លោក ហ៊ុន ម៉ាណែត ព្រមាន​ប្រើ​កម្លាំង​ទ័ព​ទប់​ទល់​ថៃ​ជុំវិញ​បញ្ហា​នៅ​ប្រាសាទ​តាមាន់​ធំ

នាយក​រដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ព្រមានប្រើប្រាស់​កម្លាំង​ទ័ព ទប់ទល់​ជាមួយ​ការឈ្លាន​ពាន​ណា​មួយ​ពី​ប្រទេស​ថៃ មាន​បញ្ហា​កើត​ឡើង​នៅ​ប្រាសាទ​តាមាន់​ធំ ដែល​សារ​នេះ រងការ​រិះ​គន់​ថា ជា​នយោបាយ​ប្រជាភិថុតិ​របស់​គ្រួសារ​ហ៊ុន បើ​មិន​ប្តឹង​ករណី​នេះ ទៅ​តុលាការយុត្តិ​ធម៌​អន្តរ​ជាតិ​(ICJ)​ទេ​នោះ។

ការព្រមានរបស់ លោក ហ៊ុន ម៉ាណែត ចំពេលពេលថ្មីៗ​នេះ ទាហាន​​ថៃបាន​​រារាំង​ពលរដ្ឋ​ខ្មែរមិន​ឱ្យច្រៀ​ង​ចម្រៀង​ជាតិ​ក្នុង​តំបន់​ប្រាសាទ​បុរាណ​ខ្មែរ រួម​ទាំង​មាន​ចរន្ត​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​គ្រួសារ​​ហ៊ុន ប្រើប្រាស់យន្តការ​អន្តរ​ជាតិ​ដើម្បី​ទាម​ទារ​កោះគុត​ដែល​ថៃ​កំពុង​គ្រប់​គ្រង។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ​អាស៊ី-អឺរ៉ុប នៅថ្ងៃទី១៩ ខែ​កុម្ភៈ លោក ហ៊ុន ម៉ាណែត ប្រកាស​ជំហរ​ថា លោក​មិន​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​តាម​ការ​ជំរុញ​នោះ​ទេ តែអ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​នៅ​ចំពោះ​មុខ​នេះ គឺ​ការ​ចរចា​ទ្វេភាគី​ជាមួយ​ប្រទេស​ថៃ។

បន្ថែមលើនេះ លោកក៏បានព្រមានថា បើប្រទេស​ណាហ៊ា​ន​ប្រើ​ប្រាស់​កម្លាំង​ប្រដាប់​អាវុធបំពាន​កម្ពុជា​នៅ​តាម​ព្រំដែន នោះកម្ពុជាក៏មាន​​​សិទ្ធិការ​ពារ​ខ្លួន​តាម​រយៈ​ការ​ប្រើ​ប្រាស់​កម្លាំងទ័ព​វាយ​បក​វិញ​ដែរ។

លោកថា៖«កម្ពុជា​ផ្អែក​ទៅ​លើមូល​ដ្ឋាន​នៅ​ក្នុង​ការ​ថែ​រក្សា​អធិបតេយ្យ​ភាព​របស់​ខ្លួន​ យើង​រក​វិធី​ដោះ​ស្រាយ​បញ្ហា ដែល​បន្សល់​ទុក​ពី​មុន តាម​រយៈ​យន្ត​ការ ដែល​យើង​ឯកភាព​គ្នា​ផ្លូវ​ការ​ដែល​មាន​គណៈកម្មការចម្រុះព្រំដែន​កម្ពុជា-ថៃ ធ្វើ​ការ​ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​ច្បាប់​អន្តរ​ជាតិ ផ្អែកលើផែនទីដែលតម្កល់ទុកដោយបារាំង​ដែលយើង​ឯកភាព​គ្នា ទៅ​លើ​លិខិតុប​ករណ៍​ផ្សេងៗ ទៅលើក្រុមបច្ចេកទេស។ កម្ពុជាចង់ដោះស្រាយដោយសន្តិវិធី ប៉ុន្តែ​កម្ពុជា​ក៏​រក្សា​សិទ្ធិ​នៅ​ក្នុង​ការការ​ពារ​ខ្លួន​គ្រប់​មធ្យោបាយ​ រួមទាំង​ការ​ប្រើ​ប្រាស់​កម្លាំ​ង​ប្រដាប់​អាវុធ បើសិន​ជា​ប្រទេស​ណា​មួយ​ហ៊ាន​ប្រើ​ប្រាស់​កម្លាំងប្រដាប់​អាវុធ​មក​ឈ្លាន​ពាន​កម្ពុជា»។

យ៉ាងណា តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ លោក អ៊ុំ សំអាន ចាត់​ទុក​សារ​ព្រមាន​ប្រើកម្លាំង​ទ័ព​របស់ លោក ហ៊ុន ម៉ាណែត នេះ​គ្រាន់​តែ​ជា​យុទ្ធសា​ស្រ្ត​បង្វែរ​ព្រឹត្តិ​ការណ៍​មិន​ឱ្យ​ពលរដ្ឋ​​ចាប់​​អារម្មណ៍​រឿង​កោះគុត តែ​ឱ្យ​មក​ដឹង​គុណ​គ្រួសារ​ហ៊ុន តាម​រយៈ​ប្រើ​ទ័ព​ច្បាំង​គ្នាការ​ពារ​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​វិញ​ម្តង។

លោក​ថា វា​ជា​យុទ្ធសាស្រ្តរបស់ លោកហ៊ុន សែន ធ្លាប់​បានប្រើរួចហើយ ដើម្បី​បោក​ពលរដ្ឋ​ឱ្យគាំទ្រ​ខ្លួន​ធ្វើ​ជា​មេដឹក​នាំ​​ក្នុង​​ឆ្នាំ​២០០៨។

លោកថា«គាត់​ច​ង់​ធ្វើ​នយោបាយ​ប្រជា​ភិថុតិ​ ដូច​ឪពុ​ក​របស់​គាត់​កាល​ឆ្នាំ​២០០៨ គាត់​បាញ់​គ្នា​នៅ​ប្រាសាទ​ព្រះវិហារ ចុង​​ក្រោយ​បោះ​ឆ្នោត​ឆ្នាំ​២០០៨ គាត់​បាន​៩០​កៅអី​នៅ​ក្នុង​រដ្ឋសភា។ ឥលូ​វ​គាត់​ធ្វើ​នយោបាយ​ប្រជាភិថុតិ​ន​យោបាយ ជាតិនិយម បោកប្រាស់ប្រជាពលរដ្ឋ ចង់បង្វែរការចាប់អារម្មណ៍ពីការទាមទាររបស់ខ្មែរយើងពីករណីកោះគុត ដែលទាមទារឱ្យរដ្ឋាភិបាលប្ដឹងករណីកោះគុត ទៅកាន់តុលាការអន្តរជាតិហ្នឹងគាត់បែរជាមកឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍រឿងប្រាសាទតាមាន់ធំនៅព្រំដែនគោកទៅវិញ»

បើតាម​អ្នក​ឃ្លំាំមើ​ល​ព្រំដែន​រូប​នេះ រំលឹក​ថា ក្រោយ​ច្បាំង​គ្នា​ជាមួយ​ថៃ​ក្នុង​ឆ្នាំ​២០០៨ ដល់​ឆ្នាំ២០១១ ក្នុងជំនាន់​ លោក ហ៊ុន សែន ដឹកនាំប្រទេសនោះ កម្ពុជាបាត់បង់ប្រាសាទ​តាមាន់​តូច ដែល​បច្ចុប្បន្ន​ថៃ​គ្រប់​គ្រង​ទាំងស្រុង ហើយប្រាសាទតាមាន់ធំ ត្រូវបានត្រួតត្រារួមគ្នាជាមួយ​ថៃ រួម​ទាំង​ប្រាសាទ​តាក្របី​ផង​ដែរ ខណៈ​មុន​ច្បាំង​គ្នា​ប្រាសាទ​ទាំ​ង​នោះ គឺ​​ជា​កម្ម​សិទ្ធិ​របស់កម្ពុជា។

លោកចាត់ទុក​ជម្រើសប្រើប្រាស់កម្លាំងទ័ព​មិនបានចំណេញ​ដល់​កម្ពុជា​ទេ ហើយការ​ចរចាទ្វេ​ភាគី​វិញ ក៏​ថៃ​មាន​ប្រៀប​ជាង​កម្ពុជា​ដែរ ហើយ​ថា អ្វី​ដែល​លោក ហ៊ុន ម៉ាណែត ត្រូវ​ធ្វើ​នោះ​គឺ​តតាំង​ក្តី​​ជាមួយ​ថៃ​នៅ​តុលាការ​អន្តរ​ជាតិ។

លោកថា៖ «បើសិនជាមិនប្ដឹងថៃទៅកាន់​តុលាការ​អន្តរជាតិ​នោះ​ទេ យើង​នឹង​បាត់​កោះគុត​​ហើយ ដែល​ជា​កម្ម​សិទ្ធិ យ៉ាង​ហោច​ពាក់​កណ្តាល ជា​កម្មសិទ្ធិរបស់ខ្មែរហ្នឹង ហើយ​យើង​នឹង​បាត់​ប្រាសាទ​តាមាន់​តូច​១០០​ភាគរយ នឹង​បាត់ប្រាសាទ​តាក្របី​យ៉ាង​ហោច​ពាក់​កណ្តាល នឹងបាត់ប្រាសាទ​តាមាន់ធំ​យ៉ាងហោ​ច​ពាក់​កណ្តាល​ដែរ បើ​សិន​ចរចា​ទ្វេ​ភាគី មិន​ព្រម​ប្ដឹង​ទៅ​កាន់​តុលាការ​អន្តរ​ជាតិ ដូច្នេះមានតែប្រើយន្តការអន្តរជាតិនោះទេ គឺ​ប្តឹង​ទៅ​តុលាការ​អន្តរ​ជាតិ​​នោះ​​ទេទើប​អាច​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ​បាន​ជោគ​ជ័យ ហើយ​យើង​ទទួល​បាន​ប្រាសាទ​របស់​យើង ហើយនឹងកោះរបស់យើងត្រឡប់មកវិញ»។

កាលពីថ្ងៃទី១៣ ខែ​​​កុម្ភៈ ឆ្នាំ២០២៥ មាន​ករណី​ប៉ះ​ទង្គិច​គ្នា​ដោយ​​ពាក្យ​សម្តី​មួយ​ប្រាវ បាន​កើត​ឡើង រវាង​ទាហាន​ថៃ​ឈរ​ជើង​នៅ​តំបន់​នោះ និង​មេបញ្ជាការកងទ័ពកម្ពុជាប្រចាំ​នៅ​ប្រាសាទ​តាមាន់​ធំ ដោយភាគី​ថៃ ហាម​មិនឱ្យពលរដ្ឋខ្មែរច្រៀងចម្រៀងភ្លេងជាតិ បទ«ផែនដីខ្មែរប្រែថា​សុវណ្ណ​ភូមិ»។

ការប៉ះទង្គិចគ្នានេះ បណ្តាលឱ្យពលរដ្ឋខ្មែរប្រើប្រាស់បណ្តាញ​សង្គម​រិះគន់​ថា ប្រាសាទ​តាមាន់​ធំ​ជា​កម្មសិទ្ធិ​របស់​ដូនតាខ្មែរ ប្រទេសថៃ​មានសិទ្ធិអ្វីមក​រារាំង ឬហាមឃាត់មិនឱ្យឈរច្រៀងចម្រៀង​ជាតិនោះ។

ចំណែក ភាគីថៃ និងសារព័ត៌មានថៃជាច្រើន បានចុះផ្សាយថា ប្រាសាទតាមាន់ធំ​ស្ថិតនៅក្នុងខេត្តសុរិន្ទ​ជា​កម្មសិទ្ធិរបស់ថៃ ពាក់​កណ្តាល ដូច្នេះមិនអនុញ្ញាតឱ្យភាគី​កម្ពុជា​​ឈរ​ច្រៀង​ភ្លេងជាតិ​របស់​ខ្លួន​នោះទេ។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា យុទ្ធសាស្រ្តចរចា​​ជាមួយប្រទេស​ថៃ ដែល លោក ហ៊ុន សែន ធ្លាប់ធ្វើជាមួយថៃនោះ ធ្វើឱ្យប្រាសាទខ្មែរ រួមមាន ប្រាសាទ​តាមាន់តូច ប្រាសាទតាមាន់ធំ និង​តាក្របី ត្រូវ​បាន​ថៃ​គ្រប់គ្រង​ដែល​មុន​ច្បាំង​គ្នាជាមួយថៃក្នុងឆ្នាំ​២០០៨ ប្រាសាទទាំងនោះ​គឺជារបស់ខ្មែរ។

លោកថា រឿងព្រំដែន​គោក និងជម្លោះ​កោះគុត​ជាមួយ​ថៃ​នេះ កម្ពុជា​មាន​ភស្តុតាង​រឹង​ជា​ច្រើនដែល​ឈ្នះថៃ​បើ​ប្តឹង​តុលាការ​អន្តរជាតិ ដោយ​មិន​ចាំបាច់​ចរចា​ទ្វេ​ភាគី ឬ​ប្រើ​កម្លាំង​ទ័ព​នោះ។

លោកថា៖ «នៅពេល​ដែល ហ៊ុន ម៉ាណែត ថ្លែងសារបង្ហាញពីទឹក​ចិត្ត​ខ្លះ​ នៅ​ក្នុង​ការ​ការ​ពារ​បូរណ​ភាព​ទឹក​ដី ប្រាប់ ហ៊ុន ម៉ាណែត ថា​មិន​បាច់​ចាំ​ទៅ​ដាក់​ទ័ព​អី​ច្រើន​ពេក​ទេ ប្រឈម​អី​ច្រើន​ពេក​ជាមួយ​ថៃ​ទេ ពុំ​ចាំបាច់​ព្រមាន​អី​ហួង​​ហែងអ៊ីចឹង​ពេក​ទេ វិធីសាស្ត្រ​ដែល​ល្អ​ប្រាប់​ទៅ​អ្នក​ការទូត​ថៃ​ ឬ​ក៏​ប្រាប់​ទៅ​រដ្ឋាភិបាល​ថៃ​ថា កម្ពុជា​សម្រេច​ចិត្ត​ប្ដឹង​ប្រទេស​ថៃ ហើយ​អំពី​បញ្ហា​៤។ ទី១ រឿង​កោះគុត​និង​ដែន​សមុទ្រ​កម្ពុជា ទី២ បញ្ហា​ប្ដឹ​ង​ថៃ​ដែរ ពី​បញ្ហា​ប្រាសាទ​តាក្របី ប្រាសាទ​តាមាន់​តូច និងប្រាសាទ​តាមាន់​ធំ ប្តឹង​ត​ទល់​គ្នា​នៅតុលាការ​អន្តរ​ជាតិទៅ ​អាហ្នឹង​ជា​មធ្យោបាយ​ល្អក្នុង​ការ​បញ្ចៀស​ការប្រឈម​មុខ​ដាក់​គ្នា»។

អ្នកវិភាគ​​នយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់ចង្អុលបង្ហាញ​ពី​មូល​ដ្ឋាន​ច្បាប់​រឹង​មាំរបស់​កម្ពុជា ដែល​ប្រទេស​​ជិត​ខាង​មិន​អាច​រំលោភ​បំពាន​បាន។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា កម្ពុជា​អាច​ប្រើ​ប្រាស់​យន្ត​ការ​ដោះ​ស្រាយ ដោយ​ប្រើ​ប្រាស់​មាត្រា៥ នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​​ប៉ារីស។

បើតាម​មាត្រា៥ នៃកិច្ចព្រមព្រៀង​២៣​តុលា បញ្ជាក់​​ថា បើ​​មាន​​​​ការ​គំរាម​កំហែង​​រំលោភ​​លើអធិប​​តេយ្យ​​ភាព​​កម្ពុជា បណ្តា​ភាគី​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ ត្រូវ​ពិគ្រោះ​ជា​​បន្ទាន់ ដើម្បី​​អនុម័ត​រាល់​វិធាន​ការ​​សមស្រប ដើម្បី​ដោះ​ស្រាយ​រាល់​ការ​រំលោភ​ទាំង​នេះ​តាម​មធ្យោបាយ​សន្តិវិធី។

បើតាមលោក​បណ្ឌិត ឡៅ ម៉ុងហៃ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បញ្ជាក់​យ៉ាង​ច្បាស់​ថា ម្ចាស់ហត្ថ​លេខី​ទាំង​១៨ប្រទេស ដែល​ជាសាក្សីនៃកិច្ចព្រមព្រៀង​នេះ រួម​ទាំង​ប្រទេស​ថៃ​ផង ត្រូវទទួលស្គាល់ និងគោរពគ្រប់បែប​យ៉ាង​​​ទាំង​អស់ ដល់អធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាន​នៃ​ដែន​ដី អព្យាក្រឹតភាព និងឯកភាពជាតិកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ