អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល បាននិយាយថា ធនធានទឹកជាចំនុចស្នូលនៃវិស័យកសិកម្ម និងធានាសន្តិសុខស្បៀង ជាយុទ្ធសាស្ត្រអាទិភាពរបស់រដ្ឋាភិបាល ជំរុញការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ខណៈកសិករខ្លះប្រឈមខ្វះទឹកធ្វើស្រែ និងចិញ្ចឹមសត្វ។
ការថ្លែងរបស់លោក ស៊ុន ចាន់ថុល ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកុម្ភៈនេះ ដែលក្រសួងយុត្តិធម៌បានដកស្រង់សម្តីមកចុះផ្សាយលើគេហទំព័ររបស់ខ្លួន ។
លោក ស៊ុន ចាន់ថុល និយាយថា ធនធានទឹក ជាចំណុចស្នូលនៃវិស័យកសិកម្ម ឧស្សាហកម្ម និងទឹកស្អាត ដែលនៅតែជាវិស័យចម្បងសម្រាប់ប្រទេសកម្ពុជា ក្នុងការរក្សាស្ថិរភាពតម្លៃស្បៀង ធានាសន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សម្រាប់លោក ស៊ុន ចាន់ថុល កម្ពុជាចាត់ទុកទឹកជា “មាស ស” ដែលជាកម្លាំងចលករសម្រាប់ជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព និងបរិយាប័ន្ន។
រដ្ឋាភិបាលកម្ពុជា តែងតែទទួលស្គាល់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រ និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក តាមរយៈការជំរុញការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ ក្នុងការឈានទៅសម្រេចនូវគោលដៅ «ទឹកដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។
យ៉ាងណា អាជ្ញាធរខេត្តពោធិ៍សាត់ ដែលជាខេត្តជាប់បឹងទន្លេសាប កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បានជូនដំណឹងឱ្យកសិករផ្អាកធ្វើស្រែប្រាំង ដើម្បីបញ្ចៀសការខាតបង់ ដោយសំអាង ពីមូលហេតុខ្វះទឹក។
ដោយឡែក អំឡុងខែមករា ឆ្នាំ២០២៥នេះ កសិកររាប់សិបនាក់ នៅស្រុកបាទី ខេត្តតាកែវ បាននាំគ្នាបិទផ្លូវជាតិលេខ២ ទាមទារឱ្យអាជ្ញាធរជួយសង្គ្រោះស្រូវប្រាំង ជាង៤ពាន់ហិកតា ប្រឈមនឹងខ្វះទឹក។
លើសពីនេះ ប៉ុន្មានថ្ងៃមុននេះ កសិករនៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបង្ហោះសារលើហ្វេសប៊ុក អំពាវនាវរកការសង្គ្រោះពលរដ្ឋជាង៣០០គ្រួសារ និងសត្វពាហនៈ ដែលកំពុងប្រឈមនឹងការខ្វះទឹក៕