ការ​​បន្ត​​ឃុំ​ខ្លួន​​លោក​ កឹម សុខា ធ្វើ​​ឱ្យ​ខាត​បង់​​​សេដ្ឋកិច្ច​​និង​យាយី​ជីវភាព​ពលរដ្ឋ​ច្រើន​លាន​នាក់

អ្នក​នយោបាយក្រៅរដ្ឋាភិបាល​​ និង​​អ្នក​​តាម​​ដាន​ស្ថានការ​នយោបាយ​​​មួយ​ចំនួន ​លើក​​​ឡើង​​ថា ការ​បន្ត​ឃុំ​ខ្លួន​​ទាំង​​អយុត្តិធម៌​​លើ​​​ លោក ​កឹម សុខា​​​ ប្រធាន​អតីត​​គណបក្ស​​សង្គ្រោះ​​ជាតិ​​​​ក្រៅ​​ពី​កាន់​តែ​​ធ្វើ​ឱ្យមានការ​បា​ក់​​បែក​ផ្ទៃក្នុង​ជាតិ​​កាន់​តែខ្លាំង វាក៏​បាន​​ធ្វើ​ឱ្យ​​កម្ពុជា​​កាន់​​តែ​​មាន​​​កេរ្តិ៍​ឈ្មោះ​​មិន​ល្អ​ ​លើ​​ឆាក​​អន្តរជាតិ​​ ហើយ​វាក៏​​បាន​ធ្វើឱ្យ​ប៉ះពាល់​​ដល់​សេដ្ឋកិច្ច​​​កម្ពុជា​​ផង​​ដែរ​​។

នៅ​ពេល​​ដែល​សាលា​ឧទ្ធរណ៍​​បន្ត​ផ្អឹប​សំណុំ​រឿង​​ លោក​កឹម សុខា​ ​បន្ទាប់​ពីបាន​បើក​សវនា​ការ​ចំនួន​ ​​១១​​លើ​​ក​​រួច​មក​ អ្នក​​នយោបាយ​​ក្រៅ​រដ្ឋាភិបាល​ និង​​អ្នក​​​តាម​​ដាន​​ស្ថាន​​ការណ៍​​នយោ​បាយ ​ជំរុ​ញ​​ឱ្យ​ លោក ​ហ៊ុន សែន ​​ប្រ​ធា​​ន​​គណបក្ស​​ប្រជាជន​​កម្ពុជា​​ រ​​ក​​វិធីឱ្យ​មាន​ការ​ដោះ​លែង​លោក​កឹម សុខា ដើម្បី​បើក​​ផ្លូវ​​ឱ្យមា​ន​​ការ​​ចរចាបង្រួ​​ប​​បង្រួមផ្សះ​ផ្សា​​​​ជាតិ​​ឡើងវិញ និង​ក៏​ដើម្បីបញ្ចៀស​​ការ​​បន្ត​ដាក់​ទណ្ឌកម្ម​ពីសហគមន៍​អន្តរជាតិ​ ​។​

សាលា​ឧទ្ធរណ៍ ​បាន​បើក​សវនាការ​លើ​សំណុំ​រឿង ​លោក ​កឹម សុខា​ ចំនួន​​១១​​លើក​​រួច​​មក​​ហើយ ​​ប៉ុន្តែ​​​មក​​ដល់​​ពេល​​នេះ​ ​មិន​​ទាន់​​បាន​សម្រេច​​សេច​ក្តី ថា​តើ​មេបក្ស​​ប្រឆាំង​​រូប​នេះ ពិត​​ជា​មាន​ទោស​​ក្រោម​​ការ​​ចោទ​​ប្រកាន់​​ពី​បទ «ក្បត់​​ជាតិ» គប់គិត​ជាមួយ​​បរទេស​ ដូច​​ការ​​ចោទ​​ប្រកាន់​របស់​​សាលា​ដំបូងរាជធានីភ្នំពេញ​ដែរ​ឬយ៉ាងណា​នោះទេ។

បន្ទាប់​​​ពីបាន​បើក​​សវនាការ​​រហូត​ដល់​៦៦លើក កាល​​ពី​​ថ្ងៃ​ទី៣ ខែ​មីនា ឆ្នាំ២០២៣​​​ ចៅ​ក្រម​សាលា​ដំបូ​ង​រាជធានី​ភ្នំពេញ បាន​សម្រេច​កាត់​ទោស លោកកឹម សុខា ឱ្យជាប់​​​​​ពន្ធនា​គារ​ ២៧​​ឆ្នាំ ដោយ​ដាក់​​​ឱ្យ​​​​ស្ថិត​ក្រោម​ការ​​​ឃុំ​ខ្លួន​ក្នុង​​ផ្ទះ និងហាមឃាត់មិនឱ្យ​ធ្វើ​​នយោ​បាយ​អស់​មួយ​ជីវិត ក្រោម​បទ​ចោទ «សន្ទិដ្ឋិ​ភាព​ជាមួយ​បរទេស»។

លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​តែង​​​តែ​​ប្រកាស ពី​ការ​​ប្រកាន់​យក​​នូវ​​គោល​​ការណ៍​អហិង្សា គោរព​​សិទ្ធិ​មនុស្ស​ និង​​ប្រជាធិប​តេយ្យ ដោយ​​មិន​​យក​​ខ្មែរ​ណា​​ធ្វើ​ជា​​សត្រូវ ត្រូវ​បានអតីត​នាយក​​រដ្ឋ​មន្ត្រី​​ លោក ​ហ៊ុន សែន បញ្ជាឱ្យ​សមត្ថកិច្ច​សង្គ្រប់​​ចូល​​ទៅ​​ចាប់​​ខ្លួន ​ទាំងពាក់​កណ្តាល​​យប់ ​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៣ ​ខែ​​កញ្ញា ​ឆ្នាំ​២០១៧ ទាំង​ដែល​លោក​នៅមាន​អភ័យឯក​សិទ្ធិ​សភា​នៅឡើយ​។

កាលនោះ ​លោក ​ហ៊ុន សែន ​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់ និងការ​ថ្កោលទោស​ពីមជ្ឈដ្ឋាន​ជាតិ​និង​​អន្តរជាតិ ​ចំពោះ​ការ​​​ចាប់ខ្លួន​​នេះ​​​ថា ជាបទល្មើស​ជាក់​ស្តែង ខណៈ ​លោក ​កឹម សុខា​ មិន​បាន​ប្រព្រឹត្ត​​បទ​ល្មើស​​​​អ្វី​ឡើយ​​​ក្នុង​​អំឡុង​ពេល​សមត្ថកិច្ច​សម្រុក​ចូល​ទៅ​ចាប់​​ខ្លួន។

លោក អ៊ូ ច័ន្ទ​រ័ត្ន ​អតីត​តំណាងរាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ​ បច្ចុប្បន្ន​​ជា​សហស្ថាបនិក​គណ​បក្ស​កែ​ទម្រង់​​កម្ពុជា​​​យល់​​ថា ការ​​ចាប់​ឃុំ​ខ្លួន​ លោក ​កឹម សុខា មិន​គួរ​​ត្រូវ​បាន​​​​ធ្វើ​ឡើង​​តាំង​ពី​​ដំបូង​​មក​ម្ល៉េះ​។

លោក​សំអាង​ថា ពីព្រោះ​​​វា​គ្មាន​​​អ្វី​ចំណេញ​នោះ​ទេ ហើយ​ថា ​លោក ​កឹម សុខា ទៀត​សោធ ​​ក៏​​មិន​បាន​​ប្រព្រឹ​ត្ត​​ប​ទ​ល្មើស​​អ្វី​នោះ​ដែរ​។ លោក​​បន្ត​​ថា ការ​​ដោះ​​លែង​ ​លោក​​កឹម សុខា​ ឱ្យ​មាន​​សេរីភាព​ឡើង​​វិញ ​​គឺ​នឹង​​ផ្តល់​​​​ផល​​ប្រយោជន៍​យ៉ាងច្រើន​​ដល់​កម្ពុជា ​រួមទាំង​ការ​ដោះ​បន្ទុក​ពលរដ្ឋ។

លោក​គូស​បញ្ជាក់​ថា ការ​ដោះ​លែង​បាន​​ផ្តល់​​យុត្តិធម៌​​ជូន ​លោក ​កឹម សុខា រួម​​ទាំង​អ្នក​ដែល​គាំទ្រ​លោក​​ក្នុង​​នាម​ជា​អ្នក​​នយោ​​បាយ​ និង​មួយ​ទៀត ជាកិត្តិយស ​ជា​មុខ​មាត់ ​របស់​រដ្ឋា​ភិបាល​ដែល​បង្ហាញ​ពី​ចេតនា​​​ដើ​ម្បីស្តារ​លទ្ធិ​​ប្រជាធិបតេយ្យ ​និង​​ការ​​គោរព​​សិទ្ធិ​មនុស្ស​​ឡើង​វិញ។

លោកថា៖ «ទី​៣ ​អាច​បង្ហាញ​ពីឆន្ទៈ​ក្នុង​ការ​​សម្រុះ​​សម្រួល​​ផ្សះ​ផ្សា​​ជាតិ​​ឡើង​វិញ​។​ ទី​៤ហ្នឹង​កាត់​បន្ថយ​​ការ​រិះ​គន់​​ និង​សម្ពាធ​​ទណ្ឌ​កម្ម​ផ្សេងៗ​​ពី​សហគមន៍​​អន្តរ​ជាតិ ​មជ្ឈដ្ឋាន​ផ្សេងៗ​​ទាំង​ជាតិ​និង​​អន្តរ​ជាតិ។ ទី៥​​ យើង​​គិ​ត​ថា ដំណើរការប្រជាធិបតេយ្យ​ នឹងបាន​ប្រសើរឡើងវិញ​នៅ​កម្ពុជា​ហើយ​​ការ​ជំរុញ​ដំណើរការ​ប្រជាធិបតេយ្យ​​ឱ្យ​​ប្រសើរ​ឡើង​​វិញ​នេះ​ យើង​​ដឹង​​ហើយ​​នឹង​កសាង​ទំនុក​ចិត្ត​​អ្នក​​វិនិយោគ​ទុន​ ​ហើយ​អាច​នឹងជំរុញ​ឱ្យមាន​​កំណើន​​សេដ្ឋកិច្ចនៅ​កម្ពុជា​ទៀត​ផង​»។

ចំណែក ​​លោក មាជ សុវណ្ណារ៉ា ប្រធាន​គណបក្ស​ជំនាន់​​ថ្មី​ បាន​​ថ្លែង​​ថា ការ​បន្តឃុំខ្លួន​ លោក ​កឹម សុខា ​មិន​​ផ្តល់​​ផល​​ប្រយោជន៍​​អ្វី​ដល់​កម្ពុជាទេ​។

លោកថា តែផ្ទុយទៅវិញ វាជំរុញឱ្យមាន​សម្ពាធ និង​ការ​ថ្កោល​​ទោស ការ​​ដាក់​ទណ្ឌ​កម្ម មាន​ការ​កើន​ឡើង​​ជា​បន្ត​បន្ទាប់ ដូចជា វិធានការដក​ប្រព័ន្ធ​​អនុ​គ្រោះ​ពន្ធ EBA​ ​២០ភាគរយ​ និង​ព្រមាន ដក​៨០​​ភាគរយ​​ទៀត ​​ពី​​សហគមន៍​អឺរ៉ុប​ជាដើម។ លោក​ថា បន្ទាត់​នយោបាយ​បែប​នេះ ធ្វើ​ជា​ការ​ខាត​ប្រយោជន៍​ទាំង​ជាតិ និង​ទាញ​ទម្លាក់​ជីវភាព​ប្រជាពលរដ្ឋ​។

លោកថា៖ «យើង​ឃើញ​​សេចក្តីថ្លែងការណ៍​​របស់​​សហភាពអឺរ៉ុប ​ហើយ​​សហរដ្ឋ​អាមេរិក​ ​យើង​​ដឹង​ហើយ​​ថា ប្រទេស​​ដែល​​ប្រកាន់​របបប្រជាធិបតេយ្យ បើយើង​រឹតត្បិត​​សេរី​ភាព ​បើយើង​រឹតត្បិត​សកម្ម​​ភាព​​របស់​​អ្នក​នយោបាយ​​ ​រហូត​​ដល់​​ចាប់​​អ្នក​​ធ្វើ​នយោបាយ​ដាក់គុក​ ឬក៏គាប​សង្កត់​គំរាម​កំហែង​​បំភិត​​បំភ័យ​​បែ​បណា​ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ វាក៏ជាការមើល​ឃើញ​អំពី​លំហូរ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​រួម​​តូច​​ចង្អៀត​ទៅ​ៗ»

លោក​គូស​បញ្ជាក់​ថា ការ​ដាក់ស​ម្ពាធ​ណាមួយ​ពីប្លុ​កលោក​សេរី ឱ្យ​មេដឹកនាំ​កម្ពុជា ស្តារ​ប្រជាធិប​តេយ្យ ​​វា​មិន​មែនជាការជ្រៀតជ្រែកផ្ទៃក្នុង​​កម្ពុជា​អ្វីនោះ​​ទេ។ ប៉ុន្តែ​ផ្ទុយ​ទៅវិញ ជា​ការ​ក្រើន​រំឭក​រដ្ឋាភិបាល​​កម្ពុជា ឱ្យ​គោ​រព​តាម​រដ្ឋធម្មនុញ្ញដែល​​កម្ពុជា​​ត្រូវ​ប្រកាន់យក​នូវ​គោល​ការណ៍​ប្រជា​ធិប​តេយ្យ​សេរី​​ពហុ​បក្ស និង​​នីតិ​រដ្ឋ។

សម្រាប់​ លោកបណ្ឌិត ​យ៉ង់ ពៅ អគ្គ​លេខាធិការ​នៃរា​ជ​បណ្ឌិត​សភា​កម្ពុជា​របស់​រដ្ឋាភិបាល ​បាន​ប្រាប់​VOD នៅ​​ថ្ងៃទី​១២ ​ខែ​កុម្ភៈ​​នេះ​​ថា ជា​ទស្សន​​របស់​​លោក វិធាន​ឃុំ​​ខ្លួន ​​ឬ​ក៏​ដោះ​លែង ជន​ជាប់​ចោទ​ណា​មួយ ​គឺ​អាស្រ័​​​​យ​ទៅលើ​ទិដ្ឋភាព​ច្បាប់​​ ​ហើយ​ករណី លោក​ កឹម សុខា ក៏ដូចគ្នា​ដែរ។

លោក​​លើក​​ឡើង​​ថា ការ​ទាម​ទារ​​របស់​​បណ្តា​​ប្រទេស​​ជាមិត្ត​ ​ដូច​ជា សហគមន៍​​អឺរ៉ុប​​ក្តី ​ឬ​ក៏​ប្រទេស​ណា​ក្តី វា​ជា​​រឿង​ទិដ្ឋភាពដែល​ពាក់ព័ន្ធ​ទៅនឹងបញ្ហា​នយោបាយ​។

លោក​បញ្ជាក់ថា ​ និយាយជា​រួម​ លោក​មិន​អាច​​វិភាគ​​អង្គ​ហេតុ​របស់ លោក កឹម សុខា បាន​ទេ ​ ហើយថា ការទាមទាររបស់​សហគមន៍អឺរ៉ុប ​​ឱ្យ​ដោះ​លែង ​លោក ​កឹម សុខា ​វាជាជ្រុង​​មួយ​នៃ​ការ​មើល​​ពី​ក្រៅ​។​

ចំណែក ​លោក​ អំ​ សំអាត​ នាយក​ទទួល​បន្ទុកកិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារសិទ្ធិមនុស្ស​លីកាដូ​ថ្លែង​​ថា សវនាការ​រឿង​ក្តី​លោក ​កឹម សុខា​ បាន​ឈាន​ដល់​ដំណាក់​កាល ​នៃ​ការ​ធ្វើ​សេចក្តី​សន្និ​ដ្ឋាន​​របស់​​ភាគី​​អយ្យការនៃ​សាលា​ឧទ្ធរណ៍​ហើយ​ បន្ទាប់​​ពី​​តុលាការ​​ជាន់​ខ្ពស់​​មួយ​​​នេះ ​បាន​​បើក​សវនា​ការ​ចំនួន​​១១​លើក ខណៈ​​ដែល​​នីតិវិធី​បន្ត​ដែល​​នឹង​​ឈាន​ទៅ​​ដល់​ការ​ប្រកាស​សាលក្រម ​ត្រូវ​បាន​ពន្យាពេលជាបន្ត​បន្ទាប់។

​លោក ​អំ សំអាត ​និយាយ​​ថា ការ​អូស​​​បន្លាយ​ពេល​នេះ ​នាំ​ឲ្យប៉ះពាល់​ដល់​សិទ្ធិ​របស់​លោក ​កឹម សុខា នៅ​​ក្នុង​ការ​ទទួល​បាន​ការ​កាត់​សេចក្តី​ដែល​មាន​ភាព​យុត្តិធម៌។

សភា​អឺរ៉ុប​ កាល​ពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​ ឆ្នាំ​​២០២៤ បាន​​​ជំរុ​ញ​ឱ្យ​​គណៈ​កម្មកា​រ​​អឺរ៉ុប និង​សហ​ភាព​អឺរ៉ុប ពិនិត្យ​​សើរើ​ឡើង​វិញ ចំពោះ​​ការផ្តល់ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់មុខ​ទំនិញទាំងអស់​លើក​​លែង​​​តែ​​អាវុធ (EBA)» ដែល​នៅសល់​ចំនួន​​៨០%​​​ជាមួយ​​កម្ពុជា និង​ពិចារណាដាក់​ទណ្ឌកម្មជាក់​លាក់​​លើក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលពាក់ព័ន្ធ​នឹងការ​រឹត​ដ្បិតផ្នែកនយោ​បាយ​ ធ្វើឱ្យ​ដំណើរ​ការ​​ប្រជាធិបតេយ្យ​ធ្លាក់​ចុះ ​រហូត​ទាល់តែអ្នក​ទោស​នយោ​បាយ សកម្ម​ជន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​​ទាំង​អស់​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​​ក្រោម​បទចោទ​ដែ​ល​​​មាន​ចរិត​នយោ​បាយ ត្រូវបាន​ដោះ​លែង​។

​ក្នុង​​សវនាការ​​​កាលពីថ្ងៃទី​៤ ​ខែមេសា ​ឆ្នាំ​២០២៤ ​លោក កឹម សុខា បាន​ថ្លែង​ប្រាប់សាលា​ឧទ្ធរណ៍​ថា​ លោក​មិនទទួលយកបទចោទ​«ក្បត់ជាតិ»ជាដាច់ខាត ​បើ​ទោះបី​ជា​យក​កាំភ្លើង​​មក​ភ្ជង់​លោក​​​​ក្តី។

ជាមួយគ្នា​នេះ ​សហមេធាវី ​លោ​ក ​កឹម សុខា ក៏​បាន​បដិសេធ​ទៅ​​នឹង​​បទចោទ​​«សន្ទិ​ដ្ឋិ​ភាព​ជា​មួយ​បរទេស​»​ដែ​ល​សំ​ដៅ​ទៅលើ​សហរដ្ឋ​អាមេរិក នេះផង​ដែរ​។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពកា​រ​ងារ និងសិទ្ធិមនុស្ស លោក មឿន តុលា ធ្លាប់​និយាយ​ថា ការ​បាត់​បង់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ និង​ប៉ះ​ពាល់​ដល់​ការ​ងារ​កម្មករ​ប្រមាណ​ជា​១លាន​នាក់ និង​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​ច្រើន​លាន​នាក់​ទៀត​ដោយ​ប្រយោល។

សហរដ្ឋ​អាមេរិក តាម​រយៈ​ស្ថានទូតប្រចាំ​កម្ពុជា ​ធ្លាប់បាននិយាយ​​ថា លោក កឹម សុខា ជា​មនុស្ស​ស្អាត​ស្អំ ត្រូវ​បាន​ចាប់​​​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌ ​ក្រោម​ការ​ចោទ​ប្រកាន់​មិន​ពិត ​ហើយ​ថា ដំណើរ​ការ​ច្រើន​ឆ្នាំ ដើម្បី​បំបិទ​សំឡេង លោក កឹម សុខា ផ្អែក​លើ​បទ​សម​គំនិត​ប្រឌិត គឺ​ជា​បរា​ជ័យ​នៃ​ប្រព័ន្ធ​យុត្តិ​ធម៌។

អាមេរិក​ថា ការបដិសេធ​សេរីភាព​ក្នុងការបញ្ចេញ​មតិ​ ការ​ធ្វើ​នយោបាយ​របស់ លោក កឹម សុខា និង​អ្នក​នយោបាយ​ផ្សេង​ទៀត ធ្វើឱ្យ​ប៉ះពាល់​ដល់​រដ្ឋធម្មនុញ្ញ​កម្ពុជា បំណង​អន្តរ​ជាតិ និង​វឌ្ឍន​ភាព​កន្លង​មក ដើម្បី​ក្លាយ​ជា​សង្គម​ពហុបក្ស​ប្រកប​ដោយ​បរិយា​បន្ន។

ការបរាជ័យ​របស់ប្រព័ន្ធយុត្តិធម៌នេះ បើ​គេ​សង្កេត​ទៅ​លើ​របាយ​ការណ៍​នានា ត្រឹមរយៈពេល១០ឆ្នាំ ​ បាន​បង្ហាញ​ថា កម្ពុជា​នៅ​បន្ត​ស្អុយ​ឈ្មោះ​លើ​ឆាក​អន្តរ​ជាតិ ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាប្រ​ព័ន្ធ មាន​អំពើ​ពុក​រលួយ​ខ្ពស់ ជាប់​គ្នាជិត​១០​ឆ្នាំ បើ​បៀប​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់​​អាស៊ាន ធ្វើ​ឱ្យ​ពលរដ្ឋ​ច្រើន​លាន​នាក់​ញាំញី​ដោយ​វិបត្តិបំណុល រួមទាំងការរីករាលដាលនៃបទឧក្រិដ្ឋចាប់ជំរិត។

របាយ​ការណ៍​ថ្មីមួយ​របស់​អង្គការ​តម្លា​ភាព​អន្តរជាតិ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ រក​ឃើញ​ថា កម្ពុជាជាប់ចំណាត់ថ្នាក់អំពើពុករលួយកាន់តែអាក្រក់​ក្នុងឆ្នាំ​២០២៤ ដែល​ទាម​ទារ​ឱ្យ​កម្ពុជា​​ដោះ​​ស្រាយ​​​បញ្ហា​នេះ​ជាប្រព័ន្ធ​ និង​ទ្រង់​ទ្រាយ​​ធំ។

បើតាមរបាយការណ៍នេះ កម្ពុជា ជាប់ចំណាត់ថ្នាក់​មាន​អំពើពុក​រលួយ​អាក្រក់​ជិត​១០​ឆ្នាំ​ជាប់​គ្នា ដោយ​សារ​តែ​ឥទ្ធិពល​នយោបាយ ជ្រៀត​ជ្រែក​ប្រព័ន្ធ​យុត្តិ​ធម៌។

តាមរបាយការណ៍​ពី Credit Bureau Cambodia (CBC) ចេញ​ផ្សាយ​អំឡុង​ខែ​មេសា ឆ្នាំ​២០២៤ បាន​រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ជិត ៥លាន​នាក់​ ជាប់​បំណុល ក្នុង​នោះ​មាន​៧៦% ជា​អ្នក​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​តែ​មួយ ២០%​ជាអ្នក​ខ្ចី​ប្រាក់​ពី​២ស្ថាប័ន និង៤% ជាអ្នកខ្ចីប្រាក់ដល់​ទៅ ៣ស្ថាប័ន។

នេះមិន​ទាន់​រាប់​បញ្ចូល​ជន​រង​គ្រោះ រាប់​ម៉ឺន​គ្រួសារ​ទៀត ដែលកំពុង​រួមរិត​ដោយ​វិបត្តិ​បំណុល ដោយ​សារ​ពួក​គេ​ចាញ់​បោក​ក្រុម​ឧកញ៉ា​លក់​អចលនទ្រព្យ ដែល​ស្និទ្ធ​នឹង​មេដឹកនាំ មាន​ឧកញ៉ា ឡេង ណាវ៉ាត្រា អតីតឧកញ៉ា ហ៊ី គឹម​ហុង និងអតីតឧកញ៉ា ឡេង ចាន់ណា ជាដើម។

ករណីនេះ ធ្វើឱ្យជនរងគ្រោះខ្លះ​បាន​សម្លាប់​ខ្លួន​ជា​បន្ត​បន្ទាប់ ដោយ​សារ​តែ​យុត្តិធម៌​របស់​ពួក​គេ ត្រូវ​បាន​ប្រព័ន្ធ​​​យុត្តិធម៌​ជា​ឧបករណ៍នយោបាយ​ បាន​កប់​ចោល​ច្រើន​ឆ្នាំ។ ក្រៅពីនេះ កសិករ​នៅ​តាម​បណ្តា​ខេត្ត រាជ​ធានី​​ខ្លះ កំពុង​​រងការរំលោភបំពានដីធ្លី រួមទាំងជនជាតិដើមភាគតិច ។

រីឯវិបត្តិទីផ្សារលក់​កសិផលវិញ កសិករនៅតែបន្តរងគ្រោះ ដែល​ជា​ផ្នែក​ជំរុញ​ឱ្យ​មាន​លំហូរ​ចំណាក​ស្រុក​ខុស​ច្បាប់ ប្រឈម​នឹង​គ្រោះ​ថ្នាក់​ច្រើន​ម៉ឺននាក់​ក្នុង​មួយ​ឆ្នាំៗ ដែល​ខ្លះ​គេច​ផុត​ពី​ការ​ស្លាប់ ត្រូវ​បាន​ភាគី​ថៃ ដឹក​មក​ទម្លាក់​ចោល​នៅ​តាម​ព្រំដែន​ជាដើម។

វិបត្តិ​ទាំង​អស់​នេះ ជា​កត្តាវា​ស់​វែង​និង​ជាមូល​ដ្ឋាន សម្រាប់បងប្អូន​ពិចារណា​ដោយ​ខ្លួន​ឯង​ថា តើ​ការ​ប្រកួត​អំណាច​ខ្វះ​សុច្ចរិត​ភាព ប្រើ​តុលាការ​ធ្វើ​ជា​ឧបករណ៍ វាបានផ្តល់ប្រយោជន៍អ្វីខ្លះ ដល់​បង​ប្អូន​ជា​ម្ចាស់​ឆ្នោត និ​​ងផ្ត​​ល់ប្រយោជន៍​អ្វី​ខ្លះដ​ល់​ប្រទេស​ជាតិ ជុំវិញ​វិធាន​វាយ​បំបែក​កញ្ចក់​សង្គម ដើម្បីតែ​ចង់ក្តោប​អំណា​ច​ប​​​ន្ត​ពូជនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ