យុត្តិធម៌ លោក រ៉ុង ឈុន ហាក់កំពុងស្ថិតលើផ្លូវចម្រូងចម្រាស ពីមតិមហាជន ក្រោយតុលាការកម្ពុជាបង្កាប់ឱ្យលោកបង់ប្រាក់ប្រមាណជា ១០ម៉ឺនដុល្លារ ឱ្យទៅគណៈកម្មាធិការព្រំដែនកម្ពុជា ជុំវិញសំណុំរឿងចោទប្រកាន់ពីការនិយាយបញ្ហាព្រំដែនកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ។
កាលពីថ្ងៃទី១១ ខែកុម្ភៈ តុលាការក្រុងភ្នំពេញ បង្គាប់ទៅលោក រ៉ុង ឈុន និងសកម្មជនពីរនាក់ផ្សេងទៀត ត្រូវបង់ប្រាក់ចំនួន ៤០០លានរៀល ឬប្រមាណជា១០ម៉ឺនដុល្លារ ទៅឱ្យគណៈកម្មាធិការព្រំដែន ដោយទុកពេលត្រឹម១ខែ ដោយព្រមានថា តុលាការនឹងចាត់វិធានការច្បាប់ បើពួកគេមិនអនុវត្តតាម។
សាលក្រមចោទប្រកាន់នេះ ផ្អែកលើការលើកឡើងពីការបាត់បង់ដីស្រែចម្ការ របស់ពលរដ្ឋនៅជាប់ព្រំដែនក្នុងខេត្តត្បូងឃ្មុំ ដែលបានអះអាងថា ដីស្រែចម្ការរបស់ពួកគេមួយផ្នែក ធ្លាក់ក្នុងដៃប្រទេសវៀតណាម តាមរយៈការបោះបង្គោលព្រំដែន នាសម័យគ្រប់គ្រងរបស់ លោក ហ៊ុន សែន។
ជុំវិញបញ្ហានេះ ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន និយាយប្រាប់VODនៅថ្ងៃទី១៣ ខែកុម្ភៈនេះថា ករណីនេះ ឆ្លុះបញ្ចាំងពីការរឹតត្បិតនយោបាយចំពោះដៃគូរប្រកួត។
លោកសង្កត់ធ្ងន់ថា យុទ្ធនាការរ៉ៃអង្កាសលុយជូន លោក រ៉ុង ឈុន មិនអាចផ្តល់យុត្តិធម៌ឱ្យគាត់បានទេ ដរាបណាប្រព័ន្ធច្បាប់ ឬប្រព័ន្ធតុលាការ ស្ថិតនៅក្រោមឥទ្ធិនយោបាយរបស់បក្សកាន់អំណាចនោះ។
លោកថា៖ «បើសិនជាយើងចង់ទាមទារយុត្តិធម៌ទាល់តែអ្នកដែលឈឺឆ្អាលរឿងសង្គម ឈឺឆ្អាលរឿងយុត្តិធម៌ហ្នឹង ហ៊ានចេញមុខការពារស្វែងរកយុត្តិធម៌ហ៊ានបញ្ចេញមតិរួមគ្នា ឬក៏មានយុទ្ធនាការក្នុងការស្វែងរកយុត្តិធម៌នោះរួមគ្នា ហ្នឹងទើបអាចស្ថាប័នតុលាការអាចងាកមកស្ដាប់មកពិនិត្យមើលឡើងវិញអីជាដើម ព្រោះកាលណាមានមនុស្សច្រើនបញ្ចេញមតិនៅក្នុងករណីពីរឿងយុត្តិធម៌ ឬមិនយុត្តិធម៌ នោះស្ថាប័នតុលាការអាចនឹងពិចារណា»។
អ្នកជំនាញច្បាប់ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យ លោក វន់ ចាន់ឡូត និយាយថា ការរ៉ៃអង្គាសប្រាក់នេះមិនអាចផ្តល់យុត្តិធម៌ឱ្យលោក រ៉ុង ឈុន បានទេ ដោយថា ព្រោះប្រព័ន្ធតុលាការ ជាឧបករណ៍ផ្តាច់មុខរបស់មេដឹកនាំបក្សកាន់អំណាច។
លោកយល់ថា ដរាបណាប្រព័ន្ធយុត្តិធម៌ ឬប្រព័ន្ធតុលាការមិនឯករាជ្យ ស្ថិតនៅក្រោមឥទ្ធិពលនយោបាយបក្សកាន់អំណាច នោះពលរដ្ឋ ឬអ្នកនយោបាយ នឹងបន្តរងគ្រោះពីអំពើជិះជាន់ និងរំលោភសិទ្ធិជានិច្ច។
លោកសង្កត់ធ្ងន់ថា ដើម្បីទទួលបានយុត្តិធម៌ ឬសិទ្ធិសេរីភាពពេញលេញ ពីមេដឹកនាំផ្តាច់ការ ទាល់តែពលរដ្ឋ ឬអ្នកនយោបាយចេះសាមគ្គីគ្នាជាធ្លុងមួយ ផ្លាស់ប្តូរមេដឹកនាំតាមរយៈសន្លឹកឆ្នោតរបស់ខ្លួន។
លោកថា៖ «សាលដីកានេះ គឺជាសាលដីកាដែលអយុត្តិធម៌ ជាសាលដីកាប្លន់ទ្រព្យសម្បត្តិរបស់ជនស្លូតត្រង់ទាំងកម្រោល ដូច្នេះទោះបីជាថវិកាគ្រប់ចំនួន ឬក៏យ៉ាងម៉េចក៏ដោយ ជាទស្សនៈខ្ញុំពុំគូរនឹងយកទៅបង់ជូនតុលាការនោះទេ ដូចយើងដឹងហើយថា កាលណាថវិកាត្រូវបានធ្លាក់ដល់ដៃតុលាការ គឺជាការផ្តល់ឱកាសឲ្យចោរមានឱកាសនៅក្នុងការបន្តប្លន់យកថវិកាពីជនស្លូតត្រង់ជាបន្តទៀត»។
បន្ថែមពីនេះ លោក ចាន់ឡូត ក៏បានបង្ហោះសារលើហ្វេសប៊ុកលោកនៅថ្ងៃទី១៣ ខែកុម្ភៈនេះដោយនិយាយថា លោក រ៉ុង ឈុន គួរកុំបន្ដចូលលេងល្បែងនយោបាយជាមួយតុលាការ និងអ្នកកាន់អំណាច។
លោកបន្តថា បើនៅបន្ដលេងច្បាស់ណាស់នឹងត្រូវរីងអស់ពីខ្លួន ហើយនៅតែមិនអាចព្យាបាលជាសះស្បើយនោះទេ។
សម្រាប់ លោក ចាន់ឡូត ផ្តល់ជាអនុសាសន៍ថា គួរពង្រឹងសកម្មភាពនៅមូលដ្ឋានឱ្យរឹតតែខ្លាំង ប្រមូលយកធនធាន និងសន្សំពេលវេលាដែលមាន។ ម្យ៉ាងវិញទៀត បន្ដពង្រឹងទំនាក់ទំនងអន្ដរជាតិ ជាពិសេស ជំរុញឱ្យមានសម្ពាធជាក់លាក់។
ជុំវិញបញ្ហានេះ VOD មិនទាន់អាចទាក់ទង អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដើម្បីបំភ្លឺបាននៅឡើយទេ ដោយលោកមិនលើកទូរស័ទ្ទ។
យ៉ាងណា លោក ហ៊ុន សែន ពេលឡើងកាន់តំណែងប្រធានព្រឹទ្ធសភា ធ្លាប់ប្តេជ្ញាចិត្ត ការពារប្រព័ន្ធប្រជាធិបតេយ្យ និងធ្វើឱ្យសង្គមមានយុត្តិធម៌។
លោកថា៖ «យើងនឹងការពារយ៉ាងមុតមាំនូវរដ្ឋធម្មនុញ្ញ របបរាជានិយម នៅក្នុងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ យើងនឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីធានាបាននូវឯកភាពជាតិ និងសាមគ្គីភាព និងសេដ្ឋកិច្ចដ៏រឹងមាំនិងការពារឯករាជ្យអធិបតេយ្យ»។
អ្នកវិភាគនយោបាយនិងសង្គម លោក ប៉ោ មករា មានប្រសាសន៍ថា ការដាក់សម្ពាធលើ លោក រ៉ុង ឈុន ជុំវិញបញ្ហាព្រំដែននេះ អាចជាចេតនាចង់បំបាក់ស្មារតីពលរដ្ឋមិនឱ្យហ៊ាននិយាយរឿងបញ្ហាព្រំដែន។
លោកថា ជាការកត់សម្គាល់របស់លោក អ្នកដែលហ៊ាននិយាយពីបញ្ហាព្រំដែន ជាពិសេសនិយាយប៉ះពាល់ដល់មហិច្ចតាវៀតណាម គឺតែងតែរងការចោទប្រកាន់ ផ្តន្ទាទោស ឬអ្នកខ្លះរហូតជាប់ពន្ធនាគារ។
ការណ៍នេះ លោកជំរុញឱ្យរដ្ឋាភិបាលផ្ទាល់គួរគិតពិចារណាពីបញ្ហាជាតិ មាតុភូមិ ជាពិសេសសិទ្ធិសេរីភាពពលរដ្ឋ គួរតែបើកលំហរឱ្យទូលាយ តបតាមគោលការណ៍ប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញកម្ពុជា។
លោកថា៖ «កត្តាទាំងអស់ហ្នឹង ខ្ញុំមើលឃើញជារួម វាបង្ហាញពីភាពតាមកម្ទេច តាមសម្លុត បំភិតបំភ័យ គំរាមទៅដល់សង្គមខ្មែរ សង្គមនយោបាយ ជាពិសេសគឺអ្នកដែលគាត់តែងតែខ្វល់ខ្វាយអំពីការចូលរួមអភិវឌ្ឍន៍សង្គមជាតិរបស់យើង អ៊ីចឹងបញ្ហាមួយចំនួនសង្គមជាតិធ្វើការគ្រប់ភាគីទាំងអស់ មិនថាអ្នកដែលមើលឃើញប្រតិបត្តិស្រប មិនថាអ្នកដែលមើលឃើញមតិផ្ទុយ អ៊ីចឹងត្រូវការធាតុផ្សំទាំងអស់ ដើម្បីកសាងជាតិ ចឹងទេតុលាការក៏ដូចជាអ្នកដែលពាក់ព័ន្ធអ្នកនយោបាយដែលមានឥទ្ធិពលហ្នឹងគួរណាស់តែកុំទាញប្រព័ន្ធច្បាប់នឹងឱ្យយឺតដូចកៅស៊ូ ចឹងត្រង់នេះខ្ញុំគិតថា វាជារឿងមួយដែលអ្នកនយោបាយ ក៏ដូចជាតុលាការត្រូវពិចារណាឡើងវិញ»។
តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក សួន សូរីដា និយាយលើហ្វេសប៊ុករបស់លោកដែរថា ការរ៉ៃលុយដើម្បីជួយលោក រ៉ុង ឈុន ក្នុងបណ្តឹងសំណង១០ម៉ឺនដុល្លារអាមេរិក របស់គណៈកម្មាធិការព្រំដែនកម្ពុជា ដែលតុលាការបានសម្រេច គឺជារឿងមិនត្រឹមត្រូវ និងមិនគាំទ្រ។
លោកបន្តថា ម្នាក់ៗសុទ្ធតែទទួលស្គាល់ និងសុទ្ធតែស្រែកថា «អយុត្តិធម៌» ក្នុងសេចក្តីសម្រេចរបស់តុលាការ ស្រាប់តែឥឡូវប្រកូកប្រកាសរ៉ៃលុយថា ជួយលោក រ៉ុង ឈុន។
តាមពិតទៅ លោក រ៉ុង ឈុន មិនទទួលស្គាល់ ហើយក៏មិនសុខចិត្តការកាត់ក្តីនៃតុលាការនេះដែរ ការរ៉ៃលុយនេះគឺជាយុទ្ធនាការរុញឱ្យ លោក រ៉ុង ឈុន ទទួលស្គាល់ថា «គាត់មានកំហុសក្នុងការទៅពិនិត្យមើលបង្គោលព្រំដែនពិតប្រាកដទៅវិញ»។
សម្រាប់លោក សូរីដា និយាយក្នុងន័យដើមថា «ខ្ញុំដឹងចិត្តលោក រ៉ុង ឈុន ច្បាស់ថា លោក រ៉ុង ឈុន មិនត្រូវបងប្អូនជួយគាត់តាមរយៈ«ការរ៉ៃលុយ»នោះទេ។ អ្វីដែលដែល លោក រ៉ុង ឈុន ចង់បានគឺចង់បាន«បងប្អូនចេញមកជួយគាត់ដើម្បីទាមទាររកយុត្តិធម៌»។
ប្រធានចលនាជាតិតស៊ូ លោក សម រង្ស៊ី និយាយលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៣ ខែកុម្ភៈនេះថា ក្នុងករណីរឿងលោក រ៉ុង ឈុន វាគឺជារឿងអយុត្តិធម៌បំផុត ដែលតុលាការពុករលួយ ចោរម្សៀត ដែលលោក ហ៊ុន សែន ប្រើដើម្បីធ្វើទុក្ខបុកម្នេញប្រជាជនខ្មែរខ្លួនឯង។
យ៉ាងណា លោកព្រមានថា នៅពេលដែលរបប ហ៊ុន សែន ដួលរលំ នឹងចាត់វិធានការលើតុលាការអាយ៉ងទាំងនេះចេញ ហើយជំនួសមកវិញ ដោយប្រព័ន្ធយុត្តិធម៌ពិតប្រាកដ ជូនជនរងគ្រោះ។
បន្ថែមពីនេះ មនុស្សស្និតនឹងលោក សម រង្ស៊ី គឺលោក ស៊ន ដារា និយាយដែរថា ខ្លះថាជួយ លោក រ៉ុង ឈុន នាំឱ្យតុលាការញ៉ាម មិនអាចបំបាត់ការធ្វើទុក្ចបុកម្នេញបាន។ លោកចោទជាសំណួរថា «បើយើងមិនជួយ តើតុលាការលើកលែង លោក រ៉ុង ឈុន និងបញ្ឈប់ការរិតកយើងទេ? ចម្លើយគឺ«ទេ!» តែការជួយអាចសម្រាលទុក្ខលំបាកមួយគ្រាមិនមែនរហូត»។
អាខោនហ្វេសប៊ុកម្នាក់ទៀតឈ្មោះថា ចាន់ វីរាក់ សរសេរថា «លោកគ្រូ រ៉ុង ឈុន គ្មានកំហុសទេ ហេតុអ្វីត្រូវខ្លាចការពិត បើយើងបង់លុយតាមការចោទប្រកាន់របស់គេ មានន័យថា លោកគ្រូ រ៉ុង ឈុន មានកំហុស ហើយទទួលស្គាល់ការពិតថា ខ្លួនឯងធ្វើខុសមែន»។
កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លោក រ៉ុង ឈុន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ «ពីបទញុះញង់» ដោយសារការអត្ថាធិប្បាយអំពីបញ្ហាព្រំដែននៅខេត្តត្បូងឃ្មុំ ដែលពលរដ្ឋរស់នៅទីនោះអះអាងប្រាប់លោកថា ដីរបស់ពួកគេត្រូវបានអាជ្ញាធរវៀតណាមរំលោភយក និងហាមមិនឱ្យធ្វើស្រែចម្ការ ក្រោយមានការបោះបង្គោលព្រំដែនចូលក្នុងទឹកដីខ្មែរជាដើម។
បន្ទាប់មកនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក រ៉ុង ឈុន ត្រូវបានដោះលែងវិញ តាមសាលដីការបស់សាលាឧទ្ធរណ៍ និងដោយបានកាត់តម្រឹមទោសពី ២ឆ្នាំ មកឱ្យអនុវត្តតែ ១៥ខែ ១១ថ្ងៃ ខណៈទោសដែលនៅសេសសល់ចំនួន ៨ខែ ១៩ថ្ងៃត្រូវបានព្យួរ។
តែនៅក្នុងអំឡុងពេលព្យួរទោសនេះ តុលាការបានដាក់លោក រ៉ុង ឈុន ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរយៈពេល៣ឆ្នាំ ដោយមិនឱ្យចេញទៅក្រៅប្រទេស និងមិនឱ្យធ្វើសកម្មភាពមួយចំនួនទេ ដែលវិធានតុលាការនេះ ដូចគ្នាទៅនឹងសំឡេងបែកធ្លាយរបស់ លោក ហ៊ុន សែន ដែលធ្លាប់បញ្ជាឱ្យបោសសម្អាតក្រុមអ្នកសំឡេងជំទាស់ កុំឱ្យពួកគេមានលទ្ធភាពទៅប្រកួតការបោះឆ្នោតជាមួយ លោក ហ៊ុន ម៉ាណែត នៅឆ្នាំ២០២៧ និង២០២៨ ខាងមុខ៕