មន្ត្រីបក្សប្រឆាំង​រិះ​គន់ លោក ហ៊ុន ម៉ាណែត ថាគ្មាន​ស្មារតី​ជាតិ​និយម​សូម្បី​ធ្វើ​កំណត់​ទូត​តវ៉ា

មេដឹកនាំ​ឈាម​ថ្មី​របស់​គណបក្ស​កាន់​អំណា​ច ​​លោ​ក ហ៊ុន ម៉ាណែត រង​កា​ររិះ​គន់​ថា គ្មាន​គំនិត​ជាតិ​និយម ទប់​ស្កាត់​មហិច្ឆតា​ឈ្លាន​ទឹក​ដី​ពី​សំណាក់​ប្រទេស​ជិត​ខាង សូ​ម្បី​​ធ្វើ​កំណត់​ទូត​តវ៉ា បើ​ទោះ​បី​មេដឹក​នាំ​ថៃ បា​ន​​អះ​អាង​ថា កោះ​គុត និង​ប្រាសាទ​តាមាន់​ធំ ជា​របស់​ថៃ​ក្តី។

ពួកគេ​បារម្ភ​ថា បន្ទាត់នយោ​បាយ​បែប​នេះ ជា​ការ​លើក​ទឹក​ចិត្ត ឱ្យ​ប្រទេស​ជិត​ខាង បង្កើន​មហិច្ឆតា​ឈ្លាន​ពា​ន ដើម្បី​លេប​ទឹក​ដី​ខ្មែរ​គ្មានទីបញ្ចប់ បើគ្មានការផ្លាស់ប្តូរមេដឹកនាំគ្រួសារហ៊ុន​ទេ​នោះ។

នៅថ្ងៃទី២១ ខែ​កុម្ភៈ​នេះ អ្នកមានបទពិសោធន៍​កិច្ចការ​ព្រំដែន លោក អ៊ុំ សំអាន និយាយ​ថា នាយករដ្ឋ​មន្ត្រី​ថៃ អ្ន​ក​ស្រី ផែថង​ថាន បញ្ជាក់​ថា ប្រាសាទ​តាមាន់​ធំ​របស់​ខ្មែរ ថា​ជារបស់​ថៃ​ស្ថិត​នៅ​ក្នុង​ខេត្ត​សុរិន្ទ ហើយ​ថា នាយករដ្ឋមន្ត្រីថៃ​វ័យ​ក្មេង​រូប​នេះ ក៏​ធ្លាប់​អះ​អាង​ដែរ​ថា កោះ​គុត​ជា​របស់​ថៃ ទោះ​ឯកសារ​ជា​ច្រើន​បញ្ជាក់​ថា​យ៉ាង​ហោច​ពាក់​កណ្តាល​នៃ​កោះ​នេះ ជា​របស់​ខ្មែរ។

លោកគូសបញ្ជាក់​ថា ចំណែកមេដឹកនាំបន្តវេន​គ្រួសារហ៊ុន គឺ លោក ហ៊ុន ម៉ាណែត មិនហ៊ាននិយាយថា ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់​តូច ឬប្រាសាទ​តាក្របី និង​កោះគុត ជារបស់​ខ្មែរ​នោះ​ទេ ដោយ​គាត់​គ្រាន់​តែ​និយាយ​ថា កំពុង​ចរចា​គ្នា បើ​ទោះ​កោះគុត​ត្រូវ​បាន​ថៃ​គ្រប់​គ្រង​ទាំង​ស្រុង​ក្តី។

សម្រាប់ លោក អ៊ុំ សំអាន នាយករដ្ឋមន្ត្រីថៃ និងនាយករដ្ឋមន្ត្រីខ្មែរ ក្មេង​ដូចគ្នា ប៉ុន្តែ​គំនិត​ជាតិ​និយម និង​ភាព​អង់​អាច​ក្លាហាន មាន​លក្ខណៈ​ខុស​គ្នា​ដាច់​ស្រឡះ។

ករណីនេះ លោកចោទជាសំណួរថា តើឱ្យខ្មែរ​ទៅសង្ឃឹម​អ្វី បើ​ការចរចា​ទ្វេភាគី​ច្រើន​ទសវត្សរ៍​ទៅ​នេះ ធ្វើ​ឱ្យ​ភាគី​ថៃ​ច្បាម​យក​ប្រាសាទ​តាមាន់​តូច និងឆ្លងដល់ប្រាសាទ​តាមាន់​ធំ និង​ប្រាសាទ​តាក្របី ដោយ​ចែក​គ្នា​គ្រប់​គ្រង​ទៅ​ហើយ​នោះ។

ការណ៍នេះ លោក​ជំរុញឱ្យរដ្ឋាភិបាល​ខ្មែរ ត្រូវតែប្តឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ ប្រទេស​ហូឡង់ ទើប​អាច​ការពារ​បូរណភាពទឹកដីដែលបន្សល់ទុកពីដូនតាបាន ។

តែផ្ទុយទៅវិញ លោកថា បើកម្ពុជា​បន្ត​ប្រើ​យន្តការ​ទ្វេភាគី កម្ពុជា​នឹង​បាត់​បង់​កម្ម​សិទ្ធិ​របស់​ខ្លួន​នៅ​លើ​កោះ​គុត បាត់​បង់​ប្រាសាទ​តាមាន់តូច​ទាំង​ស្រុង បាត់​បង់​យ៉ាង​ហោច​ពាក់​កណ្តាល​ប្រាសាទ​តាមាន់ធំ និង​បាត់​​ប​ង់​​យ៉ាង​ហោចពាក់កណ្តាលប្រាសាទតាក្របី។

លោកថា៖ «នាយក​រដ្ឋមន្រ្តី​ថៃ​និយាយ​ហើយ​ថា ប្រាសាទ​តាមាន់ធំ​ទាំង​មូល​ស្ថិត​នៅ​ក្នុង​ខេត្ត​សុរិន្ទ​ប្រទេស​ថៃ មិន​មែន​មាន​ន័យ​ថា​ពាក់​កណ្ដាល​ទេ គឺ​ទាំង​មូល ប្រាសាទ​តាក្របី ក៏​ថៃ​គេ​ទាម​ទារ​ទាំង​មូល​ដែរ អ៊ីចឹង​ចរចា​ចុះ​ឡើងៗ ជួន​កាល​ថៃ​គេ​កម្លាំង​ខ្លាំងជា​បាញ់​រុញ​ខ្មែរ​ចេញ​ពី​ប្រាសាទ​ហ្នឹង ហើយ​ខ្មែរ​ដើម្បី​ឱ្យ​ត្រូវ​គ្នា​ប្រគល់​ឱ្យ​ថៃ​បាត់»។

លោក អ៊ុំ សំអាន សង្កត់ធ្ងន់​ថា បើ​មេដឹកនាំ​ឈាម​ថ្មី​របស់​បក្ស​កាន់​អំណាច មិន​ព្រម​ប្រើ​យន្តការ​អន្តរ​ជាតិ ដើម្បី​ការ​ពារ​បូរណ​ភាព​ទឹកដី​ទេ នោះ​ទឹកដី​កម្ពុជា​នឹ​ងត្រូវ​ប្រទេស​ជិត​ខាង​លេប​ត្របាក់​តជំនាន់។

លោកថា៖ «បញ្ជាក់​ថា​ឈាម​ថ្មី​នេះ​ គឺ​មិន​ខុស​ពី​ឈាម​ចាស់​ឪពុក​គាត់​ទេ ឪគាត់​សុខ​ចិត្ត​កាត់​កោះ​ត្រល់​ដោយ​យួន កោះ​ក្រចក​សេះ​​ឲ្យ​យួន ដើម្បី​ឲ្យ​យួន​លើក​គាត់​ក្លាយ​នាយក​រដ្ឋមន្រ្តី​ឆ្នាំ​១៩៨៥ ដល់​លោក ហ៊ុន ម៉ាណែត នេះ​សុខ​ចិត្ត​កាត់​កោះគុត​ឱ្យ​ថៃ អាច​កាត់​ប្រាសាទ​ទាំង​បី​ឱ្យ​ថៃ​ទៀត ដើម្បី​ឲ្យ​ថៃ​ជួយ​ការ​ពារ​អំណាច​របស់​ខ្លួន»។

ចំណែក អតីត​ខុទ្ទការ​ល័យ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក មុត ចន្ថា បាន​និយាយ​លើ​ហ្វេស​ប៊ុក​របស់​លោក​ នៅថ្ងៃទី​២១ ខែកុម្ភៈ​នេះ​ថា ក្នុង​ន័យ​ដើម​ថា៖ «អស់​ពី​អះអាង​ថា កោះ​គុត​ជា​របស់​សៀម ឥឡូវ​​ប្អូនធ​ម៌​របស់​លោកនាយករដ្ឋមន្រ្តីខ្មែរ​ ហ៊ុន​ ម៉ាណែត​ គឺ​នាយករដ្ឋមន្រ្តីសៀម​ ផែ​ថង​ថាន​ មក​អះអាង​ថា ប្រាសាទ​តាមាន់ធំ​ គឺជារបស់សៀមទៀត»

លោកនិយាយបែបចំអក​ថា មេដឹកនាំខ្មែរ ខុស​ពីជាតិ​សាសន៍​ដទៃ​ គឺ​អ្នក​ជាតិ​និយម ដែល​ឈឺ​ឆ្អាល​ពី​បញ្ហា​ទឹក​ដី​​ជាមួយ​យួន-សៀម​ ត្រូវ​គំរាម​ និង​ជាប់​គុក​ជាដើម។ ប៉ុន្តែ​ថា ជាតិ​សាសន៍​ដទៃ​ត្រូវ​បាន​រដ្ឋាភិបាល​របស់​គេ​លើក​ទឹក​ចិត្ត​ទៅ​វិញ។

បន្ថែមពីនេះ តំណាងរាស្រ្តបក្សសង្រ្គោះ​ជាតិ លោក សួន សូរីដា និយាយ​ដែរ​ថា នាយករដ្ឋ​មន្ត្រី​ថៃ បាន​ប្រកាស​ក្តែងៗ​ប្រាប់​ពលរដ្ឋ​ថៃ​ថា «ប្រាសាទតាមាន់ធំ ស្ថិតក្នុង​អធិបតេយ្យ​ភាព​ថៃ​១០០%» ។

លោកថា នេះជាការរំលោភបំពានលើដំណើរការ នៃ​គណៈកម្មាធិការ​ព្រំដែ​នប្រទេស​ទាំង២ ដែល​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ។

សម្រាប់លោក សូរីដា ករណី​នេះ រដ្ឋាភិបាល​កម្ពុជា គួរ​ធ្វើ​កំណត់​ទូត សួរ​បញ្ជាក់​ពី​ប្រសាសន៍​នាយករដ្ឋ​មន្ត្រី​ថៃ អំពី​រឿង​ថា «ប្រាសាទ​តាមាន់ធំ ស្ថិត​ក្នុង​អធិបតេយ្យ​ភាព​ថៃ១០០%» នេះឬយ៉ាងណា? ។

សម្រាប់លោក សូរីដា គិតថា បើលោក ហ៊ុន ម៉ាណែត ប្រើប្រាស់ជាតិនិយមរឿងបញ្ហាទឹកដីឱ្យបាន​ច្រើន នោះ​លោក​នឹង​ទទួ​ល​បាន​ប្រជាប្រិយ​ខ្លាំង​ពី​មហាជន​ខ្មែរ​មិន​ខាន។

បន្ថែមពីនេះ ហ្វេសប៊ុកឈ្មោះ សារាត់ ស៊ុន បានបង្ហោះសារលើហ្វេសប៊ុក​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី២០ ខែ​កុម្ភៈ​នេះ ដោយនិយាយ​ថា​ មកទល់ពេលនេះ មេដឹកនាំខ្មែរ​នៅ​តែ​យក​ពាក្យ​ចរចា មក​បោក​ខ្មែរ ទាំង​ដែល​មេដឹក​នាំ​ថៃ គេប្រកាស​ច្បាស់ៗ​ថា គ្មាន​ការ​ចរចា​ទេ ព្រោះ​កោះគុត​ជា​របស់​ថៃ។

ជុំវិញបញ្ហា​នេះ VOD មិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យ​ក្រសួង​បរទេស​កម្ពុជា លោក ជុំ សុន្ទរី និង​អ្នក​នាំ​ពាក្យ​​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​នៅ​ឡើយ​ទេ ដោយ​លោក​មិន​លើក​ទូរស័ទ្ទ។

យ៉ាងណា នាយករដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន ម៉ាណែត កាលថ្ងៃ​​ទី​១៩ ខែ​​កុម្ភៈ ថ្លែង​​ការ​​ពារ​​ជា​ថ្មី​ទៀត​​ថា រដ្ឋាភិបាល​​លោក​​មិន​​ប្រើ​យន្ត​ការ​​អន្តរ​ជាតិ ​ទាម​ទារ​កោះ​គុត​ជាមួយ​ថៃ រួម​ទាំង​​ប្រាសាទ​តាមាន់​តូច​ទេ។

លោកបញ្ជាក់ថា ភាគី​​កម្ពុជា​នឹង​បន្ត​យុទ្ធសាស្រ្ត​ចរចា​ទ្វេ​ភាគី​ ដើម្បី​រក​ដំណោះ​ស្រាយ​រឿង​ព្រំដែន​នេះ​។

លោកថា៖ «រឿង​​បញ្ហា​​ព្រំដែន​ពី​ណា ក៏​គិត​​ដែរ មិន​មែន​​មាន​​តែ​អ្នក​ជាតិ​និយម​នោះ​ទេ។ រដ្ឋាភិបាល​ មន្ត្រី​​កិច្ចការ​ព្រំដែន​ក៏​អ្នក​ជាតិ​និយម​ដែរ ហើយ​អ្នក​ជាតិ​និយម​​ឆ្អិន​ឆ្អៅ​​ផង ចរចា​អត់​បាយ​អត់​ទឹក​ ដើម្បី​ការ​ពារ​មួយ​​ចង្អាមៗ»

ដោយ​ឡែក ប្រធាន​ក្រុមឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់​ថា មេដឹកនាំ​ដែល​មិន​បង្ហាញ​ឆន្ទៈ​ការ​ពារ​ទឹក​ដី​ប្រកប​ដោយ​ការ​ជឿទុក​ចិត្ត លោក​ថា ជាមេដឹកនាំ​ក្បត់​ឆន្ទៈ​រាស្រ្ត ក្បត់​ប្រទេស​កំណើត​ខ្លួន ប្រៀប​បាន​នឹង​បើក​ដៃ​ឱ្យ​បរទេស​ជិត​ខាង​បន្ត​គឃ្លើន​ឈ្លាន​ពាន​ទឹកដី​កំណើត​ខ្លួន។

លោកថា៖ «គ្រួសារ​លោក ហ៊ុន សែន នេះ​វា​សម​នឹង​ទទួល​ពាក្យ​មួយ​​ដែល​គេ​ចោទ​ថា​ក្បត់​ជាតិ​ហ្នឹង​ វា​មិន​ខុស​ទេ ហើយ​ជាមេដឹកនាំកំសាក​បំផុត​ក្នុង​ការ​ដឹក​នាំ​ប្រទេស​កម្ពុជា ខ្លាំង​បាន​តែ​ជាមួយ​ខ្មែរ​គ្នា​ឯង ដល់​ជាមួយ​ប្រទេស​ជិត​ខាង​ហ្នឹង កំសាក​ជាទី​បំផុត សូម្បី​តែ​រដ្ឋធម្ម​នុញ្ញ​មាន​សូម្បី​តែ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស មាន​សូម្បី​តែ​សន្ធិសញ្ញា​អន្តរ​ជាតិ ដែល​ជា​ឆ្អឹង​ខ្នង​រឹងមាំ​ការ​ពារ​នូវ​អធិបតេយ្យ​ជាតិ​កម្ពុជា ក៏​មិន​ហ៊ាន​យក​ទៅ​ប្រើ​ ដើម្បីទាមទារទឹកដីព្រំដែនរបស់ខ្លួនដែរ»។

យ៉ាងណា លោក ម៉ែន ណាត ជំរុញឱ្យមេដឹកនាំឈាម​ថ្មី​គឺ​ លោក ហ៊ុន ម៉ាណែត ត្រូវ​ធ្វើ​កំណត់​ការ​ទូត​ទៅ​ភាគី​ថៃ ដោយ​បញ្ជាក់​ថា កោះគុត ប្រាសាទ​តាមាន់​តូច ប្រាសាទ​តាមាន់ធំ ​ជា​កម្មសិទ្ធរបស់​កម្ពុជា។

សម្រាប់ លោក អ៊ុំ សំអាន មុនឆ្នាំ២០១១ ប្រាសាទ​តាមាន់ធំ ប្រាសាទតាមាន់តូច និង​ប្រាសាទតាក្របី គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​កម្ពុជា​ទាំង​ស្រុង គឺគ្មានវត្តមានថៃនៅប្រាសាទទាំង៣នេះ​នោះ​ទេ។

ប៉ុន្តែថា បច្ចុប្បន្ន ប្រាសាទតាមាន់តូច ត្រូវ​បានថៃគ្រប់គ្រង​ទាំងស្រុង ខណៈប្រាសាទ​តាមាន់ធំ ប្រាសាទ តាក្របី ត្រូវបានកាន់កាប់​រួម​គ្នា ក្រោមយ​​ន្តការ​ចរចា​ទ្វេភាគី។

ប្រ​ភពនោះសំអាងថា តាមការបញ្ជាក់ពីទាហានខ្មែរ បង្គោល​ព្រំដែនសម័យបារាំង នៅចម្ងាយ​ជាង​១គី​ឡូ​ម៉ែត្រ​​ទៅ​ក្នុង​ដី​ថៃ គិត​ពី​ប្រាសាទ​តាមាន់ធំ។

មាត្រា៥៥ ចែងថា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែល​មិន​ស្រប​នឹង​ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យា​ក្រឹត​ភាព និង​ឯកភាព​ជាតិ​របស់​កម្ពុជា ត្រូវលុបចោល។

ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា​៤៤០ ចែង​​ថា «អំពើ​ប្រ​គ​ល់ឱ្យ​រដ្ឋ​បរទេស ឬ​​ភ្នាក់​ងារ​​បរទេស នូវ​ដែន​ដី​ជាតិ​ទាំង​ស្រុង ឬ​មួយ​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ​អស់​មួយជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ