អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) លោក ហេង រតនា បានអះអាងថា សហរដ្ធអាមេរិក បានបន្តផ្ដល់ជំនួយផ្នែកដោះមីនឱ្យប្រទេសកម្ពុជាវិញ ក្រោយប្រកាសផ្អាកបណ្តោះអាសន្ន ។
លោក ហេង រតនា បាននិយាយលើហ្វេសប៊ុករបស់ CMAC នៅថ្ងៃទី២០ ខែកុម្ភៈថា អង្គការដៃគូសហការជាមួយអង្គភាពស៊ីម៉ាក់ប្រាប់ថា ខ្លួនបានទទួលការលើកលែងពីរដ្ឋាភិបាលអាមេរិក និងបើកបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមឡើងវិញ តាមកិច្ចសន្យាដែលមានស្រាប់។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ប្រកាសរំលាយបុគ្គលិកជាង២០០នាក់ ក្រោយអាមេរិកប្រកាសផ្អាកជំនួយបណ្តោះអាសន្ន រយៈពេល ៨៥ថ្ងៃ ក្រោយ លោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីថ្មី អំឡុងខែមករា ឆ្នាំ២០២៥។
ក្នុងពិធីស្បថឡើងកាន់តំណែង កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានប្រកាសបង្កកជំនួយអភិវឌ្ឍន៍របស់ខ្លួន(USAID) រយៈពេល៣ខែ ឬ៩០ថ្ងៃ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រទេស និងអង្គការជាដៃគូជាច្រើននៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ។
វិស័យអាទិភាពមួយចំនួនដែល USAID ផ្ដោតលើរួមមាន លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ច វិស័យសុខភាព អប់រំ ការការពារកុមារ បរិស្ថាន និងសន្តិសុខស្បៀង។
ចំពោះជំនួយផ្នែកលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងអភិបាលកិច្ច ទីភ្នាក់ងារ USAID បានគាំទ្រអង្គការក្រៅរដ្ឋាភិបាលដែលជាដៃគូសំខាន់ៗចំនួន ១១អង្គការនៅប្រទេសកម្ពុជា ក្នុងរួមទាំងអង្គភាពកម្ចាត់មីនកម្ពុជា៕