គណបក្សដើម្បីកម្ពុជា បានព្រមានប្រើវិធានការច្បាប់ បើក្នុងករណីរដ្ឋបាលខេត្តព្រៃវែង នៅតែមិនឆ្លើយតបចំពោះសេចក្តីជូនដំណឹង ស្តីពី សំណើសុំជួបជុំសមាជិកគណបក្ស ក្នុងគោលបំណងដើម្បីរៀបចំលើកស្លាកបក្សនៅទូទាំងខេត្តមួយនេះ។
លោក ឯម សុខសុវណ្ណ ប្រធានគណបក្សដើម្បីកម្ពុជា ឱ្យដឹងនៅថ្ងៃទី២១ ខែកុម្ភៈនេះថា គណបក្សរបស់លោកបានដាក់លិខិតស្នើសុំជួបជុំសមាជិករបស់ខ្លួន ក្នុងគោលបំណងដើម្បីលើកស្លាកគណបក្សនៅទូទាំងខេត្ត នៅមុនការបោះឆ្នោតមកដល់។
លោកបន្តថា ប៉ុន្តែក្រោយពីគណបក្សក្រៅរដ្ឋាភិបាលមួយនេះ បានដាក់លិខិតជូនដំណឹងស្តីពីការស្នើសុំជួបជុំសមាជិកបក្សរួចហើយ ផ្ទុយទៅវិញបែរជាមិនឆ្លើយតប ហើយថែមទាំងយកលេសក្រោមហេតុផល លិខិតធ្វើឡើងដោយមិនត្រឹមត្រូវ និងខ្វះនេះខ្វះនោះជាដើម។
ប្រភពបន្តទៀតថា ការធ្វើដូចនេះ មានន័យថាជាការបង្កលក្ខណៈស្មុគស្មាញ និងផលលំបាកសម្រាប់គណបក្សនយោបាយ នៅក្រៅរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន។
VOD បានទទួលលិខិតផ្លូវការមួយច្បាប់ពីគណបក្សដើម្បីកម្ពុជា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលខ្លឹមសារនៃលិខិតនេះ បានបង្ហាញពីឥរិយាបថនៃការអនុវត្តការងាររបស់រដ្ឋបាលខេត្តព្រៃវែង។
តាមរយៈខ្លឹមសារនៃលិខិតជូនដំណឹង ចាត់ទុកថា សាលាខេត្តព្រៃវែង មានភាពអសកម្មក្នុងការផ្តល់សេវារដ្ឋបាល និងបង្កភាពស្មុគស្មាញផ្នែកផ្លូវច្បាប់។
ការរិះគន់របស់គណបក្សដើម្បីកម្ពុជា ធ្វើឡើងក្រោយពីគណបក្សក្រៅរដ្ឋាភិបាលមួយនេះ ធ្លាប់បានដាក់លិខិតជូនដំណឹងម្តងរួចមកហើយ កាលដើមខែធ្នូ ឆ្នាំ២០២៤។
ប៉ុន្តែចាប់ពីថ្ងៃជូនដំណឹងមកដល់ពេលនេះ មានរយៈពេលជិត៣ខែកន្លងទៅហើយ គណបក្សដើម្បីកម្ពុជា អះអាងថា ខ្លួនគ្មានបានទទួលការជូនដំណឹងណាមួយត្រឡប់មកវិញ ជុំវិញសំណើរសុំជួបជុំសមាជិកបក្ស និងផែនការលើកស្លាកគណបក្សណាមួយនៅឡើយនោះទេ។
បណ្តុំអង្គការអន្តរជាតិដែលធ្វើកិច្ចការផ្នែកសិទ្ធិមនុស្ស និងនយោបាយ បានចេញរបាយការណ៍កាលពីដើមខែធ្នូ ឆ្នាំ២០២៤ រកឃើញថា ក្នុងចំណោមប្រទេសជិត ២០០ប្រទេស ក្នុងនោះមានទាំងកម្ពុជាផង បង្ហាញថា លំហសេរីភាពខាងនយោបាយ នៅក្នុងបណ្តាប្រទេសទាំងនោះ សឹងតែគ្មានទាល់តែសោះ។ របាយការណ៍បន្តថា ស្ថិតក្រោមអំណាចផ្តាច់មុខរបស់គណបក្សប្រជាជនកម្ពុជា មិនថាអ្នកនយោបាយនៅក្រៅរដ្ឋាភិបាល សូម្បីសកម្មជនសិទ្ធិមនុស្ស អ្នកការពារបរិស្ថាន និងក្រុមអ្នកការពារសហជីពជាដើម ពួកគេបាយក្លាយជាគោលដៅ នៃការវាយប្រហារ គាបសង្កត់ និងបំបិទសិទ្ធិសេរីភាព ក្នុងកម្រិតធ្ងន់ធ្ងរបំផុត។
ហាក់មិនខុសគ្នាទេ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក នី សុខា ឯកភាពថា ចំពោះការអនុវត្តសិទ្ធិនយោបាយ នៅក្នុងបរិបទចុងក្រោយ នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ ពិតជាមានរូបភាពមិនល្អសោះឡើយ។
មានអ្នកនយោបាយមិនតិចនាក់ទេ ដែលត្រូវរងបណ្តឹងតាមផ្លូវតុលាការ ព្រោះតែពួកគេបានសំដែងមតិ និងអនុវត្តសិទ្ធិតាមផ្លូវនយោបាយនេះ។
លោកបន្តថា អ្នកនយោបាយត្រូវរងគ្រោះដោយការអនុវត្តច្បាប់ ដែលគ្មានតម្លាភាពហើយ កាន់តែធ្ងន់ជាងនេះ ពួកគេថែមទាំងត្រូវប្រឈមមុខ នឹងការគាបសង្កត់ខាងផ្លូវនយោបាយទៅទៀត។
កត្តាទាំងនេះ បានជំរុញឱ្យអ្នកនយោបាយទាំងនោះ អនុវត្តកម្មវិធីនយោបាយទាំងភាពភ័យខ្លាច និងទទួលរងសម្ពាធបើធៀបកាលពី១០ឆ្នាំមុន។
VOD បានព្យាយាមសុំការបំភ្លឺពីមន្រ្តីរដ្ឋបាលខេត្តព្រៃវែង តាមទូរស័ព្ទជាច្រើននាក់ដែរ នៅថ្ងៃនេះ ប៉ុន្តែមិនមានការឆើ្លយតប។
ប្រទេសកម្ពុជា ដែលរងការរិះគន់ថាបានដឹកនាំតាមបែបឯកបក្ស ដោយគណបក្សប្រជាជនកម្ពុជា ចាប់ពីការរំលាយគណបក្សសង្រ្គោះជាតិ នៅចុងឆ្នាំ២០១៧មក មិនថាស្ថានភាពសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយទេ សូម្បីសិទ្ធិក្នុងការជួបជុំសំដែងមតិដោយសន្តិវិធី ក៏គ្មានដែរ ក្នុងពេលបច្ចុប្បន្ននេះ។
គណបក្សកម្លាំងជាតិ ធ្លាប់បានស្នើសុំជួបជុំសមាជិកបក្ស ក្រោមរូបភាពសមាជវិសាមញ្ញជាច្រើនដងដែរ ក្នុងឆ្នាំ២០២៤ ប៉ុន្តែត្រូវបានបដិសេធជាបន្តបន្ទាប់ពីសាលាក្រុងភ្នំពេញ។
រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ បញ្ញត្តិមាត្រា៥១ថ្មី កំណត់ថា ប្រទេសកម្ពុជា អនុវត្តរបបនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស។
បើគេពិនិត្យមើលពីខ្លឹមសារនៃច្បាប់នេះ មានភាពល្អឥតខ្ចោះ។ ប៉ុន្តែគិតមកដល់ពេលនេះ មានអ្នកនយោបាយ និងគណបក្សនយោបាយមិនតិចទេ ដែលត្រូវរងគ្រោះដោយការប្រើអំណាចរបស់លោក ហ៊ុន សែន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានគណបក្សជាច្រើនកំពុងដំណើរការ៕