ពលរដ្ឋនៅខេត្តកំពង់ស្ពឺជិត៦០គ្រួសារ បន្តទាមទារឱ្យក្រុមហ៊ុនចិនឈ្មោះ ជាន យូលៀន ទូទាត់លុយជិត២លានដុល្លារ ថ្លៃទិញដីជាង៣០ហិកតា បើទោះដឹងថាក្រុមហ៊ុននោះជាប់ពាក់ព័ន្ធនឹងគ្រួសារហ៊ុនក្តី ខណៈក្រុមហ៊ុនពន្យាពេលជាង១ឆ្នាំទៅនេះ។
កាលពីថ្ងៃទី៩ ខែកុម្ភៈ ប្រជាពលរដ្ឋជិត ១០០នាក់ បានប្រមូលផ្តុំគ្នាម្តងរួចមកហើយ នៅទីតាំងដីដែលមានជម្លោះនៅមុខក្រុមហ៊ុន ក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ដោយលើកបដារូបភាពគ្រួសារហ៊ុន មានលោក ហ៊ុន សែន ជាដើមឱ្យជួយរកយុត្តិធម៌។
១ថ្ងៃក្រោយមកពោលគឺនៅថ្ងៃទី១០ ខែកុម្ភៈ ពលរដ្ឋប្រាប់VODថា មន្រ្តីខេត្តកំពង់ស្ពឺ បានហៅពលរដ្ឋរងគ្រោះទៅចរចារកដំណោះស្រាយ តែនៅតែគ្មានច្រកចេញដដែល។
ពលរដ្ឋម្នាក់ប្រាប់ VOD ក្នុងលក្ខខណ្ឌមិនបញ្ជេញឈ្មោះ និសំឡេង ដោយបារម្ភពីសុវត្ថិភាពថា ក្រុមហ៊ុនចិនឈ្មោះ ជាន យូលៀន ដែលនៅមិនទូទាត់លុយឱ្យពលរដ្ឋនេះ គឺមានពាក់ព័ន្ធនឹងគ្រួសារហ៊ុន ទើបធ្វើឱ្យដំណោះស្រាយត្រូវជាប់គាំងជាងមួយឆ្នាំទៅនេះ។
អ្នកស្រីនិយាយក្នុងសម្តីដើមថា៖ «ក្រុមហ៊ុនមានឈ្មោះខាងក្រុមសម្តេច។ ជាការសម្ងាត់កុំឱ្យថាខ្ញុំនិយាយទៅ ប៉ះពាល់ ។ ដល់ពេលឥលូវនេះ គេថាដោះស្រាយម៉េចចេញបើក្រុមហ៊ុនហ្នឹងមានឈ្មោះ ត្រកូលគាត់(ត្រកូលហ៊ុន) អ៊ីចឹងទៅ»។
បើតាមអ្នកភូមិរងគ្រោះ ប្រាប់VODថា កូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី តំណាងរាស្រ្តខេត្តកំពង់ស្ពឺ គឺនៅពីក្រោយក្រុមហ៊ុនចិនមួយនេះ។
ក្រុមហ៊ុនចិនដែលរងការចោទថា បោកលុយពលរដ្ឋជិត២លានដុល្លារក្នុងរឿងទិញដីស្រែនេះ មានទីតាំងនៅក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានពលរដ្ឋចំនួន៥៧គ្រួសារក្នុងភូមិចំនួន២ គឺភូមិអូរក្រាំងអំបិល និងភូមិបាក់ចិញ្ចៀន បានលក់ដីឱ្យក្រុមហ៊ុននេះ សរុបជាង៣០ហិកតា។
ពលរដ្ឋម្នាក់ទៀតរស់នៅភូមិអូរក្រាំងអំបិល អ្នកស្រី ផល ចាន់រីម ប្រាប់VODថា គាត់លក់ដីស្រែ៧០អា ក្នុងខែមេសា ឆ្នាំ២០២៤ ទាំងបង្ខំក្រោយរងការគំរាមគំហែង ខណៈអ្នកភូមិខ្លះចាប់ផ្តើមលក់ដីរបស់ពួកគេកាលពីខែវិច្ឆិកា ឆ្នាំ២០២៣មកម្លេះ។
អ្នកស្រីថា៖ «យើងអត់ទាន់មានព្រមព្រៀងបានលក់ដូរលុយអីឲ្យគេទេ។ គេទៅឈូសឆាយដីយើង ឈូសដើមឈើយើង! ដើមត្នោតយើង ចេញពីក្នុងស្រែអស់រលីង ដើម្បីគេធ្វើឲ្យយើងហ្នឹងទាល់គំនិត។ ដល់អ៊ីចឹងទៅយើងព្រមព្រៀងលក់ក្នុងតម្លៃដែលគេកំណត់ឲ្យខ្ញុំដំបូងគេឱ្យតម្លៃ ៨រៀល (៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េ) គេគាបខ្ញុំ! ហ្នឹងខ្ញុំនិយាយរឿងសាច់ដី ដល់ពេលខ្ញុំចេះតែទំរឹងៗទៅ ក៏ខ្ញុំបានតម្លៃ ១៦ (ដុល្លារក្នុងមួយម៉ែត្រការ៉េ)»។
បើតាមអ្នកស្រី ចាន់រីម ដីស្រែរបស់គាត់លក់ក្នុងតម្លៃជិត១០ម៉ឺនដុល្លារ តែទទួលបានលុយតែជាង ៤ម៉ឺនដុល្លារប៉ុណ្ណោះ នៅសល់ប្រមាណ៥ម៉ឺនដុល្លារទៀតដែលមិនទទួលបាន។
អ្នកស្រីថា៖ «ជាពិសេសអភិបាលស្រុក អភិបាលខេត្ត មេត្តា! មេត្តាគាត់ជួយមើលការខុសត្រូវដែលប្រជាជនកំពុងតែមានទុក្ខ ហេតុអីរឿងហ្នឹង រយៈពេលមួយឆ្នាំហើយ គាត់មិនគួរព្រងើយកន្តើយជាមួយប្រជាពលរដ្ឋដែលប្រជាពលរដ្ឋទៅទីពឹងអ្នកណា ទីពឹងលើអាណាព្យាបាលរបស់យើង។ ខ្ញុំអត់មានពាក្យអីច្រើនទេអូន មានតែពាក្យ អង្វរឲ្យគាត់ជួយប្រជាពលរដ្ឋកំពុងតែរងគ្រោះ កំពុងតែលិចលង់ ដោយសារជនឆបោកមួយចំនួនដែលវាមកធ្វើបាបលើប្រជាពលរដ្ឋ»។
ពលរដ្ឋម្នាក់ទៀត លោក នូ សុខស៊ីន ប្រាប់ថា ក្រោយពលរដ្ឋតវ៉ាកាលពីថ្ងៃទី៩ ខែកុម្ភៈ មន្រ្តីថ្នាក់ស្រុក និងខេត្ត បានឱ្យពលរដ្ឋទៅសាលាស្រុកសំរោងទង ជជែករកដំណោះស្រាយក្នុងថ្ងៃទី១០ ខែដដែលនោះ តែលោកថា នៅតែគ្មានដំណោះស្រាយ។
លោក នូ សុខស៊ីន ដែលអះអាងថា ក្រុមហ៊ុនចិននៅជំពាក់លុយលោកសរុបជាង ២ម៉ឹនដុល្លារទៀតនោះ ប្តេជ្ញាថា រូបលោក និងពលរដ្ឋរងគ្រោះនឹងបន្តទាមទារយកលុយមកវិញ ទោះដឹងថា ក្រុមហ៊ុននេះ មានអ្នកមានអំណាចកាងនៅពីក្រោយខ្នងក្តី។
លោកថា៖ «ដើម្បីធ្វើដំណើរទៅមុខទៀត ខ្ញុំសួរព័ត៌មានពីអភិបាលខេត្ត សួរព័ត៌មានពីរាជអាជ្ញា តើគួរខ្ញុំធ្វើម៉េចដើម្បីបានលុយ ១លាន ៦៤ម៉ឺនហ្នឹង ជូនប្រជាពលរដ្ឋ ដែលកំពុងវេទនាជិតងាប់ ខ្លះ ជិតរស់ខ្លះនេះ! អ្នកដែលទិញហើយគ្រាន់តែកក់លុយ មិនឱ្យលុយគេគ្រប់ ម្ចាស់ដីហ្នឹងត្រូវ យកដីហ្នឹងវិញ។ ខ្ញុំត្រូវនាំប្រជាពលរដ្ឋទាំងអស់ចូលយកដី ដែលក្រុមហ៊ុនយកវិញ អត់យកលុយទេ លែងយកលុយហើយ ហើយដើម្បីប្រជាពលរដ្ឋ ដើម្បីអ្នកស្រុកខ្ញុំ ខ្ញុំត្រូវតែពុះពារសុខចិត្តប្តូរអាយុជីវិត»។
ជុំវិញរឿងនេះ VOD មិនអាចសុំការឆ្លើយតបអភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភណ្ឌ បានទេ ដោយហៅចូលជាច្រើនដង តែគ្មានអ្នកទទួលនៅថ្ងៃទី១៣ ខែកុម្ភៈនេះ។
ដោយឡែក លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ មិនអាចទាក់ទងបាន។
យ៉ាងណា នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីការដូ លោក អំ សំអាត និយាយថា អាជ្ញាធរគួរអន្តរាគមន៍បន្ទាន់រកយុត្តិធម៌ឱ្យពលរដ្ឋរងគ្រោះ ក្រោយពួកគេបាត់បង់ដីអាស្រ័យផល ដើម្បីឱ្យសាកសមជាមន្រ្តីទទួលបានប្រាក់ខែពីការបង់ពន្ធពីរាស្រ្តម្ចាស់ឆ្នោត។ លោកថា៖ «ប្រជាពលរដ្ឋជាអ្នកបង់ពន្ធជូនរដ្ឋ ហើយពន្ធទាំងអស់ហ្នឹង គឺដើម្បីប្រាក់ខែរបស់មន្ត្រីរាជការ ឬអាជ្ញាធរដែលពាក់ព័ន្ធ អ៊ីចឹងមន្ត្រីឬអាជ្ញាធរដែលពាក់ព័ន្ធដែលបានទទួលប្រាក់ខែពីការបង់ពន្ធរបស់រាស្រ្ត ត្រូវបំពេញកាតព្វកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ នៅពេលដែលពលរដ្ឋមានបញ្ហា ត្រូវតែមានការសម្របសម្រួលការដោះស្រាយជូនប្រជាពលរដ្ឋវិញ។ ជាកាតព្វកិច្ច ហើយនឹងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ»។
ជាមួយគ្នានេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្ទ ព្រមានពីរលកតវ៉ា ទ្រង់ទ្រាយធំ បើអំពើអយុត្តិធម៌រីករាលដានច្រើនក្នុងសង្គម។
លោកថា៖ «រឿងប្រជាពលរដ្ឋហ្នឹង អាលូវ និយាយឱ្យចំទៅទូទាំងប្រទេសហើយ គឺរកយុត្តិធម៌ជូនប្រជាពលរដ្ឋដូចគ្មានទេ។ គាត់មានបញ្ហា គាត់លក់ដីធ្លីគាត់ ផ្ទះសម្បែងគាត់ ដើម្បីទៅជួយដោះស្រាយដើម្បីសងបំណុលសងអីទាំងអស់ គាត់មានវ័ណ្ឌកកូនចៅទៅធ្វើការនៅក្រៅប្រទេស ដោយសារបំណុលវ័ណ្ឌក ពេលប្រជាពលរដ្ឋអត់មានការងារធ្វើ ឃើញរោងចក្របិទបណ្តើរៗ ស្អីៗទាំងអស់ ខ្ញុំជឿថា នឹងមានការងើបតវ៉ាដែលរដ្ឋមិនទទួលខុសត្រូវ»។
រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៣៥ ចែងថា សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ»។
យ៉ាងណាក្តី ក្រុមអ្នកភូមិ ព្រមានថា ប្រសិនបើនៅតែគ្មានដំណោះស្រាយទេ ពួកគេនឹងបន្តប្រមូលផ្តុំគ្នាជាថ្មី នៅមុខសាលាខេត្តកំពង់ស្ពឺ ដើម្បីទាមទារលុយដែលនៅសល់ជាង ១លាន ៦០ម៉ឹនដុល្លារនោះ ពីក្រុមហ៊ុនចិននោះមកវិញ ដើម្បីបានលុយដោះស្រាយវិបត្តិជីវភាព ក្រោយគ្មានដីអាស្រ័យផលធ្វើស្រែចម្ការជាង១ឆ្នាំទៅនេះ៕