ជនជាតិដើមកួយ​ខេត្តព្រះវិហារ​ទប់​ស្កាត់​គ្រឿង​ចក្រ​អ្នក​មាន​អំណាច​រំលោភ​ដី​សហគ​មន៍

ជនជាតិដើមកួយខេត្តព្រះវិហារ បានអះអាងមកថា ពួកគេប្រមាណជា​៤០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ទប់​ស្កាត់​គ្រឿង​ចក្រ​ឈូស​ឆាយ ទន្រ្ទាន​យក​ដី​សហគមន៍​ជាង​១ពាន់​ហិកតា ពី​សំណាក់​មន្រ្តី​មាន​ងារ​ជា​ឧកញ៉ា​ស្និទ្ធ​នឹ​ង​​បក្ស​កាន់​អំណាច ដោយ​បារម្ភ​បញ្ហា​ជីវភាព​ពួកគេ​ច្រើន​រយ​គ្រួសារ ដែល​ពឹង​តែ​លើ​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ។

ជនជាតិដើម​កួយ​ខេត្តព្រះវិហារ អ្នកស្រី អំ លឿ បាន​ឱ្យ​VOD​ដឹង​នៅ​ថ្ងៃទី​២០ ខែកុម្ភ​នេះ​ថា កាល​ពី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ សហគមន៍​ជនជាតិ​ដើម​កួយ​ជាង ៤០នាក់ ប្រមូល​ផ្តុំ​គ្នា​ចុះ​ទប់​ស្កាត់​ការ​ទន្រ្ទាន​យក​ដី​របស់​ពួក​គេ។

អ្នកស្រីបន្ត​ថា ខាង​តំណាង​ក្រុម​ហ៊ុន​ដែល​គេស្គាល់​ថា​ជា​ក្រុមហ៊ុន​របស់​អ្នក​ឧកញ៉ា អ៊ុក គឹម​សាន្ត បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​ផល​ដំណាំ និង​បន្ត​ទន្រ្ទាន​យក​ដី​ព្រៃ​សហគមន៍​ដែល​ពួក​គេ​កំពុង​អាស្រ័យ​ផល។

អ្នក​ស្រី​អះអាង​ថា ដីនេះ​អ្នក​ស្រីនិង​សហគមន៍​ជន​ជាតិ​ដើម​កួយ​ធ្លាប់​អាស្រ័យ​ផល បោច​វល្លិ៍ រក​ផ្សិត ជីក​ដំឡូង ឃ្វាល​គោ ដាំ​ពោត និង​ធ្វើ​ស្រែ​ចម្ការ​តាំង​ពី​ដូនតា គឺ​បន្សល់​ទុក​តាំង​ពី​បុព្វបុរស​ម្ល៉េះ។

ម្យ៉ាងវិញទៀត អ្នក​ស្រី​ថា បើគេនៅបន្ត​ឈូស​ឆាយ​ទន្រ្ទាន​យក​ដី​ព្រៃ​នេះ អ្នកស្រី​ក៏​ដូច​ជា​ជន​ជាតិ​ដើម​កួយ​ទាំង​អស់ នឹង​ប្រឈម​បញ្ហា​ជីវភាព​កាន់​តែ​ខ្លាំង ខណៈ​បច្ចុប្បន្ន​ពួក​គាត់​កំពុង​ជួប​វិបត្តិ​បំណុល​ផង។

អ្នក​ស្រីថា៖ «ដីហ្នឹងតាំងពីដូនតាម​កណាលោក​គ្រូ តាំង​ពី​ដូនតាខ្ញុំកើត​មក​ក៏​ឃើញ​ទឹក​ដី​នោះ ទើប​ខ្ញុំ​ធ្វើ​នោះ​ឯង គេ​ឈូស​ឆាយ​អស់​ហើយ ឃើញ​ថា​កូនចៅ​ជំ​នាន់​ក្រោយ​គាត់​គ្មាន​ដី​គ្មាន​ធ្លី​ធ្វើ​នោះ​ណា ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​ជួយ​ដោះ​ស្រាយ​ជា​បន្ទាន់ ឱ្យ​ប្រជាជន​នៅភូមិ​ដង​ផ្លិត​ឱ្យ​បាន​រស់នៅ​សុខ​សាន្ត កុំ​ឱ្យ​ពិបាក​ចិត្ត​បន្ត​ទៀត​នោះ​ណា»។

ជនជាតិដើមភាគកួយ​រស់​នៅ​ភូមិ​ដង​ផ្លិត​ម្នាក់​ទៀត​គឺ លោក តាំ ចេន និយាយ​ថា សហគមន៍​ជនជាតិ​ដើម​កួយ​រស់​នៅពឹង​អាស្រ័យ​ដីស្រែ​ចម្ការ បើ​ដី​ត្រូវ​បាន​គេ​រំលោភ​ទន្រ្ទាន តើពួកគាត់​រស់នៅ​ពឹង​អ្វី​ទៀត។

លោកថា ពួក​លោក​នឹង​នៅ​បន្ត​រួម​គ្នា​ទប់​ស្កាត់​ការ​រំលោភ​ឈូស​ឆាយ​នេះ ទាល់​តែ​មាន​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ ព្រោះ​ថា​បើគ្មាន​ដី​សម្រាប់​អាស្រ័យ​ផល​ទេ ពួក​គាត់​នឹង​ប្រឈម​បញ្ហា​ជីវភាព​ធ្ងន់​ធ្ងរ។

លោកថា៖ «ខ្ញុំថាបើ​មិន​បាន​ធ្វើ​ស្រែធ្វើ​ចម្ការ​ខ្ញុំមាន​អ្វី​ទៀត យើង​អ្នក​ស្រែ​រស់​នៅ​ពឹង​ស្រែ​ហើយ បើ​អត់​ពី​ដី​ស្រែ​ដី​ចម្ការ គឺ​វា​ធ្ងន់ធ្ងរ​មាន​កូន​ក្រុម​គ្រួសារ​ វាអត់​បាន​រស់នៅ​ជុំ​គ្នា​សុខ​ស្រួល ចេះ​តែ​ដើរ​រក​ស៊ី​ឈ្នួល​គេ​ពី​នៅ​ឆ្ងាយ​ស្រុក​ឆ្ងាយ​កូន ហើយ​កូន​ក៏​អត់​បាន​រៀន​សូត្រ​ទេ ព្រោះយើង​អត់​មាន​ដីស្រែ​ធ្វើ»។

សម្រាប់លោក ចេន ស្នើឱ្យរដ្ឋាភិបាល​ឈាម​ថ្មី​ លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ពន្លឿន​ដោះ​ស្រាយ​បញ្ហា​​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ ជាមួយ​ក្រុម​ហ៊ុន​អ្នក​ឧកញ៉ា អ៊ុក គឹម​សាន្ត ជូន​សហគមន៍​ជន​ជាតិ​ដើម​កួយ​ផង។

លោកថា៖ «ចង់សំណូម​ពរ​ឱ្យ​អាជ្ញាធរ និង​រាជ​រដ្ឋាភិបាល​យើង​ឲ្យ​គាត់​ទុក​ដី​នោះ​ ឱ្យ​ដល់​ពួក​ខ្ញុំ​អាស្រ័យ​ផល​ទៅ ព្រោះ​អី​ពួក​ខ្ញុំ​អត់​មាន​អីនឹង​ទីពឹង និង​ជម្រក​ទេ ពួក​ខ្ញុំ​រស់នៅ​បាន​ដោយ​សារ​មាន​ដីស្រែ​ដី​ចម្ការ​ខ្ញុំ​ជា​កសិករ ​បើក្រុ​មហ៊ុន​យក​បាត់ ខ្ញុំ​ទៅ​ពឹង​អ្វី​ទៀត»។

បន្ថែមពីនេះ គេហទំព័រហ្វេសប៊ុកឈ្មោះ​ថា «សំឡេង​ជនជាតិ​ដើម​កួយ» កាល​ពី​ថ្ងៃទី១៩ ខែកុម្ភៈ បាន​សរសេរ​ថា ភូមិ​ដង​ផ្លិត និង​ភូមិ​ណារ៉ុង នៅ​តែ​បន្ត​ឈូស​ឆាយ​ដី ប្រជា​ពលរដ្ឋ និង​ដី​ព្រៃ​ប្រមូល​អនុផល​ធន​ធាន​ធម្មជាតិ ដោយ​មិន​មាន​មន្រ្តី​ណា​ជួយ​អន្តរាគមន៍​ឡើយ។

ប្រភពអះអាងថា រហូត​មកដល់ថ្ងៃនេះ មានក្រុម​មន្រ្តី​បរិស្ថាន​ថ្មកែវ ទាហាន និង​មន្រ្តី​ភូមិបាល​ស្រុក នៅ​តែ​កាង​ឱ្យ​ជន​បិទ​មុខ គឺ​លោក  អ៊ុក គឹមសាន្ត ដែល​ជា​អភិបាល​រង​ខេត្ត​ព្រះវិហារ។

ប្រភពនោះ បាន​ចោទ​ជា​សំណួរ​ថា តើ​មន្ត្រី​ទាំង​នេះ បម្រើ​រាស្រ្ត ឬ​បម្រើ​បក្ខ​ពួក? ប្រាក់​ខែ​បាន​មក​ពី​ការ​បង់​ពន្ធ​របស់​ប្រជា​ពលរដ្ឋ តែ​ចិត្ត​បម្រើតែ​មនុស្ស​ម្នាក់ តើ​ប្រជាពលរដ្ឋ​សង្ឃឹម​អ្វី​ទៀត?

ជុំវិញបញ្ហានេះ VOD មិន​ទាន់អាចសុំការបំភ្លឺពីអភិបាលរង​ខេត្តព្រះវិហារ លោក អ៊ុក គឹមសាន្ត បាន​នៅ​ឡើយ​ទេ ខណៈ​អភិបាល​រង​ស្រុក​ឆែប លោក អ៊ុំ សំភឿន និង​អភិបាល​ខេត្ត​ព្រះ​វិហារ លោក គីម ​រឹទ្ធិ ក៏​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ​បា​ន​នៅ​ឡើយ​ដែរ ដោយ​លោក​មិន​លើក​ទូរស័ទ្ទ។

ដោយឡែក អនុ​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស ​និង​​ដីធ្លី​នៃ​​សមាគម​​ការ​ពារ​​សិទ្ធិ​​មនុស្ស​​អាដ​​ហុក ​លោក យិន ម៉េង​លី យល់​ថា បញ្ហា​ជម្លោះ​ដីធ្លី​នេះ រដ្ឋាភិបាល​គួរ​តែ​ចុះ​ដោះ​ស្រាយ ដើម្បី​បង្ហាញ​ពី​ទំនួល​ខុស​ត្រូវ និង​បញ្ឈប់​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ។

លោកបន្តថា រដ្ឋាភិបាល​មិន​អាច​បណ្តោយ​ឱ្យ​ក្រុមហ៊ុន​អ្នក​មាន​លុយ មាន​អំណាច បន្ត​គាប​សង្កត់​ធ្វើ​បាប​រាស្រ្ត ឬ​រំលោភ​បំពាន​ដីធ្លី​របស់​ពលរដ្ឋ​ដែល​ធ្លាប់​អាស្រ័យ​ផល តាំងពី​ដូនតា​របស់​ពួក​គេ​នោះ​ទេ។

លោកសង្កត់ធ្ងន់ថា សុខទុក្ខ និង​ផលលំបាករបស់ប្រជារាស្រ្ត គឺ​ជាទុក្ខលំបាក​របស់​ថ្នាក់​ដឹក​នាំ ដែល​ត្រូវ​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​ពួក​គាត់ ដើម្បី​ឱ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​មាន​ជំនឿ​ចិត្ត និង​មាន​ភាព​កក់​ក្តៅ។

លោកថា៖ «ការ​ដែល​មិន​ព្រម​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ធ្វើការ​ព្រងើយ​កន្តើយ​បញ្ហា ដែល​មាន​នៅ​មូល​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​នេះ ផលិត​ផល​ទី១ គេនឹ​ង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់​ជំនឿ​ទុក​ចិត្ត​លើ​អាជ្ញាធរ វា​អាច​ប៉ះ​ពាល់​ទៅ​ដល់​រដ្ឋាភិបាល ក្រុមហ៊ុន​គឺ​ជា​ប្រយោជន៍​របស់​មនុស្ស​មួយ​ក្រុម​តូច​ទេ  ចំណែក​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​នេះ គឺ​តំណាង​ឲ្យ​ប្រទេស​យើង​ដែរ ព្រោះ​ក្នុង​ប្រទេស​យើង​នេះ យើង​ទទួល​ស្គាល់​អំពី​ជន​ជាតិ​ដើម​ភាគ​តិច ហើយ​កាល​ណានិ​យាយ​ពី​ជន​ជាតិ​ដើម​ភាគ​តិច គាត់​មិន​មែន​រស់​នៅ​ដី​មួយ​ឡូតិ៍ ឬ​រស់​នៅ​ផ្ទះ​ថ្ម​ទេ ជីវិត​របស់​គាត់​ គឺ​គាត់​រស់​នៅ​អាស្រ័យនឹងព្រៃឈើ»។

កាលថ្ងៃ​ទី​២៩ ខែ​មករា​ តំណាង​ក្រុមហ៊ុន​របស់​លោក អ៊ុក គឹមសាន្ត បាន​ប្រើត្រា​ក់​​ទ័​រ​​ចំនួន ៨គ្រឿង​​​បើក​កិន​​ម៉ូតូ​​អ្នក​​ភូមិ​​​ចំនួន ៦គ្រឿង កម្ទេច​ចោល និង​បង្ក​ឱ្យ​អ្នក​ភូមិ​ម្នាក់​​រង​របួសក្នុងហេតុការណ៍នោះ។

បើតាម អ្នកភូមិឱ្យដឹង​ថា គ្រឿង​ចក្រនោះ​ ជា​របស់អភិបាល​រង​ខេត្ត​ព្រះ​វិហារ​ លោក អ៊ុក គឹម​សាន្ត ដែល​មាន​​ងារ​​ជា​​ឧកញ៉ា បាន​​ឈូស​​ឆាយ​​​ដី​ព្រៃ​​សហគមន៍​​របស់​​ជន​ជាតិ​​ដើម​​ភាគ​​តិច​​គួយ​ លើ​​ផ្ទៃដី​​ជាង ១ពាន់​ហិកតា​ នៅ​ភូមិ​​ដង​ផ្លិត និង​ភូមិ​ណារុង ក្នុង​ស្រុក​ឆែប​ ខេត្ត​ព្រះវិ​ហារ។

លោក អ៊ុក គឹមសាន គឺ​ជាសមាជិក​គណៈ​កម្មាធិការ​កណ្តាល និង​​​ជា​​ប្រធាន​​យុវជន​​គណបក្ស​​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះវិហារ ហើយ​​ក៏​មាន​ងារ​ជា​ឧកញ៉ា​ផងដែរ។

បើដូចការអះអាងរបស់ជនជាតិ​ដើម​កួយ​ខេត្ត​ព្រះវិហារ ទង្វើ​របស់​ឧកញ៉ា​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិ​បាល​​នេះ បាន​បំពាន​លើ​ច្បាប់​ស្តី​ពី​សិទ្ធិ​ជនជាតិ​ដើម​​ផង និង​បំពាន​លើ​កម្ម​វិធី​នយោបាយ​របស់​​រដ្ឋាភិបាល​ផង​ដែរ ដែល​រដ្ឋាភិបាល​ត្រូវ​ទប់​ស្កាត់​ឱ្យ​មាន​ប្រសិទ្ធ​ភាព ដើម្បី​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ។

ច្បាប់​ភូមិបាល ដែលរដ្ឋសភាអនុម័តឱ្យប្រើ កាល​ពីថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០០១ បាន​ចែង​ពី កាតព្វ​កិច្ច​រដ្ឋ និង​អាជ្ញាធរ​ពាក់​ព័ន្ធ ការ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច លើ​សិទ្ធ​ប្រើ​ប្រាស់​ដីធ្លី​តាម​របៀប​ជន​ជាតិ​ផង​ដែរ។

មាត្រា២៣ នៃច្បាប់នេះ​ចែង​ថា សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច គឺ ដាំ​ដុះ​លើ​ដី​ដែល​ខ្លួន​កាន់​កាប់​តាម​ក្បួន​ខ្នាត ទំនៀម​ទម្លាប់​នៃ​ការ​ប្រើ​ប្រាស់​ដី​ជា​សមូហ​ភាព តាម​បែប​វប្បធម៌ និង​ប្រពៃណី។

ដីជន​ជាតិ​ដើមភាគ​តិច មិនមែនមានតែដីដែលបាន​ដាំដុះ​ជាក់​ស្តែង​នោះ​ទេ ប៉ុន្តែ​មាន​ដី​បំរុង​ចាំបាច់ ក្នុង​ការ​ដូរ​វេន​ដំណាំ​ថែម​ទៀត ដែល​គេ​និយម​ហៅ​ថា ការធ្វើចំការវិលជុំ។

បន្ថែម​ពីនេះ មាត្រា២៨ ចែង​ថា គ្មាន​អាជ្ញាធរ​ណា​មួយ ក្រៅពី​សហគមន៍​អាច​ទទួល​បាន​សិទ្ធិ​លើ​អចលន​វត្ថុ​របស់​ជនជាតិ​ដើម​​ភាគតិច​បាន​ឡើយ។

ដោយឡែក ការបំពាន​នេះ ក៏បាន​បំពាន​លើ​កម្មវិធី​នយោបាយ​រដ្ឋាភិបាល​ផង​ដែរ ដែល​រដ្ឋាភិបាល បាន​ប្តេជ្ញា​ចិត្ត​ការ​ពារ​ប្រជាពល​រដ្ឋ​ក្រីក្រ ងាយ​រង​គ្រោះ តាម​រយៈក​​ម្ម​វិធី«ផ្តល់​ដី ការ​ពារ​ព្រៃ» ក្នុង​គោលដៅ​ដោះ​ស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ក្រីក្រ​ដែល​គ្មាន​ដី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ