សង្គម​​​អយុត្តិធម៌​នឹង​រង​គ្រោះ​គ្រប់​​គ្នា​​​រួម​ទាំង​អ្នក​នៅ​ក្បែរ​មេដឹកនាំ​​គ្រាន់​​​តែ​ខ្លះ​មិន​​ទាន់​​ដល់​វេន

ករណី​ លោក​បណ្ឌិត ​សុខ ទូច ​ប្រធាន​​រាជ​បណ្ឌិត​​សភា​កម្ពុជា មាន​​ឋានៈ​​ស្មើ​​រដ្ឋ​មន្ត្រី​​ដែល​​ត្រូវ​​បាន​កម្លាំង​​នគរបាល​​ចរាចរណ៍​​ក្រុង​​ភ្នំពេញ ​រុញ​​ច្រាន​​និង​​ប្រើ​​ពាក្យ​​សម្តី​ប្រមាថ​មើល​ងាយ ​ធ្វើ​ហាក់​បី​ដូច​លោក​​ជា​ឧក្រិដ្ឋ​ជន ដោយ​​សារ​​តែ​​លោក​​បាន​​ទាម​ទារ ​សុំ​ឱ្យ​ប្តូរ​​ទុយោ​ផ្លុំ​​រក​ជាតិ​​អាល់​​កុល​កាល​ពី​យប់​ថ្ងៃ​ទី​​១៧ ​ខែ​កុម្ភៈ​នោះ វា​ជា​ជ្រុង​មួយ​​ដែល​​​ឆ្លុះ​​បញ្ចាំង​​​​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ថែម​ទៀត ​​ពី​ការ​អនុវត្ត​ច្បាប់​​ និង​​កម្រិត​សីលធម៌​​របស់កង​កម្លាំង​សមត្ថ​កិច្ច ​​​របស់​រដ្ឋាភិបាល​ដែល​​តែង​​តែ​បង្ក​ឱ្យ​មាន​​ការ​​ឈឺ​ចាប់​​ដល់​​​ប្រជា​ពលរដ្ឋ​​ ដែល​​ជា​អ្នក​​រកប្រាក់​បង់ពន្ធ ​ដើម្បី​​បើក​​ប្រាក់​​ខែ​​ឱ្យ​មន្ត្រី​ទាំង​នោះ​​។

នៅ​ពេល​ដែល​លោក​បណ្ឌិត សុខ ទូច ​ត្រូវ​​បាន​​សមត្ថកិច្ច​ស្នើឱ្យ​ចុះ​ពី​រថយន្ត​ ដើម្បី​​ផ្លុំ​​ត្រួត​​ពិនិត្យ​ជាតិ​​អាល់​កុល នៅ​​តាម​​ដង​​ផ្លូវ​​កាល​ពី​យប់​​ថ្ងៃទី​១៧ ​ខែ​កុម្ភៈ ប្រធាន​​រាជ​បណ្ឌិត​សភា​​កម្ពុជា​រូប​នេះ ​ក៏​​ចុះ​​ពី​រថយន្ត​​ហើ​យ​​​ស្នើសុំ​ប្តូរ​ទុយោផ្លុំ​ ដោយ​សារ​​តែ​​បារម្ភ​ខ្លាចឆ្លង​មេរោគ។ ប៉ុន្តែ​​សមត្ថកិច្ច​ម្នាក់​​បាន​​និយាយ​​មក​​កាន់​​លោក​​ថា «ហ្ហែងស្អី ​មក​បញ្ជាសមត្ថកិច្ច?»។

សម្តី​​អសីលធម៌​​នេះ ​បាន​ធ្វើឱ្យ​លោក​ សុខ ទូច ទ្រាំមិន​បាន ​ក៏​ខឹង​​ច្រឡោត។ ប៉ុន្តែ​ក្រោយ​មក​លោក​​ក៏​​បាន​​សហការផ្លុំ​ដល់ទៅ​៤-៥ដង ​នៅ​តែ​​មិន​​ឃើញ​​ជាតិ​​អាល់​​កុល។ តែប៉ូលិស​​ក៏​នៅ​តែបង្ខំឱ្យគាត់​ផ្លុំទៀត ដែល​​រូប​ភាព​​នេះ ​វាហាក់បីដូចជាដាក់សម្ពាធ ដើម្បី​ចាប់​កំហុស​​ដោ​យ​​​ប៉ូលិស​​លើក​​ហេតុ​ផល​ថា ផ្លុំ​​មិន​បាន​ត្រឹម​ត្រូវ។

នៅពេល​​នោះ ​លោក ​​សុខ ទូច ​​ក៏ឈ​ប់​​ផ្លុំ​ ហើយ​​ក៏​ដើរ​សំដៅទៅ​​រថយន្ត​របស់​​លោក ​ដើម្បី​​អូស​វ៉ាលី​ចេញ ពី​​​រថ​យន្ត​​តែ​ត្រូវបាន​កម្លាំង​ប៉ូលិស​ទប់​​ស្កាត់​​ដោយ​​រុញ​​ច្រាន​​លោក មិន​​ឱ្យ​​ចេញ​​ពី​កន្លែង​កើត​​ហេតុ ធ្វើ​ហាក់​បី​ដូច​​ជា​រូប​​លោក សុខ ទូច ​ជាឧក្រិដ្ឋជន។

តែយ៉ាងណា ​លោក ​សុខ ទូច ​នៅ​តែ​ខំព្យា​យាម​អូសវ៉ាលីគេច​ចេញ​​ពី​កន្លែង​​កើត​ហេតុ​ ​​រហូត​ទាល់​តែ​បាន​។ នេះ​បើ​​យោង​​តាម​ លោក ​សុខ ទូច​ និង​​វិដេអូឃ្លីប​ ដែល​​ត្រូវ​​បាន​​បង្ហោះ​​និង​​ចែក​ចាយ​ព្រោង​​ព្រាត​​តា​ម​​​បណ្តាញ​​សង្គម ​ចាប់​តាំង​ពី​ថ្ងៃទី១៨ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២៥។

លោក ​សុខ ទូច ​ធ្លាប់​បាន​ថ្លែង​នៅក្នុង​វេទិកាមួយ ​កាល​ពីពេលថ្មី​ៗ​នេះថា ប្រសិន​បើ​ការ​​ចាប់​ផាក​​ពិន័យ​​តា​ម​​​ដ​ងផ្លូវ​យក​ប្រាក់​ក្នុង​ចំនួនដ៏​​ច្រើន​ពីប្រជាពលរដ្ឋ​ ប៉ុន្តែ​បើ​មិន​បាន​ធ្វើឱ្យចំនួន​គ្រោះ​​ថ្នាក់​ចរាចរណ៍ ដែល​ធ្វើឱ្យមនុស្ស​ស្លាប់មាន​ការ​ថយចុះទេ គេគួរ​តែ​ឈប់​ដាក់​​កម្លាំង​នគរបាល​​ធ្វើការ​​ត្រួត​​ពិនិត្យ​​ទៅ ​ពីព្រោះវា​​រំខាន​ណាស់​ សូម្បី​តែ​លោក​ចេញ​​ពីកន្លែង​ធ្វើការ ​ទម្រាំ​ទៅ​​ដល់​​ផ្ទះ ​គឺមាន​ប៉ូលិសចរាចរណ៍​​ត្រួតពិនិត្យ ​ដល់​ទៅ​៤កន្លែង។

ប៉ុន្តែ​លោក​ថា បើ​ដាក់​​កម្លាំង​ប៉ូលិស​ត្រួត​ពិនិត្យ​​ធ្វើឱ្យ​ចំនួន​​នៃគ្រោះថ្នាក់​ចរាចរណ៍​​ថយ​​ចុះ ​ក៏​បន្ត​ដាក់​ទៀត​ទៅ​។ អ្នក​ប្រើប្រាស់បណ្តាញ​សង្គម​ជាច្រើន ​បាន​បញ្ចេញ​ប្រតិកម្ម​​​ព្រោង​​ព្រាត​​ ចំពោះ​ករណី​​លោក​​បណ្ឌិត ​​សុខ​ ទូច ​នេះ​ដោយ​ពួក​គេ​មួយ​ចំនួន ​បាន​លើក​ឡើង​ថា ពួក​គេ​​ក៏​ធ្លាប់​​ត្រូវ​បាន​​ប៉ូលិស​​ចរាចរណ៍ ​ជេរ​​ប្រមាថ ​និង​​រឹ​ប​​អូស​ម៉ូតូ​​យក​​ទៅ​​​ឃុំ​ចោល ​នៅអធិការខណ្ឌ និង​ត្រូវ​តម្រូវ ​ឱ្យ​បង់​ប្រាក់​​ពិន័យ ​ក្នុង​ចំនួន​ដ៏ច្រើន​ផង​ដែរ។

អ្នក​ខ្លះ​ទៀត​ សរសេរថា ការ​ផាក​ពិន័យ ​ក្នុង​​ចំនួន​​​ទឹកប្រាក់​ដ៏ច្រើន​​ពីអ្នក​ប្រើប្រាស់ផ្លូវ​​ ដែល​អ្នក​ខ្លះ​​មិន​​ទាំង​មា​ន​​កំហុសអ្វី​ធំដុំ​ផងនោះ គឺ​ហាក់​បីដូច​ជាបានក្លាយ​​ជាមុខ​របរ​​រក​ប្រាក់​យ៉ាង​កាក់​កប ​​របស់​​ប៉ូលិស​ចរា​ចរណ៍​​ទៅ​​ហើយ​។

ពលរដ្ឋខ្លះ​សរសេរថា ប៉ូលិសចរាចរណ៍​​បច្ចុប្បន្ន ​ប្រៀប​ដូច​ជា​​ចោរ​​ចាប់​ជម្រិត​​ស្រប​ច្បាប់​ ដោយ​ទាម​​ទារ​​យក​​ប្រាក់​​ច្រើនៗ​​ មាន​លើស​ពី​១០ម៉ឺន​រៀល ​និង​រហូត​ដល់​២-៣រយ​ដុល្លារ​ក៏មាន ​​បើ​ទោះ​បី​ជា​ករណី​ខ្លះ​​គ្រាន់​​តែ​​ជា​កំហុស​បន្តិចបន្តួច​​​ក៏ដោយ។

ជាញឹកញាប់​គេឃើញ​មាន​ឃ្លីបវិដេអូជាច្រើន​ ត្រូវ​បាន​គេ​បង្ហោះ​តា​ម​បណ្តាញ​​សង្គម ​ដែល​ប៉ូលិស​ច​រា​ចរណ៍​​​បា​ន​​​កាក់​​រថយន្ត​អ្នក​ដំណើរ ​ឬ​អ្នក​​បើក​បរ​​ម៉ូតូ ទាំង​ដែល​អ្នក​​​​បើក​បរ​​ទាំង​​នោះ ​មិន​បាន​​បើក​បរ​​ល្មើស​ច្បាប់ ​ហើយ​​មាន​​ករណី​​ខ្លះ ​ប៉ូលិស​​ចរាចរណ៍ បាន​​ចាប់​​ទាញ​​ដៃ​​ម៉ូតូ​ធ្វើ​ឱ្យ​អ្នក​បើកបរ​ម៉ូតូ​ដួល​​ច្រង៉ាប់​ច្រង៉ិល ​បណ្តាល​​​​ឱ្យ​​​រង​​របួស​ និងករណី​ខ្លះ​​ធ្វើឱ្យ​អ្នក​បើកបរម៉ូតូ រេដៃ​ចង្កូត​ម៉ូតូ​​ប៊ិះចូល​ឡាន​ ដែល​​កំពុង​បើកបរ​ក្នុង​​ល្បឿន​​យ៉ាង​លឿន​ក៏មាន។​

លោក​ ជួន ណារិន្ទ អគ្គ​ស្នងការរង​នគរបាល​ជាតិ​ កាល​ពីថ្ងៃ​​ទី​១៨​​ខែ​កុម្ភៈ​ បាន​​បញ្ជា​ឱ្យ​ការិយា​ល័យ​បុគ្គលិក អញ្ជើញ​មន្រ្តី​នគរបាល ដែល​​ចុះ​អនុវត្ត​ច្បាប់​​ចរាច​រណ៍ ​​​​នៅ​​គោលដៅ​ខណ្ឌសែនសុខ និង​ លោក ​សុខ ទូច ចូល​​ទៅ​​ដោះ​​ស្រាយ​បញ្ហា​​ដែល​​មាន​​ការ​​បង្ហោះ​ផ្សព្វ​​ផ្សាយ​តាម​បណ្តាញ​​ស​ង្គម​ ដោយ​ចោទប្រកាន់​មក​លើ​សមត្ថកិច្ច​ថា បាន​​​ប្រើ​ពាក្យ​មិន​សមរម្យ​ចំពោះ​គាត់។

លោក សំ វិច្ឆិកា អ្នក​នាំពាក្យស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ មិន​​អាច​​ទាក់​​ទង​សុំ​​ធ្វើ​អត្ថា​ធិប្បាយ​​លើ​​ប​​ញ្ហា​​នេះបាន​ទេ​ នៅ​​ថ្ងៃទី​១៩ ​​ខែ​កុម្ភៈ​​នេះ។

ប៉ុន្តែ ​លោក ​ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជាប្រធានគណបក្សប្រជាជនកម្ពុជា ​បាន​សរសេរ​បង្ហោះ​​លើ​ហ្វេសប៊ុក​​របស់​​លោក ​​នៅ​​ថ្ងៃទី​១៩ខែកុម្ភៈ​​នេះ​ថា ករណី​បណ្ឌិត សុខ ទូច ជាមួយ​នគរបាល​ចរាចរណ៍​​បាន​ក្លា​​យ​ជា​​អាជីវ​កម្មដោយមិនដឹងខ្លួន។

លោក​​លើកឡើងថា អ្នកមិនចូលចិត្ត​បណ្ឌិត សុខ ទូច បាន​​ថែម​​​អំបិល​​ប្រហុក ដើម្បី​ទាញ​ទម្លាក់​បណ្ឌិត សុខ ទូច ។ ឯ​អ្នក​មិន​ចូល​ចិត្ត​នគរបាល​ចរាចរ​ណ៍ ​​ក៏ប្រឹង​ថែម​ទឹក​ត្រីនិ​ងប៊ី​ចេង ដើម្បី​វាយ​ប្រហារ​នគរបាល​ច​រា​ចរណ៍។

លោក​ ហ៊ុន សែន ​បាន​ចោទសួរ​ថា តើ​អ្នកណាជាអ្នកទទួលផលចំណេញ​លើ​ហេតុកា​រណ៍​​នេះ? លោក​ក៏បា​​ន​ឆ្លើយ​ក្នុង​​សម្តី​ដើម​ថា៖ «គ្មាន​អ្នកណា​ចំណេញ​នោះ​ឡើយ​ តែ​ផ្ទុយ​ទៅ​វិញ​គឺ​ខាត​ទាំង​អស់​គ្នា»។

លោកជំរុញឱ្យអ្នក​ពាក់ព័ន្ធ សូមបញ្ចប់រឿង​នេះ តាម​របៀប​ឈ្នះ​ឈ្នះ រាប់​ទាំង​អ្នក​ផ្តល់​សារ​មក​លោក ​វាយ​ប្រហារ​ម្ខាងៗ ដោយ​ថា បើ​លុប​សារ​នោះ​ចោល​ខ្លួន​ឯង​ជា​ការ​ល្អ ព្រោះ​លោក​បាន​មើល​រួច​​ហើយ។

យ៉ាង​ណាក្តី លោក ​យង់ ពៅ ​អគ្គលេខាធិការ​រាជបណ្ឌិត​សភាក​ម្ពុជា​​​របស់​​រដ្ឋាភិបាល ​​លើ​​ក​ឡើង​ថា ប៉ូលិស​​មិន​​គួរ​​យក​​ការ​​ផាក​​ពិន័យ ជា​គោលការណ៍ធំ ដូច​ពេល​​បច្ចុប្បន្ន​​នេះ​​​ទេ​។

តែ​ត្រូវយកការអប់រំជាធំវិញ ទើប​ជួយ​​ដល់​​ពលរដ្ឋ ពីព្រោះ​បើយក​ការផាក​​​ពិន័យ ​ជាគោលការ​ណ៍​ធំ​នោះ ធ្វើ​ឱ្យ​ពលរដ្ឋគុំគួនរដ្ឋាភិបាល​ទៅវិញ។

​បើតាម​លោក យង់ ពៅ បញ្ហា​ចរាចរណ៍​នេះ ​ពលរដ្ឋ​ឈឺចាប់​យូរ​​ហើយ ដូច​ករណី​កសិករ​ដឹក​បន្លែ​មក​ផ្សារ​លក់​ចំណេញ​បាន​ប្រាក់​​ ៣ម៉ឺន​រៀល ហើយ​​បើ​ចំ​​ថ្ងៃ​​ស៊យ នគរបាល​​ចាប់​ល្បឿន អស់​៥ម៉ឺន​រៀល នោះ​​កសិករ​​រូ​ប​​នោះ​​នឹង​ខាត​ចូល​ដើម ខណៈ​​​ត្រូវ​​សន្សំ​ប្រាក់​​បង់​សង​​ធនាគារ​​ថែម​ទៀត ហើយ​​បញ្ហា​​ទាំង​​អស់​​នេះ​ ​អ្នក​ខុ​ស​​​ចុង​​ក្រោយ ​គឺ​​ថ្នាក់​​ដឹកនាំ​កំពូល​​របស់រដ្ឋាភិបាល​។

លោក​ យង់ ពៅ​ បាន​​សរសេរ​ក្នុង​​សម្តី​ដើម​ថា៖ «ករណី​ខ្ញុំ​ផ្ទាល់, ខ្ញុំ​ចុះ​ឃោសនា​បោះ​ឆ្នោត មាន​ម្តង​នោះ ក៏​លោ​​ក​បង​នគរបាលផាកល្បឿនអស់​៣០ម៉ឺន​រៀល​ដែរ។ អាសូរ​ផង​​អ​ស់​​លោក កុំ​ឱ្យ​ពលរដ្ឋ ទ្រាំ​នឹង​ការ​អនុវត្ត​​ច្បាប់ មិនសុចរិតភាពពេកអី កែ​ផង»។

ចំណែក​លោកបណ្ឌិត មាស នី​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​ពីការ​អភិវឌ្ឍ​​សង្គម ​បាន​​សរសេរ​​នៅ​លើ​ហ្វេស​ប៊ុក​​របស់​​លោក​​ថា ករណី​លោក​​បណ្ឌិត​ សុខ ទូច អាច​បាន​ជា​មេរៀន​មួយ​សម្រាប់​ឱ្យ​មាន​ការ​ពិនិត្យ​មើល​ឡើង​វិញ​លើ​​ក្រម​សីលធម៌របស់​មន្ត្រី​អនុវត្តន៍​ច្បាប់ ដែល​ទទួល​ប្រាក់​​ខែ​ពី​ការ​បង់​ពន្ធ​របស់​រាស្ត្រ និង​បម្រើ​​រាស្រ្ត។

ជាមួយគ្នា​នេះ​ដែរ ​លោក​ឧកញ៉ា ម៉ុង ឫទ្ធី សមាជិក​​ព្រឹទ្ធសភា​គណបក្ស​​ប្រជាជន​​កម្ពុជា ​ក៏​​បាន​​សរ​សេរ​​នៅ​​លើ​​​ហ្វេសប៊ុក​​ផង​ដែរ​ថា មិន​យូរ​​មិន​ឆាប់​ទេ​ ទង្វើរ​ដូចករណី​​លោក ​សុខ ទូច នេះ​វា​នឹង​អាច​​រីករាលដាល​ដល់​​រូប​លោក​ ​ឬ​អ្នក​​តូច​ អ្នកធំ​ និង​អ្នក​មធ្យម​​ផ្សេង​​ទៀត​​ជាក់​ជាមិន​ខាន។

អ្នក​ឃ្លាំមើល​សង្គម ​បាន​លើក​ឡើង​ថា ករណី​​របស់​​លោក​​បណ្ឌិត ​សុខ ទូច ដែល​​រង​​ការ​​ប្រមាថ​មាក់​ងាយ​​ពី​កម្លាំ​ង​នគរ​បាល​​ចរាចរណ៍ វា​​ជារឿង​តូច​​តាច​​មួយ​ ហើយ​ការ​ដែល​ពល​រដ្ឋ​ហ៊ាន​បញ្ចេញ​មតិ​ព្រោង​​ព្រាត​​នៅលើ​បណ្តាញ​សង្គម ​ធ្វើឱ្យ​រឿងនេះ ​ហាក់​ដូច​ជារឿងធំដុំ​ គឺ​ដោយ​សារ​តែលោក​ សុខ ទូច​ គឺ​ជាមនុស្ស​​ដែល​គាំទ្រ​រដ្ឋាភិបាល​ ខណៈ​ដែល​កន្លង​​មក ​ប្រជា​ពលរដ្ឋ​​ធម្មតា ​រង​​ការ​​រំលោភ​បំពាន ​ជម្រិត​ទារ​ប្រាក់​​យ៉ាងច្រើ​ន​​​ក្រោម​​លេស​​អនុវត្ត​ច្បាប់ ​របស់​ប៉ូលិស​ចរាចរណ៍។

ប៉ុន្តែ​មិន​សូវ​មាន​អ្នកហ៊ាន​​លើក​យ​ក​មក​និយាយ​តាម​បណ្តាញ​សង្គម​ឡើយ ​ដោយ​​សារ​តែ​​​ខ្លាច​​ត្រូវ​សមត្ថកិច្ច​ប្តឹង​ចាប់​ដាក់ពន្ធនាគារ។

បន្ថែម​ពី​នេះ​ កន្លង​មក ​មាន​រឿងអយុត្តិធម៌​ច្រើន​​ណាស់ ដែល​​ធ្វើ​ឡើង​​ដោយ​​កម្លាំង​​សមត្ថ​កិច្ច​អាជ្ញាធរ​​នានា ទៅ​​លើ​សកម្ម​ជនគណបក្ស​ប្រឆាំង។

មាន​ទាំង​ការ​វ៉ៃដំ​ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ធ្ងរ ស្ត្រី​សកម្ម​ជនដីធ្លី​ សកម្ម​ជន​​បរិស្ថាន ​និង​បុគ្គលិក​នៅ​​ក្រុម​ហ៊ុនណាហ្គាវើល​​ជាដើម​ ត្រូវ​​បាន​​កម្លាំង​សមត្ថកិច្ច​រុញច្រាន ​​ចាប់​​បោះ​​ដាក់​ឡាន​ដូច​សត្វ​ធាតុ ប្រមាថ​មើល​​ងាយ​ ​ខណៈ​​ពួក​គាត់​​គ្រាន់​​តែ​​ធ្វើការ​តវ៉ា​ទៅ​តាមផ្លូវ​​ច្បាប់​ ប្រឆាំង​​នឹង​​ការ​រំលោភ​​បំពាន​ផ្សេង​ៗ ​និង​ការ​អនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ​ជាដើម​។

រឿង​រ៉ាវ​​អយុត្តិធម៌​របស់​ពួកគាត់ ​កុំ​​ថា​ឡើយ​​ដល់​​ទៅ​​មាន​​អ្នក​ហ៊ាន​ថត​បង្ហោះ​​ ចែក​​រំលែក​ ​ឬ​​ក៏​បញ្ចេញ​មតិ​ សូម្បី​តែចុចឡៃ​ក៏​មិន​ហ៊ាន​​ផង​ ​ដោយ​សារ​តែ​មន្ត្រី​រដ្ឋាភិបាល​​បាន​ចោទប្រកាន់​និង​លាប​ពណ៌​​ពលរដ្ឋ​​រង​គ្រោះ​​ទាំង​នោះ​​ថា ​ជាក្រុម​បដិវត្តន៍ពណ៌ ​ជ្រុល​និយម បម្រើ​បរទេស​ជាដើម។

សម្រាប់​​លោក ហេង គឹម​ហុង ប្រធានប្រតិបត្តិសមាគម​បណ្តាញ​យុវជន​កម្ពុជា(CYN) និង​ជា​សកម្ម​ជន​ការ​ពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ ​បាន​​ថ្លែង​ថា ការ​ប្រើ​កម្លាំង​​ដោយ​កំរោល​​ ឬ​ជា​ក្រុម​​គ្មាន​​សមាមាត្រ ​​និង​កា​​រ​​ប្រមាថ​មាក់​ងាយ​​មិន​គួរ​​​ប្រព្រឹត្ត​ ដោយ​​មន្ត្រី​រាជការ​​ដែល​​ទទួល​ប្រាក់​​ខែ​​ កើត​​ចេញ​​​ពីញើស​ឈាម​ដែល​​រាស្ត្រ​ខំត្រដរ​​បង់ពន្ធ​ឡើយ ​ស្តាយ​​ពន្ធ​ដែល​ខំបង់​។

គួររំលឹកថា លោក​បណ្ឌិត កែម ឡី អ្នក​សិក្សា​ស្រាវជ្រាវពីការ​​អភិវឌ្ឍ​សង្គម និងជា​អ្នក​​វិភាគ​​ឯក​រាជ្យ​ ដែល​​​ត្រូវ​​បាន​​​ខ្មាន់កាំភ្លើង​​បាញ់សម្លាប់ ​កាល​ពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៦ ធ្លាប់​​បាន​​ថ្លែង​កាល​​លោក​​នៅ​មាន​ជីវិតថា ​«សង្គម​​មួយ​​ដែល​​គ្រប​​ដណ្តប់​ទៅ​ដោយ​​អំពើ​​អយុត្តិ​ធម៌​ ការ​អនុវត្ត​ច្បាប់​មិន​​បា​ន​ត្រឹម​ត្រូវ មនុស្ស​​គ្រប់​គ្នា​​នៅ​​ក្នុង​​សង្គម​នោះ​​នឹង​ទទួល​រង​គ្រោះ រង​​នូវភាព​អយុត្តិ​ធម៌​​ដោយ​ចៀសមិន​រួច​ គ្រាន់​តែមិន​ទាន់​ដល់​វេន​របស់អ្នក​ប៉ុណ្ណោះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ