កម្ពុជាកំពុងធា្លក់ក្នុង​ក្រសែភ្នែក​ជា​ជម្រក​ឧក្រិដ្ឋ​​ជន​នៃ​ការ​បាញ់​បោះ

នៅពេល​ដែលកម្ពុជា​ក្លាយទៅជា​ទីកន្លែង​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋកម្ម​ឆបោក​​ ចាប់ជម្រិត​តាម​ប្រព័ន្ធ​​អនឡាញ និង​​​​មាន​ការ​ប្រើ​​កាំភ្លើង​ដេញបាញ់គ្នា​ដូចក្នុង​រឿង ពីសំណាក់ជនជាតិចិន​​ ​ ធ្វើឱ្យ​មានការ​ចោទ​​សួរ​​ថា ​តើ​​​​កម្ពុជា​​កំ​ពុង​ឈានឆ្ពោះ​ទៅ​​រក​ការ​បាត់បង់អធិបតេយ្យ​ភាពជាតិ​ឬយ៉ាងណា។

ចម្ងល់​នេះ ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា ​ដឹកនាំ​ដោយ​​គ្រួសារ​ហ៊ុន តែង​តែលើកឡើង​ថា «កម្ពុជា​មិន​យក​អធិប​តេយ្យ​​​របស់​ខ្លួន​ ទៅ​ប្តូរ​យក​ជំនួយ ​​ឬប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប EBA ជាដើម។

បញ្ហា​នេះ​ ក៏បាន​ធ្វើ​ឱ្យ​មាន​ក្តីបារម្ភ​ដល់ថៃផងដែរ ដោយ​​ប្រទេស​ជិតខាង​កម្ពុជា​មួយ​នេះ ​កំពុង​ពិចារណា​​ពីការ​សា​ង​សង់របង​ប្រវែង ៥៥គីឡូម៉ែត្រ​ នៅ​តាម​បណ្តោយ​ព្រំដែន។

បើ​តាម​​វចនានុក្រមសម្តេច​ព្រះ​សង្ឃរាជ​ ជួន ណាត ពាក្យ​«អធិបតេយ្យ»​មាន​ន័យ​ថា​ ភាវៈ​នៃ​បុគ្គល​ជា​អ​ធិបតី ឥស្សរ​ភាព, អំណាច​ដាច់​ខាត ​លើ​ខ្លួន​តាម​គន្លង​ច្បាប់​បើក​សិទ្ធិ​ឲ្យ។ ​ប្រទេ​ស​​ឯករាជ្យ មាន​អធិបតេយ្យ​ពេញ​​ល​ក្ខណៈ​​ជាដើម​។

​បើ​យោង​តាម​​សៀវភៅ​សញ្ញាណ​ទស្សនវិជ្ជា​ បាន​ពន្យល់ថា អធិបតេយ្យភាព គឺ​ជា​​អំណាច​​ជាន់​ខ្ពស់ ឬ​អំណាច​​នៅ​​ក្នុង​​រដ្ឋ ដែល​តាមរយៈ​នោះ​​រ​ដ្ឋ​​ត្រូវ​បាន​​គ្រប់​គ្រង​​កិច្ចការ​​ទាំង​ឡាយ និង​​ត្រួត​ពិនិត្យ ហើយ​​រដ្ឋ​មាន​លទ្ធភាព​​គ​ង់វង្ស និង​​ដំណើរ​ការ​។

ប្រភព​ដដែល​នេះ ពន្យល់ថា អធិបតេយ្យ​​ភាព​​របស់​រ​ដ្ឋ​មាន​​ពីរ គឺ​ទិដ្ឋភាព​ខាងក្នុង និង​ទិដ្ឋភាព​ខាងក្រៅ​។ ទិដ្ឋភាព​ខាងក្នុង គឺ​រដ្ឋ​មានអំណាច​ពេញ​លេញ​ ដើម្បី​គ្រប់​គ្រង​​ប្រជាជាតិ​​ទាំងអស់​​នៅក្នុង​រដ្ឋ​។ ទិដ្ឋ​ភាព​ខាង​​ក្រៅ គឺ​​រដ្ឋ​​មាន​​ឯករាជ្យ​ភាព ឬ​មិន​ចំណុះ​ការ​គ្រប់​គ្រង​​របស់​​បរ​ទេស ហើយ​​ទាមទារ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​​ពីរ​ដ្ឋ​ដទៃ​។​

ទាក់ទង​​នឹង​ជន​ជាតិ​ចិន ​ដែល​​តែង​តែ​បង្កឱ្យមានភាពភ្ញាក់ផ្អើល តាម​រយៈ​​ការ​ប្រើកាំភ្លើង​បាញ់បោះ​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ លោក​បណ្ឌិត មាស នី អ្នក​សិក្សា​ស្រាវ​ជ្រាវ​​ពីការ​អភិវឌ្ឍ​​សង្គម ​បាន​​សរសេរ​​បង្ហោះ​​នៅលើ​ហ្វេស​​ប៊ុក​របស់​លោក ​ដោយ​លើក​ជាចម្ងល់ថា ប្រទេស​មួយ​ជ្រៀត​ជ្រែក​​ប្រទេសមួយទៀត យើង​ថា វា​ជាការ​រំលោភលើ​អធិបតេយ្យគ្នា ចុះការ​មើល​ងាយលើ​អធិបតេយ្យអាច​មានន័យ​យ៉ាងដូចម្តេច​ដែរ? ឧទាហរណ៌ ដូច​ជា​ជនជាតិ​​មួយ​​ចូល​​​មក​​បាញ់​​បោះ​ ក្នុងប្រទេសមួយទៀតដោយគ្មានញញើត​ច្បាប់ជាដើម។

ជាមួយ​គ្នា​នេះ លោក សម រង្ស៊ី ប្រធាន​​ចលនា​ជាតិ​​តស៊ូ​នៅ​ក្រៅ​ប្រទេស បាន​​សរសេរ​បង្ហោះ​​នៅ​លើ​ហ្វេស​​ប៊ុក​​របស់​​លោក ​កាលពីថ្ងៃទី​១៦​ ខែមករា ដោយ​លើក​ឡើង​ថា ចិន​​ដេញ​​បាញ់​គ្នានៅ​មុខ​ព្រលាន​​យន្ត​ហោះខ្មែរ តើ​ភ្ញៀវទេសចរ​​ណា​ហ៊ាន​មក​លេងកម្ពុជាទេ​?។

កាលពីថ្ងៃទី​១៤ ​ខែ​កុម្ភៈ ​​ឆ្នាំ​​​២០២៥ ​ជ​ន​ជាតិ​​ចិន​២​ក្រុម​ មាន​​ទំនាស់​​ពាក្ស​​សម្តី​​គ្នា​​នៅ​​ក្នុង​​អគារ «​មជ្ឈ​មណ្ឌល​​រតនៈ​សម្បត្តិ​» នៅ​ខាង​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ស្ថិត​​ក្នុងភូមិ​តា​ងួ​ន​២ សង្កាត់កា​កាប​​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

​នៅ​ពេល​មាន​ទំនាស់​ ភាគីម្ខាង​ដែល​មានគ្នា​៣​នាក់ ​បានរ​ត់ទៅ​យក​អាវុធ​​វែង​​​២​​ដើម និង​​អាវុធ​​​ខ្លី​​១​ដើម ចេញ​ពី​​ក្នុង​​រថយន្ត ដែល​ចត​នៅ​មុខ​អគារ​នោះ ​ទៅ​ដេញ​តាម​បាញ់​គូ​រទំនាស់​ម្ខាង​ទៀត​ ប៉ុន្តែ​​បាញ់​​អត់​​បាន ក៏​​បាញ់​​ឡើង​​លើ​១​គ្រាប់ រួច​នាំ​គ្នា​ជិះ​រថយន្ត​គេចខ្លួន​បាត់​អស់​។

ក្រោយ​​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​​បាន​​ចុះ​​ទៅ​​​ធ្វើការ​​ស្រាវជ្រាវ ហើយ​​បាន​រក​ឃើញ​រថយន្ត​ចំនួន​២​គ្រឿង ដែល​ត្រូវ​ជនជាតិ​ចិន ជិះ​ទៅ​ប្លុង​ចោល នៅ​ម្ដុំ​ជិត​កន្លែង​កើតហេតុ។ ក្រោយ​មក​​សមត្ថកិច្ច​​បានឈាន​ទៅ​​ឃាត់ខ្លួន​​​​ជនសង្ស័យ​ជនជាតិ​ចិន ​២​នាក់។

ចំណែក​កាលពីថ្ងៃទី១៩​ ខែមករា ​ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញ បាន​ឃាត់ខ្លួនជនជាតិចិន និង​​ជន​​ជាតិ​​វៀត​​ណាម ប្រុស-ស្រីជាង ៣០០នាក់ ដែលកំពុងពួនសម្ងំលួចលាក់បង្កប់​បើក និង​​លេង​ល្បែងស៊ីសង​​តាម​អន​ឡាញ​ខុស​ច្បាប់។

នៅឯខេត្ត​ព្រះសីហនុ ជាទីក្រុង​ទេសចរណ៍​​ជាប់មាត់សមុទ្រឯណោះវិញ​​ ​ជាញឹកញាប់​ជនជាតិ​​ចិន​ជាច្រើន​ដែល​ចូល​មក​​រស់នៅ​ទីនោះ ក៏​​​​តែង​តែបង្ក​ភាពអនាធិបតេយ្យ​ធ្វើឱ្យ​មាន​ការភ្ញាក់​ផ្អើលផងដែរ​ ​ដូច​ជា ការ​ឈ្លោះ​​ប្រតាយ​​ប្រតប់​គ្នា ដេញវ៉ៃគ្នា ​ដេញ​បាញ់គ្នា​​ប្រសេច​ប្រសាច​នៅតាម​ទីសាធារណៈ​ ​ថែម​​ទាំង​​បើក​បរ​រថយន្ត​​បញ្ច្រាស​ទិស​​មិន​​គោរព​ច្បាប់​ចរាច​រណ៍ ​បង្ក​ឱ្យកើតមាន​គ្រោះ​ថ្នាក់ចរាចរណ៍​ជាញឹក​ញាប់​ជាដើម។

បើ​យោង​​តាម​របាយការណ៍​របស់​នគរបាល​ នៅក្នុងការបង្ក្រាប​បទល្មើស​​ពាក់ព័ន្ធ​នឹងល្បែង​ស៊ីសង និង​ការបន្លំបោក​ប្រាស់ ដែល​ធ្វើឡើងកាលពីខែមេសា ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជា​បានចាប់បញ្ជូន​ជនសង្ស័យជនជាតិចិនជាង ៦៨០នាក់ ឲ្យ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ។

ក្រោយ​មក​​គឺ​កាលពី​ថ្ងៃ​ទី២៨ ខែវិច្ឆិកា​ ឆ្នាំ​​២០២៤ ជនសង្ស័យជនជាតិចិនចំនួន ២៤០នាក់ទៀត ​ត្រូវ​​បានបញ្ជូន​​ចេញពីកម្ពុជា ទៅកាន់ប្រទេសចិន​ បន្ទាប់ពីត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹង​ការ​បោកប្រាស់ហើយនិងល្បែងស៊ីសង។

យោង​តាម​របាយការណ៍មួយចេញផ្សាយ ដោយអង្គការសហប្រជាជាតិ កាលពីខែសីហា ឆ្នាំ​​២០២៣ បានឲ្យ​ដឹង​ថា មានមនុស្សជាង១០ម៉ឺន​នាក់​ បានរងគ្រោះពីករណីឆបោកនៅ​កម្ពុជា ហើយថា ខេត្តព្រះសីហនុ និង​រាជធានីភ្នំពេញ ជាទីតាំងនៃការប្រព្រឹត្តបទល្មើស​ឆបោក​តាម​អនឡាញច្រើនបំផុត។

នៅ​ថ្ងៃទី​១៧ ​ខែ​កុម្ភៈ ឆ្នាំ​​២០២៥​នេះ វីអូឌី ​មិនទាន់​​អាច​ទាក់ទង​ លោក ទូច សុខៈ​ អ្នក​នាំពាក្យ​រងក្រសួង​មហាផ្ទៃ ​ដើម្បី​ស្នើ​សុំ​ធ្វើ​ការ​អត្ថា​ធិប្បាយ​ ថា​តើ​កម្ពុជា​អាច​នឹង​ឈានឆ្ពោះ​ទៅ​រក​ការ​បាត់បង់អធិបតេយ្យ​ភាពជា​តិ​ដែរ​ទេ​ ខណៈ​ដែល​ជនជាតិ​ចិន​តែង​តែបង្កការ​អុកឡុក​បាញ់បោះអនាធិបតេយ្យ​ ហាក់​បីដូច​ជាមិន​ញញើ​​ត​​​នឹង​ការ​អនុវត្តច្បាប់​របស់សមត្ថកិច្ច​កម្ពុជា។​

ប៉ុន្តែ​យ៉ាងណាក្តី​ ក្នុងអំឡុងសន្និសីទឆ្នាំ២០២៤ នៃវេទិកាសហប្រតិបត្តិការ​សន្តិសុខ​សាធារណៈ​​សកល នាខែកញ្ញា នៅទីក្រុង Lianyungang ខេត្ត Jiangsu ចិន និងកម្ពុជា បាន​ចុះកិច្ច​ព្រមព្រៀងជាមួយគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងការ​បង្រ្កាប​​ឧក្រិដ្ឋកម្មទាក់ទងនឹង​ល្បែង​ស៊ី​សង និង​ការ​បន្លំបោក​ប្រាស់​តាមប្រព័ន្ធអនឡាញ។

មជ្ឈដ្ឋាន​អ្នក​ឃ្លាំមើល​សង្គម​ដែល​មាន​និន្នាការ​មិន​ស្រប​នឹងរដ្ឋាភិបាល ​បាន​​លើក​​ឡើង​​ថា បទ​ល្មើស​​ធំៗនៅ​កម្ពុជា​ ​​ជាពិសេស​ល្បែងអនឡាញ ​កា​រចាប់​ជម្រិត​​មនុស្ស​​តាម​​ប្រព័ន្ធ​​អន​ឡាញ​ ការ​​ផលិត​​និង​ជួញ​​ដូរគ្រឿង​​ញៀន រួម​​ទាំង​​ការ​បំផ្លិចបំផ្លាញ​ធនធានធម្ម​ជាតិ​ជាដើម ​គឺ​សុទ្ធ​តែ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រួសារ​​ហ៊ុន ដោយ​​មេឧក្រិដ្ឋជន​ទាំង​នោះ ​មាន​មួយ​ចំនួន ​គឺជា​ទីប្រឹក្សា ​លោក ​ហ៊ុន សែន ក្នុង​នោះ​មាន​ដូចជា លោក ចេន ហ្ស៊ី ប្រធាន​សម្ព័ន្ធ​​ក្រុម​ហ៊ុន​​ព្រីន​ស៍ គ្រុប (Prince Group) ដែល​តុលាការប្រទេសចិន តាម​រក​ចាប់​ខ្លួន ជាប់​ពាក់ព័ន្ធ​នឹងប្រតិ​បត្តិការ​បនល្បែង​អន​ឡាញ​ខុស​ច្បាប់​ លោក​​អ្នក​ឧកញ៉ា ​ទ្រី ភាព ដែល​​គេ​ស្គាល់​ជាទូទៅ​​ថា ជាមេឈ្មួញ​រកស៊ីកាប់បំផ្លាញព្រៃឈើ និង​លោកអ្នក​ឧកញ៉ា ​​លី យ៉ុង​​ផាត់ ជាអ្នក​រកស៊ីបូម​ខ្សាច់​ និង​ក៏​​ជាប់​ពាក់ព័ន្ធ​ពីបទ​ជួញ​ដូរ​​មនុស្ស​ និង​បង្ខាំង​មនុស្ស​យក​ប្រាក់​​តាម​ប្រព័ន្ធ​អនឡាញ ​រហូត​​ដល់​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​ជាដើម​។

ជុំវិញរឿងនេះ អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ ​បាន​ថ្លែងថា​ លោក ហ៊ុន សែន តែង​តាំង​ជន​ជាតិ​ចិន​​ លោក ចេន ហ្ស៊ី ជាទីប្រឹក្សា គឺ​ដើម្បីរក្សាអំណាចតពូជ​ ខណៈ​ដែល​ស្ថា​ប័នជាតិកម្ពុជា ​នឹ​ង​ក្លាយទៅ​​ជា​ស្ថាប័ន​ដែល​​បម្រើ​ឱ្យ​គ្រួសារ​ហ៊ុន មិន​មែន​បម្រើ​ផល​​ប្រយោ​ជន៍​​​ជាតិ​នោះ​ឡើយ​។

អ្នកអត្ថាធិប្បាយ​នយោបាយ​រូបនេះ ​បាន​​និយាយ​​ក្នុង​​សម្តី​ដើម​ថា​៖ «ខ្ញុំគិត​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជាម្ចាស់​ប្រទេស គួរ​យល់​ច្បាស់​ហើយ ប្រសិនបើ​ពួក​គាត់នៅ​អង្វរ​សុំយុត្តិធម៌​ពី​ លោក ហ៊ុន សែន និង​​លោក ហ៊ុន ម៉ាណែត គឺ​អត់​មាន​ទេ ពីព្រោះ​ឪកូន​ទាំង​២នាក់​នេះ​ គឺ​ជាអ្នក​​​ធ្វើ​​ឱ្យ​​មាន​អំពើ​អយុត្តិធម៌ក្នុង​សង្គម។ មានតែប្រជារាស្ត្រ​ទូទាំង​ប្រទេស​​មើលឃើញច្បាស់ ថា​ក្រុម​គ្រួសារ​ហ៊ុន កំពុងដឹក​នាំ​ជាតិ​ដោយ​វិធី​​តែង​​តាំងឧក្រិដ្ឋ​ជន ​ធ្វើ​អំពើ​ឧក្រិដ្ឋកម្ម​ចំពោះ​ជាតិ និងប្រជាពលរដ្ឋ»

ការរីក​រាល​ដាល​នៃ​ល្បែងស៊ីសង និងការបន្លំបោកប្រាស់ចាប់ជម្រិត​តាមប្រព័ន្ធអន​ឡាញ ​ដែល​កំពុង​តែរីកសុះសាយ​​នៅក្នុង​ប្រទេស​កម្ពុជា​​នេះ ក៏​បាន​បង្កជាក្តីបារម្ភ​យ៉ាងខ្លាំង​ដល់​ថៃ ​ដែល​ជាប្រទេស​ជាប់​​ព្រំដែន​​កម្ពុជា​ផង​ដែរ ខណៈ​​សមត្ថ​កិច្ច​ថៃ​​បាន​​សហការជាមួយ​សមត្ថ​កិច្ច​​កម្ពុជា ​ជួយ​រំដោះ​ជនរងគ្រោះ​ជាជន​ជាតិ​ថៃ​​ជាច្រើន​​នាក់ ដែល​​ជាប់​ឃុំ​នៅ​ក្នុងកា​ស៊ីណូ​នានា ​នៅ​តាម​ព្រំដែន ​ក្នុង​ក្រុង​ប៉ោយប៉ែត បាន​​​ជា​បន្ត​បន្ទាប់​កាល​ពីពេល​​កន្លង​​មក​។

សូម​បញ្ជាក់​​ថា តាមការចុះផ្សាយរបស់កាសែតថៃ Thai PBS នាថ្ងៃទី១២ ខែកុម្ភៈ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសន្តិសុខ​ថៃ ​បាន​ប្រកាស​​ពិនិត្យ និង​សិក្សា​គម្រោងសាង​សង់រ​បង​ព្រំដែន​​ជាមួយកម្ពុជា នៅភូមិសាស្ត្រ​នៃខេត្ត​សាកែវ ក្នុង​បណ្តោយ​​ប្រវែង ៥៥គីឡូម៉ែត្រ ដោ​យ​​ចំ​ណាយ​ប្រាក់​ ​៣៩៥លានបាត ឬស្មើប្រមាណ ១១​​លានដុល្លារ។

 គម្រោងសាងសង់របង​នៅតាមបណ្តោយព្រំដែន​ជាមួយកម្ពុជា​នេះ គឺស្នើ​ឡើ​ង​ដោយ​អភិបាល​ខេត្ត​សាកែវ លោក Parinya Phothisat ក្រោមហេតុផលទប់ស្កាត់​ការ​ឆ្លងដែនខុសច្បាប់ ការធ្វើប្រតិបត្តិការឆបោកតាមប្រព័ន្ធ​អនឡាញ និង​ការ​ជួញ​ដូរ​មនុស្ស​ពី​ប្រទេសកម្ពុជា។ គម្រោង​​នេះ ​ក៏មាន​​ស្នើ​សុំ​ឱ្យមានបំពាក់​កាមេរ៉ា​ឃ្លាំ​​មើល​​តាមរបងព្រំដែន​ផង​ដែរ។

លើសពីនេះ លោកអភិបាល​ខេត្ត​​សាកែវ ​ក៏​បាន​ស្នើឱ្យ​រដ្ឋាភិបាល​ថៃ ​បើក​ការិយា​ល័យកុង​ស៊ុល​ថៃ​ពិសេសមួយ ដើម្បី​តាម​ដាន​ស្ថាន​ភាព​ពលរដ្ឋថៃ​ប្រមាណ ៣ម៉ឺននាក់​ ដែល​​កំពុងធ្វើការក្នុងខេត្តចំនួន៨ របស់​កម្ពុជា​ផង​ដែរ​។ នេះបើយោងតាម Thai PBS៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ