គិតចាប់តាំងពីក្រោយការបោះឆ្នោតជាតិឆ្នាំ១៩៩៣មក គេមិនដែលឃើញសំណុំរឿងក្តីក្តាំរបស់អ្នកនយោបាយពីគណបក្សប្រឆាំងណាបានឈ្នះក្តី ឬក៏ទទួលបានយុត្តិធម៌ ពីតុលាការគ្រប់ជាន់ថ្នាក់របស់កម្ពុជានោះទេ ធ្វើឱ្យអ្នកនយោបាយ និងសកម្មជនគណបក្សប្រឆាំង រួមទាំងសកម្មជនសង្គមដែលមាននិន្នាការមិនស្របនឹងរដ្ឋាភិបាលជាច្រើន ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ឱ្យជាប់ពន្ធនាគារជាច្រើនឆ្នាំ និងពិន័យជាប្រាក់រហូតដល់ខ្ទង់លានដុល្លារ។
ការដែលអ្នកនយោបាយពីបក្សប្រឆាំង និងសកម្មជនសង្គម ដែលមាននិន្នាការមិនស្របនឹងរដ្ឋាភិបាលមិនដែលទទួលបានយុត្តិធម៌នេះ ត្រូវបានអ្នកតាមដានបង្ហាញថា មួយផ្នែកធំ គឺដោយសារតែមន្ត្រីតុលាការគ្រប់ជាន់ថ្នាក់តាំងពីសាលាដំបូង រហូតដល់សាលាឧទ្ធរណ៍ និងតុលាការកំពូល គឺជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលជាគូប្រជែងនយោបាយរបស់គណបក្សប្រឆាំង។
ប្រភពដដែលចង្អុលបង្ហាញថា ជាង៤០ឆ្នាំមកហើយ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តែងតែនិយាយជាសាធារណៈផង និងតាមរយៈសារជាសំឡេងចែកចាយតាមបណ្តាញសង្គមផង គឺបានបង្ហាញពីចេតនាក្នុងការធ្វើទុក្ខបុកម្នេញទៅលើក្រុមប្រឆាំង ដូចជា ប្រើពាក្យសុទ្ធតែថា បិទទ្វារវ៉ៃឆ្កែ ងើបមួយវ៉ៃមួយ តាមកម្ទេច តាមកម្ចាត់ ក្រុមប្រឆាំងដែលលោកចោទថា ជាក្រុមឧទ្ទាមជ្រុលនិយមក្រៅច្បាប់ ក្រុមបដិវត្តន៍ពណ៌ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលជាដើម។
ហើយភ្លាមៗសមត្ថកិច្ចក៏តាមចាប់ឃុំខ្លួន និងក្រុមបាតដៃទី៣តាមវ៉ៃក្រុមប្រឆាំងទាំងនោះ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ មានអ្នកខ្លះក្រោយមកបានស្លាប់ក៏មាន។
ប៉ុន្តែគ្រប់ករណីរំលោភបំពានទៅលើសកម្មជនបក្សប្រឆាំង គេមិនដែលឃើញស្ថាប័នសមត្ថកិច្ចណា ឬស្ថាប័នតុលាការ ធ្វើការស៊ើបអង្កេត ដើម្បីចាប់ខ្លួនជនល្មើស និងអ្នកនៅពីក្រោយ យកមកផ្តន្ទាទោស ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះឡើយ។
អ្នកតាមដានចោទសួរថា តើការប្តឹងទារសំណងជំងឺចិត្តរហូតដល់ខ្ទង់លានដុល្លារ ដែលកើតឡើងជាហូរហែលើអ្នកនយោបាយបក្សប្រឆាំង គឺជាយុទ្ធសាស្ត្ររបស់បក្សកាន់អំណាច ដើម្បីផ្តាច់ច្រកនយោបាយ និងហិរញ្ញវត្ថុទៅលើអ្នកនយោបាយប្រឆាំងឬយ៉ាងណា? ខណៈគេតែងតែសង្កេតឃើញសេចក្តីសម្រេចរបស់តុលាការគ្រប់ជាន់ថ្នាក់ ទាក់ទងនឹងសំណុំរឿងអ្នកនយោបាយ តែងតែបំពេញទៅតាមការចង់បានរបស់លោក ហ៊ុន សែន។
សូមបញ្ជាក់ថា ក្រៅពី លោក សម រង្ស៊ី ដែលត្រូវបានតុលាការកាត់ទោស ឱ្យជាប់ពន្ធនាគារសរុបរហូតដល់ប្រមាណជាង ១០០ឆ្នាំ ក្នុងសំណុំរឿងជាច្រើន ការរឹបអូសទីស្នាក់ការ និងការរំលាយគណបក្សសង្គ្រោះជាតិ រួមទាំងការផ្តន្ទាទោសលោក កឹម សុខា ពីបទក្បត់ជាតិ គុបគិតជាមួយបរទេសឱ្យជាប់ឃុំក្នុងផ្ទះ រហូតដល់២៧ឆ្នាំ ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ត្រូវបានតុលាការផ្តន្ទាទោស កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បង្គាប់ឱ្យសងសំណងខូចខាតសរុបជាទឹកប្រាក់ ១លាន៥សែនដុល្លារ ទៅរដ្ឋាភិបាល ដែលជាភាគីដើមបណ្តឹង ក្រោមការចោទប្រកាន់ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ»។
លោក សុន ឆ័យ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បច្ចុប្បន្នជាអនុប្រធានគណបក្សភ្លើងទៀនកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ត្រូវបានតុលាការបង្គាប់ឱ្យសងសំណងខូចខាតទៅគណបក្សប្រជាជនកម្ពុជា នូវទឹកប្រាក់ប្រមាណ ១លានដុល្លារ ពីបទ បរិហារកេរ្តិ៍ ដោយសារតែលោកបានលើកឡើងថា មានការលួចបន្លំសន្លឹកឆ្នោត អំឡុងការបោះឆ្នោតឃុំសង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២។
បន្ថែមពីនេះ ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល (ប្រមាណ ១ ០០០ ដុល្លារ) និងដកសិទ្ធិនយោបាយរបស់លោកក្រោមការចោទប្រកាន់ពីបទ ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម កាលពីខែធ្នូ ឆ្នាំ២០២៤។
ជ្រុងមួយទៀត ដែលគេអាចមើលឃើញកាន់តែច្បាស់ ពីប្រព័ន្ធតុលាការជាឧបករណ៍នយោបាយរបស់គណបក្សកាន់អំណាច ដែលធ្វើឱ្យគណបក្សប្រឆាំងដែលមានសក្កានុពលមិនអាចឈរជើងនៅលើសង្វៀននយោបាយ ដើម្បីប្រកួតប្រជែងការបោះឆ្នោតជាមួយគ្រួសារហ៊ុនបាននោះ គឺប្រធានតុលាការកំពូលគ្រប់ជំនាន់ ត្រូវដាក់ក្រោមការបង្គាប់បញ្ជារបស់ប្រធានគណបក្សកាន់អំណាច។
តួយ៉ាងដូចជាប្រធានតុលាការកំពូលក្នុងអាណត្តិ លោក ហ៊ុន សែន គឺលោក ឌិត មន្ទី ដែលលោក ឌិត មន្ទី ជាសមជិកគណៈអចិន្ត្រៃយ៍គណបក្សបជាជនកម្ពុជា។
លោក ឌិត មន្ទី អំឡុងឆ្នាំ២០១៧ បានចេញសាលដីការំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តឹងមេដឹកនាំបក្សកាន់អំណាច ដែលពេលនោះលោក ឌិត មន្ទី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល កាន់សំណុំរឿងគណបក្សសង្គ្រោះជាតិ ក្នុងចំណោមអ្នកកាត់សេចក្តី៩នាក់ រួមទាំង លោក ជីវ កេង ជាចៅក្រម។
នៅអាណត្តិថ្មីរបស់ លោក ហ៊ុន ម៉ាណែត លោក ជីវ កេង ដែលធ្លាប់រួមដៃរំលាយគណបក្សសង្គ្រោះជាតិ ត្រូវតែងតាំងឱ្យធ្វើជាប្រធានតុលាការកំពូល ជំនួសលោក ឌិត មន្ទី ខណៈលោក ជីវ កេង ជាសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា។
ត្រង់ចំនុចចម្បងមួយនេះ បងប្អូនអាចឆ្លើយបានដោយខ្លួនឯងថា តើតុលាការកាត់ក្តីឱ្យភាគីណា ជាអ្នកឈ្នះក្តី បើប្រធានគណបក្សប្រជាជនកម្ពុជា ជាអ្នកប្តឹងចោទប្រកាន់នោះ?
ងាកមកមើលរឿងថ្មីៗនេះវិញ ករណី លោក រ៉ុង ឈុន ដែលត្រូវបានមជ្ឈដ្ឋានមួយចំនួនប្រសិទ្ធនាមថា «ជានិមិត្តរូបដើម្បីយុត្តិធម៌និងសេរីភាព» ខណៈលោកត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារ២ដង និងចាប់ឃុំខ្លួនរយៈពេលខ្លី១ដង ទាក់ទងនឹងការបញ្ចេញមតិពីបញ្ហាព្រំដែន ក៏ត្រូវបានតុលាការជូនដំណឹងឱ្យបង់ប្រាក់សងការខូចខាត រហូតដល់ប្រមាណ១០ម៉ឺនដុល្លារផងដែរ។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានជូនដំណឹងទៅលោក រ៉ុង ឈុន និងសកម្មជននយោបាយ២នាក់ទៀត ឱ្យបង់ប្រាក់ចំនួន ៤០០លានរៀល ប្រមាណជា១០ម៉ឺនដុល្លារ ទៅឱ្យគណៈកម្មាធិការកិច្ចការព្រំដែនរបស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងសំណុំរឿងដែលរូបលោក និងសកម្មជននយោបាយទាំង២រូបនោះ បានទៅមើលព្រំដែនកម្ពុជាវៀតណាម នៅខេត្តត្បូងឃ្មុំ កាលពីអំឡុងឆ្នាំ២០២១។
ក្នុងអំឡុងពេលនោះ លោក រ៉ុង ឈុន បានបញ្ចេញមតិដោយយោងទៅតាមសម្តីរបស់ប្រជាពលរដ្ឋថា ការបោះបង្គោលព្រំដែននៅខេត្តត្បូងឃ្មុំ បានធ្វើឱ្យបាត់បង់ដីស្រែដីចម្ការរបស់ប្រជាពលរដ្ឋខ្មែរទៅវៀតណាម។
នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ គណបក្សកម្លាំងជាតិ បានចាត់ទុកចំណាត់ការតាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការម្តងហើយម្តងទៀតមកលើ លោករ៉ុង ឈុន នេះថាជារឿងនយោបាយ ជាការដាក់សម្ពាធដើម្បីរំខានដល់ការបំពេញកិច្ចការងារនយោបាយ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងបានអំពាវនាវដល់រដ្ឋាភិបាល និងតុលាការឱ្យទម្លាក់ចោលរាល់បទចោទប្រកាន់ និងសំណងលើ លោក រ៉ុង ឈុន ដើម្បីឱ្យលោកមានសេរីភាព និងលទ្ធភាពបំពេញកាតព្វកិច្ចជូនជាតិមាតុភូមិ និងដើម្បីធានានូវបរិយាកាសនយោបាយឱ្យបានកាន់តែប្រសើរ មុនការចាប់ផ្តើមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៨។
ចំពោះស្ថានការណ៍ដូចដែលបានលើកឡើងមកនេះ អ្នកតាមដានលើកឡើងថា ប្រសិនបើអ្វីដែល លោក រ៉ុង ឈុន បានលើកឡើងដោយសំអាងទៅលើសម្តីប្រជាពលរដ្ឋទាក់ទងនឹងបញ្ហាព្រំដែន វាប្រាសចាកពីការពិត រដ្ឋាភិបាលត្រូវបង្ហាញការពិតពន្យល់ប្រាប់ លោក រ៉ុង ឈុន និងប្រជាពលរដ្ឋ មិនមែនត្រូវប្តឹងចាប់ដាក់គុក ហើយទាមទារប្រាក់សំណងច្រើនសន្ធឹកសន្ធាប់បែបនេះនោះទេ ពីព្រោះបើយោងតាមមាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំង២ភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
ប៉ុន្តែនេះ រដ្ឋាភិបាលមិនត្រឹមតែមិនបានដោះស្រាយ ថែមទាំងចាប់អ្នកដែលបញ្ចេញមតិ សម្តែងការខ្វល់ខ្វាយពីបញ្ហាជាតិ បញ្ហាបូរណភាពទឹកដី ដាក់ពន្ធនាគារ និងពិន័យជាប្រាក់យ៉ាងច្រើនទៅវិញ។
សំណួរសួរថាតើ លោក រ៉ុង ឈុន ឬក៏រដ្ឋាភិបាលដែលដឹកនាំដោយគ្រួសារហ៊ុន គឺជាអ្នករំលោភបំពានច្បាប់? តើច្បាប់កម្ពុជាមានមាត្រាណាដែលចែងថា ប្រជាពលរដ្ឋបញ្ចេញមតិសម្តែងការខ្វាយខ្វល់ពីការបាត់បង់ទឹកដី បែរជាត្រូវមានទោសរហូតដល់ចាប់ដាក់ពន្ធនាគារ?
ចំណែកមាត្រា៣៤ថ្មី នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំង២ភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេបោះឆ្នោត។
ឯមាត្រា៤២ ចែងថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគម និងគណបក្សនយោបាយ។ ចំណែកមាត្រា៤៩ ចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចកសាងប្រទេសជាតិ និងការពារមាតុភូមិ។
អ្នកតាមដានស្ថានការណ៍នយោបាយ និងអ្នកច្បាប់ លើកឡើងថា បើផ្អែកលើមាត្រាច្បាប់នៃរដ្ឋធម្មនុញ្ញទាំងនេះ គ្មានប្រជាពលរដ្ឋណាម្នាក់រួមទាំង លោករ៉ុង ឈុន ត្រូវបានចាប់ឃុំខ្លួន ឬផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ និងពិន័យច្រើន ដោយសារតែការបញ្ចេញមតិ ខ្វាយខ្វល់ពីបញ្ហាជាតិបញ្ហាទឹកដីនោះទេ ពីព្រោះប្រជាពលរដ្ឋខ្មែរគ្រប់រូបគឺជាម្ចាស់ប្រទេស។
ទាក់ទងនឹងការបោះបង្គោលព្រំដែនធ្វើឱ្យបាត់បង់ទឹកដីខ្មែរវិញ មានប្រជាពលរដ្ឋខ្មែរនៅតាមព្រំដែនច្រើនណាស់ រាប់ចាប់តាំងពីស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រហូតដល់ឃុំដូង ក្នុងស្រុករមាសហែក ស្រុករំដួល ស្រុកកំពង់រោរ៍ ក្នុងខេត្តស្វាយរៀង ស្រុកកោះធំ ក្នុងខេត្តកណ្តាល រហូតដល់ខេត្តតាកែវ និងខេត្តកំពតជាដើម សុទ្ធតែបានអះអាងថា ដីស្រែដីចម្ការកេរ្តិ៍ដូនតារបស់ពួកគាត់ រាប់គីឡូម៉ែត្រ បានបាត់បង់ទៅប្រទេសវៀតណាម ដោយសារតែការបោះបង្គោលព្រំដែន ផ្អែកលើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមឆ្នាំ២០០៥ដែលដឹកនាំធ្វើដោយលោក ហ៊ុន សែន។ ដូច្នេះបើយោងមាត្រា៤៤០នៃក្រមព្រហ្មទណ្ឌ ដែលចែងថា អំពើប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ត្រូវដាក់ពន្ធនាគារអស់មួយជីវិត។
អ្នកតាមដាន បានហៅវិធានលើ លោក រ៉ុង ឈុន ថាជារឿងអយុត្តិធម៌ និងថាអ្នកដែលត្រូវយកមកកាត់ទោសនោះ គឺលោក ហ៊ុន សែន ព្រោះមេដឹកនាំរូបនេះកន្លងមក ហ៊ានគំរាមព្រះមហាក្សត្រពីការរំលាយចោលរបបរាជានិយម ប្រសិនបើព្រះអង្គនៅបន្តធ្វើឱ្យរាំងស្ទះដល់ការចុះហត្ថលេខាលើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមកម្ពុជា-វៀតណាមឆ្នាំ២០០៥។
យោងតាមរបាយការណ៍របស់គម្រោងយុត្តិធម៌ពិភពលោក World Justice Project ឆ្នាំ២០២៤នេះ បង្ហាញថា កម្ពុជាបន្តស្ថិតក្នុងចំណាត់ថ្នាក់ជិតបាតតារាង ពាក់ព័ន្ធនឹងកម្រិតយុត្តិធម៌នៅក្នុងសង្គមកម្ពុជា ពោលគឺចំណាត់ថ្នាក់ទី១៤១ ក្នុងចំណោម១៤២ប្រទេស។
អង្គហេតុខាងលើដែលបានលើកឡើង ជាការឆ្លើយតបទៅនឹងប្រធានបទខាងលើដែលចោទសួរថាតើយុត្តិធម៌មានទេ សម្រាប់បក្សជំទាស់ បើតុលាការជាឧបករណ៍បក្សកាន់អំណាច?៕