មន្ទីរពេទ្យបង្អែក​ខេត្ត​តាកែវ​រង​ការ​រិះ​គន់​ថា​ទុក​ស្ត្រី​ឈឺ​ពោះ​ឆ្លង​ទន្លេ​ម្នាក់​ចោល​រហូត​ស្លាប់​កូន​ក្នុង​ផ្ទៃ

បុរសម្នាក់ បានអះអាងថា មន្ទីពេទ្យបង្អែកខេត្តតាកែវ​ មិនបានយកចិត្តទុកដាក់ ​ជួយសង្គ្រោះប្រពន្ធ​របស់ខ្លួន ដែល​ឈឺ​ពោះឆ្លង​ទន្លេ ដែល​ទៅរ​ក​សេវា​សង្គ្រោះ​នោះ​ទេ ទុក​ចោល​ជាង​២ថ្ងៃ រហូត​ស្លាប់​កូន​ក្នុង​ផ្ទៃ ដែ​ល​​​ការណ៍​នេះ គាត់អំពាវនាវកុំឱ្យគ្រូពេទ្យមើលងាយជីវិតមនុស្ស។

ហ្វេ​សប៊ុកឈ្មោះ វង្ស សុភភ្តី កាលពីថ្ងៃទី១៧ ខែកុម្ភៈនេះ បានអំពាវនាវឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមជួ​យ​ចែក​រំលែក ដើម្បី​ឱ្យស្ថាប័នពាក់ព័ន្ធបានដឹងនិងជួយអន្តរាគមន៍។

ប្រភពនោះបានអះអាងថា កាលពីថ្ងៃទី១៣ ខែកុម្ភៈនេះ ប្រពន្ធគាត់ ឈឺពោះឆ្លងទន្លេ គាត់បានដឹកប្រពន្ធទៅសំរាលនៅមន្ទីរពេទ្យបង្អែក​ខេត្តតាកែវ។ លោកថា ពេល​នោះ​មន្ទីពេទ្យបានទុកអ្នកជំងឺជាប្រពន្ធនោះចោល មិនព្រមជួយ។

សម្រាប់លោក​ សុភក្តី អ្នកជំងឺឈឺពោះចាប់តាំងពីយប់ថ្ងៃទី​១១ ខែ​កុម្ភៈ តែ​គ្រូពេទ្យ​បាន​ទុក​អ្នក​ជំងឺ​ចោលរហូត​ដល់​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ អ្នក​ជំងឺ​ទ្រាំលែង​បាន​រហូត​ដល់​ស្លាប់កូនក្នុង​ផ្ទៃ នៅ​ក្នុង​មន្ទីរពេទ្យ។

លោករៀប​រាប់​ទៀត​ថា ក្រោយ​ពី​កូន​ក្នុង​ផ្ទៃ​បាន​ស្លាប់ ក្រុម​គ្រួសារ​អ្នក​ជំងឺ បាន​សុំ​ឱ្យ​ក្រុម​គ្រូពេទ្យ​ជួយ​វះកាត់ ដើម្បី​ជួយ​សង្រ្គោះ​ម្តាយ តែ​ពេទ្យ​មិន​ព្រម​រហូត​ដល់​មាន​ការ​ប្រកែក​គ្នា ប្រហែល​កន្លះ​ម៉ោង ទើប​គ្រូពេទ្យ​ព្រម​វះកាត់​ឱ្យ​។

លោក សុភក្តី ឱ្យVODដឹងបន្ថែម​នៅថ្ងៃទី១៨ ខែកុម្ភៈ​នេះ ដោយ​ចោទ​ជា​សំណួរ​ថា ចុះ​បើ​សិន​ជា​រឿងនេះ កើត​លើ​គ្រួសារ​គ្រូពេទ្យ​វិញ តើមានឈឺចាប់បែបណាដែរ?។

លោកថា៖ «ជុំវិញ​នឹងករណីរឿងប្រពន្ធខ្ញុំសម្រាលកូននេះ ខ្ញុំចង់ជម្រាបបង​ថា​ ខ្ញុំ​មិន​បាន​ដាក់​ពាក្យបណ្ដឹង​ឬ​ឲ្យ​រក​យុត្តិធម៌​ទេ គ្រាន់​តែ​ខ្ញុំ​ចង់​អំពាវនាវ​ដល់​អ្នក​គ្រូ​ពេទ្យ​លោក​គ្រូពេទ្យ ដែល​បម្រើកា​រ​ងារ​ទាំងអស់​ សូម​មេត្តា​យក​ចិត្ត​ទុក​ដាក់​ជួយ​មើល​ថែ​អ្នក​ជំងឺ ឱ្យ​ដូច​ជា​ក្រុម​គ្រួសារ​យើង​អ៊ីចឹង ព្រោះ​ថា​ជីវិតមនុស្ស​ថ្លៃ​ណាស់​ យើង​មិន​អាច​មើល​ងាយ​ជីវិត​មនុស្ស​បាន​ទេ អ៊ីចឹង​ខ្ញុំ​មាន​ទៅ​លើ​កម្រាមដៃ​សុំ​ឲ្យ​លោកគ្រូអ្នកគ្រូទាំងអស់ មេត្តាយក​ចិត្ត​ទុក​ដាក់​ជាមួយនឹង​អ្នក​ជំងឺ»។

កន្លងទៅ​​គ្លីនិក​ឯកជន​​មួយ​​ឈ្មោះ សុងហាក់ ម៉ារីណា ​​មាន​​​ទីតាំង​​​ស្ថិត​នៅ​ស្រុក​​បាទី ខេត្តតាកែវ បានដឹ​កសពស្រ្តីម្នាក់ អាយុ៤១ឆ្នាំ និង​​ក្មេង​អាយុ​៣ឆ្នាំម្នាក់ ដែល​នៅ​រស់ ទៅ​ប្លុង​ចោល​​នៅ​គម្ពោធ​ព្រៃ​មួយ​កន្លែង ស្ថិត​​ក្នុង​​ភូមិ​​បឹង​​ពញ្ញា​​គុក ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី ដែល​​គេ​ប្រទះ​ឃើញ​កាល​ពី​ថ្ងៃ​ទី១៩ ខែវិច្ឆិ​កា ឆ្នាំ២០២៤នេះ។

ក្រោយមកម្ចាស់គ្លីនិក​​នោះ ត្រូវ​បាន​ចាប់​ខ្លួន ចោទ​ពី​បទ «មនុស្ស​ឃាត​​ដោយ​​អចេតនា» និង​​បទ «ទារុណ​កម្ម និ​​ង​អំពើ​​ឃោរឃៅ​​មាន​​ស្ថាន​​ទម្ងន់​​ទោស» ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ