នគរបាលថៃ អះអាងថា ខ្លួនបានធ្វើយុទ្ធនាការបំបែកសំបុក ក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ ឬហៅថា Call Center នៅក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ដោយប្រើវិធានផ្តាច់ភ្លើង និងអ៊ិនធើណែត ដែលការណ៍នេះរងការរិះគន់ថា ជាភាពអាម៉ាសរបស់កម្ពុជាក្រោមដៃគ្រួសារហ៊ុន។
នេះបើតាមការលើកឡើងរបស់កងកម្លាំងបូរៈផា និងកងសន្តិសុខតំបន់ព្រំដែនថៃ ដែលបាននិយាយលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
ប្រភពនោះ និយាយថា គោលបំណងនៃការធ្វើយុទ្ធនាការនេះ ដើម្បី «កាត់ផ្តាច់សរសៃឈាមសំខាន់នៃក្រុមមជ្ឈមណ្ឌល Call Center នៅកម្ពុជា» ដោយអះអាងពីការរកឃើញមានសញ្ញានៃការប្រើប្រាស់តាមកាស៊ីណូនៅប៉ោយប៉ែត។
សម្រាប់សមត្ថកិច្ចថៃ នៅក្រុងប៉ោយប៉ែត ទឹកដីខេត្តបន្ទាយមានជ័យនេះ ក្លាយជាមូលដ្ឋានធំៗរបស់ក្រុមឧក្រិដ្ឋកម្ម Call Center គឺអាគារខ្ពស់កំពស់២៥ជាន់មួយ និងអាគារជាប់គ្នាកំពស់១៨ជាន់ ដែលជាការចង្អុលបង្ហាញពី លោក ថាក់ស៊ីន។
ប្រភពបន្តថា យុទ្ធនាការនេះ ហៅថា ទម្លាក់គ្រាប់បែកកម្ទេចស្ពានចោរអនឡាញ តាមរយៈផ្តាច់ប្រព័ន្ធបណ្តាញអ៊ីនធើណែត ប្រព័ន្ធទូរសទ្ទ និងប្រព័ន្ធភ្លើង ដែលតភ្ជាប់ទៅប្រទេសជិតខាង គឺកម្ពុជាជាដើម។
មួយវិញទៀត ភាគីថៃបានអះអាងទៀតថា តំបន់សំខាន់ៗ ព្រំដែនស្រុកអារញ្ញ ខេត្តស្រះកែវ ជាប់ប្រទេសកម្ពុជាត្រូវមានការរឹតបន្តឹង ពិនិត្យ ឆែកឆែរ និងបំពាក់កាមេរ៉ា CCTV ដើម្បីបង្រ្កាបនិងទប់ស្កាត់អំពើឆបោកតាមអនឡាញ។
ប្រភពនោះ បញ្ជាក់ទៀតថា ជុំវិញប្រទេសរបស់ខ្លួន មានបណ្តុំក្រុមឧក្រិដ្ឋកម្ម Call Center ធំៗសរុបចំនួន ៧៥កន្លែង គឺ៤០កន្លែងមានមូលដ្ឋាននៅភូមា ៣០កន្លែងនៅកម្ពុជា និង ៥កន្លែងនៅលាវជាដើម។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក សួន សូរីដា ប្រាប់VODនៅថ្ងៃទី១២ ខែកុម្ភៈនេះថា ករណីនេះ ឆ្លុះបញ្ចាំងពីភាពអាម៉ាសរបស់កម្ពុជា ដែលមានមេដឹកនាំមិនខ្វល់ពីបញ្ហាសន្តិសុខជាតិខ្លួន។
លោកបន្តថា វិធានរបស់ភាគីថៃនេះ បង្ហាញថា មេដឹកនាំកម្ពុជា គ្មានសមត្ថភាពបង្រ្កាបល្បែងអនឡាញខុសច្បាប់ នៅក្នុងប្រទេសខ្លួននោះទេ។
លោកសង្កត់ធ្ងន់ថា លោក ហ៊ុន សែន មិនខ្វល់ពីបទល្មើសឆបោកតាមអនឡាញ ឬឧក្រិដ្ឋកម្មឆបោកនៅកម្ពុជានោះទេ គឺគាត់រវល់ខ្វល់តែរកវិធីសាស្រ្តកម្ចាត់ដៃគូរប្រកួតចេញពីសៃង្វៀននយោបាយប៉ុណ្ណោះ។
លោកថា៖ «ថៃនៅពេលដែលគេចាត់វិធានការ ដើម្បីទប់ស្កាត់ ដើម្បីការពារផលប្រយោជន៍ប្រជាជនគេ ប៉ុន្តែវាបង្ហាញអំពីការលូកដៃអន្តរាគមន៍ពីប្រទេសថៃ ក្នុងពេលដែលរដ្ឋាភិបាលកម្ពុជា មិនមានសុវត្ថិភាពក្នុងការបង្ក្រាប ទប់ស្កាត់ ព្រោះល្បែងអនឡាញនេះ គឺបើនិយាយឲ្យខ្លីទៅ គឺទីតាំងនៅក្នុងទឹកដីកម្ពុជាតែម្តង ហើយនេះវាគួរណាស់តែរដ្ឋាភិបាលប្រទេសកម្ពុជាជាអ្នកចាត់វិធានការក្នុងការទប់ស្កាត់ ឬលុបបំបាត់ បែរជាវាអត់មាន ឱ្យគេទប់ស្កាត់ជំនួសវិញ»។
សម្រាប់ លោក សូរីដា យល់ថា ការបន្សល់ទុកបញ្ហាទាំងនេះ អាចជាចេតនារបស់មេដឹកនាំ ក្នុងការទទួលបានផលប្រយោជន៍ធំ ឬទុកសម្រាប់ផ្គត់ផ្គង់បក្សកាន់អំណាច របស់គ្រួសារហ៊ុន។
លោកបន្តថា អំពើឆបោកតាមអនឡាញនេះ បានក្លាយជាបទឧក្រិដ្ឋឆ្លងដែនយ៉ាងធំ បង្កការគំរាមគំហែងដល់វិស័យជាច្រើន រួមទាំងវិស័យទេសចរណ៍ ដែលបង្កផលប៉ះពាល់ដល់សុវត្ថិភាព និងជីវភាពពលរដ្ឋ។
លោកថា៖ «កាលណាប្រទេសមួយប្រកបទៅដោយការប្រព្រឹត្តនូវអំពើល្បែងស៊ីសងចាប់ជំរិតគឺអ្នកដែលរងគ្រោះមុនគេគឺប្រជាពលរដ្ឋខ្មែរតែម្តង ពីព្រោះល្បែងស៊ីសង ទោះបីជាក្នុងរូបភាពជាអនឡាញក៏ដោយ ឬក៏ជារូបភាពជាក់ស្តែងនៅតាមបណ្ដាកាស៊ីណូ ក៏ដោយយើងឃើញថា វាជាឥទ្ធិពលមែនទែនទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យជីវភាពគាត់ជាពលរដ្ឋកាន់តែក្រទៅៗ ឬអាចបង្កឱ្យមានបទចោរកម្ម»។
ជុំវិញបញ្ហានេះ VOD មិនទាន់អាចទាក់ទងអភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល ដើម្បីសុំការបំភ្លឺជុំវិញវិធានបង្រ្កាបបទល្មើសឆបោកអនឡាញនេះបាននៅឡើយទេ ដោយលោកមិនលើកទូរសព្ទ។
ចំណែក ចៅសង្កាត់ប៉ោយប៉ែតគណបក្សប្រជាជនកម្ពុជា លោក ភោគ លន និយាយប្រាប់VODយ៉ាងខ្លីថា លោកមិនទាន់បានដឹងករណីនេះនៅឡើយទេ ដោយលោកថា កំពុងជាប់រវល់បុណ្យនៅខេត្តតាកែវ។
លោកថា៖ «ខ្ញុំជាប់រវល់នៅតាកែវ ខ្ញុំរវល់ណាស់ នៅជាប់កម្មវិធីបុណ្យគេនៅតាកែវប្អូន»។
ប្រធានអង្គការប្រជាធិបតេយ្យប្រចាំនៅប្រទេសអូស្រ្តាលី លោក ស៊ឹង សែនកុរណា និយាយថា គួរឱ្យខ្មាស់ប្រទេសជិតខាង ដែលគេខ្វាយខ្វល់ជំនួសកម្ពុជាជួយបង្រ្កាបបទល្មើសឆបោកអនឡាញទៅវិញ។
លោកបន្តថា មេដឹកនាំដែលមិនខ្វល់ពីបញ្ហាជាតិ មាតុភូមិ សន្តិសុខ សុវត្ថិភាពជាតិនេះ ឆ្លុះបញ្ចាំងពីការមិនទទួលខុសត្រូវពីជោគវាសនាប្រទេស តបតាមស្មារតីរដ្ឋធម្មនុញ្ញដែលធានាអំពីសន្តិសុខជាតិខ្លួន។
ម្យ៉ាងវិញទៀត លោកហាក់គ្មានជំនឿលើមេដឹកនាំគ្រួសារហ៊ុន មានចេតនាបង្ក្រាប ឬទប់ស្កាត់ឧក្រិដ្ឋឆបោកតាមអនឡាញនៅកម្ពុជាទេ ខណៈឧក្រិដ្ឋជនភាគច្រើនសុទ្ធតែសាច់ញាតិ ឬមនុស្សស្និតនឹងគាត់។
លោកថា៖«ប្រទេសយើងកាលណាមានល្បែងអនឡាញហ្នឹងចូល ហើយអ្នកលេងល្បែងចូលទៅក្នុងប្រទេសកម្ពុជាយើងច្រើន គឺបង្ហាញបញ្ជាក់ថា ប្រទេសយើងសម្បូរទៅដោយពួកឧក្រិដ្ឋជនទៅលេងល្បែង ឬក៏ទៅរកស៊ីជួញដូរជាមួយនឹងប្រទេសកម្ពុជាយើង ជាមួយអ្នកមានឬឧកញ៉ាទាំងអស់ហ្នឹង ហើយអ្វីដែលជាបញ្ហានោះ គឺមានអ្នកមានអំណាចនៅការពារពីក្រោយ ពីព្រោះបើមិនអ៊ីចឹងទេ មិនអាចទទួលបានលុយពីអំពើពុករលួយទៅលើល្បែងទាំងអស់នេះទេ»។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថៃ THAIRATH NEWS ចុះផ្សាយកាលពីថ្ងៃទី២៩ ខែមករានេះថា តាមរយៈការចុះសង្កេតផ្ទាល់ អគារខ្ពស់ៗច្រើនកន្លែង ភាគច្រើនមានម្ចាស់ជាជនជាតិចិន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានក្លាយជាជម្រកពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ នាំឱ្យមានការព្រួយបារម្ភ និងបង្កភាពភ័យខ្លាចក្នុងតំបន់នោះ។
ប្រភពនោះ បញ្ជាក់ថា នៅក្រុងប៉ោយប៉ែត មានក្រុមឆបោកតាមអនឡាញ (Callsenter) នៅតាមអគារផ្សេងៗរាប់រយអគារ មានជនជាតិចិន ជាម្ចាស់ហើយមានបុគ្គលិកប្រហែល ១៥០០នាក់ រស់នៅគ្មានការលួចលាក់នៅអគារ ២៥ជាន់ ដែលជាកាស៊ីណូធំនៅក្រុងប៉ោយប៉ែត។
យ៉ាងណាប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តមួយចំនួនទៀតរបស់ប្រទេសកម្ពុជា ក៏ត្រូវបានរកឃើញបទឧក្រិដ្ឋឆបោកតាមអនឡាញនេះដូចគ្នាដែរ។
ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៤ អាជ្ញាធរកម្ពុជា បានបញ្ជូនជនសង្ស័យជនជាតិចិនជាង ១ពាន់ ២រយនាក់ (១២០០នាក់) ឱ្យត្រឡប់ទៅប្រទេសចិនវិញ ក្រោយរកឃើញថា ពួកគេពាក់ព័ន្ធប្រតិបត្តិការនៃអំពើឆបោកតាមអនឡាញនៅកម្ពុជា។
លើសពីនេះរយៈពេល ៩ខែដើមឆ្នាំ២០២៤ កម្ពុជាបានសហការជាមួយស្ថានទូតឥណ្ឌាប្រចាំក្រុងភ្នំពេញ ជួយសង្គ្រោះជនជាតិឥណ្ឌាជិត ៨រយនាក់ (៧៧០) ចេញពីកន្លែងឆបោកតាមអនឡាញបញ្ជូនទៅប្រទេសកំណើតពួកគេវិញ។
បន្ថែមពីនេះ ប៉ុន្មានថ្ងៃមុននេះ កម្ពុជាបានបណ្តេញជនជាតិវៀតណាម ប្រមាណជា ២១៣នាក់ ចេញពីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ក្រោយរកឃើញពួកគេពាក់ព័ន្ធបទឆបោកតាមអនឡាញ និងបង្ខាំងមនុស្សខុសច្បាប់ និងកំហែងយក ជាដើម។
ករណីដូចគ្នានេះ អំឡុងខែមេសាឆ្នាំ២០២៤ កម្ពុជា បានបណ្តេញជនជាតិវៀតណាមជាង ២៣១នាក់ ចេញពីកម្ពុជា ពាក់ព័ន្ធពីបទល្មើសបទឆបោកតាមអនឡាញដូចគ្នា ដែលរកឃើញក្នុងខេត្តព្រះសីហនុ៕