អ្នកចាញ់បោកក្រុមហ៊ុនប្រ៊ីលានស៊ីធី របស់អតីតឧកញ៉ា ឡេង ចាន់ណា គំរាមតវ៉ាទ្រង់ទ្រាយធំក្នុងទឹកដីខេត្តសៀមរាប ដោយសារអស់ការអត់ធ្មត់រងចាំដំណោះស្រាយជាង១ឆ្នាំទៅនេះ ធ្វើឱ្យពួកគេជួបវិបត្តិបំណុលធ្ងន់ធ្ងរមិនអាចដោះស្រាយបាន។
គម្រោងបាតុកម្មទ្រង់ទ្រាយធំនេះ ក្រោយយុត្តិធម៌របស់ពួកគេត្រូវជាប់គាំងធ្វើឱ្យអ្នកចាញ់បោកប្រឈមវិបត្តិបំណុលធ្ងន់ធ្ងរក្រោមសម្ពាធផ្លូវច្បាប់ពីធនាគារ ទោះបីមានមេធាវីរដ្ឋាភិបាលជួយការពារក្តីឱ្យក្រុមជនរងគ្រោះក្តី។
ជនរងគ្រោះម្នាក់ លោក បូ ពេជ្យរស្មី ប្រាប់VODនៅថ្ងៃទី១៤ ខែកុម្ភៈនេះថា ក្រុមជនរងគ្រោះនឹងធ្វើបាតុកម្មទ្រង់ទ្រាយធំនៅមុខសាលាដំបូងខេត្តសៀមរាប ជំរុញទៅរដ្ឋាភិបាលពន្លឿនរកយុត្តិធម៌ ដើម្បីបានលុយដោះសា្រយវិបត្តិបំណុល ខណៈលោកអស់ជំនឿលើប្រព័ន្ធយុត្តិធម៌កម្ពុជា។
លោកថា៖ «ខាងពួកខ្ញុំដាក់ពាក្យបណ្ដឹងហើយ! ប៉ុន្តែដោយសារតែអត់ឃើញមានដំណោះស្រាយ។ ដំណោះស្រាយវាអត់មានជាក់លាក់ថា ច្បាស់លាស់ ដោះស្រាយបានឬមិនបាន។ ហើយពួកខ្ញុំក៏សម្រេចចិត្តធ្វើបាតុកម្មមួយថា ជ្រើសរើសយកថ្ងៃទី២២ ខែ២នេះ ដើម្បីឲ្យតុលាការជួយពន្លឿនហើយខាងមេធាវីខាងសាលាខេត្តជួយពន្លឿន ដំណឹងដល់ថ្នាក់ដឹកនាំ។ ព្រោះពួកខ្ញុំនេះ ប្រឈមមុខនឹងធនាគារខ្លាំងពេកគេមិនមែនមកយោគយល់យើង! (រឿង) យើងយកលុយទៅវិនិយោគខាងណា គេ អត់ដឹងទេ គេដឹងតែបាន(លុយ)បណ្តោយ»។
បើតាមលោក ពេជ្យរស្មី លោកចាញ់បោកក្រុមហ៊ុនប្រ៊ីលានស៊ីធីចំនួន ១៤០០០ដុល្លារអាមេរិក កាលពីឆ្នាំ២០២៣ ដែលជាកម្ចីពីធនាគារ ខណៈបច្ចុប្បន្នលោកត្រូវបង់ធនាគារជិត៤០០ដុល្លារក្នុងមួយខែ តែលោកថា ខកខានបង់ប្រមាណ៦ខែ ហើយធ្វើឱ្យធនាគារព្រមានចាត់វិធានការផ្លូវច្បាប់។
លោកថា៖ «ស្នើដល់រដ្ឋាភិបាលជួយដោះស្រាយរឿងក្ដីពួកខ្ញុំផង ហើយពួកខាងជនរងគ្រោះខាងខ្ញុំនេះមានបញ្ហាប្រឈមមុខនឹងខាងធនាគារ ហើយខ្ញុំសង្ឃឹមថារដ្ឋាភិបាលឬក៏ដឹកនាំមួយចំនួននឹងមេត្តាជួយដោះស្រាយ។ បើរដ្ឋាភិបាល អត់ដោះស្រាយទេ គឺពួកខ្ញុំហ្នឹងអស់ដីអស់ទ្រព្យគ្មានកន្លែងនៅទេ! ម្នាក់ៗ ឆ្កួតវង្វេង ខ្លះដល់អាយុជីវិតទៀត»។
ដោយឡែក ជនរងគ្រោះម្នាក់ទៀត ប្រាប់ VOD ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ពេលខ្លះគាត់ត្រូវដាច់បាយ ព្រោះត្រូវសន្សំលុយទុកបង់ធនាគារ ក្រោយចាញ់បោកក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា ជិត ៣ម៉ឺនដុល្លារអាមេរិក។
អ្នកស្រីថា៖ «រាល់ថ្ងៃខ្ញុំ រកដោះធនាគារ សឹងតែគ្មានអីហូប ផ្គត់ផ្គង់តែធនាគារហ្នឹង! ហើយកូន២នាក់ទៀតធ្វើការរោងចក្រ ឥលូវកំពុងធ្វើការរោងចក្រ លួចនិយាយហ្នឹង! ខ្លាចមេ ប្រធាន មកជេ។ ខ្ញុំចាញ់បោកអស់ ២ម៉ឹន៨ពាន់(ដុល្លារអាមេរិក) លុយធនាគារសុទ្ធម៉ង។ រាល់ថ្ងៃវេទនានឹងរកដោះធនាគារ បង់មួយខែ ៥(ទៅ)៦រយ រាល់ថ្ងៃដោះធនាគារ។ ខ្ញុំធ្វើការរោងចក្រ ហើយប្ដីខ្ញុំនៅស៊ីឈ្នួលគេនៅផ្ទះដើរធ្វើស្រែអ៊ីចឹងទៅ មួយខែៗ ផ្គត់ផ្គង់បង់តែធនាគារទេ។ ខ្លះបង់អត់ទាន់ឱ្យគេ តេមកប្រមាថសព្វគ្រប់ អូសរឹបយើង»។
បន្ថែមលើនេះ គណនីហ្វេសប៊ុកឈ្មោះ Sak Phanna បង្ហោះសារក្នុងន័យដើមថា៖ «ការអត់ធ្មត់រងចាំពី១ខែទៅ១ខែ នៅតែគ្មានដំណោះស្រាយ ថ្ងៃនេះទៅថ្ងៃនោះ ខែនេះទៅខែនោះធ្វើឱ្យយើងខ្ញុំកាន់តែលំបាកទៅៗ ធនាគាររឹបអូសដីធ្លីផ្ទះសំបែងអស់ហើយ។ ពួកយើងខ្ញុំសូមប្រកាស និងជូនដំណឹងដល់បងប្អូនរងគ្រោះទាំងអស់អញ្ជើញមកចូលរួមធ្វើមហាបាតុកម្មទ្រង់ទ្រាយធំនៅខេត្តសៀមរាបចាប់ពីថ្ងៃទី២២ ខែកុម្ភៈ នេះតទៅ»។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ំ សំអាន សង្កត់ធ្ងន់ថា បើក្រុមជនរងគ្រោះនៅស្ងៀមមិនហ៊ានងើបតវ៉ាប្រឆាំងអំពើបោកប្រាស់នេះទេ នោះពួកគេនឹងគ្មានថ្ងៃទទួលបានយុត្តិធម៌ទេ ដោយលោកថារឿងក្តីឆបោកដ៏កក្រើកនេះជាប់ពាក់ព័ន្ធនឹងគ្រួសារហ៊ុន។
លោកថា៖ «លោក ហ៊ុន ម៉ាណែត បាននិយាយថារក្សាទុកមេមាន់យកពងអ៊ីចឹងហើយបើសិនជាប្រជាពលរដ្ឋមិនចេញមកតវ៉ានោះទេ ប្រាកដជា លោក ហ៊ុន ម៉ាណែត ការពារឧកញ៉ាទាំងអស់ហ្នឹងហើយ ព្រោះឧកញ៉ាទាំងអស់ហ្នឹង លោក ហ៊ុន ម៉ាណែត ទទួលបានពីឧកញ៉ាទាំងអស់ហ្នឹងតាមរយៈលុយកាក់ដែលយកទៅសូកត្រកូលហ៊ុនហ្នឹង ដើម្បីឲ្យមុខរបររបស់ខ្លួន ដែលរកស៊ីខុសច្បាប់ និងការឆបោករបស់ឧកញ៉ាទាំងអស់ហ្នឹង អាចដំណើរការទៅបាន។ ដូច្នេះ ប្រជាពលរដ្ឋត្រូវតែចេញមកតវ៉ាជាលក្ខណៈទ្រង់ទ្រាយធំ ហើយជាប្រចាំទើបអាចទទួលបាននូវយុត្តិធម៌ ហើយយើងដឹងហើយតុលាការស្រុកខ្មែរ គឺជាតុលាការតេឡេតុលាការពុករលួយប្រាកដជាជួយការពារ ឧកញ៉ាទាំងអស់ហ្នឹង ព្រោះចៅក្រមមួយចំនួនព្រះរាជអាជ្ញាមួយចំនួនហ្នឹង គឺទទួលផលប្រយោជន៍ពីឧកញ៉ា ទាំងអស់ហ្នឹង»។
ការលើកឡើងរបស់ លោក អ៊ំ សំអាន នេះដូចគ្នាទៅនឹងការសារភាពរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលធ្លាប់ប្រាប់ពលរដ្ឋមុនពេលជាប់ពន្ធនាគារថា ក្រុមហ៊ុនខ្លួនមាននាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ជាខ្នងបង្អែក។
អ្នកស្រីថា៖ «និយាយពាក្យបង្ខូចបង្កាច់សមាគម បង្ខូចបង្កាច់ពួកខ្ញុំ។ សូមពុកម៉ែបងប្អូនថតរូបបុគ្គលរូបនោះឱ្យបានឱ្យខ្ញុំ ឱ្យពួកខ្ញុំយល់ទេ ទាំងអស់គ្នា។ ខ្ញុំឱ្យអ្នកទាំងអស់គ្នាហ៊ាននិយាយ ព្រោះពួកខ្ញុំទាំងអស់ក៏មានសិទ្ធិការពារនៅកេរ្តិ៍ឈ្មោះ របស់ពួកខ្ញុំដែរ ជាពិសេសសមាគមដែលបង្កើតឡើងដោយឯកឧត្ដម ហ៊ុន ម៉ាណែត ទៀត»។
យ៉ាងណា នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត តាមរយៈសេចក្តីបំភ្លឺព័ត៌មាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បញ្ជាក់ថា ខ្លួនមិនបានពាក់ព័ន្ធជាមួយសកម្មភាពឆបោករបស់ឧកញ៉ា ឡេង ចាន់ណា ទេខណៈគ្មានស្ថាប័នជំនាញការបើកការស៊ើបអង្កេតលើកូនប្រុស លោក ហ៊ុន សែន រូបនេះទេ ក្រៅពីការចេញលិខិតបំភ្លឺមួយច្បាប់នេះ។
បន្ថែមលើនេះ មន្រ្តីសិទ្ធិ លោក ហ៊ុន ម៉ាណែត ម្នាក់គឺលោក ស៊ាន បូរ៉ាត់ ដែលមានឥទ្ធិពលក្នុងការអូសទាញអតិថិជនក្នុងអំពើឆបោកនេះដែរ បន្តរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ និងត្រូវបានតុលាការចាត់ទុកថាជាសាក្សីក្នុងរឿងក្តីឆបោកនេះ។
ម្ចាស់ក្រុមហ៊ុនប្រ៊ីលានស៊ីធី គឺអតីតឧកញ៉ា ឡេង ចាន់ណា ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រោយពីជនរងគ្រោះផ្ទុះការតវ៉ាជាបន្តបន្ទាប់ រយៈពេលប្រមាណ១ខែ ដែលមានអ្នកចាញ់បោកប្រមាណ ៧០០០គ្រួសារ គិតទឹកប្រាក់ជាង ៣០០លានដុល្លារអាមេរិក។
បើតាមតុលាការខេត្តសៀមរាប អ្នកស្រី ឡេង ចាន់ណា ត្រូវជាប់ចោទច្រើនបទល្មើស រួមមាន បទ ឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង បទសម្អាតប្រាក់ និងបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។
លោក គី តិច ប្រធានក្រុមមេធាវីរបស់រដ្ឋាភិបាល ដែលចូលខ្លួនធ្វើជាតំណាងឱ្យជនរងគ្រោះ បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានកាលពីខែតុលា ឆ្នាំ២០២៤ថា មានជនរងគ្រោះចំនួនជិត ៥ពាន់នាក់ ស្ម័គ្រចិត្តឱ្យក្រុមមេធាវីលោកការពារសំណុំរឿងរបស់ពួកគេ និងបន្តប្រមូលឯកសារពីក្រុមអ្នកចាញ់បោកនៅក្រៅប្រទេសបន្តទៀត។
យន្តការនេះ ធ្វើឡើងតាមការបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីខែឧសភា ឆ្នាំ២០២៤ តែចាប់ពីមេធាវីរូបនោះ ជួយការពារក្តីជិតមួយឆ្នាំទៅនេះ ជនរងគ្រោះនៅតែមិនទទួលបានសំណងមកវិញនោះទេ ខណៈពួកគេបានលក់ដីស្រែ ខ្លះចំណាកស្រុក ក្រោមសម្ពាធបំណុល។
អ្នកឃ្លំាមើលសង្គម វិភាគថា រឿងក្តីអ្នកស្រី ឡេង ចាន់ណា ដែលជំពាក់ជំពិនជាមួយនាយករដ្ឋមន្រ្តី រួមទាំងមន្រ្តីគ្រាក់ៗដូច លោក ស៊ាន បូរ៉ាត់ នេះអាចនឹងត្រូវបានរដ្ឋាភិបាលកប់ចោល បើជនរងគ្រោះរក្សាភាពស្ងៀមស្ងាត់ មិនចេញតវ៉ារកកិច្ចអន្តរាគមន៍ដោយខ្លួនឯង ខណៈ ប្រព័ន្ធតុលាការកម្ពុជា ត្រូវគេមើលឃើញថាគ្រាន់តែជាកូនអ៊ុករបស់អ្នកមានអំណាចតែប៉ុណ្ណោះ៕