មនុស្សស្និទ្ធនឹងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានប្រតិកម្មវាយបកទៅនឹង លោក សយ សុភាព អ្នកអត្ថាធិប្បាយព័ត៌មានគាំទ្រ លោក ហ៊ុន សែន ដែលបានចោទមេគណបក្សប្រឆាំងថា បានទទួលលុយពីអាមេរិក ដើម្បីធ្វើបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាល។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ កូតាពីគណបក្សសិទ្ធិមនុស្ស លោក សួន សូរីដា បាននិយាយនៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៣ ខែកុម្ភៈនេះ ក្នុងន័យដើមថា លោក សយ សុភាព លើកឡើងថា «លោក កឹម សុខា ទទួលលុយ USAID ដើម្បីធ្វើបដិវត្តពណ៌»។
លោកចោទជាសំណួរថា ចុះរដ្ឋាភិបាលកម្ពុជា និងការសិក្សារបស់ លោក ហ៊ុន ម៉ាណែត នៅសហរដ្ឋអាមេរិក ទទួលលុយពី USAID វិញយ៉ាងណាដែរ? ធ្វើបដិវត្តពណ៌ដែរឬទេ?
ប្រតិកម្មរបស់ លោក សួន សូរីដា នេះក្រោយពីលោក សយ សុភាព ដែលគេស្គាល់ថាជាអ្នកអត្ថាធិប្បាយព័ត៌មានគាំទ្ររដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដោយបាននិយាយបែបចោទប្រកាន់ថា លោក កឹម សុខា បានទទួលលុយពីសហរដ្ឋអាមេរិកតាមរយៈ USAID រាប់លានដុល្លារអាមេរិក ដើម្បីធ្វើបដិវត្តពណ៌ មុននឹងបង្កើតគណបក្សសិទ្ធិមនុស្ស ដើម្បីឈានទៅ ធ្វើបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាល។
ការអត្ថាធិប្បាយបែបចោទប្រកាន់របស់ លោក សយ សុភាព នេះចំពេលដែលប្រព័ន្ធតុលាការ កម្ពុជាកំពុងរងការរិះគន់ថា បានបិទសិទ្ធធ្វើនយោបាយ លោក កឹម សុខា ក្រោមបទចោទមិនពិត បែបប្រឌិត មានចរិតនយោបាយតាមបណ្តឹងលោក ហ៊ុន សែន ។
បន្ថែមពីនេះ មន្ត្រីស្និទ្ធលោក កឹម សុខា ម្នាក់ទៀត គឺលោក ហ៊ីង សុខសាន្ត បានបញ្ចេញប្រតិកម្មទៅនឹងការចោទប្រកាន់ពីសំណាក់ លោក សយ សុភាព នេះដែរ។
លោក ហ៊ីង សុខសាន្ត បានបង្ហោះសារក្នុងន័យដើមថា «សូមអញ្ជើញដល់អ្នកទាំងឡាយ រួមទាំងលោក សយ សុភាព ផងនោះ បើមានភស្តុតាង និងជឿជាក់ថា USAID បានឱ្យលុយទៅលោក កឹម សុខា ដើម្បីធ្វើបដិវត្តពណ៌ សូមឡើងមកដេញដោលមតិជាសាធារណៈជាមួយខ្ញុំ»។
លោកបន្តថា តាមចំណេះដឹង បទពិសោធន៍ និងសមត្ថភាព លោក អាចដេញដោលមតិ១ទល់នឹង៥នាក់ក្នុងពេលតែមួយបាន។
លោកដាក់លក្ខខណ្ឌថា «ទី១ សូមមានសមត្ថភាព និងវោហាស័ព្ទគ្រាន់បើជាងលោក សយ សុភាព បន្តិចរឹតតែប្រសើរ។ ទី២. ក្រៅពីមានសមត្ថភាព និងចំណេះដឹង សូមមានសុខភាពផ្លូវចិត្តជាដើម»។
ពាក្យបដិវត្តពណ៌នេះ ត្រូវបានអ្នកសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅរាជ្យបណ្ឌិតសភាកម្ពុជា ធ្លាប់ប្រាប់VODថា ពាក្យមួយដែលមេដឹកនាំបក្សកាន់អំណាចប្រឌិតឡើង ដើម្បីមានលេសបង្ក្រាបក្រុមអ្នកដែលមាននិន្នាការប្រជាធិបតេយ្យ កុំឱ្យមានវត្តមានលើទីលានប្រកួតនយោបាយ។
ប្រភពនោះ បញ្ជាក់ថា បក្សប្រជាជនដឹងខ្លួនមុនហើយថា ខ្លួនមិនអាចបន្តដើរផ្លូវគន្លងប្រជាធិបតេយ្យបានទៀត ដោយសារប្រជាប្រិយភាពបក្សនេះបានធ្លាក់ខ្លាំងអំឡុងការបោះឆ្នោតឆ្នាំ២០១៧មក ដែលនាំទៅដល់ការប្រើដៃតុលាការ ដើម្បីរំលាយគណបក្សសង្គ្រោះជាតិចេញពីឆាកនយបាយ ក្រោមបទចោទបែបប្រឌិត រហូតបច្ចុប្បន្ន៕