សកម្មជនពីររូបជាអនុប្រធាននៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ (KSILA) កញ្ញា រៀម ស្រីពេជ្ររតនា និងលោក ធី ថន ត្រូវបានតុលាការកាត់ឱ្យបន្តឃុំខ្លួនបណ្ដោះអាសន្ន រយៈពេល៦ខែបន្ថែមទៀត ដែលរងការចោទពីបទឧក្រិដ្ឋ ជុំវិញភាពសកម្មជំរុញយុត្តិធម៌សង្គម។
អង្គការលីកាដូ បាននិយាយលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៩ ខែកុម្ភៈនេះថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តឃុំខ្លួនបណ្ដោះអាសន្ន រយៈពេល៦ខែបន្ថែមទៀត ចំពោះ កញ្ញា រៀម ស្រីពេជ្ររតនា និងលោក ធី ថន អនុប្រធាននៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ (KSILA)។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការនេះ គឺ លោក អំ សំអាត ពន្យល់បន្ថែមថា អ្នកទាំង២នាក់នេះ ត្រូវបានតុលាការចោទប្រកាន់ ពីបទ រួមគំនិតក្បត់ ដែលជាបទឧក្រិដ្ឋ ហើយថានៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌការឃុំខ្លួនបណ្ដោះអាសន្ននៃបទឧក្រិដ្ឋ គេអាចពន្យារពេលបានពីរដង ដែលមានន័យថា ការឃុំខ្លួនលើកទីមួយ គឺរយៈពេល៦ខែយ៉ាងយូរ។
លោកថា បើសិនជាករណីនេះវាជាករណីស្មុគស្មាញ ចៅក្រមស៊ើបសួរអាចពន្យារពេលនៃការឃុំខ្លួន ម្ដងបាន៦ខែ អាចបានពីរដងមានរយៈពេល១៨ខែ។
លោកថា៖ «បើយើងនិយាយអំពីនីតិវិធី វាមិនខុសទេ ប៉ុន្តែបើនិយាយអំពីសិទ្ធិរបស់អ្នកទាំងពីរ មានការប៉ះពាល់សិទ្ធិគាត់ ពីព្រោះជនត្រូវចោទក៏ត្រូវមានសិទ្ធិទទួលបានភាពយុត្តិធម៌ ចំពោះមុខច្បាប់សិទ្ធិទទួលបានការជំនុំជម្រះឆាប់រហ័ស ដែលអាចធ្វើទៅបានកើនឡើង ការឃុំខ្លួនបណ្ដោះអាសន្ន និងវិនិយោគប៉ះពាល់ដល់សិទ្ធិរបស់គាត់ ត្រូវទទួលបានការជំនុំជម្រះឱ្យឆាប់មួយទៀត ទៅប៉ះពាល់ទៅដល់ក្រុមគ្រួសាររបស់គាត់ដែរ ព្រោះការឃុំខ្លួន ឬក៏ត្រូវធ្វើដំណើរទៅសួរសុខទុក្ខធ្វើអីអ៊ីចឹងទៅ»។
បើតាមអង្គការលីកាដូ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ តុលាការកំពូល បានបដិសេធសំណើសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់ កញ្ញា រៀម ស្រីពេជ្ររតនា និង លោក ធី ថន ដោយសម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ទុកជាបានការ ។
សកម្មជនយុវជនទាំងពីររូបនេះ ដែលមានអាយុ ២៣ឆ្នាំ និងអាយុ ២៤ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ពីបទ រួមគំនិតក្បត់ ដោយយោងតាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ និងអាចប្រឈមមុខទោសពន្ធនាគាររហូតដល់ ១០ឆ្នាំ ប្រសិនបើត្រូវបានតុលាការផ្តន្ទាទោស ។
រតនា និង ថន ត្រូវបានចាប់ខ្លួននៅខែសីហា ឆ្នាំ២០២៤ អំឡុងពេលនៃការបង្ក្រាបទ្រង់ទ្រាយធំលើមនុស្សជាង ១០០នាក់ ដែលអ្នកទាំងនោះត្រូវបានគេចោទប្រកាន់ថា បានបញ្ចេញមតិ ទាក់ទងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម និងឡាវ (CLV-DTA) ដែលជាកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងតំបន់ ហើយដែលកម្ពុជាទើបតែសម្រេចដកខ្លួនចេញកាលពីពេលថ្មីៗនេះ។
ជាសរុប មនុស្សជាង ៦០នាក់ ត្រូវបានចោទប្រកាន់ និងឃុំខ្លួនក្នុងពន្ធនាគារ ក្នុងអំឡុងពេលនៃការបង្ក្រាបនេះ។ ដោយឡែក ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៤ឆ្នាំ និងកំពុងឃុំខ្លួននៅពន្ធនាគារព្រៃសរ បន្ទាប់ពីលោកត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីខែមេសា ឆ្នាំ២០២៤ ដោយចោទប្រកាន់ពីបទ “ញុះញង់” ដោយយោងតាមមាត្រា៤៩៤ និង ៤៩៥ និងបទ “មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម” ដោយយោងតាមមាត្រា៨៨ នៃក្រមព្រហ្មទណ្ឌ ទាក់ទងនឹងការតស៊ូមតិរបស់លោកទៅលើការបណ្តេញដោយហិង្សានៅក្នុងខេត្តព្រះវិហារ៕