អ្នកមានបទពិសោធន៍កិច្ចការព្រំដែន មិនចំណុះរដ្ឋាភិបាល បន្តគាស់កកាយបញ្ហាបូរណភាពទឹកដី ក្រោមហេតុផលថា ដើម្បីកុំឱ្យពលរដ្ឋខ្មែរ ចាញ់បោកមេដឹកនាំគ្រួសារហ៊ុន ដែលថា ហ៊ានកាត់ទឹកដីឱ្យទៅប្រទេសជិតខាង រួមទាំងករណីកោះគុត ដើម្បីតែចង់ក្តោបអំណាចតពូជនោះ។
តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន នៅថ្ងៃទី១៧ ខែកុម្ភៈនេះ បានបន្តទម្លាយឯកសារថ្មីមួយដែលបញ្ជាក់ថា កោះគុតមានចំណែកនៃកម្មសិទ្ធិរបស់កម្ពុជា។
បើតាមលោក អ៊ុំ សំអាន ឯកសារសម្ងាត់របស់ CIA អាមេរិក បង្ហាញថា កោះគុតជាកម្មសិទ្ធរបស់ខ្មែរនៅឡើយ ក្នុងសម័យសាធារណរដ្ឋ លោក លន់ នល់។
លោកបន្តថា យោងតាមឯកសារមួយចំនួនដែលជារបស់អង្គភាពសម្ងាត់ CIA សហរដ្ឋអាមេរិក AirGram លេខ CIA-RDP08 ដែលស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ផ្ញើជូនក្រសួងការបរទេសសហរដ្ឋអាមេរិក ចុះថ្ងៃទី២ ខែសីហា ឆ្នាំ១៩៧២ ផែនទីភ្ជាប់បង្ហាញថា យ៉ាងហោចពាក់កណ្តាលនៃកោះគុតជារបស់ខ្មែរ រួមទាំងកោះត្រល់ផងដែរ។
លោក សំអាន អះអាងថា ដូច្នេះសហរដ្ឋអាមេរិកក៏បានទទួលស្គាល់ថា យ៉ាងហោចពាក់កណ្តាលនៃកោះគុតជារបស់ខ្មែរក្នុងសម័យសាធារណរដ្ឋរបស់ លោកសេនាប្រមុខ លន់ នល់។
លោកថា ឯកសារនេះ ជាមូលដ្ឋានសំអាងផ្លូវច្បាប់មួយទៀត ដែលកម្ពុជាមានប្រៀបក្នុងការឈ្នះក្តីភាគីថៃ បើគ្រួសារហ៊ុនប្តឹងករណីនេះកោះគុត នៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។
លោកសង្កត់ធ្ងន់ថា ការមិនអើពើសម្ងំស្ងៀមមិនប្តឹងករណីកោះគុតទៅតុលាការអន្តរជាតិ ឆ្លុះបញ្ចាំងថា មេដឹកនាំគ្រួសារហ៊ុន ជាមេដឹកនាំកំសាកគ្មានឆន្ទៈការពារបូរណភាពទឹកដី រួមទាំងកោះគុតរបស់ខ្មែរ។
លោកថា៖ «ឯកសារCIAរបស់អាមេរិកនេះ ដែលទូតអាមេរិកប្រចាំនៅកម្ពុជា ផ្ញើមកក្រសួងការបរទេសអាមេរិកកាលពីឆ្នាំ១៩៧២ គឺជាឯកសារភ័ស្ដុតាងដ៏រឺងមួយ អាចដាក់បន្ថែមដល់ទៅនឹងសន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៧ និងផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៧ អាចដាក់ផ្គុំគ្នាដាក់ទៅតុលាការអន្ដរជាតិ នៅពេលដែលយើងមានភស្តុតាងរឹងអញ្ចឹង យើងប្រាកដជាឈ្នះក្តីនៅតុលាការអន្តរជាតិ»។
ករណីនេះ លោក អ៊ុំ សំអាន យល់ថា បញ្ហាបូរណភាពទឹកដីកោះគុតនាពេលនេះ ចាំបាច់ណាស់ត្រូវការកម្លាំងសាមគ្គីរបស់ពលរដ្ឋខ្មែរស្នេហាជាតិមាតុភូមិ ទើបអាចការពារទឹកដីដូនតាមិនឱ្យបាត់បង់បាន។
លោកបន្តថា ពលរដ្ឋខ្មែរមិនអាចបណ្តោយឱ្យមេដឹកនាំគ្រួសារហ៊ុនបោកប្រាស់ ឬកុហករឿងការបាត់បង់បូរណភាពទឹកដីទៀតនោះទេ គឺត្រូវជំរុញដាក់សម្ពាធឱ្យពួកគេប្តឹងទាមទារ ការពារទឹកដីរបស់ដូនតា។
លោកថា៖ «ដូចខ្ញុំថាចឹងគាត់អត់មានឆន្ទៈការពារទឹកដីទេ ទាំងកោះត្រល់ ទាំងកោះគុតហ្នឹង បើសិនជាគាត់ហ៊ានទាមទារកោះត្រល់ យួនខឹងទៅទម្លាក់គ្រួសារហ៊ុនពីអំណាច បើគាត់ទាមទារកោះគុតខ្លាចថៃខឹងលែងសហការជាមួយកម្ពុជា បង្ក្រាបសកម្មជនបក្សប្រឆាំងរបស់កម្ពុជានៅប្រទេសថៃ»។
យ៉ាងណា បើតាមសារសំឡេងបែកធ្លាយ លោក ហ៊ុន សែន ធ្លាប់បញ្ចុះបញ្ជូលយុវជន ដែលរស់នៅលើទឹកដីជប៉ុន កុំឱ្យចែករំលែកបញ្ហាកោះគុតដែលថៃកំពុងគ្រប់គ្រង ដោយលោកសំអាងថា វាជាចេតនារុញឱ្យភាគីថៃយកហេតុផលនេះ បង្កសង្គ្រាមជាមួយកម្ពុជា។
លោកថា៖ «ពុកដឹងថាកូនឯងក្លាហានហើយ ពុកយល់ ប៉ុន្តែកូនក្លាហាន កូនត្រូវដឹងថា រឿងហ្នឹងវាយ៉ាងម៉េច វាអន្តរាយដល់ប្រទេស វាអាចមានសង្គ្រាម ក្នុងពេលដែលយើងកំពុងតែចរចា ដើម្បីដោះស្រាយបញ្ហា ហើយយើងបែរជាដកការចរចា ទៅប្តឹងតុលាការ។ គេអាចពង្រាយទ័ពភ្លាម វាយគ្នាប្រាវ រឿងហ្នឹងហើយ ជារឿងគ្រោះថ្នាក់។ អីចឹងបាន ជាភាគីទាំងសងខាងបន្តចរចាទៅលើការដោះស្រាយ។ បញ្ហាវាមិនគ្រាន់តែជាបញ្ហាកោះគុតទេ វាពាក់ព័ន្ធទៅនឹងក្របខណ្ឌសមុទ្រ ដែលគេហៅថា តំបន់ត្រួតស៊ីគ្នា។ ពុកពន្យល់កូន ដើម្បីឱ្យកូនបានដឹងប៉ុណ្ណឹង»។
ដោយឡែក ប្រធានក្រុមឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ដែលមានបទពិសោធន៍កិច្ចការព្រំដែនដែរនោះ បានអះអាងថា ឯកសារជាច្រើន បញ្ជាក់ថា កោះគុតជាកម្មសិទ្ធិរបស់ខ្មែរ បើកម្ពុជាប្រើយន្តការអន្តរជាតិ កម្ពុជានឹងឈ្នះក្តីដូចករណីប្រាសាទព្រះវិហារ។
លោកអះអាងថា ការប្រើយន្តការអន្តរជាតិ មិនមែនជាចេតនាបង្កសង្គ្រាមជាមួយប្រទេសជិតខាងទេ តែផ្ទុយទៅវិញ វាជាជម្រើសផ្លូវច្បាប់ និងមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់មហិច្ឆតាឈ្លានពានពីប្រទេសជិតខាង។
លោកថា៖ «បញ្ហាឯកសារកោះគុតនេះ យើងគ្រាន់តែចង់ប្រាប់ប្រជាពលរដ្ឋខ្មែរ ដឹងថាគ្រួសារត្រកូលហ៊ុននេះ អត់បានគិតគូរអំពីផលប្រយោជន៍ជាតិទឹកដីនោះទេ គ្រួសារហ្នឹងគិតអំពីផលប្រយោជន៍ផ្ទាល់ខ្លួនឯងផលដោយផ្ទាល់ខ្លួន ទី១ គឺអំណាច ទី២ គឺទ្រព្យសម្បត្តិ ហើយអាទាំងពីរចំណុចហ្នឹង វាបំផ្លាញជាតិធ្ងន់ធ្ងរ វាធ្វើឲ្យកម្ពុជានឹងបាត់បង់ទឹកដីព្រំដែន»។
បន្ថែមលើនេះ កាលពីថ្ងៃទី២៧ ខែធ្នូ ប្រធានក្រុមឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានបង្ហាញផងដែរ ពីភស្តុតាងដែលបញ្ជាក់ថា កោះគុតជារបស់កម្ពុជា ដោយយោងតាមក្រឹត្យរបស់ លោក ហេង សំរិន ឆ្នាំ១៩៨២ ។
សម្រាប់ លោក ម៉ែន ណាត បើយោងលើឯកសារនាសម័យបារាំង សម័យសង្គមរាស្រ្តនិយម សម័យលន់ នល់ សម័យប៉ុល-ពត សម័យ លោក ហេង សំរិន នាឆ្នាំ១៩៨២ បញ្ជាក់ថា កោះគុតជារបស់ខ្មែរ។
លោក ម៉ែន ណាត គូសបញ្ជាក់ថា កោះគុត ទើបតែឃើញកាត់ឆ្វៀលចេញ នៅក្នុងផែនទីភ្ជាប់អនុសារណៈនៃការយោគយល់ឆ្នាំ២០០១ ដែលលោក សុខ អាន បានស៊ីញ៉តាមបញ្ជារបស់លោក ហ៊ុន សែន កាត់ទៅឱ្យថៃគ្រប់គ្រង។
បន្ថែមពីនេះ លោក អ៊ុំ សំអាន ក៏ធ្លាប់បង្ហោះសារណារបស់បណ្ឌិត ហង់ជួន ណារ៉ុន ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជុំវិញរឿងកោះគុតនេះផងដែរ។
បើតាមសារណានោះ បញ្ជាក់ថា កោះគុតជារបស់កម្ពុជា ដោយសារណារបស់បណ្ឌិត ហង់ជួន ណារ៉ុន សរសេរថា «តាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ និងពិធីសារជាឧបសម្ព័ន្ធ គណៈកម្មការព្រំដែនបានកំណត់ព្រំដែនសមុទ្រ រវាងសៀម និងឥណ្ឌូចិនបារាំង (កម្ពុជា) ដោយខ្សែបន្ទាត់មួយភ្ជាប់កំពូលខ្ពស់ជាងគេរបស់កោះគុត ទៅនឹងចំណុចមួយនៃតំបន់ឆ្នេរដែលស្ថិតនៅទល់មុខកោះគុត»។
ដោយក្នុងសារណានោះបញ្ជាក់ថា កំពូលខ្ពស់ជាងគេនៃកោះគុត កម្ពុជាទទួលបានយ៉ាងហោចណាស់ពាក់កណ្តាលនៃកោះគុត នេះបើតាមសារណារបស់បណ្ឌិត ហង់ជួន ណារ៉ុន ឆ្នាំសិក្សា ២០១០-២០១២។
វត្ថុតាងរឹងមួយទៀត ដែលបានបញ្ជាក់ថា កម្ពុជាជាម្ចាស់កម្មសិទ្ធិកោះគុតដែរនោះ គឺនិក្ខេបទថ្នាក់បណ្ឌិតរបស់សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ។
ក្នុងនិក្ខេបទថ្នាក់បណ្ឌិត របស់សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ បញ្ជាក់ថា កោះគុតយ៉ាងហោចពាក់កណ្តាលជារបស់កម្ពុជា។
ដោយយោងតាមផែនទីទី១ ជាផែនទីឧបសម័ន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងផែនទីទី២គឺជាផែនទីសម័យសង្គមរាស្រ្តនិយម (សម័យសីហនុ) ឆ្នាំ១៩៧០ រីឯផែនទីទី៣គឺជាផែនទីសម័យ លន់ នល់ ឆ្នាំ១៩៧២ កោះគុត និងកោះត្រល់ក៏ជារបស់ខ្មែរ។
បន្ថែមពីនេះ សៀវភៅ«កម្ពុជាបាត់បង់ទឹកដីនៅភាគខាងលិច»របស់បណ្ឌិត ឥន សុផល បានសរសេរថា «បើយោងតាមនិក្ខេបទរបស់ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ ស្តីពីព្រំដែនសមុទ្រកម្ពុជាសរសេរនៅឆ្នាំ១៩៧៦ ព្រះអង្គម្ចាស់បានយោងទៅលើផែនទីឧបសម័្ពន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ រួចបានបញ្ជាក់ថា ខ្សែព្រំដែនសមុទ្ររវាងកម្ពុជានិងថៃ ចេញពីចំណុចខ្ពស់បំផុតនៃកោះគុតតភ្ជាប់មកបង្គោលព្រំដែននៅលើឆ្នេរ» ។
ដោយក្នុងសៀវភៅរបស់បណ្ឌិត ឥន សុផល បានសរសេរយ៉ាងច្បាស់ថា កោះគុតជារបស់កម្ពុជា ហើយផែនទីបារាំងក្នុងសៀវភៅនេះ ក៏បង្ហាញថា យ៉ាងហោចណាស់ ពាក់កណ្តាលនៃកោះគុតជារបស់កម្ពុជា។
មួយវិញទៀត កាលពីថ្ងៃទី៦ ខែធ្នូ លោក អ៊ុំ សំអាន ក៏បានបង្ហាញសៀវភៅព្រំដែនដែលចងក្រងដោយអតីតប្រធានគណៈកម្មាធិការព្រំដែនកម្ពុជានៅប្រទេសបារាំង លោក ស៊ាន ប៉េងសែ អះអាងថា យ៉ាងហោចណាស់ពាក់កណ្តាលនៃកោះគុតជារបស់កម្ពុជា។
លោកបន្តថា សៀវភៅនោះសរសេរថា «ព្រំប្រទល់រវាងប្រទេសឥណ្ឌូចិន(កម្ពុជា)និងសៀម ចាប់ផ្តើមពីមាត់សមុទ្រ ចំត្រង់ចំណុចមួយនៅពីមុខកោះគុត ហើយកាត់ត្រង់ទៅលើកំពូលខ្ពស់ជាងគេបំផុត»។
ប្រភពនោះសំអាងថា លោក ស៊ាន ប៉េងសែ ជាបិតាព្រំដែនសមុទ្រកម្ពុជា និងជាអ្នកជំនាញព្រំដែនទី២របស់កម្ពុជា បន្ទាប់ពីបិតាព្រំដែនកម្ពុជា លោកបណ្ឌិត សារិន ឆាក ។
ជុំវិញមហិច្ឆតាលេបទឹកដីពីប្រទេសជិតខាងនេះ អំឡុងឆ្នាំ២០០៥ លោក ហ៊ុន សែន ធ្លាប់គំរាមរំលាយរបបរាជជានិយកអាស្រ័យធម្មនុញ្ញចោល បើព្រះអង្គមិនព្រមឡាយព្រះហស្តលេខា លើសន្ធិសញ្ញាព្រំដែន ដែលគណបក្សប្រឆាំងថា ដើម្បីបំពេញបំណងវៀតណាមលេបទឹកដីខ្មែរនាសម័យទំនើបនេះ បើទោះបីកម្ពុជាមានបង្អែករឹង ពីសហគមន៍អន្តរជាតិ ដែលសន្យាជួយការពារបូរណភាពទឹកដីកម្ពុជាក្តី។
ជុំវិញភាពចម្រូងចម្រាសនេះ អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់ចង្អុលបង្ហាញ ពីមូលដ្ឋានច្បាប់ រឹងមាំរបស់កម្ពុជា ដែលប្រទេសជិតខាងមិនអាចរំលោភបំពានបាន។
លោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់បានបង្ហោះសារលើហ្វេសបុករបស់ខ្លួនថា កម្ពុជាអាចប្រើប្រាស់យន្តការដោះស្រាយ ការរំលោភយកកោះគុតពីភាគីថៃ ដោយប្រើប្រាស់មាត្រា៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
បើតាមមាត្រា៥ នៃកិច្ចព្រមព្រៀង២៣តុលា បញ្ជាក់ថា បើមានការការគំរាមកំហែងរំលោភលើអធិបតេយ្យភាពកម្ពុជា បណ្តាភាគីក្នុងកិច្ចព្រមព្រៀងនេះ ត្រូវពិគ្រោះជាបន្ទាន់ ដើម្បីអនុម័តរាល់វិធានការសមស្រប ដើម្បីដោះស្រាយរាល់ការរំលោភទាំងនេះតាមមធ្យោបាយសន្តិវិធី។
វិធានការដោះស្រាយ រួមមាន រាយការណ៍ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសសហប្រជាជាតិ ឬប្រើប្រាស់មធ្យោបាយដំណោះស្រាយ នូវទំនាស់ដោយសន្តិវិធី យោងតាមមាត្រា៣៣ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយភាគីពាក់ព័ន្ធក៏អាចសុំការឧបត្ថម្ភពីសហប្រធាននៃសន្និសិទប៉ារីសស្តីពីកម្ពុជា រួមមានប្រទេសបារាំង និងប្រទេសឥណ្ដូនេស៊ីផងដែរ។
ជាងនោះទៅទៀត ក្នុងករណីរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្សនៅកម្ពុជា ភាគីនៃកិច្ចព្រមព្រៀងត្រូវស្នើដល់អង្គការមានសមត្ថកិច្ចនៃអង្គការសហប្រជាជាតិ ឱ្យចាត់វិធានការដទៃទៀត ដែលសមស្របដើម្បីទប់ស្កាត់ និងលុបបំបាត់ការរំលោភបំពានស្របតាមច្បាប់អន្តរជាតិដែលពាក់ព័ន្ធ។
បើតាមលោក បណ្ឌិត ឡៅ ម៉ុងហៃ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បញ្ជាក់យ៉ាងច្បាស់ថា ម្ចាស់ហត្ថលេខីទាំង១៨ប្រទេស ដែលជាសាក្សីនៃកិច្ចព្រមព្រៀងនេះ រួមទាំងប្រទេសថៃផង ត្រូវទទួលស្គាល់ និងគោរពគ្រប់បែបយ៉ាងទាំងអស់ ដល់អធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិកម្ពុជា។
កោះគុតស្ថិតនៅខេត្តកោះកុង មានផ្ទៃក្រឡាប្រមាណ ១០៥គីឡូម៉ែត្រការ៉េ មានបណ្តោយប្រវែង ២៥គីឡូម៉ែត្រ និងទទឹង ៩គីឡូម៉ែត្រ។
មាត្រា៥៥ ចែងថា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា ត្រូវលុបចោល។
ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំង ស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕