រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានបង្ហើបកុំឱ្យកូនបំណុលសងលុយត្រឡប់ទៅអ្នកផ្តល់កម្ចីតាមអនឡាញខុសច្បាប់ ដោយមិនបញ្ជាក់ពីមូលហេតុ ដោយគ្រាន់តែអះអាងថា បើសិនជាមានការរករឿងណាមួយ សូមប្តឹងមកសមត្ថកិច្ច។
នេះបើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ដែលប្រភពនោះ បញ្ជាក់ថា ការថ្លែងរបស់ លោក ស សុខា ធ្វើឡើង ក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ក្នុងពិធីនោះ លោក ស សុខា ក្រៅពីថ្លែងអរគុណមន្ត្រីពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ លោករំឭកឱ្យបន្តផ្សព្វផ្សាយ និងទប់ស្កាត់ កុំឱ្យមានការខ្ចីប្រាក់ខុសច្បាប់ ខ្ចីប្រាក់ពីក្រុមជនបរទេសនៃការដាក់គំនាប ទៅលើអ្នកខ្ចីខុសពីច្បាប់។
លោក ស សុខា ថ្លែងថា៖ «ឱ្យផ្តល់ការអប់រំណែនាំដល់ប្រជាពលរដ្ឋ ប្រសិនបើក្រុមឱ្យខ្ចីប្រាក់នោះជាក្រុមដែលខុសច្បាប់ ក្រុមជនបរទេសដែលធ្វើការ កម្ចីតាមអនឡាញជាដើមនោះ គឺកុំសងតែម្តង បើសិនជាមានការរករឿងណាមួយ សូមប្តឹងមកសមត្ថកិច្ច»។
វីអូឌី នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ដើម្បីសុំការពន្យល់បន្ថែមជុំវិញការលើកឡើងនេះបានទេ ដោយហៅទូរស័ព្ទចូលច្រើនដង តែគ្មានអ្នកលើក ។
តែយ៉ាងណា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា ក្នុងពិធីនោះ ត្រូវបានគេស្រង់សម្តីមកចុះផ្សាយបញ្ជាក់ថា កម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬអង្គភាពផ្តល់ប្រាក់កម្ចី ដែលគេធ្វើប្រតិបត្តិការស្របតាមច្បាប់ និងកម្ចីជាលក្ខណៈឯកជនបុគ្គល និងបុគ្គល ដែលផ្ទុយពីកម្ចីខុសច្បាប់នោះ គឺត្រូវតែមានកាតព្វកិច្ចសងទៅតាមច្បាប់ និងការព្រមព្រៀង។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នជាស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន និយាយថា វិធាននេះ នឹងមិនអាចសង្គ្រោះពលរដ្ឋពីការរងគ្រោះដោយអំពើបោកតាមកម្ចីអនឡាញនេះបានទេ បើរដ្ឋាភិបាលមិនអាចកម្ចាត់ក្រុមឧក្រិដ្ឋជនអនឡាញបានទេនោះ ។
ក្នុងន័យនេះ លោកពន្យល់ថា ពលរដ្ឋមិនបានដឹងថា ក្រុមហ៊ុនផ្តល់កម្ចីណាមួយខុសច្បាប់ និងមួយណាស្របច្បាប់នោះទេ ខណៈក្រុមហ៊ុនកម្ចីស្របច្បាប់ និងអ្នកផ្តល់កម្ចីខុសច្បាប់ ពួកគេប្រើប្រព័ន្ធអនឡាញ ដើម្បីផ្សព្វផ្សាយទាក់ទាញអតិថិជនដូចគ្នា។
លោកថា៖ «អ្វីដែលសំខាន់ទាល់តែសមត្ថកិច្ចប្រឹងប្រែងក្នុងការបំបាត់ឧក្រិដ្ឋកម្មអនឡាញ ធ្វើម៉េចឱ្យបាត់អាហ្នឹង ហើយធ្វើម៉េចឱ្យបាត់អ្នកដែលឆបោកហ្នឹង ម្យ៉ាងទៀតបង្រៀនប្រជាពលរដ្ឋតាមមធ្យោបាយណាដែលអាចទទួលបានហ្នឹង ឱ្យយល់ដឹងពីបញ្ហាហ្នឹង»។
សម្រាប់ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក លោក យង់ គិមអេង មានប្រសាសន៍ថា ការថ្លែងរបស់ក្រសួងមហាផ្ទៃនេះ ជារឿងល្អមួយ សម្រាប់អន្តរាគមន៍ដល់ពលរដ្ធដែលរងគ្រោះពីកម្ចីអនឡាញខុសច្បាប់។
ប៉ុន្តែលោកថា រដ្ឋាភិបាលត្រូវសហការណ៍ និងផ្ដល់វិធីសាស្រ្តដែលងាយស្រួល ក្នុងការអន្តរាគមន៍ដល់ពលរដ្ធដែលជួបបញ្ហានេះ កុំឱ្យពួកគេរងការបំភិតបំភ័យ ពីក្រុមកម្ចីខុសច្បាប់ទើបទទួលបានជោគជ័យ ។
លោកថា៖ «វិធានការដែលមានប្រសិទ្ធភាពហ្នឹង គឺអាជ្ញាធរត្រូវតែមានលេខហតឡាញ(Hotline) បើថាមានកម្ចីអនឡាញហ្នឹងកើតឡើង គឺត្រូវតែជួយអន្តរាគមន៍គាត់ភ្លាម កុំឱ្យគាត់ទទួលរងការបំភិតបំភ័យ ហើយភ័យខ្លាចដោយសារតែអ្នកកម្ចីអនឡាញរករឿងគាត់ និងជួយទៅដល់ប្រជាពលរដ្ធកុំឱ្យមានការភ័យខ្លាចពីអ្នកកម្ចីអនឡញខុសច្បាប់»។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋកម្ពុជាចំនួនតែ ១៨%ប៉ុណ្ណោះ ដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ខណៈអ្នកជំនាញថា ការមានចំណេះដឹងផ្នែកហិរញ្ញវត្ថុទាប នឹងអាចធ្វើឱ្យពលរដ្ឋងាយសម្រេចចិត្តខុសក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ៕