សហជីពណាហ្គាវើលដ៍​បន្ត​ជំរុញ​លក្ខខណ្ឌ​ការ​ងារ​ទោះ​ថៅ​កែ​បញ្ឈប់​ពី​ក្រុម​ហ៊ុន

សហជីព​នៅក្រុមហ៊ុនណាហ្គាវើលដ៏ បន្តទាមទារ​ឱ្យ​ក្រសួង​ការ​ងារ និង​​ក្រុមហ៊ុន​ណាហ្គា​វើលដ៏ រក​​ដំណោះ​ស្រាយ​បញ្ចប់​វិវាទ​ការ​ងារ និង​ជំរុញ​ឱ្យ​មាន​ការ​​លក្ខខណ្ឌ​ការ​​ងារ​ល្អ​ប្រសើរ​នៅ​ក្នុង​ក្រុម​ហ៊ុន​កាស៊ីណូ​មួយ​នេះ ខណៈ​​ភាគី​ក្រុម​ហ៊ុន​​​នៅ​បន្ត​រំលោភ​បំពាន​សិទ្ធិ​សេរី​ភាព​​សហជីព និង​បញ្ឈប់​បុគ្គលិក​ផ្ទុយ​ពី​ច្បាប់​ការ​ងារ។

ប្រធាន​សហជីពទ្រទ្រង់​សិទ្ធិ​ការ​ងារ​បុគ្គលិក​កម្មករ​​ខ្មែរនៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ បាន​​លើក​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​​នេះ​ថា កូដករណាហ្គាវើលដ៏​ប្រមាណ ៥០​នាក់ គ្រោង​​​​​នឹង​​ទៅ​​ក្រសួង​ការ​​ងារ នៅថ្ងៃស្អែកនេះ ដើម្បីតាមដាន​ពាក្យបណ្តឹង​របស់​ខ្លួន ដែល​បាន​​ដាក់​​​ទៅ​​ក្រសួង​ កាល​ពីថ្ងៃទី១០ ខែមករា ដែលមកដល់ពេលនេះ មានរយៈពេល​ជាង១ខែ​មក​ហើយ ដែលក្រសួង​មិន​មាន​ការ​ឆ្លើយ​តប។​

កញ្ញាបន្តថា កូដ​ករ​នៅ​តែ​បន្ត​​ទាម​ទារ​ឱ្យ​​ក្រសួង​​ដោះ​ស្រាយ ទៅ​លើ​ការ​​ប្តឹង​ទាម​ទារ​ចំនួន ៣​ចំណុច ក្នុង​នោះ​មាន ទាម​ទារ​ឱ្យ​​ក្រុម​ហ៊ុន​​ទទួល​​យក​កម្មករ​និយោជិត​ចំនួន ២៩​នាក់ នៅ​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​​(Naga Academy) ចូលធ្វើការ​វិញ, ទាមទារឱ្យក្រុមហ៊ុន​ទទួលយក​កម្មករ​និយោ​ជិត ចំនួន ២៨១នាក់ និង ETP ចំនួន ១១នាក់ ដែលបានចូលរួមធ្វើកូដកម្ម ចូលធ្វើការ​ងារ​​នៅកន្លែងដើមវិញ និងទាមទារឱ្យក្រុមហ៊ុន​ទទួលយក​កម្មករនិយោជិតចំនួន ៨៥នាក់ ដែល​ក្រុម​ហ៊ុន​​បាន​​បញ្ឈប់​ដោយ​​ខុស​​ច្បាប់​​ចូល​ធ្វើការ​​វិញ ដោយ​គិត​​ប្រាក់​រំលឹក​ចាប់​ពី​ថ្ងៃ​បញ្ឈប់​​​រហូត​ដល់​ថ្ងៃ​ចូលធ្វើ​ការ​វិញ។ 

កញ្ញាថា៖ «តាំងពីខែមករា ឆ្នាំ២០២៥​ហ្នឹង​មក រយៈ​ពេល​ជាង​​១ខែ​​ហើយ យើង​អត់​មាន​ទទួល​បាន​​ដំណឹង​​​អី​សោះ​ពី​ខាង​ក្រសួង ថាតើ​ក្រសួង​​នឹង​ចាត់​វិធាន​ការ​​​ទៅ​តាម​បណ្តឹង​​របស់​​កម្មករ​ឬ​អត់? អីចឹងបានជា​​ស្អែកហ្នឹង ពួកយើងសម្រេច​ថា នឹងទៅតាមដាន ស្នើសុំពន្លឿន ឱ្យ​ក្រសួង​គាត់​នីតិ​វិធី​​ពន្លឿន​ឱ្យលឿន​ ដើម្បីចាត់វិធានការ​ទៅលើ​បណ្តឹង​របស់កម្មករចំនួន​ ៣​ចំណុច​ហ្នឹង»។

កញ្ញា ឈឹម ស៊ីថរ បន្ត​ថា ការ​ទាមទារនេះ ដោយសារ​តែសហជីព​នៅតែ​រក​ឃើញ​ថា ក្រុម​​ហ៊ុន​​ណាហ្គា​នៅ​តែ​បន្ត​ការ​​រើស​​អើង​​កម្មករ​និយោជិត ដែលចូលរួមធ្វើកូដកម្មទាមទារ​ឱ្យ​ក្រុមហ៊ុន​គោរព​លក្ខខណ្ឌ​ការងារទៅតាមច្បាប់ស្តីពីការងារ។

កញ្ញា​និយាយថា៖ «យើង​ឃើញ​ថា អ្វីដែលពួកយើង​ទទួលរងពីក្រុមហ៊ុន​ណាហ្គាវើលដ៏ គឺវា​​អយុត្តិ​ធម៌​ហួស​ហេតុ ហើយវាជា​ការ​​បំពាន​ទៅ​លើ​សេរីភាព​សហជីព ហើយ​និង​ច្បាប់​ការ​​ងារ​ ដោយ​អត់​មាន​ប៉ប្រិច​​ភ្នែក អត់​មាន​ញញើត​អ្វី​ទាំង​អស់ អីចឹង​ទៅ​អ្វី​ដែល​ទាំង​អស់​គ្នា​ យើង​មិន​អាច​បោះ​បង់​ចោល​​ការ​​ទាម​ទារ​ហ្នឹង​ ដោយ​​សារ​​យើង​​អត់​ចង់​ឱ្យ​ក្រុម​ហ៊ុន​ហ្នឹង កើត​​​ជា​​គំរូ​អាក្រក់ ​នៅ​ក្នុង​ការ​​រំលោភ​​សិទ្ធិ​​ការ​​ងារ​​កម្មករ បំបិទ​សិទ្ធិសេរីភាពស​ហជីព​ទេ ព្រោះ​ថា បើ​សិន​ជា​​ក្រុម​ហ៊ុន​ហ្នឹង​ធ្វើ​បាន បាន​ន័យ​ថា​ ក្រុម​ហ៊ុន​​ផ្សេង​ទៀត​​​ក៏​ធ្វើ​បាន​​ដែរ ហើយ​ខាង​ក្រសួង​ទៀត​​​​​សោត ក៏​អត់​ត្រូវ​នៅ​​ក្នុង​ការ​​ចូល​ដៃ​ចូល​ជើង​​ ឬ​ក៏​ប​ណ្តោយ​ឱ្យ​ខាង​ក្រុម​ហ៊ុន​​ហ្នឹង​​​ធ្វើ​អញ្ចឹង​​តាម​អំពើ​ចិត្ត​ទេ»

ប្រធានសហជីពរូបនេះ ក៏បាន​អំពាវនាវ​ឱ្យក្រសួង​ការងារ ពន្លឿន​​ការ​​ដោះ​ស្រាយ​​វិវាទ​នេះ​ឱ្យ​បាន​ឆាប់ ព្រោះថា​ការ​​បន្ត​អូស​បន្លាយ​ពេល​​វេលា​មិន​ដោះ​ស្រាយ​បញ្ហា​នេះ នឹង​​ធ្វើ​ឱ្យ​កម្ពុជា​​បាក់​មុខ និង​​រង​​​ការ​​រិះគន់ពីសហគមន៍អន្តរជាតិ។

VOD មិនអាច​សុំការ​អត្ថាធិប្បាយ​ពីថៅកែក្រុមហ៊ុនណាហ្គាវើលដ៏ លោក ចេន យីហ្វុង និង​​​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ងារ និង​​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ លោក កត្តា អ៊ន បានទេ នៅថ្ងៃនេះ។

តែ​យ៉ាង​ណា លោក កត្តា អ៊ន ធ្លាប់បានគូសបញ្ជាក់យ៉ាងខ្លីថា ករណីវិវាទការ​ងារ​នៅក្រុមហ៊ុន​ណាហ្គា​​នេះ​ ក្រសួង​​បាន​​​ដោះ​​ស្រាយ​​មក​​ជា​​ហូរហែ​​មក​​ហើយ ហើយ​​ខាង​ក្រុម​ហ៊ុន​​ក៏​បាន​​ផ្ទេរ​ប្រាក់​បំណាច់ និង​សំណង​បញ្ចប់​កិច្ច​សន្យា​ការ​ងារ ចូល​គណនី​ធនាគារ​​អតីត​បុគ្គលិក​​ដែល​ក្រុម​ហ៊ុន​បាន​បញ្ចប់​កិច្ច​សន្យា​ការ​​ងារ​ចំនួន ៣៧៣នាក់​ ​រួច​មក​ហើយ​ដែរ។

អ្នក​ស្រី អ៊ូ ទេពផល្លីន ប្រធាន​សហព័ន្ធសហជីពកម្មករចំណីអាហារ និង​សេវា​កម្ម​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃនេះ​ថា​​ បញ្ហា​វិវាទ​ការងារ​នៅ​ក្រុម​ហ៊ុន​​ណាហ្គា បាន​កើត​ឡើង​​ជាង ៣ឆ្នាំ​មក​ហើយ ប៉ុន្តែ​ការ​​ដោះ​ស្រាយ​​​ពី​សំណាក់​ក្រសួង​​ការងារ និងអ្នកពាក់ព័ន្ធ​ ហាក់​មិន​បាន​ដោះស្រាយ​​​​ឱ្យ​ចំ​នឹង​​ស្ថាន​ភាព​​ដែល​បាន​កើត​​ឡើង​នោះ​ទេ បែរ​ជា​មាន​ការ​ចោទ​ប្រកាន់កូដករ ទៅ​​​ជា​រឿង​​ញុះ​ញង់ ទៅ​ជារឿងនយោបាយ​ទៅវិញ បើទោះជាក្រុមកូដករបានអះអាងម្តងហើយ​​ម្តង​​ទៀត​ថា វា​​ជា​វិវាទ​ការ​ងារក៏ដោយ។ ​

អ្នកស្រីថា៖ «រឿងប៉ុនត្រឹមតែវិវាទការ​ងារ​​ទេ​ ប៉ុន្តែយើ​ងមើលឃើញថា ​ទំហំនៃការ​ចោទ​ប្រកាន់​វា​ធំ​លើស​ពី​​ទំហំការ​ងារ​ បើទោះបីជាកម្មករនិយោជិតប្រឹង​បង្ហាញអំពីជំហរ​​ខ្លួន​​ឯង​​ច្បាស់​លាស់​ ថា​វា​គឺ​​ជា​​វិវាទ​​ការងារ ដែល​ចែង​ក្នុង​ច្បាប់​​ការ​ងារ​​ម៉េច​ក៏ដោយ ប៉ុន្តែ​​កាលណា​​អត់​​ដោះ​ស្រាយ​ទៅ​តាម​នីតិ​វិធី ទៅ​ជា​ដាក់​រឿង​​កម្មករ​​និយោជិត ទៅជា​រឿង​​នយោ​បាយ​ រឿង​ញុះ​ញង់ រឿង​​​​​អីហ្នឹង ខ្ញុំ​មើល​ឃើញ​ថា វា​អត់​បានដោះស្រាយបញ្ហាចំពោះមុខទេ អីចឹង​​ក្នុងនាម​យើងជាប្រជាពលរដ្ឋ​ខ្មែរ ក្នុងនាម​យើងជាថ្នាក់ដឹកនាំ​សហជីព យើង​ចង់​ឃើញ​​រដ្ឋ​ហ្នឹង បើសិន​ជាមា​ន​ការ​​អន្តរាគមន៍ គឺ​អន្តរាគមន៍​ឱ្យ​​​ស្រប​ទៅ​តាម​អំណាច​របស់​ខ្លួន ហើយមើល​សុភវិនិច្ឆ័យ​​ឱ្យ​បាន​​ត្រឹម​​ត្រូវ​​ ហើយ​មិន​លម្អៀង»

ចំណែក លោក ឃុន ថារ៉ូ មន្ត្រី​​កម្ម​វិធី​​ការងារ​​នៃ​​មជ្ឈមណ្ឌល​​​សម្ព័ន្ធភាព​​ការងារ និង​​សិទ្ធិ​​​មនុស្ស ហៅ​​កាត់​​​ថា​ សង់​ត្រាល់ ក៏ធ្លាប់លើកឡើង​ដែរថា​ ការ​រក​​​ដំណោះ​ស្រាយ​ដើម្បី​បញ្ច​ប់​វិវាទ​ការ​ងារ​​នៅ​​ក្រុម​ហ៊ុន​ណាហ្គាវើលដ៏​ អាច​នឹង​ធ្វើ​ទៅ​បាន បើ​ខាង​ភាគី​​ក្រុមហ៊ុន និង​​ក្រសួង​ការ​ងារ ​មាន​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ និង​​ផ្សះ​ផ្សា​​បញ្ចប់​វិវាទ ព្រោះ​រឿងនេះ​ពាក់ព័ន្ធ​នឹង​ការ​​ទទួល​យក​កូដករ​ឱ្យ​​ចូល​ធ្វើ​ការ​​ងារ​វិញ និង​ការ​​ទទួល​ស្គាល់​សហជីព ខណៈ​​​តួលេខ​​​​កូដករ ដែល​នៅ​តវ៉ា​​មាន​​ចំនួន​​តិច​តួច​ទេ​ បើ​ធៀប​នឹង​ពេល​កន្លង​មក។​

ករណីនេះ លោក​ជំរុញ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ ទាំង​និយោជក កម្មករ​​និយោជិត និង​​​ក្រសួង​ការ​ងារ​ដែល​​ជា​​អ្នក​សម្រប​​​សម្រួល លើក​បញ្ហា​ដាក់​លើតុ​រួម​គ្នា​ដើម្បី​​ចរចា និង​ធ្វើ​សម្បទាន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ការ​​រក​ដំ​ណោះ​​ស្រាយ​​នឹង​​អាច​បញ្ចប់​ទៅ​បាន។

កូដកម្ម​អហិង្សារបស់កម្មករនិយោជិត​នៅ​ក្រុមហ៊ុន​​​ណាហ្គាវើលដ៍ បាន​ចាប់​​ផ្ដើម​កាល​ពី​​ថ្ងៃ​ទី​១៨ ខែ​​ធ្នូ ឆ្នាំ​២០២១ នៅ​ខាង​​មុខ​​អាគារ​​ក្រុម​ហ៊ុន​កាស៊ីណូ​មួយ​នេះ ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​សារ​តែ​​​ក្រុម​​ហ៊ុន​​​​បាន​​បញ្ឈប់​បុគ្គលិក​ប្រមាណ ១ ៣០០ នាក់ កាល​​​​​ពី​​អំឡុង​ខែ​មេសា ឆ្នាំ២០២១ ដែល​កូដករ​អះអាង​ថា ជា​ចេតនា​បំបាត់​សហជីព​ឯករាជ្យ​ក្នុង​ក្រុមហ៊ុន។

រយៈពេល ៣ឆ្នាំ​នេះ រដ្ឋាភិបាល​ត្រកូល​ហ៊ុន មិន​បាន​ខ្វល់ខ្វាយ​ដោះស្រាយ​បញ្ចប់​​បញ្ហា​ឡើយ តែ​ពេល​​ខ្លះ​​​អាជ្ញាធរ​បែរជា​ប្រើ​ហិង្សា​បង្ក្រាប​ទៅ​លើ​ក្រុម​កូដករ ប្ដឹង​ផ្ដល់​ប្រឆាំង​ក្រុម​កូដករ​ទៅ​កាន់​តុលាការ និង​ចាប់​ខ្លួន​ប្រធាន​សហជីព​របស់​ពួកគេ ដូចជា កញ្ញា ឈឹម ស៊ីថរ ដាក់​ពន្ធនាគារ​ជា​ដើម។

ទោះជាយ៉ាងណា ក្នុងអំឡុងពេល​តវ៉ារយៈពេលជាង ៣ឆ្នាំ​មកនេះ មានកូដករ​ខ្លះបានអះអាង​ថា ពួកគេ​​​​យល់​ព្រម​ទទួលយកសំណោះស្រាយ​មិនសមរម្យ​ពីក្រុមហ៊ុន ដោយសារ​ការបង្ខិត​បង្ខំ និងការគំរាមកំហែង​ពីអាជ្ញាធរ និងក្រសួងការ​ងារ។ ប៉ុន្តែ​ក្នុងពេល​នេះ ក៏នៅមានកម្មករ​រាប់​សិបនាក់ទៀត នៅតែបន្តធ្វើកូដកម្ម​ដើម្បីទាមទារ​យុត្តិធម៌ និងការ​គោរព​សិទ្ធិ​ការ​ងារ បើទោះ​ជាពួកគេ​ត្រូវប្រឈមនឹងការ​លំបាកក្នុង​ជីវភាព និងរ​ងការ​គំរាមកំហែង​ក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ