មន្ត្រីជាន់ខ្ពស់របស់អគ្គស្នងការនគរបាលជាតិ ហាក់បាននិយាយការពារលើវិធានលាក់បាំងមិនព្រមចាប់បញ្ជូនជនសង្ស័យ លី រតនរស្មី និងពេជ្រ គឹមស្រ៊ិន ឱ្យទៅភាគីថៃ ក្នុងសំណុំរឿងឃាតកម្ម លោក លិម គិមយ៉ា ដែលត្រូវបានអូសបន្លាយពេលជាង១ខែទៅនេះ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ត្រូវបានខ្មាន់កាំភ្លើងជនជាតិថៃបាញ់សម្លាប់នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ពោលគឺជាង១ខែទៅនេះ។
ក្រោយចាប់បានខ្មាន់កាំភ្លើង តុលាការព្រហ្មទណ្ឌថៃ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន លី រតនរស្មី ទីប្រឹក្សាលោក ហ៊ុន សែន និងប៉ូលីសអន្តរជាតិចេញប្រកាសឱ្យចាប់ខ្លួន ពេជ្រ គឹមស្រ៊ិន ដែលគេស្គាល់ថាស្និទ្ធនឹងអភិបាលក្រុង លោក ឃួង ស្រេង ដែលជនសង្ស័យទាំងពីរ ត្រូវបានគេដឹងថាកំពុងលាក់ខ្លួនក្នុងប្រទេសកម្ពុជា។
ដោយឡែក ភរិយា លោក លិម គិមយ៉ា ដែលជាជនជាតិបារាំង ត្រូវបានគេរាយការណ៍ថា បានដាក់ពាក្យប្តឹងករណីនេះទៅតុលាការបារាំង ដើម្បីស្វែងរកយុត្តិធម៌ឱ្យប្តីរបស់ខ្លួនដែលត្រូវគេបាញ់សម្លាប់។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន និយាយប្រាប់VODនៅថ្ងៃទី១៩ ខែកុម្ភៈនេះថា កម្ពុជាមិនមែនជាប្រទេសចំណុះឱ្យតុលាការថៃ ឬតុលាការបារាំងទេ ដែលត្រូវកំណត់ពេលជាក់លាក់ក្នុងការចាប់បញ្ជូនជនសង្ស័យឱ្យទៅភាគីបរទេស ដើម្បីកាត់ទោសនោះ។
លោកគូសបញ្ជាក់ថា កម្ពុជាបានទទួលសំណើរពីភាគីថៃ តែថា ពេលនេះកម្លាំងជំនាញកំពុងសិក្សាលើអង្គហេតុ ដោយមិនចេះតែចាប់ខ្លួនមនុស្សទេ។
លោកថា៖ «យើងកំពុងសិក្សាហើយ ដោយឡែកសិក្សាយ៉ាងម៉េច ឬកិច្ចសហការយ៉ាងម៉េច យើងមិនទាន់អាចបញ្ជាក់ជូនបានទេ។ ខ្ញុំមិនអាចផ្សព្វផ្សាយព័ត៌មានអំពីការស៊ើបអ្វី ដែលមិនទទួលបានផលឡើយទេ។ តែយើងកំពុងតែអនុវត្តទី១ និងទី២ យើងអត់ចំណុះឱ្យយុត្តាធិការរបស់តុលាការថៃ របស់តុលាការបារាំងទេ អ្វីដែលយើងធ្វើ គឺកិច្ចសហការជាមួយភាគីថៃ ហើយស្ថិតនៅក្នុងអធិបតេយ្យរបស់ជាតិ»។
ម្យ៉ាងវិញទៀត លោកច្រានចោលការចោទប្រកាន់ថា មន្រ្តីរដ្ឋាភិបាលព្យាយាមអូសបន្លាយពេល មិនព្រមចាប់បញ្ជូនជនសង្ស័យ លី រតនរស្មី និង ពេជ្រ គីមស្រ៊ិន ទៅឱ្យតុលាការថៃកាត់ទោស។
លោកអះអាងថា តាមនិតីវិធីច្បាប់ មិនមែនគ្រាន់តែគេចោទប្រកាន់បុគ្គលនេះបុគ្គលនោះ ហើយសមត្ថកិច្ចត្រូវតែចាប់ខ្លួនទេ គឺត្រូវមានអង្គហេតុ ឬភស្តុតាងច្បាស់លាស់ មុននឹងធ្វើការតាមចាប់ខ្លួនជាដើម។
លោកថា៖ «រឿងចាប់ឲ្យតុលាការក្រៅប្រទេស ឬមិនចាប់ឲ្យតុលាការទេ អស់លោកនាំគ្នាទៅមើលរដ្ឋធម្មនុញ្ញខ្លះផងទី១ ទី២ ការងារស៊ើបអង្កេត យើងមិនមែនគ្រាន់តែគេប្រាប់ថា អ្នកហ្នឹងពាក់ព័ន្ធហើយទៅចាប់គេទេ យើងត្រូវមើលអង្គហេតុ ត្រូវពិភាក្សាអំពីតម្រុយដែលពាក់ព័ន្ធច្បាស់លាស់ បានយើងសុំធ្វើការស៊ើបអង្កេតបឋម ឬក៏សុំដីកាចាប់ខ្លួន យើងមិនទៅចាប់ខ្លួនឆៅៗណា យើងមានច្បាប់ប្រទេសយើងមានច្បាប់ ឃើញអស់លោកទាមទារឲ្យមាននីតិរដ្ឋ»។
ឆ្លើយតបរឿងនេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក សួន សូរីដា យល់ថា ការព្យាយាមបកស្រាយយករួចខ្លួនរបស់មន្រ្តីរដ្ឋាភិបាល គ្រាន់តែជាលេសចង់បិទបាំងការពិតនៅពីខាងក្រោយប៉ុណ្ណោះ។
លោកថា ដើម្បីបង្ហាញតម្លាភាព ឬភាពស្អាតស្អំដែលរដ្ឋាភិបាលអះអាងថា ខ្លួនមិនជាប់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់ លោក លិម គិមយ៉ា ត្រូវចាប់បញ្ជូនពួកគេទាំងពីរនាក់នោះ ឱ្យតុលាការថៃកាត់ទោស។
លោកសង្កត់ធ្ងន់ថា បើរដ្ឋាភិបាលបន្តនៅស្ងៀមស្ងាត់ ឬព្យាយាមលាក់បំពួនជនសង្ស័យ លី រតនរស្មី និង ពេជ្រ គីមស្រ៊ិន ជៀសមិនផុតមហាជនដាក់ការសង្ស័យថា រដ្ឋាភិបាលជាប់ពាក់ព័ន្ធករណីឃាតកម្មនេះ។
លោកថា៖ «ចំពោះគំនិតខ្ញុំ មិនខុសពីមហាជនខ្មែរទេ ប្រសិនបើអាជ្ញាធរ ឬរដ្ឋាភិបាលកម្ពុជា នៅតែមិនព្រមចាប់បញ្ជូនជនសង្ស័យពីរនាក់ ដែលជាប់ពាក់ព័ន្ធទៅនឹងឃាតកម្មលោក លិម គិមយ៉ា គឺចង់មិនចង់មហាជនគេនឹងដាក់ការសង្ស័យថា រដ្ឋាភិបាល ឬក៏ជនមានអំណាចនៅក្នុងជួររដ្ឋាភិបាល មានជាប់ពាក់ព័ន្ធទៅនឹងរឿងក្ដីឃាតកម្មលើ លោក លិម គិមយ៉ា នេះហើយ»។
ចំណែក ប្រធានអង្គការប្រជាធិបតេយ្យប្រចាំនៅប្រទេសអូស្រ្តាលី លោក ស៊ឹង សែនករុណា មិនជឿថាមេដឹកនាំដែលក្តោបអំណាចជាង៤០ឆ្នាំ មិនអាចស្វែងរកចាប់ខ្លួនជនសង្ស័យទាំងពីរនាក់នោះបានទេ។
លោកបន្តថា បើគ្រាន់តែជនសង្ស័យពីរនាក់ មន្រ្តីរដ្ឋាភិបាល ឬរដ្ឋាភិបាល ដែលក្រាញអំណាចជាង៤០ឆ្នាំ មិនអាចស្វែងរកចាប់ខ្លួនបាន ហាក់ឆ្លុះបញ្ចាំងពីកម្សោយ និងអសមត្ថភាពបំផុតរបស់មេដឹកនាំ។
ម្យ៉ាងវិញទៀត លោកឆ្ងល់ថា បើយុវជនសង្គម ឬសកម្មជនបក្សប្រឆាំង ហេតុអ្វីរដ្ឋាភិបាលហាក់តាមចាប់ខ្លួនបានលឿនម្ល៉េះ ចុះហេតុអ្វីជនសង្ស័យដែលគេស្គាល់ថាជាមនុស្សស្និទ្ធនឹងខ្លួនពិបាកចាប់ខ្លួនម្ល៉េះ។
លោកថា៖ «ខ្ញុំគិតថា វាពាក់ព័ន្ធទៅនឹងឆន្ទៈទៅវិញទេ មានន័យថា ខ្លួនហ្នឹងគឺអត់ចង់ចាត់វិធានការតែម្ដង គឺអាចឃុបឃិតជាមួយនឹងក្រុមអ្នកដែលរៀបចំនៅក្នុងការសម្លាប់ លោក លិម គិមយ៉ា តែម្ដងអាចឲ្យធ្វើឡើងជាប្រព័ន្ធ សហការគ្នាបិទបាំងក្នុងអំពើប្រព្រឹត្តហ្នឹង ទើបថាអាការចាប់ហ្នឹងមិនហ៊ាន ព្រោះថាតុលាការថៃគេអាចធ្វើការតាមនីតិវិធី គេអាចសួរដេញដោលទៅ រកឃើញមន្ត្រីណាមួយ ឬក៏អ្នកមានអំណាចមានជាប់ពាក់ព័ន្ធ ដែលជាក្រុមបក្ខពួករបស់ខ្លួននៅពីក្រោយឃាតកម្មហ្នឹង អ៊ីចឹងទៅវាធ្វើឲ្យអាម៉ាស់ ប៉ះពាល់ដល់ក្រុមហ៊ុន និងបក្ខពួកខ្លួន»។
យ៉ាងណា លោក ករុណា ជំរុញឱ្យរដ្ឋាភិបាលឈាមថ្មីរបស់បក្សកាន់អំណាច គឺលោក ហ៊ុន ម៉ាណែត ត្រូវក្លាហាន ហ៊ានចាប់បញ្ជូនជនសង្ស័យទាំងពីរនាក់នោះ ឱ្យតុលាការថៃ ឬតុលាការបារាំងកាត់ទោស ដើម្បីលាងជំរះការចោទប្រកាន់ ស្តារមុខមាត់កម្ពុជា ។
កាលថ្ងៃទី១៥ ខែមករា នគរបាលអន្តរជាតិ អាំងទែប៉ូល (Interpol) បានចេញនិវេទន៍ក្រហម (Red notice) ឱ្យស្វែងរកចាប់ខ្លួនអ្នកផ្តល់តម្រុយឱ្យបាញ់សម្លាប់លោក លិម គិមយ៉ា ។
ដោយឡែក តុលាការព្រហ្មទណ្ឌថៃ ក៏បានចេញដីកាឱ្យតាមចាប់ខ្លួនជនសង្ស័យ លី រតនរស្មី តាមចម្លើយសារភាពរបស់ខ្មាន់កាំភ្លើង ដែល លី រតនរស្មី ត្រូវបានលោក ហ៊ុន សែន តែងតាំងឱ្យធ្វើជាទីប្រឹក្សា នៅដើមឆ្នាំ២០២៤។
កាលពីថ្ងៃទី២៤ ខែមករា លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរាជទូតបារាំងប្រចាំនៅកម្ពុជា លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ក្នុងនាមរដ្ឋាភិបាល នឹងបន្តតាមដានរឿងក្តីនេះដោយហ្មត់ចត់។
ថ្លែងនៅចំពោះមុខ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ក្នុងជំនួបកាលពីថ្ងៃទី២៣ ខែមករា អ្នកការទូតរូបនេះ បញ្ជាក់ជំហរថា រដ្ឋាភិបាលបារាំង នឹងមិនដើរចេញពីការស៊ើបអង្កេត ក្នុងរឿងក្តីទៅលើលោក លិម គិមយ៉ា ដែលជាពលរដ្ឋបារាំង និងជាអតីតសមាជិកសភា កូតាមកពីគណបក្សប្រឆាំងនេះឡើយ។
យ៉ាងណា គណបក្សប្រឆាំង ធ្លាប់ដាក់ការសង្ស័យថា ដ៏រាបណាជនសង្ស័យក្នុងឃាតកម្មនេះ នៅត្រូវបានគេការពារក្នុងប្រទេសកម្ពុជាមិនបាប់បញ្ជូនឱ្យទៅភាគបរទេសកាត់ទោស នោះវាបញ្ជាក់កាន់តែច្បាស់ថា គ្រួសារហ៊ុន ជាមេខ្លោងនៅពីក្រោយឃាតកម្មនេះ ខណៈសំណុំរឿងឃាតកម្មជារាប់សិបករណី ក្នុងប្រទេសកម្ពុជា ឃាតករពិតមិនត្រូវបាននាំខ្លួនមកកាត់ទោស។
ជុំវិញនីតិរដ្ឋនៅកម្ពុជាវិញ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បាននិយាយក្នុងសេចក្តីថ្លែងការណ៍រួម អំឡុងខែវិច្ឆិកា ឆ្នាំ២០២១ថា តុលាការនៅកម្ពុជា ត្រូវបានបក្សកាន់ណាចប្រើប្រាស់ ដើម្បីបំបិទមាត់អ្នករិះគន់ មានការរៀបចំច្បាស់លាស់លក្ខណៈជាប្រព័ន្ធ។
បន្ថែមពីនេះ កាលពីខែមេសា ឆ្នាំ២០២៤ ពួកគេបាននិយាយដែរថា សកម្មជនសិទ្ធិមនុស្ស និងសកម្មជននយោបាយនៅក្នុងប្រទេសកម្ពុជារងការយាយី និងផ្តន្ទាទោសដោយមិនត្រឹមត្រូវ បំពានសិទ្ធិសេរីភាពបញ្ចេញមតិ ផ្ទុយពីកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ៕