នយោបាយចរចាទ្វេភាគី ដើម្បីទប់ទល់មហិច្ឆតាឈ្លានពានទឹកដី ពីប្រទេសជិតខាង ត្រូវបានអ្នកមានបទពិសោធន៍កិច្ចការព្រំដែន ដែលមិនចំណុះឱ្យបក្សកាន់អំណាច និយាយថា ជាការធ្វើនយោបាយបម្រើមហិច្ឆតាឈ្លានពានរបស់ប្រទេសជិតខាង។
ពួកគេថា ល្បែងនេះ គ្រួសារហ៊ុនបានជាប់អន្ទាក់ប្រទេសជិតខាង ច្រើនទសវត្សរ៍ទៅនេះ ធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី ទាំងព្រំដែនខាងកើត និងខាងលិច ទាំងដែនដីគោក និងសមុទ្រ កោះមួយចំនួន មានទាំងកោះត្រង់ កោះគុត និងប្រាសាទខ្មែរជាច្រើន នៅតាមព្រំដែន ដែលថា ចំណងនេះកំពុងបន្តចងរដ្ឋាភិបាលបន្តវេនរបស់បក្សកាន់អំណាច។
ការលើកឡើងនេះ ក្រោយនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី១៩ ខែកុម្ភៈ ថ្លែងការពារជាថ្មីទៀតថា រដ្ឋាភិបាលលោកមិនប្រើយន្តការអន្តរជាតិទាមទារកោះគុតជាមួយថៃ រួមទាំងករណីប្រាសាទតាមាន់តូចទេ តែថាកម្ពុជានឹងបន្តយុទ្ធសាស្រ្តចរចាទ្វេភាគី ដើម្បីរកដំណោះស្រាយរឿងព្រំដែននេះ។
លោកថា៖ «រឿងបញ្ហាព្រំដែនពីណា ក៏គិតដែរ មិនមែនមានតែអ្នកជាតិនិយមនោះទេ។ រដ្ឋាភិបាល មន្ត្រីកិច្ចការព្រំដែនក៏អ្នកជាតិនិយមដែរ ហើយអ្នកជាតិនិយមឆ្អិនឆ្អៅផង ចរចាអត់បាយអត់ទឹក ដើម្បីការពារមួយចង្អាមៗ»។
ការថ្លែងជាថ្មីរបស់មេដឹកនាំរូបនេះ ក្រោយអ្នកសកម្មឃ្លាំមើលកិច្ចការព្រំដែនជំរុញឱ្យកម្ពុជាប្រើប្រាស់យន្តការអន្តរជាតិ ដើម្បីការពារបូរណភាពទឹកដីជាមួយប្រទេសជិតខាង ដោយសំអាងថា កម្ពុជានឹងចាញ់ប្រៀបថៃ បើបន្តចរចាដោយមិនប្តឹងទៅតុលាការអន្តរជាតិ។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ចាត់ទុកថា ក្នុងស្ថានភាពដែលកម្ពុជាបច្ចុប្បន្នជាប្រទេសទន់ខ្សោយខាងយោធា សេដ្ឋកិច្ចធ្លាក់ចុះ និងមានមេដឹកនាំល្មោភអំណាច ដូចគ្រួសារហ៊ុននេះ លោកថា មានតែប្តឹងទៅតុលាការអន្តរជាតិទេ ទើបការពារទឹកដីបាន។
លោកថា៖ «យើងឃើញថា មេដឹកនាំខ្មែរយើងគិតផលប្រយោជន៍ផ្ទាល់ខ្លួន ផលប្រយោជន៍អំណាចហ្នឹង ជាជាងការពារទឹកដី ដល់មេដឹកនាំថៃគេគិតការពារទឹកដី ជាជាងការពារអំណាចរបស់គេវាខុសគ្នា។ ដល់ប្រទេសរបស់គេ ស្នេហាជាតិជាងយើង មេដឹកនាំយើងមានអត់សូវមានឧត្ដមគតិទេ គឺស្រឡាញ់អំណាចជាជាងស្រឡាញ់ទឹកដី ហើយការចរចាទ្វេភាគីហ្នឹង គឺយើងចាញ់ប្រៀបថៃច្រើន យើងឃើញការចរចាកន្លងមក»។
ក្នុងពេលថ្មីៗនេះ មានករណីប៉ះទង្គិចគ្នាដោយពាក្យសម្តី បានកើតឡើងរវាងទាហានថៃឈរជើង និងមេបញ្ជាការកងទ័ពកម្ពុជាប្រចាំនៅប្រាសាទតាមាន់ធំ ដោយភាគីថៃ ហាមមិនឱ្យពលរដ្ឋខ្មែរច្រៀងចម្រៀងភ្លេងជាតិ បទ«ដែនដីខ្មែរប្រែថាសុវណ្ណភូមិ»។
ក្នុងពេលនោះភាគីថៃ និងសារព័ត៌មានថៃជាច្រើន បានចុះផ្សាយថា ប្រាសាទតាមាន់ធំស្ថិតនៅក្នុងខេត្តសុរិន្ទ ជាកម្មសិទ្ធិរបស់ថៃពាក់កណ្តាល ដូច្នេះមិនអនុញ្ញាតឱ្យភាគីកម្ពុជាឈរច្រៀងភ្លេងជាតិរបស់ខ្លួននោះទេ។
សម្រាប់លោក អ៊ុំ សំអាន ដែលសកម្មឃ្លំាំមើលព្រំដែន និយាយថា ដោយសារតែនយោបាយចរចាទ្វេភាគីជាមួយថៃ របស់ លោក ហ៊ុន សែន ក្នុងពេលកាន់ដំណែងជានាយករដ្ឋមន្រ្តី ធ្វើឱ្យប្រាសាទតាមាន់តូច ត្រូវថៃគ្រប់គ្រងទាំងស្រុង រីឯប្រាសាទតាក្របីថៃដាក់ទាហាន២នាក់ ហើយខ្មែរដាក់ទាហាន២នាក់ ចំណែកប្រាសាទតាមាន់ធំមានទាហានខ្មែរ ៧នាក់ និងទាហានថៃ ៧នាក់។
លោកថា៖ «មិនបាច់ប្រៀបធៀបអីច្រើនទេ តែប្រាសាទតាមាន់តូច កាលពីមុនឆ្នាំ២០០៨ ជារបស់យើងហ្នឹង! ដល់ចរចាចុះឡើងៗ ឱ្យថៃយកបាត់។ ប្រាសាទតាក្របី មុនឆ្នាំ២០០៨ ជារបស់យើងហ្នឹង ហើយចរចាចុះឡើងៗ ឲ្យថៃគ្រប់គ្រងរួមជាមួយយើងបាត់ ។ ប្រាសាទតាមាន់ធំ មុនពី២០០៨ ជារបស់យើងគ្រប់គ្រងទាំងស្រុង ១០០ភាគរយ ទាំងស្រុង ចរចាចុះឡើងៗ ឲ្យថៃគ្រប់គ្រងជាមួយបាត់»។
ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត សង្កត់ធ្ងន់ថា ករណីប្រាសាទព្រះវិហារ បើមិនបានសម្តេចឳទ្រង់ប្តឹងទៅតុលាការអន្តរជាតិទេ នោះកម្ពុជានឹងគ្មានវាសនាកាន់កាប់ប្រាសាទបុរាណមួយនេះទេ បើប្រើជម្រើសចរចាទ្វេភាគីជាមួយប្រទេសថៃ ដូចរដ្ឋាភិបាលគ្រួសារហ៊ុននោះ។
លោកថា៖ «ចរចាអ៊ីចឹងបានប្រយោជន៍អី បើថៃមានមហិច្ឆតាលេបយកអធិបតេយ្យកម្ពុជា រំលោភព្រំដែនអន្តរជាតិ រវាងកម្ពុជាថៃដែលបំពានលើសន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៤ និង១៩០៧រួចទៅហើយ។ អ៊ីចឹងកម្ពុជាអត់ត្រូវមាន បន្តហេតុផលចរចាទ្វេភាគីទៀតទេ បញ្ហាប្រាសាទទាំង៣ហ្នឹង ត្រូវតែប្ដឹងទៅតុលាការអន្តរជាតិ ឲ្យដឹងខុសដឹងត្រូវ ឲ្យដឹងសដឹងខ្មៅ ដូចករណីយើងប្ដឹងប្រាសាទព្រះវិហារអ៊ីចឹង អាហ្នឹងបានយើងអាចការពារអធិបតេយ្យរបស់កម្ពុជាបាន ហើយយើងអាចបញ្ចៀសនូវការប្រឈមមុខដាក់គ្នាបាន»។
ក្នុងជំនាន់ លោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី អ្នកឃ្លាំមើលបញ្ហាព្រំដែន លោក អ៊ុំ សំអាន ដែលធ្លាប់ជាប់ពន្ធនាគារដោយសាររិះគន់រឿងព្រំដែន បញ្ជាក់ប្រាប់ VOD ថា លោក ហ៊ុន សែន បានកាត់ដែនសមុទ្រខ្មែរឱ្យវៀតណាមចំនួន ៣ម៉ឺនគីឡូម៉ែត្រការ៉េ តាមសន្ធិសញ្ញាស្តីពីតំបន់ទឹកប្រវតិ្តសាស្រ្តឆ្នាំ១៩៨២ ធ្វើឱ្យបាត់កោះត្រល់ ចង្កោមកោះក្រចកសេះ និងដាក់ដែនសមុទ្រខ្មែររួមជាមួយវៀតណាមចំនួន ១ម៉ឺនគីឡូម៉ែត្រការ៉េ។
ប្រភពបន្តថា សន្ធិសញ្ញាស្តីពីតំបន់ទឹកប្រវតិ្តសាស្រ្តឆ្នាំ១៩៨២ សម័យវៀតណាមត្រួតត្រាកម្ពុជានេះ ប្រទេសថៃបានចុះហត្ថលេខាទ្វេភាគីជាមួយវៀតណាមឆ្នាំ១៩៩៧ ដោយថៃយកដែនសមុទ្រខ្មែរចំនួន ៣ម៉ឺនគីឡូម៉ែត្រការ៉េទៀត ធ្វើឱ្យកម្ពុជា និងថៃ មានតំបន់ត្រួតស៊ីគ្នាទំហំ ២៦០០០គីឡូម៉ែត្រការ៉េ ខណៈសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ កម្ពុជានិងថៃគ្មានតំបន់ត្រួតស៊ីគ្នានោះទេ។
មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ក៏ធ្លាប់គំរាមរំលាយរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញចោលទៀតផង បើព្រះមហាក្សត្រមិនព្រមឡាយព្រះហស្តលេខាលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលសន្ធិសញ្ញានោះធ្វើសន្ធិសញ្ញាព្រំដែនឆ្នាំ១៩៨២-ឆ្នាំ១៩៨៥ ដែលគេចាត់ទុកថាជាសន្ធិសញ្ញាខុសច្បាប់ ឱ្យរស់ឡើងវិញ ផ្ទុយនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលតម្រូវឱ្យមោគភាពចោល។
ក្រៅពីលោក ហ៊ុន សែន គំរាមព្រះមហាក្សត្របានជោគជ័យ គណបក្សប្រឆាំងដែលមានអាសនៈប្រហាក់ប្រហែលនឹងបក្សកាន់អំណាចដែរ ត្រូវបានរំលាយចេញពីឆាកនយោបាយនៅឆ្នាំ២០១៧ ដែលធ្វើឱ្យប្រទេសវៀតណាម សម្រេចមហិច្ឆតាកំណត់ខ្សែបន្ទាត់ព្រំដែនជិត ១០០ភាគរយ ទាំងខ្មែរមានជម្លោះផ្ទៃក្នុងជាតិ។
បន្ថែមពីនេះ អ្នកដែលរិះគន់បញ្ហានេះ ត្រូវចាប់ដាក់ពន្ធនាគារ មានតំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន លោក ហុង សុខហួរ និងសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ជាដើម។
យ៉ាងណា ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម បានជិត១០០ភាគរយ ទៅហើយនោះ ហាក់បានបំពានរដ្ឋធម្មនុញ្ញមាត្រា៥៥ ក្រោយមានការជំទាស់ពីគណបក្សប្រឆាំង បង្កជាវិវាទផ្ទៃក្នុងជាតិជុំវិញ ដែលទាមទារឱ្យមេដឹកនាំកម្ពុជា សើរើសន្ធិសញ្ញាព្រំដែនជាមួយវៀតណាមឡើងវិញ ដើម្បីបង្ហាញឆន្ទៈការពារបូរណភាពទឹកដីពិតប្រាកដ។
រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៥៥ ចែងថា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល។
ក្រមព្រហ្មទណ្ឌកម្ពុជា មាត្រា៤៤០ ចែងថា អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕