កូដករណាហ្គាវើលដ៍ប្រមាណ៣០នាក់ នៅថ្ងៃសុក្រនេះ បាននាំគ្នាទៅប្រមូលផ្តុំនៅមុខក្រសួងការងារ ដើម្បីក្រើនរំឭកដល់ក្រសួងឱ្យពន្លឿនការដោះស្រាយលើបណ្តឹងរបស់ពួកគេ ដែលទាមទារយុត្តិធម៌លើវិវាទការងារ និងបញ្ឈប់ការរើសអើងសហជីពនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៏ ក្រោយក្រសួងមិនឆ្លើយតប។
កញ្ញា ណុប ទិត្យបូរ៉ាវី សកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ មានប្រសាសន៍នៅថ្ងៃទី២១ ខែកុម្ភៈថា កាលដែលពួកគាត់នាំគ្នាទៅប្រមូលផ្តុំនៅមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ គឺដើម្បីសួរនាំ និងទាមទារដំណោះស្រាយពីក្រសួងជុំវិញពាក្យបណ្តឹងដែលពួកគាត់បានដាក់ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ដែលមកដល់ពេលនេះ ក្រសួងនៅមិនទាន់ឆ្លើយតបនៅឡើយ។
កញ្ញាបន្តថា ការបញ្ឈប់បុគ្គលិកពីសំណាក់ក្រុមហ៊ុនណាហ្គាវើលដ៏ ក្រោមលេសថាក្រុមហ៊ុនជួបវិបត្តិក្នុងកំឡុងកូវីដ-១៩ ជារឿងអយុត្តិធម៌សម្រាប់ពួកគាត់ និងជាការរើសអើងសហជីព ខណៈក្រុមហ៊ុនកាស៊ីណូមួយនេះជាក្រុមហ៊ុនធំ និងមានដំណើរការជាធម្មតាក្នុងកំឡុងកូវីដ-១៩ ហើយអ្នកដែលត្រូវបានបញ្ឈប់នោះទៀតសោធ សុទ្ធតែជាថ្នាក់ដឹកនាំ សមាជិក និងសកម្មជនសហជីព។
កញ្ញា ណុប ទិត្យបូរ៉ាវី និយាយថា៖ «ខ្ញុំសង្ឃឹមថា រដ្ឋមន្ត្រីថ្មី គាត់នឹងជួយដោះស្រាយបញ្ចប់វិវាទមួយនេះ ព្រោះវិវាទហ្នឹងវាអូសបន្លាយយូរមកហើយ។ រឿងអ្វីក៏ដោយ បើសិនជាគាត់មានចេតនាចង់ដោះស្រាយ ខ្ញុំគិតថា រឿងហ្នឹងគឺដោះស្រាយតែមួយភ្លែត គឺនឹងបញ្ចប់ភ្លាម»។
បើតាមសេចក្តីជូនដំណឹងរបស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងពាក្យបណ្តឹងដែលដាក់ទៅក្រសួងការងារ គឺកូដករទាមទារឱ្យក្រសួងដោះស្រាយចំនួន ៣ចំណុច ក្នុងនោះមាន ទាមទារឱ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិតចំនួន ២៩នាក់ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល(Naga Academy) ចូលធ្វើការវិញ, ទាមទារឱ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិត ចំនួន ២៨១នាក់ និង ETP ចំនួន ១១នាក់ ដែលបានចូលរួមធ្វើកូដកម្ម ចូលធ្វើការងារនៅកន្លែងដើមវិញ និងទាមទារឱ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិតចំនួន ៨៥នាក់ ដែលក្រុមហ៊ុនបានបញ្ឈប់ដោយខុសច្បាប់ចូលធ្វើការវិញ ដោយគិតប្រាក់រំលឹកចាប់ពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការវិញ។
អ្នកនាង ថន រដ្ឋា បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៏ មានប្រសាសន៍ថា បញ្ហាវិវាទការងារនៅក្រុមហ៊ុនណាហ្គា ជារឿងតូចដែលក្រសួង និងអ្នកពាក់ព័ន្ធអាចដោះស្រាយបាន បើពួកគាត់មានឆន្ទះក្នុងការដោះស្រាយ។ តែយ៉ាងណា អ្នកនាងថា កូដករនឹងបន្តការតវ៉ា និងទាមទាររកយុត្តិធម៌ជុំវិញវិវាទនេះ បើទោះជាប្រឈមនឹងបញ្ហាជីវភាព ដោយសារតែការតវ៉ាបានធ្វើឡើងជាង ៣ឆ្នាំមកហើយក្តី។
អ្នកនាងនិយាយថា៖ «លំបាកខ្លាំងនិយាយលែងចេញហើយ គ្រាន់តែថាពួកខ្ញុំនៅតែបន្តការតស៊ូដោយមិនបោះបង់ទេ ព្រោះដោយសារយើងមានរឿងអយុត្តិធម៌រួមគ្នានៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ ដែលយើងត្រូវតែបន្តតស៊ូនៅក្នុងការដោះស្រាយ បើយើងចេញពីកន្លែងធ្វើការហ្នឹង ហើយទៅកន្លែងផ្សេង ក៏មិនមានដំណោះស្រាយដូចគ្នាដែរ បើយើងជួបបញ្ហាហើយ យើងមិនព្រមដោះស្រាយ យើងទៅកន្លែងផ្សេងក៏នៅតែមានភាពអយុត្តិធម៌ហ្នឹងដដែល ចឹងតស៊ូចង់នៅចូលធ្វើការនៅកន្លែងដដែល ឱ្យថៅកែក្រុមហ៊ុនគាត់គោរពសិទ្ធិកម្មករ គោរពសិទ្ធិការងារ គោរពសិទ្ធិសហជីពនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង»។
កូដករណាហ្គាវើលដ៏ម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថា ការអូសបន្លាយពេលនៃការដោះស្រាយបញ្ហានេះ បង្ហាញពីកម្សោយនៃការអនុវត្តច្បាប់របស់អាជ្ញាធររដ្ឋ។
កញ្ញានិយាយថា៖ «ការអូសបន្លាយ(នៃការដោះស្រាយវិវាទការងារ) ខ្ញុំគិតថា មកពីកម្សោយរបស់ប្រព័ន្ធច្បាប់ បើសិនជាប្រព័ន្ធច្បាប់ខ្មែរយើងមានភាពរឹងម៉ាំ មានគេហៅថា មិនទោរទន់ទៅខាងអ្នកដែលមានលុយ ឬក៏ជាថៅកែ គឺគាត់ដោះស្រាយបាត់ហើយបង ប៉ុន្តែភាគច្រើនគឺបើយើងនិយាយភាសាមួយម៉ាត់ទៅ គឺថាមានភាពលម្អៀង យើងមើលជាក់ស្តែង ភាគច្រើនក្រសួងការងារគាត់កាន់ជើងទៅខាងថៅកែជានិច្ច គាត់មិនដែលឃើញពីទុក្ខលំបាករបស់កម្មករខ្មែរទេ ព្រោះអីដូចបងដឹងស្រាប់ហើយថា រាល់ថ្ងៃយើងអត់មានទាមទារអីច្រើនទេ ហើយយើងក៏មិនទាមទារយកមកក្លាយជាអ្នកមាន ទិញផ្ទះ ទិញវីឡា ទិញឡានជិះដែរ យើងគ្រាន់តែចង់បានអាហារបីពេល»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន បានទេ នៅថ្ងៃនេះ។
បើតាមក្រុមកម្មករ និងសង្គមស៊ីវិល ក្នុងអំឡុងពេលប្រមូលផ្តុំនោះ ខាងក្រសួងបានអនុញ្ញាតឱ្យកម្មករនិយោជិតណាហ្គាវើលដ៏ចូលជួបពិភាក្សា ហើយសន្យាថានឹងពន្លឿននីតិវិធី ខណៈការជួបជុំរបស់កម្មករនិយោជិតនៅព្រឹកនេះ ក៏មិនមានការរារាំងណាមួយពីសំណាក់អាជ្ញាធរដែរ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា នៅពេលទទួលបានបណ្តឹងពីកម្មករនិយោជិត ក្រសួងគួរតែមានការឆ្លើយតបទៅកាន់ពួកគេវិញ ទោះជាការឆ្លើយតបនោះវិជ្ជមានក្តី ឬអវិជ្ជមានក្តី ដោយមិនគួរសំងំស្ងៀម និងផ្អិបទុកបណ្តឹងរាប់សិបថ្ងៃនោះទេ ធ្វើឱ្យពួកគាត់មានមន្ទិលសង្ស័យនោះទេ។
មួយវិញទៀត លោកថា ក្រសួង និងអ្នកពាក់ព័ន្ធ គួរមានវិធានការដោះស្រាយជូនកម្មករនិយោជិត ព្រោះបើទុកឱ្យពួកគាត់មិនមានការងារធ្វើ នឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់គាត់ និងគ្រួសារ ហើយក៏ប៉ះពាល់ដល់មុខមាត់របស់រដ្ឋាភិបាលដែរ ព្រោះរដ្ឋាភិបាល មានកាតព្វកិច្ចក្នុងការរកការងារឱ្យពលរដ្ឋធ្វើ និងគិតគូរពីប្រាក់បៀវត្សរ៍សមរម្យសម្រាប់លើកកម្ពស់ជីវភាពពលរដ្ឋផងដែរ។
លោក យិន ម៉េងលី ថ្លែងបន្ថែមថា៖ «រឿងណាហ្គាវើលដ៏នេះ យើងឃើញថា វាមានរយៈពេលច្រើនហើយ ដែលមានបញ្ហាចម្រូងចម្រាស់ឥតឈប់ឈរហ្នឹង ហើយបញ្ហាហ្នឹងក៏មានការប៉ះពាល់ទៅដល់ក្រសួង ថ្នាក់ដឹកនាំក្រសួង ឬក៏ប៉ះពាល់ដល់ប្រមុខរដ្ឋាភិបាល ដែលទើបតែកាន់តំណែងថ្មីៗហ្នឹងដែរ អីចឹងគប្បីតែរដ្ឋាភិបាលគួររកមធ្យោបាយណាមួយ ច្រកណាមួយ ទម្លុះទម្លាយភាពទាល់ច្រកហ្នឹងចេញទៅ ដើម្បីបញ្ចប់បញ្ហានេះ ដើម្បីកុំឱ្យប៉ះពាល់មុខមាត់ដល់រដ្ឋាភិបាល។ ខ្ញុំសំណូមពរមួយទៀត គិតថា សូមកុំយកឈ្នះចាញ់ជាមួយនឹងកម្មករអី កុំយកឈ្នះចាញ់ជាមួយប្រជាពលរដ្ឋអី ទោះបីរដ្ឋាភិបាលខាតខ្លះ ក៏ខាតចុះ គឺខាតដើម្បីប្រជាពលរដ្ឋ ខាតដើម្បីកម្មកររបស់យើងទេ»។
កូដកម្មអហិង្សារបស់កម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍ បានចាប់ផ្ដើមកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នៅខាងមុខអាគារក្រុមហ៊ុនកាស៊ីណូមួយនេះ ក្នុងរាជធានីភ្នំពេញ ដោយសារតែក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកប្រមាណ ១ ៣០០ នាក់ កាលពីអំឡុងខែមេសា ឆ្នាំ២០២១ ដែលកូដករអះអាងថា ជាចេតនាបំបាត់សហជីពឯករាជ្យក្នុងក្រុមហ៊ុន។
រយៈពេល ៣ឆ្នាំនេះ រដ្ឋាភិបាលត្រកូលហ៊ុន មិនបានខ្វល់ខ្វាយដោះស្រាយបញ្ចប់បញ្ហាឡើយ តែពេលខ្លះអាជ្ញាធរបែរជាប្រើហិង្សាបង្ក្រាបទៅលើក្រុមកូដករ ប្ដឹងផ្ដល់ប្រឆាំងក្រុមកូដករទៅកាន់តុលាការ និងចាប់ខ្លួនប្រធានសហជីពរបស់ពួកគេ ដូចជា កញ្ញា ឈឹម ស៊ីថរ ដាក់ពន្ធនាគារជាដើម៕