បុគ្គលិកដោះមីនជាង​២០០នាក់​ត្រូវ​រំសាយ​ត្រឹម​ដាច់​ខែនេះ​ក្រោយ​​​អាមេរិក​បង្កក​ជំនួយ

មជ្ឈមណ្ឌល​សកម្មភាព​​កម្ចាត់​មីន​កម្ពុជា ឱ្យដឹងថា ខ្លួន​បានទទួលព័ត៌មានផ្លូវការ​ពីអង្គការ​ដៃគូ ដោយ​ស្នើ​សុំឱ្យអង្គភាពនេះធ្វើការ​រំសាយបុគ្គលិក​ និងកម្លាំងប្រតិបត្តិការជាង ២០០នាក់ ​ដែលស្ថិត​ក្នុង​ជំនួយ​​របស់​សហរដ្ឋ​អាមេរិក ចាប់ពីដើមខែមីនាទៅ។

សេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ ចុះ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឱ្យដឹងថា ការ​ប្រកាស​​ផ្អាកជំនួយ​ភ្លាមៗរបស់​រដ្ឋាភិបាលសហរដ្ឋ​អាមេរិក ចាប់​ពី​ថ្ងៃ​ទី​២៥ ខែ​មករា​ ឆ្នាំ​២០២៥ ដែល​មាន​រយៈ​ពេល ៨៥​ថ្ងៃ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​​ដ​ល់​កម្លាំង​​ប្រតិ​បត្តិ​ការ​មួយ​ចំនួន​​របស់​អង្គភាព​ស៊ីម៉ាក់ ដែល​គាំទ្រ​ដោយ​​អង្គការ​ដៃគូ ដែល​បាន​ទទួល​ថវិកា​​ជំនួយ​​ពី​រដ្ឋាភិបាល​អាមេរិក។

ស៊ីម៉ាក់ បន្តថា នៅថ្ងៃទី​១៣ ខែ​កុម្ភៈ​ម្សិល​មិញ​​នេះ អង្គ​ភាព​ស៊ីម៉ាក់ បានទទួលព័ត៌មាន​ជាផ្លូវ​ការ​ពី​​អង្គការ​ដៃគូ ដោយ​ស្នើ​ឱ្យ​​ស៊ីម៉ាក់​ធ្វើការ​រំសាយ​បុគ្គលិក និងកម្លាំងប្រតិបត្តិ​ការ​បោស​​សម្អាត​​មីន ក្នុង​គម្រោង​ជំនួយ​របស់​សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។

អង្គភាព​​​នេះ បន្តទៀត​ថា ក្នុងស្ថានភាព​ចំពោះមុ​ខ​នេះ អង្គ​ភាព​នេះ​នឹង​​ខិ​ត​ខំ​ដោះ​ស្រាយ​គ្រប់​លទ្ធ​​ភាព​​​និង​មធ្យោ​បាយ​ ដើម្បី​រក្សា​​កម្លាំង​​ជំនាញ​ទាំង​អស់​​ដែល​​ត្រូវ​​កាត់​រំសាយ​នេះ​ឱ្យ​​នៅ​​បន្ត​បំពេញ​​​​ភារកិច្ច​ក្នុងអង្គភាពធម្មតា។

បើតាមអង្គភាពស៊ីម៉ាក់ កម្លាំង​ប្រតិបត្តិការ​​របស់​​អង្គភាព​នេះ​មាន​ចំនួន ៩២% បន្ត​ប្រតិ​បត្តិ​ការ​​ជា​​ធម្មតា​ នៅ​តាម​បណ្តា​​ខេត្ត​នានា​ដោយ​រួម​​ទាំង​​ខេត្ត​ដែល​ត្រូវ​​បាន​​ផ្អាក​​​​ជំនួយ​​នេះ​​ផង​ដែរ ដែល​កម្លាំង​ទាំង​នោះ​គាំទ្រ​​ដោយ​​រដ្ឋាភិបាល​កម្ពុជា និង​ប្រទេស​​ផ្តល់​ជំនួយ​​ដូច​ជា ជប៉ុន ចិន​ អាឡឺម៉ង់ JICA និង​ដៃគូផ្សេងទៀត​ រួមទាំង​វិស័យ​ឯកជន។

ក្រោយពេលប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ស្បថ​ឡើង​កាន់​តំណែង​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២៥ រដ្ឋបាល​របស់​លោក​បាន​ប្រកាស​ផ្អាក​ឬ​បង្កក​ការ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​របស់​ខ្លួន​ឈ្មោះ ក្រោម​គម្រោង​ទីភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ហៅ​កាត់​ថា យូសេដ​(USAID) រយៈ​ពេល​ពេល៣​ខែ ឬ​៩០​ថ្ងៃ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ប្រទេស និង​អង្គ​ការ​ជា​ដៃគូ​ជាច្រើន​នៅ​លើ​ពិភព​លោក រួម​ទាំង​កម្ពុជា​ផង​ដែរ។

វិស័យ​​អាទិភាព​មួយ​ចំនួន​ដែល USAID ផ្ដោត​លើ​​រួម​​មាន លទ្ធិ​ប្រជាធិបតេយ្យ​ និង​អភិបាលកិច្ច​ វិស័យ​សុខភាព​ ​អប់រំ​ ការ​ការពារ​កុមារ​ បរិស្ថាន​ និង​សន្តិសុខ​ស្បៀង​។​

ចំពោះជំនួយ​ផ្នែក​​​លើក​​​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​អភិបាលកិច្ច ទីភ្នាក់​ងារ USAID បាន​គាំទ្រ​អង្គកា​រ​ក្រៅ​រដ្ឋាភិបាល​​ដែល​​ជា​ដៃគូ​សំខាន់ៗ​ចំនួន ​១១​​អង្គ​ការ​​​នៅ​​ប្រទេស​កម្ពុជា។

ស្របពេលគ្នានេះដែរ នៅអំឡុងសប្តាហ៍នេះ លោក សយ សុភាព អ្នក​អត្ថា​ធិប្បាយ​ព័ត៌​​មាន​គាំទ្រ​រដ្ឋាភិបាល​​គ្រួសារ​ហ៊ុន បាន​​​និយាយ​​បែប​​ចោទ​ប្រកាន់​ថា លោក កឹម សុខា បាន​ទទួល​​លុយ​​ពី​សហរដ្ឋ​​អាមេរិក​តាម​រយៈ USAID រាប់​លាន​ដុល្លារ​​អាមេរិក ដើម្បី​ធ្វើ​បដិវត្ត​​ពណ៌ មុន​​នឹង​​បង្កើត​គណបក្ស​​សិទ្ធិ​មនុស្ស ដើម្បី​ឈាន​ទៅធ្វើ​បដិវត្ត​ពណ៌​ផ្តួល​រំលំ​រដ្ឋាភិ​បាល។

ការថ្លែងបែបនេះ បានធ្វើឱ្យ​អ្នកនយោបាយ​សិ្នទ្ធនឹង​​លោក កឹម សុខា បាន​ប្រតិកម្ម​វាយ​បក​ទៅ​លោក សយ សុភាព វិញដោយចោទជាសំណួរថា ចុះរដ្ឋាភិបាល​កម្ពុជា និងការ​សិក្សា​របស់​លោក ហ៊ុន ម៉ាណែត នៅ​អាមេរិក​​ទទួល​លុយ​ពី USAID វិញ​យ៉ាង​ណា​ដែរ? តើ​ជា​ការ​ធ្វើ​បដិវត្ត​ពណ៌​ដែរ​ឬ​យ៉ាង​ណា?៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ