន កំពុង​ប្រើ​តុលាការ​កំទេច​អ្នក​រិះ​គន់​ពី​បញ្ហា​ព្រំដែន​ដើម្បី​ផ្គាប់​ចិត្ត​វៀត​ណាម​ដែល​លើក​បន្តុប​ លោក ហ៊ុន សែន អំឡុង​ទស្សវត្សរ៍​ទី​​៨​០​មក​។

សម្រាប់ លោក សំអាន ក្នុងរឿង​ក្តី លោក រ៉ុង ឈុន នេះ អ្នក​ខូច​ខាត​មិន​មែន​គណៈ​កម្មាការ​កិច្ច​ការ​ព្រំដែន​ទេ តែ​អ្នក​រង​គ្រោះ​ពិត គឺ​ទឹក​ដី​កម្ពុជា​ទាំង​មូល ដែល​នឹង​ត្រូវ​វៀតណាម​​លេប​យក បើ​លោក ហ៊ុ​ន សែន បន្ត​ប្រើ​ដៃ​តុលាការ​បិទ​មាត់​អ្នក​ហ៊ាន​និយាយ​ពី​បញ្ហា​បូរណភាព​ទឹក​ដី​បែប​នេះ។

លោក​ថា៖ «ត្រកូល​​ហ៊ុន ហ្នឹង​ជា ត្រកូល​ក្បត់​ជាតិ​សុខ​ចិត្ត​កាត់​ទឹក​ដី​ខ្មែរ​យើង​ឲ្យ​បរទេស ដើម្បី​រក្សា​អំណាច​របស់​ខ្លួន ហើយ​អ្នក​ណា​ដែល​ហ៊ាន​រិះ​គន់​ត្រកូល​ហ៊ុន​ កាត់​ទឹក​ដី​ខ្មែរ​ឲ្យ​ប្រទេស​យួន​ ប្រទេស​ថៃ ជា​ដើម​ហ្នឹង ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ដាក់​គុក​ទៅ​វិញ។ សូម្បី​តែ​ស្ដេច​ក៏​ត្រូវ​លោក ហ៊ុន សែន គំរាម​​ដែរ កាល​ឆ្នាំ​២០០៥ គាត់​គំរាម​ស្ដេច​ដូរ​ពី​របប​រាជា​និយម​ទៅ​ជា​របប​សាធារណ​រដ្ឋ បើសិន​ជា​ព្រះ​មហា​ក្សត្រ​មិន​ព្រម​ឡាយ​ព្រហស្ត​លេខា​លើ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដែល​កាត់​ទឹ​ក​ដី​ខ្មែរ​ទៅ​ឱ្យ​យួន។ កុំថា​ឡើយ​ លោក រ៉ុង ឈុន ឬ​ប្រជា​ពលរដ្ឋ​សូម្បី​តែ​ស្ដេច​ហ្នឹង​ក៏​លោក ហ៊ុន សែន គំរាម​ដែរ»។

បើតាមអ្នកឃ្លាំមើលព្រំដែន​រូប​នេះ សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​វៀត​ណាម បាន​បណ្តុះ​ពលរដ្ឋ​គេ​ឱ្យ​មាន​ផ្នត់​គំនិត​ជាតិ​និយម និង​មហិច្ចតា​ឈ្លាន​ពាន​ទឹកដី​កម្ពុជា តែ​ងាក​មក​មើល​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​វិញ តាម​បង្រា្កប​ពលរដ្ឋ​ខ្មែរ​គ្នា​ឯង​ដែល​ស្នេហា​ទឹក​ដី ដោយ​មិន​ដក​ដៃ​ទៅ​វិញ​ជាក់​ស្តែង ដូច​ករណី​លោក រ៉ុង ឈុន ជាដើម។

ចំពេលដែល​តុលាការ​បង្គាប់​ឱ្យ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន បង់​លុយ​រាប់​ម៉ឺន ដុល្លារ​បែប​នេះ អ្នក​គាំទ្រ​លោក រ៉ុង ឈុន ក៏​បាន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនា​ការ​រៃ​អង្កាស​ថវិកា​ ដើម្បី​ជួយ​ដល់​មន្រ្តីជា​ន់​ខ្ពស់​គណបក្ស​កម្លាំង​ជាតិ​រូប​នេះ​ផង​ដែរ។

ពួក​គេបានបង្ហាញការគាំទ្រចំពោះ​ លោក រ៉ុង ឈុន តាមបណ្តាញស​ង្គម ដោយ​ខ្លះ​ចូល​រួម​ថវិកា​តាម​លទ្ធភាព និង​ភ្ជាប់​សារ​ដោយ​ចាត់​ទុក លោក រ៉ុង ឈុន ជា​និមិត្ត​រូប​នៃ​ការ​តស៊ូ។

ជាមួយគ្នានេះ គណបក្សកម្លាំងជាតិ តាម​រយៈ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ក៏​បាន​ចេញ​សារ​អំពាវ​នាវ​ឱ្យ​ដែល​ស្រឡាញ់​យុត្តិធម៌ ប្រជាធិប​តេយ្យ ចូល​រួម​បរិច្ចាក​ថវិកា​ជួយ​លោក រ៉ុង ឈុន តាម​លទ្ធភាព​ផង​ដែរ។

ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត  ចាត់​ទុក​សកម្មភាព​របស់ លោក រ៉ុង ឈុន គួរ​តែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត ព្រោះ​លោក​មាន​ភាព​ក្លាហាន ចុះ​ទៅ​ព្រំដែន​វៀត​ណាម​ផ្ទាល់ ក្នុង​បំណង​គិត​គូរ​ពី​បូរណភាព​ទឹកដី​ខ្មែរ​ប៉ុណ្ណោះ។

ផ្ទុយទៅវិញ លោក​ថា អ្នក​ដែល​ត្រូវ​កាត់​ទោស​គឺ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ទៅ​វិញ​ទេ ព្រោះមេ​ដឹកនាំ​រូប​នេះ​បាន​ធ្វើ​ឱ្យ​បាត់​ទឹក​ដី​មួយ​ផ្នែក មិន​មែន លោក រ៉ុង ឈុន នោះ​ទេ។

លោកថា៖ «បើយើង​និយាយ​ពីការធ្វើឲ្យបាត់បង់​បូរណភាព​ទឹកដី​​ជាតិ​របស់​កម្ពុជា​ហ្នឹង! អ្នក​ដែល​មាន​ទោស​ក្បត់​ជាតិ​ហ្នឹង​គឺ លោក ហ៊ុន សែន ហើយ​អ្នក​ដែល​ត្រូវ​ឃុំ​ខ្លួន ត្រូវ​តុលាការ​ចាប់​ផ្តន្ទា​ទោស​ហ្នឹង ត្រូវ លោក ហ៊ុន សែន ដែរ ព្រោះ​លោក ហ៊ុន សែន​ ជា​អ្នក​ស៊ីញេ​ធ្វើ​ទៅ​លើ​សន្ធិ​សញ្ញា​កិច្ច​ព្រម​ព្រៀង​នានា ជាមួយ​នឹង​ប្រទេស​ជិត​ខាង។ អាហ្នឹង​ក្នុង​ក្រម​ព្រហ្ម​ទណ្ឌ​មាត្រា​៤៤០ ក៏​និយាយ​ដែរ អ្នក​ដែល​ធ្វើ​ឲ្យ​បាត់​បង់​បូរណភាពទឹកដីជាតិ សូម្បីអ្នកសមគំ​និត ឬ​គប់​គិត ក៏​ត្រូវ​មាន​ទោស​ក្បត់​ជាតិ​ដែរ»។

ជុំវិញ​បញ្ហា​បូរណភាព​ទឹកដី​នេះ​ដែរ កាល​​​ពី​អំឡុង​​ឆ្នាំ​២០០៥ លោក ហ៊ុន សែន ធ្លាប់​​គំរាម​រំលាយ​​របប​​រាជា​និយម​​អាស្រ័យ​​ធម្មនុញ្ញ​​ចោល បើ​​ព្រះ​​មហាក្សត្រ​ទ្រង់​​មិន​ព្រម​​ឡាយ​ព្រះ​ហស្ថ​លេខា លើ​​សន្ធិ​​សញ្ញា​​ព្រំដែន​​ខុស​ច្បាប់ ដែល​គូស​វាស​​ដោយ​​វៀត​ណាម នៅ​ឆ្នាំ​១៩៨២ ៨៣ និង៨៥ ឱ្យ​រស់​​ឡើ​ង​​វិញ ដើម្បី​​សម្រេច​​មហិច្ឆតា​​វៀត​ណាម​​លេប​​ទឹក​​ដី​​ទេ​​នោះ។

លោកថា៖ «ខ្ញុំនិយាយជាមួយ​សម្តេច​ក្រុម​ព្រះ​ហើយ ខ្ញុំថាព្រះអង្គ និយាយ​ប្រាប់​ឯកឧត្តម ស៊ុន ចាន់​ថុល កុល ផែង ស៊ីសុវត្ថិ សន្ថារ៉ា នៅលើ​យន្ត​ហោះ ហើយ​ខ្ញុំ​ប្រាប់​សម្តេច​ក្រុម​ព្រះ​ ពេល​ដែល​ជួប​តាម​ទូរសទ្ទ​ថា​ ព្រះអង្គ​បើ​លើក​នេះ​វា​ពិបាក​សញ្ញេ ត្រូវ​ពិនិត្យ​ឡើង​វិញ យើង​គួរទុ​ក​រាជា​និយម ​ឬ​ធ្វើ​សាធារណរដ្ឋឱ្យវាមាន​ប្រធានាធិបតី»។

ចាប់​ពី​ពេល​​នោះ​​មក មន្ត្រី​​ប​ក្ស​​ប្រឆាំង​​ដែល​​មាន​​បទ​ពិសោធន៍​​ខាង​​កិច្ចការ​​ព្រំដែន​ បាន​​ទម្លាយ​ឯកសារ​​ជា​បន្ត​បន្ទាប់​​ថា សន្ធិ​​សញ្ញា​​ឆ្នាំ​២០០៥ បាន​​បើក​​ផ្លូវ​​ឱ្យ​វៀត​ណាម​​គ្រប់​​គ្រង​​ប្រជុំ​​កោះ​ក្រចក​​សេះ និង​​កោះ​​ត្រល់ រួម​​ទំាង​​ដី​​​តាម​បន្ទាត់​ព្រំដែនរាប់រយគីឡូម៉ែត្រទៀត ដោយ​ស្រប​ច្បាប់។

កម្តៅ​​នេះ បាន​ធ្វើ​​ឱ្យ​ ​លោក ហ៊ុន សែន កំពុង​​គ្រប់​​គ្រង​​អំណាច ងាក​​មក​​បង្រ្កាប​​ខ្មែរ​ណា​ ដែល​ហ៊ាន​​និយាយ​​​លាត​ត្រដាង​​ពី​​មហិច្ឆតា​វៀតណាម​ រហូត​​ដល់​​បច្ចុប្បន្ន​​នេះ។

ក្រមព្រហ្មទណ្ឌ​មាត្រា​៤៤០ ចែង​ថា «អំពើ​ប្រគល់​ឱ្យ​រដ្ឋបរទេស ឬភ្នាក់​ងារ​បរទេស នូវ​ដែនដី​ជាតិ​ទាំង​ស្រុង ឬ​មួយ​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ