ក្រុមអ្នកចាញ់បោកអតីតឧកញ៉ា ឡេង ចាន់ណា អះអាងថា ពួកគេខ្លះត្រូវបែកបាក់គ្រួសារ និងខ្លះចំណាកស្រុកទៅក្រៅប្រទេសទាំងប្រឈមការលំបាក ក្រោមសម្ពាធបំណុលធ្ងន់ធ្ងរ ខណៈ យុត្តិធម៌ត្រូវបានកប់ចោលជាង១ឆ្នាំទៅនេះ ទោះមានមេធាវីរដ្ឋាភិបាលចូលខ្លួនការពារក្តីឱ្យជនរងគ្រោះក៏ដោយ។
វិបត្តិនេះ ក៏ជំរុញក្រុមអ្នកចាញ់បោកព្រមានពីរលកបាតុកម្មទ្រង់ទ្រាយធំ នៅទឹកដីខេត្តសៀមរាប នៅថ្ងៃទី២២ ខែកុម្ភៈ ដោយសារអស់ការអត់ធ្មត់រងចាំដំណោះស្រាយពីតុលាការ។
ជនរងគ្រោះម្នាក់ប្រាប់ VOD ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោកចាញ់បោកក្រុមហ៊ុនប្រ៊ីលានស៊ីធីចំនួន ៣០ម៉ឺនដុល្លារអាមេរិក ដែលជាលុយខ្ចីពីធនាគារ ហើយថា បច្ចុប្បន្នលោកត្រូវសងត្រលប់ទៅវិញប្រមាណ ៣ពាន់ដុល្លារក្នុងមួយខែ ដែលត្រូវសងរយៈពេល១០ឆ្នាំ។
បើតាមប្រភពដដែល ការយកលុយទៅដាក់វិនិយោគជាមួយក្រុមហ៊ុនឆបោកនេះ ដោយសារ តែជឿជាក់លើការអូសទាញរបស់ភាគីក្រុមហ៊ុន ដែលថា មានលោក ស៊ាន បូរ៉ាត់ ដែលជាមន្រ្តីសិ្នទ្ធលោក ហ៊ុន ម៉ាណែត ជាខ្នងបង្អែក។
លោកថា៖ «ស្ងាត់ អត់មានទាន់បានដំណោះស្រាយមកវិញទេ។ នៅស្ងាត់ឈឹង អត់មានអីសង្ឃឹមទេ។ ខ្ញុំមានតែអស់ដី អស់ផ្ទះហើយ (បើ) តុលាការមិនពន្លឿនទេ គឺអ្នករងគ្រោះហ្នឹង គឺមានតែដល់តែអ្នកធ្វើអត្តឃាតអីហើយ ព្រោះគ្មានលុយបង់ធនាគារទេ បើជំពាក់ធនាគារថ្នាក់ហ្នឹង ព្រោះជឿជាក់ ឡេង ចាន់ណា ខ្លាំងណាស់ពេក។ ចឹងទៅវាជ្រុលខ្លួនម្នាក់ៗ គេមកអូសទាញយើងថា ទៅដាក់វិនិយោគហ្នឹង ទៅវាបានការប្រាក់អី ៤ភាគរយអ៊ីចឹងទៅ មិនព្រួយបារម្ភអីទេ ព្រោះមានអ្នកធំនៅពីក្រោយ ដូចលោក ស៊ាន បូរ៉ាត អីអ៊ីចឹង»។
ជនរងគ្រោះរូបនេះ ឱ្យដឹងថា ក្រោយចាញ់បោកអតីតឧកញ៉ា ឡេង ចាន់ណា រួមមក ក្រៅពីប្រឈមវិបត្តិបំណុលធ្ងន់ធ្ងរហើយនោះ គាត់ក៏ជួបការបែកបាក់គ្រួសារផងដែរ ដោយសារបញ្ហាបំណុលវណ្ឌករនេះ។
លោកថា៖ «កាលពីមុន ខ្ញុំអត់ដែលជំពាក់គេទេ! ខ្ញុំរកស៊ីបានប៉ុណ្ណាហូបចុកប៉ុណ្ណឹងទៅ ប៉ុន្តែទើបតែឥឡូវនេះជឿជាក់លើក្រុមហ៊ុនហ្នឹងទៅ ក៏យកប្លង់ដីប្លង់ផ្ទះហ្នឹងទៅដាក់អស់អាលីង។ ពិបាកចិត្តណាស់ មិនដឹងគិតយ៉ាងម៉េចទេខ្ញុំ។ កូនដល់មានបញ្ហាអ៊ីចឹងទៅវាខឹងគ្នា វាលែងលះគ្នាអស់ហើយ បែកបាក់គ្រួសារអស់ហើយកូន ចេះតែរកាំរកូសទៅលែងលះគ្នា។ កូនប្រសារស្រីហ្នឹងគេលែងគ្នា គេទៅនៅផ្ទះគេបាត់ហើយ គេដឹងយើងជំពាក់គេច្រើនមិនអាចរស់នៅជាមួយគ្នាបានអ៊ីចឹង គេលែងគ្នា»។
ដោយឡែក ជនរងគ្រោះម្នាក់ទៀត លោក យ៉ា សំអេង ប្រាប់ថា រឿងក្តីអតីតឧកញ៉ា ឡេង ចាន់ណា ជាងមួយឆ្នាំទៅនេះ ហាក់មានភាពស្ងៀមស្ងាត់ ទោះមានមេធាវីរដ្ឋាភិបាលចូលជួយការពារក្តីឱ្យជនរងគ្រោះក៏ដោយ។
បើតាម លោក យ៉ា សំអេង ប្រាប់ថា លោកបានបង្ខំចិត្តស៊ីឈ្នួលធ្វើជាកម្មករដកដំឡូងនៅប្រទេសវៀតណាម ក្រោយចាញ់បោកក្រុមហ៊ុននេះជាង ២ម៉ឺនដុល្លារ ជាកម្ចីធនាគារ។
លោកថា៖ «កន្លងមក ខ្ញុំដែលមកស្គាល់ទឹកដីស្រុកយួនស្រុកអី ដល់ខេត្តតៃណិញអីហ្នឹង ខ្ញុំមិនដែលស្គាល់ទេ តែឥឡូវមកស្គាល់ស្រុកគេស្រុកឯងអស់ហើយ ដេកយប់ដេកថ្ងៃតាមព្រៃ ដើម្បីតែក្រពះ ដើម្បីតែជីវិត ហើយខ្ញុំចង់ឲ្យខាងតុលាការខេត្តសៀមរាប គាត់ធ្វើម៉េចដោះស្រាយរឿងហ្នឹងឲ្យចេញ ទោះថាក្នុងតម្លៃណាក៏ដោយ កាលៈទេសៈណាក៏ដោយ សុំដោះស្រាយរឿងក្ដីហ្នឹងឲ្យចេញ ដើម្បីជួយសង្គ្រោះដល់បងប្អូនជនរងគ្រោះដទៃទៀត មិនថារូបខ្ញុំឬបងប្អូនជនរងគ្រោះដទៃទេគាត់កំពុងតែលំបាកដូចៗគ្នា ប៉ុន្តែក្នុងរូបភាពផ្សេងៗគ្នា»។
ជាមួយគ្នានេះ ជនរងគ្រោះម្នាក់ទៀត លោក បូ ពេជ្យរស្មី ដែលចាញ់បោកលុយ ១៤០០០ដុល្លារអាមេរិក ប្រាប់VODនៅថ្ងៃទី១៨ ខែកុម្ភៈថា បើគ្មានការប្រែប្រួលទេ ក្រុមជនរងគ្រោះនឹងធ្វើបាតុកម្មទ្រង់ទ្រាយធំនៅមុខសាលាដំបូងខេត្តសៀមរាប ដើម្បីជំរុញទៅរដ្ឋាភិបាលពន្លឿនរឹបអូសទ្រព្យសម្បត្តិអតីតឧកញ៉ា ឡេង ចាន់ណា មកសងជនរងគ្រោះវិញ។
លោកថា៖ «ចាំមើលព័ត៌មានថ្ងៃនេះសិន លោកគ្រូ! ព្រោះពួកខាងខ្ញុំថ្ងៃនេះគេហៅធ្វើការចរចាជាមួយនឹងខាងតុលាការ ខាង ឡេង ចាន់ណា។ តំណាងខាងខ្ញុំគេឡើងទៅថ្ងៃនេះឯង បើសិនជាអត់មាន ប្រហែលជាពួកខ្ញុំ គេគិតថានឹងធ្វើបាតុកម្មឬក៏យ៉ាងម៉េចចាំមើល ខ្ញុំផ្តល់ដំណឹងឱ្យក្រោយទៀត»។
ជុំវិញរឿងនេះ VOD មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង បានទេ គិតត្រឹមម៉ោងផ្សាយនេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ជំរុញឱ្យរដ្ឋាភិបាលពន្លឿនរកដំណោះស្រាយឱ្យជនងរងគ្រោះ ដើម្បីបញ្ចៀសវិបត្តិសង្គមកាន់តែធ្ងន់ធ្ងរដោយថា ការផ្ទុះការតវ៉ាជាញឺកញាប់រកយុត្តិធម៌ពីក្រុមអ្នកចាញ់បោកនេះ ជាសញ្ញាបង្ហាញថាពលរដ្ឋកំពុងអស់ជំនឿលើប្រព័ន្ធច្បាប់កម្ពុជា។
លោកថា៖ «កន្លងមក ទៅជាប្រើតុលាការពលរដ្ឋ ក្នុងការបញ្ចេញមតិហើយទៅជ្រើសរើសយកការទាមទារការតវ៉ាអីជំនួស ដោយការដោះស្រាយតាមផ្លូវច្បាប់អ៊ីចឹងទៅវិញ។ អាហ្នឹងដោយសារតែការឆ្លើយតបហ្នឹង វាមានការយឺតយ៉ាវ នៃប្រព័ន្ធយុត្តិធម៌សម្រាប់ពួកគាត់។ អ៊ីចឹងករណីនេះ បើអូសបន្លាយយូរ វាជះឥទ្ធិពលមិនល្អទេសម្រាប់ការទាមទារ ឬតវ៉ាទាក់ទងនឹងការស្វែងរកដំណោះស្រាយ ហើយមួយទៀត ជះឥទ្ធិពលមិនល្អសម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋ»។
ដោយឡែក តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន យល់ថា អតីតឧកញ៉ា ឡេង ចាន់ណា ជាមនុស្សស្និទ្ធជាមួយមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលរួមទាំង លោក ហ៊ុន ម៉ាណែត ផងទើបធ្វើឱ្យប្រព័ន្ធច្បាប់មិនអាចរកយុត្តិធម៌ឱ្យជនរងគ្រោះបាន។
ក្នុងន័យនេះ លោកថា ការចាប់ខ្លួនឧកញ៉ាឆបោករូបនេះដាក់ពន្ធនាគារ តែមិនរឹបអូសទ្រព្យមកសងជនរងគ្រោះ វាគ្រាន់តែជាល្បិចរំលត់កំហឹងពលរដ្ឋតែប៉ុណ្ណោះ។
លោកថា៖ «ប្រជាពលរដ្ឋត្រូវតែចេញមកបាតុកម្ម ហើយបាតុកម្មហ្នឹង! បាតុកម្មសឹងរាល់ថ្ងៃរៀងរាល់សប្ដាហ៍ដូចភ្លៀងរលឹមអ៊ីចឹង! បានអាចរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដោះស្រាយបញ្ហាហ្នឹងឲ្យប្រជាពលរដ្ឋ បើសិនជាប្រជាពលរដ្ឋមិនស្រុះគ្នានោះទេ ហើយការជួបជុំហ្នឹងយូរៗម្ដងឬក៏ជួបជុំហ្នឹង គ្នាតិចហ្នឹង ក៏គេមិនដោះស្រាយឱ្យយើងដែរ ដូច្នេះប្រជាពលរដ្ឋត្រូវតែចេញមកស្រុះគ្នាឲ្យបានច្រើន ហើយធ្វើជាប្រចាំតែម្ដងអ៊ីចឹង! ចង់មិនចង់ គឺរដ្ឋាភិបាលមិនដែលត្រូវដោះស្រាយឲ្យប្រជាពលរដ្ឋហើយ»។
អតីតឧកញ៉ា ឡេង ចាន់ណា ធ្លាប់ប្រាប់ពលរដ្ឋមុនពេលជាប់ពន្ធនាគារថា ក្រុមហ៊ុនខ្លួនមាននាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ជាខ្នងបង្អែក។
តែយ៉ាងណា នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបដិសេធការលើកឡើងនេះ តាមរយៈលិខិតមួយសន្លឹក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ទាំងគ្មានការស៊ើបអង្កេតណាមួយកើតឡើង។
ម្ចាស់ក្រុមហ៊ុនប្រ៊ីលានស៊ីធី គឺអតីតឧកញ៉ា ឡេង ចាន់ណា ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រោយពីជនរងគ្រោះផ្ទុះការតវ៉ាជាបន្តបន្ទាប់ រយៈពេលប្រមាណ១ខែ ដែលមានអ្នកចាញ់បោកប្រមាណ ៧០០០គ្រួសារ គិតទឹកប្រាក់ជាង ៣០០លានដុល្លារអាមេរិក។
បើតាមតុលាការខេត្តសៀមរាប អ្នកស្រី ឡេង ចាន់ណា ត្រូវជាប់ចោទច្រើនបទល្មើស រួមមាន បទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង បទសម្អាតប្រាក់ និងបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។
ជុំវិញរឿងនេះដែរ មន្រ្តីស្និទ្ធ លោក ហ៊ុន ម៉ាណែត ម្នាក់គឺលោក ស៊ាន បូរ៉ាត់ បន្តរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ និងត្រូវបានតុលាការចាត់ទុកថាជាសាក្សីក្នុងរឿងក្តីឆបោក ឡេង ចាន់ណា ទោះបីលោកជាមន្រ្តីដែលមានឥទ្ធិពល ក្នុងការអូសទាញអតិថិជនឱ្យផុងខ្លួន ក្នុងអំពើឆបោកនេះក្តី។
នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត កាលពីខែឧសភា ឆ្នាំ២០២៤ បានបញ្ជាឱ្យ លោក គី តិច ប្រធានក្រុមមេធាវីរបស់រដ្ឋាភិបាល ជួយការពារក្តីឱ្យក្រុមជនរងគ្រោះ តែចាប់ពីមេធាវីរូបនោះ ជួយការពារក្តីជិតមួយឆ្នាំទៅនេះ អ្នកចាញ់បោកថានៅតែមិនទទួលបានយុត្តិធម៌ទេ ខណៈពួកគេបានលក់ដីស្រែ ខ្លះចំណាកស្រុក និងបែកបាក់គ្រួសារក្រោមសម្ពាធបំណុលធ្ងន់ធ្ងរ៕