សាលាឧទ្ធរណ៍​កាត់ឱ្យ​សកម្មជន​បរិស្ថាន​បន្តជាប់ឃុំ ខណៈ​រដ្ឋាភិបាល​រង​ការ​រិះគន់​ថា​កំសាក

អង្គការចលនាមាតាធម្មជាតិ បាន​និយាយ​ថា ការដែលសាលា​ឧទ្ធរណ៍​កាត់​សេចក្តី ឱ្យ​សកម្ម​ជន​របស់​ខ្លួន​៥រូប​ បន្តជាប់ឃុំក្នុងពន្ធនាគារ«បង្ហាញ​យ៉ាង​ពេញ​ទំហឹង​ពី​ភាព​កំសាក​របស់​រដ្ឋាភិបាល​កម្ពុជា មិន​ហ៊ាន​ប្រ​ឈ​​មមុខ​នឹង​ការ​ពិត នូវអ្វីដែលមាតា​ធម្មជាតិ​បាន​ធ្វើ​កន្លង​មក​ និងរហូតបច្ចុប្បន្ន»។

នេះបើតាមសារ​ដែល​អង្គការ​​នេះ បង្ហោះលើ​គេហទំព័រ​របស់​ខ្លួន កាល​ពី​ថ្ងៃទី១៧ ខែ​កម្ភៈ ឆ្នាំ​​​២០២៥ ក្រោយ​សាលា​ឧទ្ធរណ៍ បាន​កាត់​ក្តី មិន​ឱ្យ​សកម្មជន​៥រូប បាន​នៅ​ក្រៅឃុំ​តាម​កា​​រ​ស្នើ​សុំ ខណៈ​ពួក​គេ​ត្រូវបាន​ចាប់​ឃុំ​ខ្លួន កាល​ពី​ថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ​២០២៤ ពោលគឺ​ជិត៨ខែទៅនេះ។

មាតាធម្មជាតិ បាននិយាយថា សាលាឧទ្ធរណ៍បានសម្រេចបដិសេដ​សំណើរ​នៅ​ក្រៅ​ឃុំ​សម្រាប់​សកម្មជនបរិស្ថាន​ទាំង​៥រូប។

ប្រភពនោះបន្តថា៖ «វាមិនមែនជារឿងចម្លែកនោះទេ សម្រាប់ការបដិសេធ​សំណើរនៅក្រៅ​ឃុំ​របស់​តុលា​កា​​រអ​យុត្តិធម៌ស្រុកខ្មែរ ដែលតែងតែយកច្បាប់មក​គាបសង្កត់​ដល់ម​នុស្ស​ស្មោះ​ត្រង់ ហើយ​វា​បាន​បង្ហាញយ៉ាង​ពេញ​ទំហឹង​ពី​ភាព​កំសាក​របស់​រដ្ឋាភិបាលខ្មែរ ដែល​មិន​ហ៊ាន​ប្រឈម​មុខ​នឹង​ការ​ពិត នូវ​អ្វី​ដែលចលនា​មាតា​ធម្មជាតិ​បាន​ធ្វើ​កន្លង​មក​រហូត​ដល់​បច្ចុប្បន្ន»។

យុវជនទាំង៥រូប ត្រូវសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី ៦ឆ្នាំ ដល់ ៨ឆ្នាំ ដោយ​​​​សារ​តែភាព​សកម្មនិយមផ្នែកការពារបរិស្ថាន និងធនធានធម្មជាតិរបស់ពួកគេ ប៉ុន្តែត្រូវបានតុលាការចោទ ពី​បទ ​ប្រមាថ​ព្រះមហាក្សត្រ និង​​រួម​គំនិត​ក្បត់​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​​​។

​សកម្មជនបរិស្ថាន​ទាំង៥រូប​នោះ រួម​មាន កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និង​លោក យីម លាងហ៊ី នឹងត្រូវត្រឡប់ទៅកាន់ពន្ធនាគារវិញ តាមសេចក្តីសម្រេចរបស់តុលាការ ។

ពួ​​កគេទាំងនោះ បានដាក់សំណើសុំនៅក្រៅឃុំ ខណៈសំណុំរឿង​របស់ពួកគេ កំពុងស្ថិតក្នុងដំណាក់កាលបណ្តឹ​ងឧទ្ធរណ៍។

អង្គការលីកាដូ ធ្លាប់និយាយថា សាលក្រមចោទប្រកាន់នេះ គឺជារឿងដែលគួរឱ្យ​អា​​ម៉ាស់​យ៉ា​ងខ្លាំង សម្រាប់ប្រជាជាតិកម្ពុជា និងធ្វើឱ្យប្រព័ន្ធយុត្តិធម៌រងភាពអាម៉ាស់។

ក្រោយចាប់ខ្លួន​សកម្មជន​ទាំង​នោះ ត្រូវ​រដ្ឋាភិបាល​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ដាច់​ដោយ​ឡែក​ពី​គ្នា ដូចជា​​នៅពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្តត្បូងឃ្មុំ និង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ដែល​មាន​ចម្ងាយ​រាប់​រយ​​គីឡូ​ម៉ែត្រ ពី​រាជធានី​ភ្នំពេញ​ជាដើម។

ការណ៍នេះ អង្គការសិទ្ធិមនុស្ស ចាត់ទុកថា ជាការធ្វើទារុណកម្មផ្លូវចិត្ត ព្រោះវាបានបង្កការលំបាក​ដល់​ក្រុមគ្រួសារ និង​មេធាវី ក្នុងការ​​ស្វែង​រកជួប​​ដើម្បី​សួរ​សុខ​ទុក្ខ ក៏​ដូច​ពិគ្រោះ​យោបល់​ផ្លូវ​ច្បាប់ ដើម្បី​តតាំង​ក្តី ស្វែងរក​យុត្តិធម៌​នៅ​តុលាការ។

បន្ថែមពីនេះ បើតាមអង្គការលីកាដូ នៅថ្ងៃទី១៧ ខែកុម្ភៈ ដដែលនេះ អនុប្រធានពីររូប នៃសមាគមសម្ព័ន្ធនិសិត្ស​បញ្ញវន្តខ្មែរ (KSILA) ត្រូវបានសាកសួរ ដោយចៅក្រមស៊ើបសួរ នៅខណៈដែលសាលាដំបូងរាជធានីភ្នំ​​ពេញ​កំពុងពិចារណា ថាតើគួរបន្តឃុំខ្លួនបណ្តោះអាសន្នក្នុងរយៈពេលបន្ថែមលើ កញ្ញា រៀម ស្រីពេជ្ររត​នា និ​ង​លោក ធី ថន ដែរឬទេ។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​បដិសេធ​សំណើរនៅ​ក្រៅ​ឃុំ ដោយ​តុលាការ​កំពូល​កាល​ពី​ខែ​មុន។

សកម្មជន​ជាយុវជនទាំងពីររូបនេះ ត្រូវបានចាប់ខ្លួនពីបទ រួមគំនិតក្បត់ កាលពីខែសីហា អំឡុងពេលនៃការបង្ក្រាបទ្រង់ទ្រាយធំលើមនុស្សជាង ១០០នាក់ ដែលអ្នកទាំងនោះត្រូវបានគេចោទប្រកាន់ថា បានបញ្ចេញមតិ ឬគ្រោងនឹងប្រមូលផ្តុំគ្នាទាក់ទងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម និងឡាវ (CLV-DTA) ដែលជាកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងតំបន់ ហើយដែលកម្ពុជាទើបតែសម្រេចដកខ្លួនចេញកាលពីពេលថ្មីៗនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ