CAT វិភាគ​ផ្លូវ​ច្បាប់​រក​ឃើញ​ថា លោក​​ហ៊ុន សែន មាន​កំហុស​​អាច​ប្តឹង​រំលាយ​បក្ស​ប្រជាជន

ក្រុមអ្នក​តស៊ូមតិកម្ពុជា ហៅកាត់ថា (CAT) រកឃើញ​ថា សកម្មភាព​​ចារកម្ម​ប្រព្រឹត្ត​​ដោយ​​លោក ហ៊ុន សែន​ និង​បណ្ឌិត សេង សារី​ ជា​​អំពើ​​ល្មើស​​​ច្បាប់ ដែល​អាច​ឈាន​ទៅ​ប្តឹង​រំលាយ​​បក្ស​​ប្រជាជន​​កម្ពុជាចេញ​ពី​បញ្ជី​បក្ស​ន​យោបា​យ រួមទាំងប្រឈមមុខចំពោះច្បាប់ជាតិ និងអន្តរជាតិ។

នេះបើតាមសេចក្តីវិភាគកម្រាស់៧ទំព័ររបស់ក្រុមអ្នកតស៊ូមតិកម្ពុជា ហៅកាត់  (CAT) ពីទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

បើតាម CAT លោក ហ៊ុន សែន ធ្វើសកម្មភាពយកការណ៍​ឬចារកម្ម ក្នុងនាមគណបក្សប្រជាជន ដោយ​ចិត្ត​ឯង ក្រៅ​ក្រប​ខណ្ឌ​ច្បាប់​របស់​ប្រទេស​កម្ពុជា និងផ្ទុយនឹងច្បាប់របស់ប្រទេសអូស្ត្រាលី​ទាំង​ស្រុង។

CAT បញ្ជាក់​ថា តួនាទីភារកិច្ចចារកម្ម ឬ​ការ​យក​ការណ៍ ស្ថិត​ក្រោម​រាជ​រដ្ឋាភិបាល​ដែល​ជា​អង្គការ​នីតិ​ប្រតិបត្តិ​ទាំង​ស្រុង​ ក្នុង​នោះ​មាន​ក្រសួង​ការពារ​ជាតិ និង​ក្រសួង​មហា​ផ្ទៃ ជា​សេនា​ធិការ ដែល​មិន​មាន​ពាក់​ព័ន្ធ​នឹង​លោក ហ៊ុន សែន ទេ ។

ក្នុងន័យថា CAT ថា សកម្មភាពចារកម្មនេះ បានក្លាយជាបទល្មើសព្រហ្មទណ្ឌ ប្រព្រឹត្ត​ដោយលោក ហ៊ុន សែន ដែលមានបណ្ឌិត សេង សារី និងគណបក្សប្រជាជនកម្ពុជា ជាសហចារី ។

ដោយឡែក បើគេពិនិត្យមើលច្បាប់ស្តីពីគណបក្សនយោបាយវិញ អំពើចារកម្ម និងអធម្មនុញ្ញ​ដែល​​ប្រព្រឹត្ត​ដោយ​ លោក ហ៊ុន សែន និង​បណ្ឌិត សេង សារី ក្នុងរយៈពេល៤ឆ្នាំ​នេះ ក្លាយ​ជា​ភស្តុតាងសម្រាប់តុលាការប្តឹងសុំរំលាយគ​ណបក្សប្រជាជនបាន ប្រសិនបើមានបណ្តឹងតាមនីតិវិធី​ ដូចគ្នា​នឹងបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ​ កាលពីថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដោយ​តុលាការ​កំពូល ។

CAT បាន​ដក​ស្រង់​មាត្រា​១៦២ នៃ​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រមក​បញ្ជាក់ថា អំពើរបស់​លោក ហ៊ុន សែន ក្នុង​អំពើ​ចារ​កម្ម​តាម​រយៈ​បណ្ឌិត សេង សារី ក្នុងជួរថ្នាក់ដឹកនាំគណបក្ស​​សង្គ្រោះ​ជាតិ គឺជាអំពើរបស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តាម​យាយី បំផ្លិចបំផ្លាញ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ផ្ទាល់ ។

នៅក្នុងអង្គហេតុនេះ គណបក្សប្រជាជន​កម្ពុជា បានទទួលផល​ពី​អំពើ​ទាំង​នោះ​ដោយ​ផ្ទាល់ ក្នុង​ទម្រង់​បំផ្លិច​បំផ្លាញ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បន្ត​កាន់​អំណាច​ដោយ​គ្មាន​ការ​បោះ​ឆ្នោតប្រកួត​ប្រជែង ជាចេតនា និងអំពើប្រព្រឹត្ត​បំផ្លាញ​បុគ្គល​ដ៏ទៃ ជា​បទល្មើស​ព្រហ្ម​ទណ្ឌ ។

ក្រុមអ្នកតស៊ូមតិកម្ពុជា កំណត់​ថា សកម្មភាពចារកម្មប្រព្រឹត្តដោយ​លោក ហ៊ុន សែន និង បណ្ឌិត សេង សារី ព្រមទាំងគណបក្សប្រជាជនកម្ពុជា គឺជាអំពើល្មើស​ចែង​ក្នុង​ក្រម​ព្រហ្ម​ទណ្ឌ អំពើ​អធម្មនុញ្ញ និង​ផ្ទុយ​នឹង​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ច្បាប់បោះឆ្នោត នៃព្រះរាជាណាចក្រ​កម្ពុជា ដែលត្រូវប្រឈមមុខនឹងបណ្ដឹងអាជ្ញា និង​នីតិ​វិធី​រំលាយ​គណបក្សប្រជាជនកម្ពុជា ។

ប្រធានក្រុមតស៊ូមតិកម្ពុជា លោក ហុង លឹម ប្រាប់VOD បន្ថែមនៅថ្ងៃទី១៧ ខែកុម្ភៈ​នេះ​ថា  ការចេញ​សេចក្តី​វិភាគ​ផ្លូវ​ច្បាប់​នេះ ដើម្បី​លាត​ត្រដាង​ពី​ការ​ជ្រៀត​ជ្រែក​អំណាច​របស់​លោក ហ៊ុន សែន ក្នុងស្ថាប័នជាតិ តាមទំនើងចិត្ត បង្កមហន្តរាយ​ដល់​ជាតិ។

បើតាម​លោក ហុង លឹម សកម្ម​ភាព​របស់ លោក ហ៊ុន សែន នេះ​គឺ​ជា​អំពើ​ចារកម្ម​ឆ្លង​ដែន ហើយ​ប្រទេស​អូស្រ្តាលី ក៏​បាន​ដាក់​កម្ពុជា​ក្នុងបញ្ជី​ខ្មៅ​ក្នុង​ការ​តាម​ដានផងដែរ ដែលធ្វើឱ្យកម្ពុជាកាន់តែស្អុយឈ្មោះលើឆាកអន្តរជាតិ ថែមទៀត។

លោកថា«ប្រទេស​ខ្មែរ ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស៤ ក្នុងសកលលោក ដែល​រដ្ឋាភិបាល​អូស្រា្តលី ដាក់​ចារក្នុង​បញ្ជី​ស្បែក​ខ្មៅ​គេ ថា​គេ​នឹង​តាម​មើល​រឿង​ចារកិច្ច ចារកម្ម ហើយ​នឹង​រឿង​មក​ធ្វើ​វិទ្ធង្សនា បំភិតបំភ័យ​ប្រជាពលរដ្ឋ​គេហ្នឹង។ យើង​ខ្ញុំ​នៅ​នេះ (អូស្រ្តាលី) ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ដែរ ក្នុង​ឋានៈ​ជា​ជនជាតិ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ហ្នឹង។ ពួក​មនុស្សអស់​ទាំង​នេះ​​គឺ​យើង​មិន​ដឹង លោក ហ៊ុន សែន គឺ​ថា​មាន​ការ​ច្របូ​ក​ច្របល់​ពាក់ព័ន្ធ​ប៉ុន្មាន​ ក្នុង​ការ​កាប់​សម្លាប់​គេ​នៅបរទេស​ហ្នឹង គឹ​ថា មនុស្ស​ទាំង​អស់​ហ្នឹង ច្បាស់​ជា​មាន​ចិត្ត​ហ៊ាន គ្មាន​ខ្លាច កុំនិយាយ​រឿង​ខ្មាស់​អៀន គឺ​ថា អត់​មាន​ព្រឺព្រួចអី​ទេ ក្នុងការហ៊ានមកកាប់សម្លាប់នៅប្រទេសអូស្ត្រាលីទៀត»។ 

ជុំវិញ​រឿង​នេះ VOD មិនអាចសុំការឆ្លើយតប ពីអ្នក​នាំពាក្យគណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន្ត បានទេនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ  ដោយ​លោក​បាន​ចុច​ផ្តាច់​ទូរសព្ទ។

យ៉ាងណាក្តី បើតាមការវិភាគផ្លូវ​ច្បាប់​របស់ CAT បញ្ជាក់​ថា លោក​បណ្ឌិត សេង សារី បានទទួល​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន​មក​ប្រទេស​អូស្ត្រាលី ដោយបានប្រកាសប្រាប់​អាជ្ញាធរ និង​រដ្ឋាភិបាល​អូស្ត្រាលី​ថា ខ្លួន​ជា​ជន​រង​គ្រោះ​ដោយ​របប​គ្រប់​គ្រង និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​រដ្ឋាភិបាល​នៃ​គណបក្សប្រជាជនកម្ពុជា។

ក្នុងក្របខណ្ឌច្បាប់របស់ប្រទេសអូស្រ្តាលី បណ្ឌិត សេង សារី ត្រូវ​ទទួលខុសត្រូវចំពោះមុខច្បាប់​នូវអំពើភូត​កុហក បោក​ប្រាស់​របស់​ខ្លួន​ក្នុង​ការ​រត់​ភៀស​ខ្លួន និង​មាន​កាតព្វ​កិច្ច​សង​ប្រាក់ដែល​ខ្លួន​បាន​ទទួល ចាប់​តាំ​ងពី​ពេល​គាត់​បាន​មក​ដល់​ទឹកដី​ប្រទេស​អូស្ត្រាលី។

CAT សង្កត់​ធ្ងន់​ថា តាម​ការ​សារភាព​របស់​បណ្ឌិត សេង សារី ដែល​បញ្ជាក់​ថា​លោក​គឺ​ជាមនុស្ស​ធ្វើ​ការ​ងារ​ចារកម្ម​ឲ្យ​ លោក ហ៊ុន សែន រយៈពេល ៤​ឆ្នាំ​មក​ហើយ​នេះ បញ្ជាក់​ច្បាស់​ថា បណ្ឌិត សេង សារី មិន​មែន​ជា​ជ​នរង​គ្រោះ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នយោបាយ​ ប្រព្រឹត្ត​ដោយលោក ហ៊ុន សែន ពិតប្រាកដ​ដូច​ដែល​លោក​បាន​អះ​អាង​ទេ។

តែបណ្ឌិត សេង សារី និង​លោក ហ៊ុន សែន ជា​ក្រុម​តែ​មួយ​ដែល​មាន​ចេតនា និង​ផែន​ការច្បាស់​លាស់ ព្រម​ទាំង​បាន​ប្រព្រឹត្ត​អំពើ​ក្នុង​ចេតនា​បំផ្លាញ​អ្នក​ដ៏ទៃ​ ក្នុងក្រុមដឹកនាំនៃគណបក្សសង្គ្រោះជាតិ និង​អ្នកប្រជាធិបតេយ្យ ។

បើតាម CAT ព្យសនក​ម្មនៃ​អត្ថិភាពអំពើចារកម្មរបស់លោក ហ៊ុន សែន និង​បណ្ឌិត សេង សារី គឺ​ជាប​ទ​ល្មើស​ចែង​ក្នុង​ច្បាប់​នៃ​ប្រទេស​អូស្ត្រាលី ដែល​មិន​មែន​ត្រឹម​តែ​ទាម​ទារ​ឲ្យ​បណ្ឌិត សេង សារី សងប្រាក់ដែលបណ្ឌិតបានទទួលពីប្រទេសអូស្ត្រាលីត្រឡប់​មក​វិញ ហើយ​ទទួលខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​នៃ​ប្រទេសអូស្ត្រាលី ។

យ៉ាងណា សម្រាប់លោកបណ្ឌិត សេង សារី ដែលបានសារភាពថា ខ្លួនជាចារកម្មឱ្យលោក ហ៊ុន សែន នោះ  ប្រាប់VOD ថា លោកបានត្រៀមខ្លួនរួចជា​ស្រេចក្នុង​ការតតាំង​ក្តី​តាម​ផ្លូវ​ច្បាប់រួច​ហើយ បើពិ​ត​ជា​មាន​ការ​ប្តឹង​ផ្តល់​ណាមួយ​កើត​ឡើង​មែន​នោះ។

លោកថា៖ «គាត់ធ្វើលិខិតអី អាហ្នឹងជាសិទ្ធិសេរីភាពរបស់គាត់ទេ! ដូចយើងបានដឹងហើយថា នៅក្នុងប្រទេសប្រជាធិបតេយ្យ គាត់មានសិទ្ធិក្នុងការបញ្ចេញមតិ ក៏ប៉ុន្តែយើងក៏មានសិទ្ធិ​ក្នុង​ការ​ការ​ពារ រក​អ្នក​ដែល​យល់​ដឹង​អំពី​ផ្លូវ​ច្បាប់ ហើយយើងក៏កំពុងសិក្សាមើលថា តើយើងមានកំហុសចំណុចណាៗ ព្រោះអំឡុងពេលដែលខ្ញុំទទួលប្រាក់ពី​នាយក​រដ្ឋមន្រ្តី​ហ្នឹង លុយ​ហ្នឹង ជា​លុយ​សិក្សា​ស្រាវ​ជ្រាវ ជាគម្រោង​ស្រាវ​ជ្រាវ។ ដូចប្អូនដឹងហើយថា ខ្ញុំជាអ្នកសិក្សាស្រាវជ្រាវ មុខ​របរ​យើងចិញ្ចឹម​ជីវិត​ដោយ​សារ​លុយ​យើង​ស្រាវ​ជ្រាវ​ហ្នឹង។ គ្រាន់តែថា សម្រាប់ពលរដ្ឋទូទៅ ឬសម្រាប់អ្នកមួយចំនួនហ្នឹង គាត់គិតថាឲ្យ​តែលុយ​បាន​ម​ក​ពី​លោក​នាយករដ្ឋមន្ត្រី សុទ្ធ​តែ​ជាលុយ​កក្វក់ គ្រាន់​តែ​ថា ខ្ញុំ​ក៏​ទទួល​យល់​ស្រប​នូវ​គំនិត​ហ្នឹង​ដែរ»

ក្រមព្រហ្មទណ្ឌ មាត្រា​៤៨០ ចែង​ថា បទ​កាន់​កាប់​ការ​សម្ងាត់​នៃ​ការ​ការ​ពារ​ជាតិ​ដោយ​គ្មានសមត្ថ​កិច្ច ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤លាន​រៀល ទៅ​ ១០​លាន​រៀល អំពើរបស់​បុគ្គល​គ្មាន​សមត្ថកិច្ច​ដែល​កាន់​កាប់​ដោយ​ចេតនា​នូវ​ព័ត៌​មាន វិធី វត្ថុ ឯកសារ សលាកបត្រ ឬ​ទិន្ន​ន័យ​ព័ត៌​មាន​វិទ្យា ដែល​មាន​លក្ខណៈ​ជា​ការ​សម្ងាត់​នៃ​ការការ​ពារ​ជាតិ។

ច្បាប់​បោះ​ឆ្នោត មាត្រា៦ ចែង​ថា គ្រប់​គណបក្សនយោបាយ​មិន​ត្រូវ​ធ្វើ​សកម្ម​ភាព ធ្វើ​ឲ្យ​មានអបគមន៍ ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​ឯកភាព​ជាតិ និង​បូរណ​ភាព​ដែន​ដី ធ្វើ​វិទ្ធង្សនា​ប្រឆាំង​នឹងរបប​ប្រជាធិប​តេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យ​រដ្ឋធម្ម​នុញ្ញ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់សន្តិសុខ​នៃ​រដ្ឋ បង្កើតកងកម្លាំងប្រដាប់អាវុធ និង​ធ្វើការ​ញុះ​ញង់​ដែល​អាច​នាំ​ឲ្យ​មាន​ការ​បែកបាក់​ជាតិ។

យ៉ាង​ណា ក្រុមអ្នកតស៊ូមតិកម្ពុជា មិនមាន​ជំនឿ​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន គោរព​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​របស់​កម្ពុជា​ដោយ​សុចរិត ហើយ​កសាង​សំណុំរឿ​ង​បញ្ចប់​បទល្មើសព្រហ្ម​ទណ្ឌ​មាន​ស្ថាន​ទម្ងន់​ទោស​នេះ​ និង​ដាក់ឲ្យជនល្មើសទទួលទោសទេ។

ហេតុនេះ ក្រុមអ្នកតស៊ូមតិកម្ពុជា ប្រកាសជំហរថា ខ្លួននឹងតាមដាន និង​បន្ត​តស៊ូ​មតិ​យ៉ាងសកម្ម​ក្នុង​ក្រប​ខណ្ឌ​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា ជាពិសេស​បន្ត​តាម​ដាន​ការ​វិវត្តនៃ​ករណី​នេះ​ក្នុង​ទឹក​ដី​ និង​ច្បាប់​នៃ​ប្រទេស​អូស្ត្រាលី​បន្ត​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ