មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) និយាយលើគេហទំព័ររបស់ខ្លួន នៅថ្ងៃទី១៩ខែកុម្ភៈនេះថា សម្ព័ន្ធសហជីពកម្ពុជាចំនួន៩ នៃ IndustriALL បានជំរុញអ្នកលក់រាយ វាយនភណ្ឌពិភពលោក មានប្រភពមកពីប្រទេសកម្ពុជា ឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ប្រាក់ឈ្នួលសមរម្យដល់និយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរ។
សង់ត្រាល់ បញ្ជាក់ថា ការជំរុញនេះ ខណៈក្រុមហ៊ុន H&M Primark PVH Asos និង Tchibo បានចុះហត្ថលេខារួចរាល់ និងក្រុមហ៊ុនចំនួន៥ផ្សេងទៀត កំពុងពិចារណានៅឡើយនោះ ក្រុមហ៊ុន Inditex ដែលជាក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ធំជាងគេមួយរបស់ពិភពលោក ដែលមានកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតនៅក្នុងប្រទេសកម្ពុជាប្រមាណ ១២៦ បានគាំទ្រលើកិច្ចព្រមព្រៀងនេះ ប៉ុន្តែចង់បន្តការចរចាបន្ថែម។
សម្រាប់សង់ត្រាល់ សម្ព័ន្ធសហជីពកម្ពុជាចំនួន៩ នៃសហជីព IndustriALL Global Union បានអំពាវនាវម៉ាកយីហោ និងអ្នកលក់រាយទូទាំងពិភពលោក ដែលមានប្រភពមកពីប្រទេសកម្ពុជា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគាំទ្រប្រាក់ឈ្នួលរួមក្នុងវិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងឧស្សាហកម្មនាំចេញទំនិញនៅកម្ពុជា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
កិច្ចព្រមព្រៀងនេះ ត្រូវបានបង្កើតឡើងក្រោមកម្មវិធីសកម្មភាព កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរ ឬACT ក្នុងប្រទេសកម្ពុជា។ ACT អនុញ្ញាតឱ្យម៉ាកយីហោនានា ចូលរួមយ៉ាងមានអត្ថន័យជាមួយសហជីព ក្រុមហ៊ុនផលិត និងអ្នកលក់រាយ ហើយចែករំលែកប្រាក់ចំណេញរបស់ពួកគេ ជាការលើកទឹកចិត្តដើម្បីបង្កើនប្រាក់ឈ្នួលដល់កម្មករ។
ប្រភពនោះ បញ្ជាក់ថា រហូតមកដល់ពេលនេះ ដោយមានម៉ាកយីហោពិភពលោកចំនួន៥ ក្នុងចំណោម ១១ និងអ្នកលក់រាយមួយចំនួនប៉ុណ្ណោះ ដែលមិនទាន់ចុះកិច្ចព្រមព្រៀង ។
លោកស្រី សាយ សុខនី អនុប្រធានសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ឬFTUWKC ដែលជាសមាជិកនៃ IndustriALL ត្រូវបានគេដកស្រង់សម្តីមកចុះផ្សាយថា កិច្ចព្រមព្រៀងអនុសញ្ញាឧស្សាហកម្ម ACT ផ្តោតលើសិទ្ធិរបស់កម្មករ និងសិទ្ធិទទួលបានអត្ថប្រយោជន៍ផ្សេងៗ។
កិច្ចព្រមព្រៀងនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើង នូវប្រាក់ឈ្នួលរបស់កម្មករដែលធ្វើការ ដូចជា «ទាសករសម័យទំនើប» ដែលតស៊ូជាមួយការខ្វះខាតប្រាក់ចំណូលដើម្បីទ្រទ្រង់ជីវភាពរស់នៅ។
ជុំវិញបញ្ហានេះ ការចរចាប្រាក់ឈ្នួលអប្បបរមា ត្រូវបានធ្វើឡើងរវាងរដ្ឋាភិបាល មេដឹកនាំសហជីព និងនិយោជកកាលពីឆ្នាំមុន បន្ទាប់ពីការដំឡើងប្រាក់ឈ្នួលចំនួន ២ដុល្លារនេះ ត្រូវបានព្រមព្រៀងក្នុងខែកញ្ញា ដែលប្រាក់ខែថ្មីសម្រាប់ឆ្នាំ២០២៥ គឺកើនដល់ ២០៨ដុល្លារ។
សហជីពក្នុងឧស្សាហកម្ម បានត្អូញត្អែរថា បើទោះជាមានការកើនឡើងនាពេលថ្មីៗនេះក៏ដោយ ក៏វានៅតែខ្វះខាតក្នុងការបំពេញតម្រូវការរស់នៅរបស់កម្មករ។
ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ត្រូវបានដំឡើងពី ១៩៤ដុល្លារ នៅឆ្នាំ២០២២ និង ២០០ដុល្លារ ក្នុងឆ្នាំ ២០២៣ ដល់ ២០៤ដុល្លារ ក្នុងឆ្នាំ២០២៤៕