ការដាក់វិន័យប្រធានតុលាការខេត្តតាកែវជាមន្ទិលជុំវិញការធានាយុត្តិធម៌សង្គម

ការ​ដាក់វិន័យប្រធាន​តុលាការខេត្តតាកែវ ដោយសំអាងពី​កំហុស​ដោះលែង​អ្នក​ទោស ជាប់​ចោទ​ពីបទ​ឧក្រិដ្ឋ​នោះ ហាក់​នៅ​ជា​មន្ទិល ក្នុង​ការ​ទៅ​ធ្វើ​ឱ្យ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ ដើម្បី​ធានា​យុត្តិធម៌​សង្គម ដូច​មាន​ចែង​ក្នុង​រដ្ឋធម្ម​នុញ្ញ ដរាប​ណា​មន្ត្រី​យុត្តិធម៌​រួម​ទាំង​ប្រធាន​តុលាការ​កំពូល ជា​កូនចៅ​របស់​មេដឹក​នាំ​បក្ស​កាន់​អំណាច​នៅ​ឡើយ​នោះ។

ការលើកឡើង​នេះ ក្រោយ​ប្រធាន​សាលាដំបូង​ខេត្តតាកែវ លោកស្រី ពេជ ម៉ារ៉ែន ត្រូវ​ក្រុម​ប្រឹក្សា​វិន័យ​នៃ​ឧត្តម​ក្រុម​ប្រឹក្សានៃ​អង្គ​ចៅក្រម សម្រេច​ផ្លាស់​ប្តូរ​ទៅ​ជា​អនុ​ប្រធាន​សាលា​ដំបូង​ខេត្ត​ណា​មួយ​វិញ ក្រោយ​ដោះ​លែង​ទណ្ឌិត​ដែល​ជាប់​ទោស​ពី​បទ​ឃាតកម្ម។

បើតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​ នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ បញ្ជាក់​ថា លោក​ស្រី ពេជ ម៉ារ៉ែន បានចេញដីកា​សម្រេច​ដោះ​លែង ទណ្ឌិត​ដែល​កំពុង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ខេត្ត​តាកែវ ដាក់​ពន្ធនាគារ​១១ឆ្នាំ តែ​ទណ្ឌិត​រូប​នេះ អនុវត្ត​ទោស​បាន​ត្រឹម​តែ​៥ឆ្នាំ​១ខែ និង​២ថ្ងៃ​ប៉ុណ្ណោះ។

ប្រភពបន្តថា ប្រសិនបើមានមូលហេតុចាំបាច់នៃ​​ការ​ដោះ​លែង ដោយ​ផ្អែក លើ​គោល​ការណ៍​មនុស្ស​ធម៌​ណា​មួយ ក៏​មិន​មែន​ជា​សមត្ថកិច្ច​របស់​តុលាការ​ដែរ ប៉ុន្តែ​គឺ​ជា​បុព្វសិទ្ធិ​របស់ ប្រមុខ​រាជ​រដ្ឋាភិ​បាល ក្នុង​ការ​ធ្វើ​សំណើ​ថ្វាយ​ព្រះ​មហាក្សត្រ ​សុំ​លើក​លែង​ទោស​ឱ្យ​ទណ្ឌិត​ណា​មួយ​នៅ​ពេល​ណាក៏​បាន ដោយ​ផ្អែក​តាម​មាត្រា​៧៧ នៃច្បាប់ស្តីពីពន្ធនាគារ។

ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះ​ជាតិ លោក សួន សូរីដា យល់​ថា ​វិធាន​​លើ អ្នក​ស្រី ពេជ ម៉ារ៉ែន នេះ​គឺរដ្ឋាភិបា​លថ្មី​ចង់​បង្ហាញ​ថា ខ្លួន​មាន​ឆន្ទៈ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា តែ​លោក​ថា វាគ្រាន់​តែ​នយោបាយ​ទាញ​យក​ប្រជាប្រិយ​ភាព​តែ​ប៉ុណ្ណោះ។

ក្នុងន័យ​នេះ លោក​ថា ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន បាន​ធ្វើ​ឱ្យ​ប្រព័ន្ធ​តុលាការ​កម្ពុជា ញាំ​ញី​ដោយ​អំពើ​ពុក​រលួយ គ្មាន​ឯករាជ្យ​ភាព ខណៈ​រឿង​ក្តី​នយោបាយ​វិញ លោក​ថា ចៅក្រម​កាត់​ក្តី ក្រោម​ការ​បញ្ជា​ពី លោក ហ៊ុន សែន តែ​ប៉ុណ្ណោះ។

លោកថា៖ «ទាក់​ទង​នឹង​នយោបាយ​គឺ​មិន​ដែល​មាន​អ្នក​នយោបាយ​ប្រឆាំង​ណា​ឈ្នះ​ក្ដី នៅ​ក្នុង​តុលាការ​ទេ គឺ​តុលាការ​ហ្នឹង គឺ​គាត់​កាត់​ក្ដី​មិន​មែន​ផ្អែក​លើ​អង្គ​ច្បាប់​ មិន​មែន​ផ្អែក​ទៅ​លើ​ភស្តុ​តាង​ ឬ​ក៏​ទៅលើ​បទល្មើស​អី​ទេ គឺ​គាត់​កាត់​ក្ដី​ដោយ​មើល​ទៅ​សម្តី​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន សែន។ សម្ដីរបស់​គាត់​និយាយ​បែប​ណា​ដែរ គឺតុលាការ​កាត់​បែប​នោះ​ហើយ»។

សម្រាប់ លោក សូរីដា សង្កត់​ធ្ងន់​ថា ប្រព័ន្ធ​តុលាការ វា​គ្រាន់​តែ​ជា​ឧបករណ៍​របស់​អ្នក​មាន​អំណាច​តែ​ប៉ុណ្ណោះ បើ​កម្ពុជា​មាន​មេដឹកនាំ​កើត​ចេញ​ពី​ការ​​បោះ​ឆ្នោត​ក្លែង​កា្លយ​ដូច​បច្ចុប្បន្ន។

លោថា៖ «មេដឹកនាំ​ដែល​ជា​អ្នក​ដឹកនាំ​រដ្ឋាភិ​បាល​កំពូល ត្រូវ​តែ​ស្អាត​ស្អំ​ជា​មុន ហើយ​ដើម្បី​ឲ្យ​ស្អាត​ស្អំ​ជា​មុន​ និយាយ​ឲ្យ​ខ្លី​ទៅ គឺ​ទាល់​តែ​គាត់​កើត​ឡើង​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​ប្រជា​ពលរដ្ឋ។ អំណាច​របស់​គាត់ គឺ​ប្រជាពលរដ្ឋ​ជា​អ្នក​ជ្រើស​រើស ប៉ុន្តែ​មក​ដល់​ពេល​នេះ​ គាត់​មាន​ទៅ​ខ្វល់​ពី​ប្រជាពលរដ្ឋ​ណា ទោះបី​ពលរដ្ឋ​ទូទាំង​ប្រទេស​មិន​ស្រឡាញ់​គាត់ មិន​បោះ​ឆ្នោត​ឱ្យ​គាត់! គាត់​នៅ​ជាប់​នាយក​រដ្ឋ​មន្រ្តីដែរ ព្រោះ គ.ជ.ប នៅ​លើ​គាត់។ ដូច្នេះ​បើ​ប្រព័ន្ធ​គេ​ហៅ​ថា​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​គ្មាន​ទេ​ ប្រព័ន្ធ​យុត្តិធម៌​ក៏គ្មាន​ដែរ ​ ព្រោះ​មេដឹកនាំ​មិន​មែន​កើត​ឡើង​ពី​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ»។

គេសង្កេតឃើញថា ​មន្ត្រី​តុលាការ​គ្រប់ជាន់ថ្នាក់​​ តាំងពីសាលាដំបូង​រហូតដល់សាលា​ឧទ្ធរណ៍​ និង​តុលាការ​​កំពូល គឺ​​​​​ជា​​សមាជិក​​គណបក្ស​​ប្រជាជន​​កម្ពុជា ដែល​​​ជា​គូប្រជែង​នយោ​បាយ​​របស់​គណបក្ស​ប្រឆាំង។

ក្នុងនោះ​មាន​ដូចជា​ ប្រធានតុលាការកំពូលក្នុងអាណត្តិ លោក ហ៊ុន សែន គឺលោក ឌិត មន្ទី ដែល​លោក ឌិត មន្ទី ជាសមាជិក​គណៈអចិន្ត្រៃយ៍គណបក្សប្រជាជន​កម្ពុជា។

លោក ឌិត មន្ទី អំឡុងឆ្នាំ២០១៧ បានចេញសាលដីការំលាយគណបក្សសង្គ្រោះជាតិ កាលពី ចុងឆ្នាំ២០១៧ តាមបណ្តឹងមេដឹកនាំបក្សកាន់អំណាច ដែលពេលនោះលោក ឌិត មន្ទី ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល កាន់សំណុំរឿងគណបក្សសង្គ្រោះជាតិ ក្នុង​ចំណោម​អ្នក​កាត់​សេចក្តី​៩នាក់ រួម​ទាំង លោក ជីវ កេង ជាចៅក្រម។

នៅអាណត្តិថ្មីរបស់ លោក ហ៊ុន ម៉ាណែត លោក ជីវ កេង ដែល​ធ្លាប់​រួម​ដៃ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តែង​តាំង​ឱ្យ​ធ្វើ​ជា​ប្រធាន​តុលាការ​កំពូល ជំនួស​លោក ឌិត មន្ទី ខណៈ​លោក ជីវ កេង ជាសមាជិកគណៈកម្មាធិការ​កណ្តាល​របស់​គណបក្សប្រជាជនកម្ពុជា។

ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ឱ្យ​ជា​យោបល់​ថា ដើម្បី​ឱ្យ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ គឺ​ចៅក្រម​មិន​គួរ​ជា​មន្រ្តី​ជាន់​ខ្ពស់​របស់​បក្ស​នយោបាយ​ណា​មួយ​នោះ​ទេ។

លោកថា៖ «កំណែទម្រង់​ប្រព័ន្ធ​តុលាការ គឺ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​តុលាការ​មាន​ឯករាជ​ភាព។ ពាក្យ​ថា ឯករាជ​ភាព ដូច​ជា​ចៅក្រម​មិន​គួរ​នៅ​ជា​សមាជិក​គណបក្ស​នយោបាយ ឬ​សមាជិក​គណបក្ស​នយោបាយ​ជាន់​ខ្ពស់​របស់​គណបក្ស​ណា គូរ​តែ​ឯករាជ្យ​សិទ្ធិ​សេរីភាព ឬ​ក៏​សិទ្ធិ​របស់​គាត់​មាន​ការ​ស្រឡាញ់​គណបក្ស​នយោបាយ​​ណា​មួយ ប៉ុន្តែ​នៅ​ពេល​បោះ​ឆ្នោត​គាត់​មាន​សិទ្ធិ​ជ្រើស​រើស អាហ្នឹង​វាជា​​រឿង​មួយ​ល្អដែ​រ​បើ​ធ្វើ​ទៅ​បាន»

រដ្ឋធម្មនុញ្ញ បានចែងថា តុលាការជាស្ថាប័ន​ឯករាជ្យ ការចែងបែបនេះ​ មានន័យថា អំណាច​ពីរ​ទៀត ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្ម​នុញ្ញ គឺ​អំណាច​នីតិ​ប្រតិបត្តិ និង​អំណាច​នីតិ​បញ្ញត្តិ មិន​អាច​បញ្ជា​លើ​អំណាច​តុលាការ​បាន​ទេ ពោល​គឺ​តុលាការ​ធ្វើ​សេចក្តី​សម្រេច​ដោយ​ឯករាជ្យ ក្នុង​នាម​ប្រជា​ពលរដ្ឋ​ខ្មែរ ដើម្បី​ផ្តល់​នូវ​យុត្តិធម៌​ដល់​រាស្ត្រ និងសង្គម ។

បើ​តាម​របាយការណ៍របស់គម្រោងយុ​ត្តិធម៌ពិភព​​លោក World Justice Project ឆ្នាំ​២០២៤ បង្ហាញ​ថា កម្ពុជា​បន្ត​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ជិត​បាត​តារាង​ ពាក់​ព័ន្ធ​​នឹង​កម្រិត​យុត្តិធម៌​នៅ​ក្នុង​សង្គម​កម្ពុជា ពោល​គឺ​ចំណាត់​ថ្នាក់​ទី​១៤១ ក្នុងចំណោម១៤២​ប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ