ប្រធានគណបក្សដើម្បីកម្ពុជា បានដាក់លិខិតជាថ្មីទៀត ចូលទៅស្ថាប័នអយ្យការអមតុលាការខេត្តព្រៃវែង បន្ទាប់ពីតុលាការបង្ហាញភាពយឺតយ៉ាវ ក្នុងការអនុវត្តនីតិវិធីកោះហៅជនសង្ស័យចំនួន ៧នាក់បន្ថែមទៀត ដែលជាមន្រ្តីពន្ធដារ ពាក់ព័ន្ធនឹងបទចោទមួយចំនួន រួមមាន «រំលោភលើសេចក្តីទុកចិត្ត និងការជ្រៀតជ្រែកដោយខុសច្បាប់ ក្នុងការបំពេញមុខងារសាធារណៈជាដើម »។
លោក ឯម សុខសុវណ្ណ ប្រធានគណបក្សដើម្បីកម្ពុជា បាននិយាយនៅក្នុងសេចក្តីជូនដំណឹង នៅថ្ងៃទី២០ ខែកុម្ភៈនេះថា ក្នុងនាមជាម្ចាស់បណ្តឹង លោកបានស្នើសុំជួបតំណាងស្ថាប័នអយ្យការអមតុលាការខេត្តព្រៃវែង ជាលើកទី២ទៀត។ លោកបន្តថា មូលហេតុដែលនាំឱ្យលោកត្រូវបង្ខំចិត្ត ស្នើសុំជួបព្រះរាជអាជ្ញាជាថ្មីទៀតនេះ ក្រោយពិនិត្យឃើញថា ជនជាប់ចោទដែលសុទ្ធតែជាមន្រ្តីអនុវត្តច្បាប់ផ្នែកពន្ធដារ ខេត្តព្រៃវែង និងមានឈ្មោះដែលត្រូវចូលបំភ្លឺនៅក្នុងរឿងក្តីរបស់លោក បែរជាតុលាការហាក់ដូចផ្អិបរឿងនេះទុកចោល ដោយមិនចាត់ការទៅវិញ។
លោក ឯម សុខសុវណ្ណ លើកឡើងនៅក្នុងលិខិតរបស់ខ្លួនទៀតថា នៅក្នុងជំនួបជាលើកដំបូង កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីដាក់សំណើសុំជួបកាលពីថ្ងៃទី៣០ ខែមករា តំណាងអយ្យការបានអះអាងថា ចំពោះអ្នកដែលនៅសល់៧នាក់ទៀត ក្នុងចំណោម១០នាក់នោះ ដែលតុលាការមិនបានចេញដីកាឱ្យចូលខ្លួន ព្រោះកំពុងស្ថិតក្នុងនីតិវិធី នៃការស៊ើបអង្កេតនៅឡើយ។ ប៉ុន្តែចាប់ពីថ្ងៃដែលតុលាការ បានសន្យាមកដល់ពេលនេះ ចំពោះនីតិវិធី នៃការស៊ើបអង្កេតមានដំណើរការបែបណានោះ គឺវាហាក់អូសបន្លាយ និងគ្មានដំណឹងអ្វីសោះ។
បើតាមលោក ឯម សុខសុវណ្ណ ការស្នើសុំជួបជាថ្មីទៀត ជាមួយតំណាងស្ថាប័នអយ្យការអមតុលាការខេត្តព្រៃវែង លើកនេះ គឺចង់ដឹងពីការវិវត្តន៍ថ្មីទៀត និងទទួលបានព័ត៌មានបន្ថែម ពីកិច្ចដំណើរការក្តីបន្តប៉ុណ្ណោះ។
ជុំវិញអង្គហេតុ នៅក្នុងសំណុំរឿងនេះ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា និងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ប្រធានគណបក្សដើម្បីកម្ពុជា បានប្តឹងប្រឆាំងមន្រ្តីពន្ធដារខេត្ត មន្រ្តីរដ្ឋបាលខេត្ត និងនគរបាលខេត្តព្រៃវែង ចំនួន១០នាក់ ក្រោមបទចោទមួយចំនួន រួមមាន «កេងយកផលប្រយោជន៍ដោយខុសច្បាប់ ឆបោក រំលោភលើទំនុកចិត្ត ការជ្រៀតជ្រែកដោយខុសច្បាប់ ក្នុងការបំពេញមុខងារសាធារណៈ និងការក្លែងបន្លំ»៕