សហគមន៍ខ្មែរនៅអូស្ត្រាលី ប្រកាសពីគម្រោងជួបជុំ អ្នកនិយមប្រជាធិបតេយ្យ ដើម្បីប្រមូលមតិយោបល់ជុំវិញស្ថានភាពរំលោភសិទ្ធិមនុស្ស សម្លាប់ប្រជាធិបតេយ្យ អយុត្តិធម៌សង្គម និងបូរណភាពទឹកដីជាដើម ដើម្បីរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ជំរុញឱ្យមានការផ្លាស់ប្តូរនៅកម្ពុជា។
បើតាមលិខិតដែលគេបង្ហោះលើបណ្តាញសង្គម នៅថ្ងៃទី១៤ ខែកុម្ភះនេះ ខ្មែររស់នៅប្រទេសអូស្ត្រាលី នឹងធ្វើសមាជពលរដ្ឋ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។
លិខិតនោះ លើកឡើងថា៖ «យើងខ្ញុំទាំងអស់គ្នា តំណាងអ្នកប្រជាធិបតេយ្យ អង្គការ សមាគម សង្គមស៊ីវិល មានកិត្តិយស សូមគោរពអញ្ជើញបងប្អូនជនរួមជាតិខ្មែរទាំងអស់ ចូលរួមកម្មវិធីសមាជពលរដ្ឋខ្មែរអូស្ត្រាលី ស្តីពីការស្វែងរកដំណោះស្រាយបញ្ហានៅកម្ពុជា»។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង និងផ្លាស់ប្តូរយោបល់លើប្រធានបទ ពាក់ព័ន្ធនឹងស្ថានភាព ការរំលោភសិទ្ធិមនុស្ស អយុត្តិធម៌សង្គម បំផ្លាញប្រជាធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។
ប្រភពបន្តថា ការចូលរួមរបស់បងប្អូន ជាការបង្ហាញពីស្មារតីជាតិនិយម មនសិការឈឺឆ្អាល ក្នុងការចូលរួមចំណែកដ៏សំខាន់ និងមានតម្លៃបំផុត ក្នុងគោលបំណងតម្កល់ផលប្រយោជន៍សង្គមជាតិជាធំ ដោយ ឈរលើស្មារតីកិច្ចព្រមព្រៀងក្រុងប៉ារីស រដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
ប្រភពនោះបញ្ជាក់ថា ការប្រមូលមតិយោបល់អ្នកប្រជាធិបតេយ្យនេះ ដើម្បីទាមទារឱ្យភាគីពាក់ព័ន្ធទាំងអស់ ការពារឱ្យមានការដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យពិតប្រាកដ គោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងការពារបូរណភាពទឹកដីសម្រាប់អ្នកជំនាន់ក្រោយ។
លើសពីនេះ សហគមន៍ខ្មែរនៅអូស្ត្រាលី បញ្ជាក់ថា ការជួបជុំនេះ ក៏ជាការបង្ហាញផងដែរ នូវជំហរយ៉ាងច្បាស់ថា បងប្អូនខ្មែរយើងនៅក្រៅប្រទេស មិនដែលភ្លេចជាតិមាតុភូមិកម្ពុជានៃយើងឡើយ ហើយថា វត្តមានរបស់បងប្អូន គឺជាការបញ្ជាក់ពីកម្លាំងសាមគ្គីដ៏ខ្លាំងក្លា ដែលមានទម្ងន់សម្រាប់យកជាមូលដ្ឋាន ធ្វើសកម្មភាពតស៊ូមតិរកដំណោះស្រាយ នៃបញ្ហាទាំងឡាយខាងលើ នៅកម្រិតជាតិ និងអន្តរជាតិ។
ប្រធានអង្គការប្រជាធិបតេយ្យនៅអូស្រ្តាលី លោក ស៊ឹង សែនករុណា និយាយប្រាប់VODបន្ថែម នៅថ្ងៃទី១៤ ខែកុម្ភៈនេះថា ការធ្វើសមាជនេះ គឺដើម្បីជួបជុំអ្នកប្រជាធិបតេយ្យ រកវិធីសាស្រ្តដាក់សម្ពាធ ជំរុញការផ្តាស់ប្តូររបបប្រជាធិបតេយ្យនៅកម្ពុជា។
លោកថា ដោយមើលឃើញការរំលោភសិទ្ធិមនុស្ស បំផ្លាញប្រជាធិបតេយ្យ រំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ ទើបពួកគាត់ធ្វើសមាជពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយស្តារប្រជាធិបតេយ្យនៅកម្ពុជា។
លោកសង្ឃឹមថា ចរន្តអ្នកប្រជាធិបតយ្យនឹងបន្តរកវិធីសាស្រ្ត ឬយុទ្ធសាស្រ្តថ្មីៗ ដើម្បីដាក់សម្ពាធមេដឹកនាំផ្តាច់ការ ឱ្យងាកមកគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ តបតាមស្មារតីធម្មនុញ្ញនៃកម្ពុជា។
លោកថា៖ «យើងអ្នករស់នៅក្រៅប្រទេសទាំងអស់ មើលឃើញអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ បញ្ហាជាច្រើនរបស់ប្រទេសជាតិហ្នឹងហើយ ទើបយើងមានការឈឺចាប់ យើងមានការឈឺឆ្អាលអំពីបញ្ហាប្រទេសជាតិ អ៊ីចឹងការរៀបចំរបស់យើង គឺជារឿងមួយដែលយើងឲ្យបណ្ដាប្រជាពលរដ្ឋមកពីប្រទេសផ្សេងៗ មានឱកាសក្នុងការជជែកគ្នា ហើយយើងសម្រេចរួមគ្នា ដើម្បីធ្វើកិច្ចការងារហ្នឹង ហើយក៏បង្ហាញទៅរដ្ឋាភិបាល ឬក៏បណ្ដាប្រទេសអន្តរជាតិ ជាពិសេសលោកសេរីមើលឃើញថាអ្វីដែលយើងជាក្រុមអ្នកប្រជាធិបតេយ្យ មិនពេញចំពោះការដឹកនាំដែលរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនោះទេ»។
សម្រាប់តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក សួន សូរីដា គាំទ្រចំពោះវិធានរបស់អ្នកប្រជាធិបតេយ្យនៅក្រៅប្រទេស ដែលឈឺឆ្អាលចង់ឱ្យមានការផ្លាស់ប្តូរការដឹកនាំផ្តាច់ការ បែបគ្រួសារនិយមនៅកម្ពុជា។
តែយ៉ាងណា លោកថា ចរន្តនេះ គ្រាន់តែជាការរួមចំណែកមួយទេ អ្វីដែលសំខាន់ គឺពលរដ្ឋខ្មែរអ្នកប្រជាធិបតេយ្យក្នុងស្រុក ត្រូវតែហ៊ានបន្លឺសំឡេងទាមទារសិទ្ធិសេរីភាព និងយុត្តិធម៌របស់ខ្លួនឡើងវិញដែរ។
លោកថា៖ «ខ្ញុំគិតថា បើសិនជាយើងចង់ឲ្យមានការផ្លាស់ប្តូរ ចាំបាច់ដែលយើងត្រូវបង្កើន គេហៅថា សម្ពាធនៅខាងក្នុងប្រទេសឲ្យបានខ្លាំងជាងនៅខាងក្រៅ ហើយយើងដឹងហើយថា បើយើងប្រើប្រាស់សម្ពាធនៅខាងក្នុងប្រទេសឲ្យបានខ្លាំង នោះវានឹងជំរុញឲ្យរដ្ឋាភិបាលងាកមកពិចារណា ក្នុងការគោរពសិទ្ធិមនុស្ស និងការស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ»។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន សុំមិនធ្វើការអត្ថាធិប្បាយ ដោយលោកបញ្ជាក់ថា លោកកំពុងជាប់រវល់ប្រជុំ។
លោកថា៖ «ខ្ញុំកំពុងជាប់រវល់ប្រជុំ»។
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សភាអឺរ៉ុប បានជំរុញឱ្យគណៈកម្មការអឺរ៉ុប និងសហភាពអឺរ៉ុប ពិនិត្យសើរើឡើងវិញ ចំពោះការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ (EBA)» ដែលនៅសល់ចំនួន៨០% ជាមួយកម្ពុជា និងពិចារណាដាក់ទណ្ឌកម្មជាក់លាក់លើក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលពាក់ព័ន្ធនឹងការរឹតត្បិតផ្នែកនយោបាយ ធ្វើឱ្យដំណើរការប្រជាធិបតេយ្យធ្លាក់ចុះ រហូតទាល់តែអ្នកទោសនយោបាយ សកម្មជនអ្នកការពារសិទ្ធិមនុស្សទាំងអស់ ដែលត្រូវបានចោទប្រកាន់ ក្រោមបទចោទដែលមានចរិតនយោបាយ ត្រូវបានដោះលែង។
បន្ថែមពីនេះ ការចាប់ឃុំខ្លួន លោក កឹម សុខា និងការរំលាយបក្សប្រឆាំងតាមទំនើងចិត្តរបស់ លោក ហ៊ុន សែន គឺជាការបំផ្លាញនូវគោលការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះមិនល្អលើឆាកអន្តរជាតិ។
ករណីចាប់ឃុំខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងរំលាយគណបក្សសង្រ្គោះជាតិដែលមានប្រជាពលរដ្ឋគាំទ្រជិតពាក់កណ្តាលប្រទេស ចាប់តាំងពីឆ្នាំ២០១៧មក ធ្វើឱ្យមានការថ្កោលទោស និងការដាក់ទណ្ឌកម្មពីប្រទេសលោកសេរីជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ។
អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch និយាយក្នុងសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះថា លោក ហ៊ុន ម៉ាណែត បានបរាជ័យពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ តាមការសន្យាជាមួយសិទ្ធិមនុស្សអន្តរជាតិ(UN)។
អង្គការនោះ សំអាងថា រយៈពេល១ឆ្នាំ នៃការឡើងកាន់អំណាច លោក ហ៊ុន ម៉ាណែត បន្តប្រើប្រព័ន្ធតុលាការជាឧបករណ៍គំរាមកំហែងឥតឈប់ឈរ ដើម្បីបំបិទមាត់អ្នករិះគន់អ្នកនយោបាយជំទាស់ និងអ្នកការពារសិទ្ធិមនុស្ស ដើរផ្ទុយពីគន្លងប្រជាធិបតេយ្យ ដូចឳពុករបស់ខ្លួន។ ការអនុវត្តច្បាប់ ការចាប់ខ្លួន និងការឃុំខ្លួន អ្នកប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាល ធ្វើឡើងក្រោមហេតុផលនយោបាយ។
សេចក្តីប្រកាសនោះ បានដកស្រង់សម្តី លោក Bryony Lau នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch មកចុះផ្សាយថា៖ «នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានដើរតាមគន្លងឪពុករបស់លោក ដោយបង្កើនការប្រើប្រាស់ច្បាប់គាបសង្កត់ និងតុលាការជាឧបករណ៍នយោបាយ ដើម្បីបំបិទមាត់អ្នករិះគន់ និងអ្នកការពារសិទ្ធិមនុស្ស»។
លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មានត្រឹមជានិម្មិតរូបប៉ុណ្ណោះធ្វើឱ្យសេរីភាពនៃការបញ្ចេញមតិរបស់សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ស្ថិតនៅក្រោមការគំរាមកំហែង នៃការធ្វើទុក្ខបុកម្នេញឥតឈប់ឈរ។
បញ្ហាទាំងអស់នេះ Human Rights Watch រំឭកថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គួរតែកែប្រែនូវទង្វើបំពានសេរីភាពជាមូលដ្ឋាន ហើយងាកមកអនុវត្តតាមការសន្យារបស់ខ្លួន ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ៕