លោក សម រង្ស៊ី ឱ្យ​ចា​ប់ខ្លួន​គ្រួសារ​ហ៊ុន បើ​ចង់​ទប់​ស្កាត់​បទ​ឧក្រិដ្ឋ​នៅ​កម្ពុជា

អតីតមេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន បាន​ផ្ញើសារ​បែប​ឌឺដង ទៅ​កាន់​នាយករដ្ឋ​មន្ត្រី​បន្ត​វេន របស់​គណបក្ស​កាន់​អំណាច​ថា បើ​ចង់​ទប់​ស្កាត់​បទ​ឧក្រិដ្ឋ​នៅ​កម្ពុជា ត្រូវក្លាហាន​ចាប់​ខ្លួន​អ្នក​ឧកញ៉ា ហ៊ុន តូ និងបើក​ការស៊ើប​អង្កេត​លោក ហ៊ុន សែន ។

នេះបើតាមសារ​ដែល លោក សម រង្ស៊ី បង្ហោះលើហ្វេសប៊ុកផ្លូវការរបស់​លោក នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ ២០២៥នេះ។

លោក សម រង្ស៊ី និយាយ​ថាក្នុ​ង​ន័យ​ដើម​ថា «បើ ហ៊ុន ម៉ាណែត ក្លាហាន ហើយចង់បង្ហាញភាពជាអ្នកដឹកនាំស្អាតស្អំ គាត់ត្រូវតែហ៊ានចាប់បងប្អូនជីដូនមួយគាត់ “ហ៊ុន តូ” ដែលជាមេក្រុមម៉ាហ្វីយ៉ា មេគ្រឿងញៀននៅកម្ពុជា ហើយបន្ទាប់មក ត្រូវស៊ើបអង្កេតឪពុករបស់គាត់ ចំពោះទំនាក់ទំនងនិងការជាប់ពាក់ព័ន្ធទាំងអស់ ដែលឪពុករបស់គាត់មានជាមួយនឹងមេគ្រឿងញៀនដ៏ទៃផ្សេងទៀត»

ដោយឡែក សម្រាប់តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក សួន សូរីដា និយាយថា បញ្ហាឧក្រិដ្ឋ​កម្ម​គ្រឿងញៀន​ នៅ​តែ​បន្ត​រីក​រាលដាលនៅ​កម្ពុជា ដោយសារកត្តាអំពើពុករលួយ និង​បក្សពួកនិយម ។

លោកបន្តថា តួរលេខឧក្រិដ្ឋ​កម្ម​គ្រឿងញៀន  កម្ពុធរថយចុះទេទៅ្ទយ់តែប​ន្តកើតនាពេលបច្ចុប្បន្នមិនមានការ​ថយ​ចុះ បែរជាកាន់តែកើនឡើង ទាំងនេះ​គឺ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​អសមត្ថភាព​ដឹក​នាំ​របស់រដ្ឋាភិ​បាល​ក្នុង​អាណត្តិ​ថ្មី ដែល​ដឹក​នាំដោយ លោក ហ៊ុន ម៉ាណែត ។

លោកថា៖‌‌‌‍‌ «មកពីអំពើពុករលួយ ដោយសារជនដែលមានអំណាច​កាង ឬនៅពីក្រោយ​ឧក្រិដ្ឋជន​គ្រឿងញៀន​ទាំង​អស់ ដែលអាចជាប់ពាក់ព័ន្ធ ឬក៏រកស៊ីផ្ទាល់ជាមួយតែម្ដង តាមរយៈព័ត៌មាន​ទាំង​ក្រៅស្រុកទាំង​ក្នុង​ស្រុក គឺបានបង្ហាញពីឈ្មោះ លោក ហ៊ុន តូ។ ត្រង់នេះគឺសំខាន់ ប្រសិន​បើ​ឈ្មោះ​នេះ​ ត្រូវ​បានគេ​បង្ហាញ​តាម​រយៈ​សារ​ព័ត៌មាន​ រដ្ឋាភិបាលកម្ពុជា​គួរតែមានវិធានការ ដើម្បីជាការស៊ើបអង្កេត​ ជាធម្មតា បើ​សិន​ជា​រដ្ឋាភិបាល​នៅ​ស្ងៀម​ស្ងាត់ ក្រោយពីសារព័ត៌មានជាតិ​-អន្តរ​ជាតិ គេ​ចុះ​ផ្សាយ​អាហ្នឹង​មានន័យ​ថា​រដ្ឋាភិបាល អាច​ស៊ុមគ្រលុំ​ជាមួយ​នឹង​ជន​ប្រព្រឹត្ត​ទាំង​នោះ​»។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លោកចាត់ទុកថា ករណីនេះជារឿងបុគ្គល លោកសុំមិនអត្ថាធិប្បាយអ្វីបន្ថែមទេ។

លោកថា៖ «ខ្ញុំមិននិយាយប៉ះពាល់ដល់ឯកជនភាពរបស់គេទេ ព្រោះអាហ្នឹងអត់​​អាចយាយកើតទេ វាប៉ះពាល់សិទ្ធិរបស់គេ រំលោភសិទ្ធិរបស់គេ ហើយយើងមិនអាចនិយាយបានទេ គេរកស៊ីអីអាហ្នឹងជាសិទ្ធិរបស់គេ យើងទៅរំលោភលើសិទ្ធិរបស់គេម៉េចកើត»

ជុំវិញបញ្ហានេះ ​អតីត​ឧកញ៉ា លោក ហេង សិទ្ធី កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥នេះ បាន​​ទម្លា​យ​​ថា ឧកញ៉ា ហ៊ុន តូ បាន​ប្រើ​ឈ្មោះ​ថ្នាក់​​ដឹកនាំ​​កម្ពុជា បោក​​បា្រស់​​អ្នក​​រក​ស៊ី​​បរទេស និង​គំរាម​មន្រ្តី មិន​ឱ្យ​លូក​​ដៃ​​ក្នុង​​អំពើ​​រក​​​ស៊ី​​ខុស​ច្បាប់​​របស់​​ខ្លួន រួមមាន ​ឧក្រិដ្ឋ​កម្ម​ព្រៃ​ឈើ លក់​គ្រឿង​ញឿន និង​ការ​ឆបោក​តាម​​អ​ន​​ឡាញ ជាដើម។

ក្នុង​សារ​​សំឡេង​​នោះ លោក ហេង សិទ្ធី ក៏​បាន​រំលេច​ឈ្មោះ​ លោក គួច ចំរើន អតីត​អភិបាល​ខេត្ត​ព្រះសីហនុ និងមន្ត្រីពាក់​ព័ន្ធ​មួយចំ​នួន​ទៀត​ថា បាន​​រួម​​​ដៃ​​ជា​មួយ​ឧកញ៉ា ហ៊ុន តូ ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​កម្ម​ឆបោក​​នៅ​កម្ពុជា។

លោកថា៖ «កាល​ពីមុន​គេ​ស្គាល់​កម្ពុជា ជា​ប្រទេស​អច្ឆរិយ អង្គរវត្ត ឥឡូវ​នេះគេ​ស្គាល់​កម្ពុជា ​ដោយ​សារ​ ហ៊ុន តូ ដោយ​សារ​មន្ត្រី​ប៉ូលិស ស ថេត ការពារ​ឧក្រិដ្ឋជន​អន​ឡាញ។ កម្ពុជា​ក្លាយ​ទៅជាកន្លែង​បោកប្រាស់​ រក​ស៊ី​អន​ឡាញ​ខុស​ច្បាប់ »

យ៉ាងណា លោក ហេង សិទ្ធី ក្រោយទម្លាយរឿងគ្រួសារហ៊ុន ជាប់ពាក់ព័ន្ធយ៉ាងជ្រៅក្នុងបទឧក្រិដ្ឋនៅកម្ពុជានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់អះអាងថា អតីត​ឧកញ៉ា​រូប​នោះ ត្រូវ​បាន​ចាប់​ខ្លួន​នៅប្រទេស​រុស្ស៊ី ប៉ុន្តែមិ​ន​មាន​សេចក្តី​រាយ​ការណ៍​ពី​ការ​បញ្ជូន​មក​ដល់​កម្ពុជា​ទេ។

​​ប្រធានអង្គការប្រជាធិបតេយ្យប្រចាំនៅអូស្រ្តាលី លោក ស៊ឹង សែន​ករុណា បាននិយាយ​ប្រាប់​VOD ថា ប្រព័ន្ធដឹកនាំបែបគ្រួសារនិយម មិនអាចទប់ស្កាត់បទឧក្រិដ្ឋបានទេ ដរាបណា គ្រួសារហ៊ុនបន្តក្ដោបអំណាចមិនយកច្បាប់ជាធំនោះ។

លោកថា៖‌‌‌‍‌ «តាំងពីជំនាន់ឪពុករបស់លោកនាយករដ្ឋមន្ត្រីមកម្ល៉េះ ក៏មិនបានចាត់វិធានការឲ្យមានភាពម៉ឺងម៉ាត់ ដើម្បីឲ្យមានការទុកចិត្តបានដែរ ពាក់ព័ន្ធទៅនឹងរឿងគ្រឿងញៀន ឆបោអនឡាញ ជួញដូរមនុស្សអីជាដើម ទាំងអស់នេះយើងឃើញថា នៅតែកើតមាននៅក្នុងសង្គមកម្ពុជា តាំងពីកន្លងមករហូត មកដល់បច្ចុប្បន្ន។ សម្រាប់ខ្ញុំ បើសិនជាឲ្យលោកនាយករដ្ឋមន្ត្រីហ្នឹង ទៅស៊ើបអង្កេតបងជីដូនមួយរបស់ខ្លួន ក៏ឪពុករបស់ខ្លួនអីទាំងអស់ ដែលខ្ញុំគិតថា មិនអាចធ្វើទៅរួចទេ»។

ឧកញ៉ា ហ៊ុន តូ ត្រូវ​​បាន​អន្តរជាតិ​​រក​ឃើញ​ជា​បន្តបន្ទាប់​ថា ជា​ឧក្រិដ្ឋជន​លាង​​លុយ​​កខ្វក់​ មេ​ខ្លោង​ឆបោក​តាម​​អន​ឡាញ និងឧក្រិដ្ឋជន​គ្រឿង​ញៀន ប៉ុន្តែ​​គ្មាន​ស្ថាប័ន​ជាតិ​នៅ​កម្ពុជា​បើក​ការ​ស៊ើប​អង្កេត​នោះទេ។

ប្រភព​​ពីអន្តរជាតិ ដែល​រកឃើញ​ពី​បទ​ឧក្រិដ្ឋ​របស់ លោក ហ៊ុន តូ រួម​មាន​​ដូច​ជា កា​សែត DL News នៅ​ទី​ក្រុង​​ឌូបៃ ក្រុម​ហ៊ុន​​​វិភាគ​​​កាក់​​​​ឌីជីថល Elliptic ​នៅ​ប្រទេស​​អង់​​គ្លេស សារ​ព័ត៌​មាន The Australian និង​ទូរទស្សន៍​អាល់​ចា​ហ្សី​រ៉ា (Al Jezera) ជាដើម។

អង្គការតម្លាភាពអន្តរជាតិ បានចេញរបាយការណ៍ថ្មីមួយ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥​នេះ រកឃើញ​ថា អំពើ​ពុក​រលួយ​​នៅក្នុង​​ប្រទេស​​កម្ពុជា ក្នុង​ឆ្នាំ២​០២៤ មាន​​ស្ថាន​ភាព​​​អាក្រក់​ជាង​​ឆ្នាំ​​មុន ដែល​ទាម​ទារ​ឱ្យកម្ពុជា​​ដោះ​ស្រាយ​​​​បញ្ហា​នេះជា​ប្រព័ន្ធ​និង​ទ្រង់​ទ្រាយ​​ធំ។

បើតាមរបាយការណ៍នោះ កម្ពុជា មានអំពើពុករលួយខ្ពស់ជាប់​គ្នា​ជិត​១ទសវត្សរ៍ បើ​​ធៀ​ប​​នឹ​ង​ប្រទេស ១៨០ ដែលអង្គការនោះបានសិក្សា។

ប្រទេស​ដែល​មិន​អាច​រើ​ខ្លួន​ពី​អំពើ​ពុក​រលួយ​ញាំញី​បាន បញ្ហា​ចម្បង​មួយ​គឺ​ឥទ្ធិពល​​នយោបាយ​​ជ្រៀត​​ជ្រែត​​​ប្រព័ន្ធ​យុត្តិធម៌ ។

អង្កការតម្លាភាព​អន្តរជាតិ គូសបញ្ជាក់ថា ជាដំណោះស្រាយ ត្រូវបើកលំហសេរីភាព​បញ្ចេញ​មតិ និង​រៀបចំ​ការបោះ​ឆ្នោត​​ឱ្យ​​មា​ន​​លក្ខណៈ​សេរី ត្រឹម​ត្រូវ និងយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ