ក្រសួងការពារជាតិកម្ពុជា អះអាងថា ស្ថានភាពនៅប្រាសាទតាមាន់ធំ មិនមានបញ្ហាប្រឈមកើតឡើងទៀតទេ ក្រោយពីទាហានថៃ រារាំងមិនឱ្យពលរដ្ឋខ្មែរ ច្រៀងចម្រៀងជាតិ ក្នុងតំបន់ប្រាសាទបុរាណខ្មែរដែលក្លាយជាតំបន់ត្រួតត្រារួមគ្នា ក្រោមដៃគ្រួសារហ៊ុននោះ។
យ៉ាងណាករណីនេះ ជំរុញឱ្យមានការលើកឡើងថា ដោយសារតែយុទ្ធសាស្រ្តបំបែកបំបាក់ជាតិ រួមទាំងកង្វះឆន្ទៈការពារបូរណភាពទឹកដី ពីសំណាក់មេដឹកនាំគ្រួសារហ៊ុន ធ្វើឱ្យប្រទេសជិតខាង ទាំងខាងកើត និងខាងលិច បន្តចិញ្ចឹមចិត្តលេបទឹកដីខ្មែរជាបន្តបន្ទាប់។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីប៉ះទង្គិចគ្នាដោយពាក្យសម្តីមួយប្រាវ បានកើតឡើង រវាងទាហានថៃឈរជើងនៅតំបន់នោះ និងមេបញ្ជាការកងទ័ពកម្ពុជាប្រចាំនៅប្រាសាទតាមាន់ធំ ដោយភាគីថៃ ហាមមិនឱ្យពលរដ្ឋខ្មែរច្រៀងចម្រៀងភ្លេងជាតិ បទ«ផែនដីខ្មែរប្រែថាសុវណ្ណភូមិ»។
ការប៉ះទង្គិចគ្នានេះ បណ្តាលឱ្យពលរដ្ឋខ្មែរប្រើប្រាស់បណ្តាញសង្គមរិះគន់ថា ប្រាសាទតាមាន់ធំជាកម្មសិទ្ធិរបស់ដូនតាខ្មែរ ប្រទេសថៃមានសិទ្ធិអ្វីមករារាំង ឬហាមឃាត់មិនឱ្យឈរច្រៀងចម្រៀងជាតិនោះ។
ចំណែក ភាគីថៃ និងសារព័ត៌មានថៃជាច្រើន បានចុះផ្សាយថា ប្រាសាទតាមាន់ធំស្ថិតនៅក្នុងខេត្តសុរិន្ទជាកម្មសិទ្ធិរបស់ថៃ ពាក់កណ្តាល ដូច្នេះមិនអនុញ្ញាតឱ្យភាគីកម្ពុជាឈរច្រៀងភ្លេងជាតិរបស់ខ្លួននោះទេ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានប្រាប់VODនៅថ្ងៃទី១៨ ខែកុម្ភៈនេះថា ស្ថានភាពនៅប្រាសាទតាមាន់ធំ គ្មានបញ្ហាប្រឈមអ្វីធំដុំនោះទេ គ្រាន់តែប៉ះសម្តីគ្នាបន្តិចបន្តួច។
លោកបន្តថា តាមការបញ្ជាក់របស់មន្រ្តីមូលដ្ឋានប្រចាំការនៅទីនោះ អះអាងមកថា អាជ្ញាធរថៃពិតជាបានរារាំង និងហាមឃាត់ពលរដ្ឋខ្មែរ មិនឱ្យឈរច្រៀងចម្រៀងលើទឹកដីប្រាសាទតាមាន់ធំ ពិតមែន។
លោកបញ្ជាក់ថា ករណីនេះ ក្រសួងការពារជាតិកម្ពុជា កំពុងចុះពិនិត្យដោយផ្ទាល់ ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា ជៀសវាងការប៉ះទង្គិចគ្នាដោយពាក្យសម្តី ឬឈានរហូតដល់ផ្ទុះអាវុធដាក់គ្នាបន្តទៀត។
លោកថា៖ «កងទ័ពជើងគោកគាត់និយាយថា មិនទាន់បញ្ហាអ៊ីចឹងប្រឈមមុខគ្នានៅឡើយទេ ដោយឡែកបញ្ហាប្រជាពលរដ្ឋអាហ្នឹង ខ្ញុំឱ្យគេតាមដានសិន សុំប៉ុណ្នឹង។ ព្រោះឥឡូវខ្ញុំអត់ទាន់បានព័ត៌មានពីមូលដ្ឋានមកទេ តែគ្រាន់តែថាអត់មានបញ្ហាប្រឈមអ្វីជាមួយទាហានថៃនិងខ្មែរទេ ចំណែករឿងចុះឡើងលើប្រាសាទតាមាន់ធំ ខ្ញុំនឹងជូនដំណឹងបន្ថែមទៀត»។
យ៉ាងណា តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក សួន សូរីដា និយាយថា ការបន្តគឃ្លើនរបស់ភាគីថៃមកលើកម្ពុជា ដោយសារមេដឹកនាំខ្មែរ គ្មានឆន្ទៈការពារបូរណភាពទឹកដី ជាប់ដៃបង្កើតយុទ្ធសាស្ត្រកម្ចាត់តែខ្មែរគ្មាឯង ដែលនិយមប្រជាធិបតេយ្យ ធ្វើឱ្យបរទេសមើលងាយពូជសាសន៍ខ្មែរ ។
លោកបន្តថា ការកម្ចាត់អ្នកប្រជាធិបតេយ្យ ជាការបំបែកបំបាក់ជាតិ ផ្តល់ឱកាសឱ្យប្រទេសជិតខាង បន្តមាក់ងាយឈ្លានពានទឹកដី របស់ដូនតាជាបន្តបន្ទាប់ ខណៈមេដឹកនាំរវល់តែច្បាមអំណាច។
លោកសង្កត់ធ្ងន់ថា មេដឹកនាំដែលរវល់ ខ្វល់តែពីអំណាចផ្តាច់ការរបស់ខ្លួននិងបក្ខពួក វានឹងបង្កគ្រោះថ្នាក់ដល់ជាតិ មាតុភូមិ និងប្រជាពលរដ្ឋ រស់នៅទាំងភាពភ័យខ្លាច បារម្ភពីការបាត់បង់ទឹកដីដូនតា។
លោកថា៖ «សម្រាប់ខ្ញុំ ខ្ញុំគិតថាមកដល់ពេលនេះ អ្វីដែលប្រទេសជិតខាង អាចរំលោភឈ្លានពានទឹកដីយើង គឺដោយសារតែខ្មែរយើងខ្សោយ ហើយខ្មែរខ្សោយដោយសារតែយើងបែកបាក់គ្នា ហែកហួរគ្នា គេហៅថាពាក្យថាកាប់សម្លាប់គ្នា ឬក៏ប្រើយុទ្ធសាស្ត្រក្នុងការកម្ទេចគ្នា ទាំងអស់នេះហើយដែលធ្វើឲ្យខ្មែរយើងរវល់នឹងការឈ្លោះគ្នា ហើយកាលណាយើងរវល់ឈ្លោះគ្នា គឺធ្វើឲ្យសត្រូវនៅជុំវិញយើងនេះ គេមានឱកាស ដែលគេមានមហិច្ឆតាចង់រំលោភបំពានយកទឹកដីរបស់ខ្មែរផង»។
បន្ថែមពីនេះ លោក សួន សូរីដា ក៏បានបង្ហោះសារលើហ្វេសប៊ុករបស់លោក ដោយនិយាយថា សំដីលោកឧត្តមសេនីយ៍ត្រី នាក់ វង្ស នៃយោធភូមិភាគ៤នៃកងខេមរភូមិន្ទកម្ពុជា ដែលបានចេញបញ្ជាទៅកូនទាហាននៅចំពោះមុខទាហានថៃឱ្យក្លាហានរារាំងដូចគ្នា បើពលរដ្ឋសៀមមកច្រៀងនៅទីនេះ ដោយសង្កត់ធ្ងន់ថា «ទៅត្រូវ… បាញ់គ្នា យើងបាញ់» ដែរនោះ ជាសំដីបង្ហាញពីការឈឺចាប់ពីបញ្ហាទឹកដី។
លោកយល់ថា ភាសាមេទ័ពរូបនេះ អាចបញ្ជាក់បានថា «រឿងទឹកដី មិនថា គណបក្សប្រឆាំង ឬគណបក្សកាន់អំណាច សុទ្ធតែមានស្មារតីជាតិ និងឈឺចាប់នៅពេលគេរំលោភបំពានយក។
លោកថា៖ «មានតែខ្មែររួមគ្នា ទើបខ្មែរខ្លាំង ដែលគេមិនអាចរំលោភឈ្លានពានយើងបាន»។
ចំណែក ប្រធានក្រុមឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ហាក់ស្តីបន្ទោសថា ភាគីបរទេសជិតខាង ហ៊ានគឃ្លើន មើលងាយកម្ពុជា ដោយសារកម្ពុជាមានមេដឹកនាំកំសាក គ្មានឆន្ទៈការពារទឹកដីបុព្វបុរសខ្មែរ។
លោកបន្តថា កម្ពុជាអភ័ព្វណាស់ មានមេដឹកនាំបម្រើមហិច្ចតាបរទេស ធ្វើឱ្យប្រជាជាតិកកម្ពុជា រងនូវភាពអាម៉ាស ពលរដ្ឋរងនូវការប្រមាថ ខណៈសូម្បីតែចម្រៀងជាតិក៏មិនអាចច្រៀងលើទឹកដីដូនតាខ្លួន។
លោកថា៖ «មេដឹកនាំកម្ពុជា ចំពោះបញ្ហាបូរណភាពទឹកដី គឺជាមេដឹកនាំដ៏កំសាកញី ខ្លាំងបានតែជាមួយនឹងខ្មែរគ្នាឯង គឺថាប្រើគ្រប់កលល្បិចទាំងអស់ដើម្បីកម្ចាត់អ្នកប្រឆាំង អ្នកប្រជាធិបតេយ្យ ប៉ុន្តែជាមួយនឹងបរទេសជិតខាង ដែលប្រើនយោបាយឈ្លានពានជាហូរហែហ្នឹង គឺកំសាកញីអត់ហ៊ានជាមួយនឹងគេទេ»។
សម្រាប់ តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន បានបង្ហោះសារលើហ្វេសប៊ុកលោក នៅថ្ងៃទី១៨ ខែកុម្ភៈនេះ ដោយបញ្ជាក់ថា ប្រាសាទតាមាន់ធំត្រូវបានឈ្លានពានដោយភាគីថៃ កាលពីឆ្នាំ២០១១។
លោកបន្តថា ប៉ុន្តែបច្ចុប្បន្ននេះ ថៃបានដាក់ទាហានមកយាមរួមគ្នាជាមួយខ្មែរ ដោយទាហានខ្មែរ៧នាក់និងទាហានថៃ៧នាក់ គឺថៃកាន់កាប់ពាក់កណ្តាលប្រាសាទ រីឯកម្ពុជាកាន់កាប់ពាក់កណ្តាលប្រាសាទ។ លោក អ៊ុំ សំអាន បញ្ជាក់ថា ដោយឡែកប្រាសាទតាមាន់តូច ត្រូវបានថៃគ្រប់គ្រងទាំងស្រុង ខ្មែរយើងមិនអាចចេញ-ចូល បានទេ។ ឯប្រាសាទតាក្របី ក៏បានដាក់ទាហានយាមរួមគ្នាដែរ គឺទាហានខ្មែរ២នាក់ និងទាហានថៃ២នាក់។
សម្រាប់លោក សំអាន អះអាងថា តាមការបញ្ជាក់ពីទាហានខ្មែរយាមនៅប្រាសាទតាមាន់ធំ និយាយថា បង្គោលព្រំដែនសម័យបារាំងនៅចម្ងាយជាង១គីឡូម៉ែត្រទៅក្នុងដីថៃ ដោយគិតពីប្រាសាទតាមាន់ធំ។ លោកបញ្ជាក់ថា ជុំវិញករណីនេះ ភាគីកម្ពុជា និងថៃ ធ្លាប់មានការផ្ទុះអាវុធនៅឆ្នាំ២០១១ នៅប្រាសាទតាមាន់ធំ។
យ៉ាងណា លោកបានគូសបញ្ជាក់ថា មុនឆ្នាំ២០១១ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជាទាំងស្រុង គឺគ្មានវត្តមានថៃនៅប្រាសាទទាំង៣នេះនោះទេ៕