អតីតមេដឹកនាំគណបក្សប្រឆាំងដែលកំពុងនិរទេស លោក សម រង្ស៊ី បានចោទប្រកាន់ក្រុមគ្រួសារមេដឹកនាំបក្សកាន់អំណាចថា ជាអ្នកនៅពីក្រោយធនាគារពុករលួយ កេងប្រវ័ញ្ចអ្នកក្រីក្រ ដែលលោកថាប្រាក់កម្ចីភាគច្រើននៅកម្ពុជាជាកម្ចីខុសច្បាប់។
ការចោទប្រកាន់របស់ លោក សម រង្ស៊ី នេះចំពេលដែលតុលាការកម្ពុជាដែលគេដឹងថា ជាឧបករណ៍របស់បក្សកាន់អំណាចនោះ បន្តបិទខ្ទប់ មិនឱ្យលោកចូលប្រកួតជាមួយគ្រួសារហ៊ុន។
លោក សម រង្ស៊ី បាននិយាយនៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៩ ខែកុម្ភៈនេះថា ប្រាក់កម្ចីភាគច្រើននៅក្នុងប្រទេសកម្ពុជា គឺជាប្រាក់កម្ចីខុសច្បាប់ ជាពិសេសប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុ ដែលត្រូវបានរំលោភបំពានដោយធនាគារក្នុងស្រុក។
លោកបន្តថា ធនាគារទាំងនោះ បានបោកបញ្ឆោតប្រជាពលរដ្ឋ ឱ្យបញ្ចាំទ្រព្យសម្បត្តិដីធ្លីផ្ទះសម្បែងរបស់ពួកគេ ជាមួយនឹងប្រាក់កម្ចីដែលមានការប្រាក់ខ្ពស់ហួសហេតុ រហូតដល់ជាប់បំណុលវ័ណ្ឌក។
សម្រាប់លោក សម រង្ស៊ី មានករណីខ្លះទៀត ប្រជាជនខ្ចីពីធនាគារទិញផ្ទះ តែត្រូវបានចាញ់បោកពួកឧកញ៉ា អត់បានផ្ទះ ហើយជំពាក់ធនាគារទៀត។
លោកថា៖ «ដូច្នេះខ្ញុំសូមគាំទ្រសំណើរ លោក ស សុខា ប្រាប់ប្រជាពលរដ្ឋកុំឱ្យសងប្រាក់កម្ចីខុសច្បាប់ទាំងអស់ រួមទាំងប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុ និងប្រាក់កម្ចីដែលខុសច្បាប់ទាំងអស់»។
លោក សម រង្ស៊ី គូសបញ្ចាក់ថា៖ «សមាជិកគ្រួសារ ហ៊ុន សែន សុទ្ធតែជាអ្នកនៅពីក្រោយធនាគារពុករលួយទាំងនោះ ហើយគោលដៅរបស់ពួកគេ គឺលួចពីអ្នកក្រ»។
ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បាននិយាយថា ពលរដ្ឋមិនចាំបាច់សងលុយទៅអ្នកផ្តល់កម្ចីតាមអនឡាញខុសច្បាយ់ទេ ហើយថា បើមានបញ្ហាកើតឡើងលោកឱ្យប្តឹងទៅមន្ត្រីសមត្ថកិច្ច។
យ៉ាងណា VOD មិនអាចរកការឆ្លើយតបពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំប្រតិកម្មឆ្លើយតបជុំវិញការចោទរបស់ លោក សម រង្ស៊ី នេះបានទេ។
ប៉ុន្តែកន្លងទៅ លោក ប៉ែន បូណា ធ្លាប់ក្រុមអ្នកនយោបាយប្រឆំាងថា ជាក្រុមបំប៉ោងសភាពការណ៍នៅកម្ពុជា ក្នុងបំណងជំរុញឱ្យចលាចលសង្គម ប្រឆាំងនឹងគ្រួសារហ៊ុន ដែលលោកថា ជាអ្នកការពារសន្តិភាព។
លោកថា៖ «ក្រុមនេះ ទី១ គឺជាសត្រូវនឹងច្បាប់របស់រដ្ឋ។ ទី២ សត្រូវទៅនឹងប្រជាធិបតេយ្យ។ ទី៣ សត្រូវនឹងសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ទី៤ សត្រូវនឹងការអភិវឌ្ឍ និងទី៥ សត្រូវនឹងមេដឹកនាំដែលកសាងប្រទេសបានល្អ និងរឹងម៉ាំ និងខ្លាំងពូកែ»។
យ៉ាងណា កាលពីថ្ងៃទី៥ ខែកុម្ភៈនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអះអាងថា កម្ពុជាបាននិងកំពុងសហការជាមួយដៃគូរជាតិ និងអន្តរជាតិ ដោះស្រាយយ៉ាងសកម្មនូវបញ្ហាប្រឈមសំខាន់ៗក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសបញ្ហាបំណុលវ័ណ្ឌករបស់ពលរដ្ឋ ដើម្បីធានាថា ពលរដ្ឋដែលងាយរងគ្រោះទទួលបាននូវកិច្ចការពារ។
ដោយឡែក កាលពីខែធ្នូ ឆ្នាំ២០២២ អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សចំនួន៣ រួមទាំងអង្គការលីកាដូ ធ្លាប់បានដាក់ពាក្យបណ្តឹងទៅស្ថាប័នថ្នាក់ជាតិ របស់រដ្ឋាភិបាលប្រទេសហូឡង់ ដោយចោទប្រកាន់ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ អយកូក្រេឌីត (Oikocredit) ថាបានបរាជ័យ ក្នុងការអនុវត្តវិធានការត្រួតពិនិត្យ ឱ្យបានគ្រប់ជ្រុងជ្រោយ និងធ្វើការវិនិយោគ ដែលផ្ដល់ផលប៉ះពាល់អវិជ្ជមាន និងមានការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៧មក។
លើសពីនេះ អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស អំឡុងដើមឆ្នាំ២០១៦ បានចេញរបាយការណ៍មួយដែលដាក់ចំណងជើងថា “ការក្ដោបយកវិនិយោគនៅកម្ពុជា” បង្ហាញថា អធិរាជត្រកូលហ៊ុន កំពុងក្ដោបក្ដាប់សេដ្ឋកិច្ចធំៗរបស់កម្ពុជា ដោយអំពើពុករលួយ រំលោភអំណាច និងរំលោភសិទ្ធិមនុស្សដើម្បីការពារអំណាចរបស់ លោក ហ៊ុន សែន។
បើតាមរបាយការណ៍សង្អេត កម្រាស់៦០ទំព័រនៅពេលនោះ គ្រួសារហ៊ុន បានកាន់កាប់ក្រុមហ៊ុនជាច្រើនដែលមានដើមទុនចុះបញ្ជីជាង ២០០លានដុល្លារសហរដ្ឋអាមេរិក ហើយបានដាក់ភាគហ៊ុនជាមួយក្រុមហ៊ុនបរទេស ដែលមានយីហោល្បីៗ ដូចជា Apple, Unilever, Visa, Nestle, Honda និងក្រុមហ៊ុនចំនួន ១១៤ផ្សេងទៀតនៅក្នុងប្រទេស។
គ្លបល វីនេស អះអាងថា ពួកគេមានភាគហ៊ុនច្រើនជាងនេះ ហើយមិនប្រកាសឱ្យដឹងជាតម្លាភាព ប៉ុន្តែប្រើអ្នកក្លែងក្លាយ និងជ្រកក្រោមផ្លាកក្រុមហ៊ុនផ្សេងៗ៕