វិភាគ៖ ហេតុអ្វី​វៀត​ណាម​កាត់​បន្ថយ​​មន្ត្រី​តែ​កម្ពុជា​​បង្កើន​​​ចំនួន​​​មន្ត្រី?

វៀតណាមដែល​មាន​ប្រជាជន​​ប្រមាណ ១០០លាន​​នាក់ ថ្មីៗ​​នេះ ​បាន​​ចាប់​ផ្តើម​​​ធ្វើ​កំណែ​ទម្រង់​ជា​ថ្មី​ទៀត​​ ដោយ​​កាត់​​បន្ថយ​​ក្រសួង​​ពី​​១៨ ​ឱ្យ​មក​​នៅ​​ត្រឹម​​១៤​ ដើម្បី​កាត់​​បន្ថយ​​ការ​​ចំណាយ​ ​​និង​បង្កើន​ប្រសិទ្ធ​ភាព​ការ​​ងារ​ ខណៈ​​កម្ពុជា​​ដែល​មាន​ប្រជាជន​​ត្រឹម ​១៧លាន​​នាក់ ​មាន​​ក្រសួង​រហូត​ដល់​២៨ និង​​មាន​​ស្ថាប័​ន​​ជាតិ​ចំនួន ​១៧​ផ្សេង​ទៀត​។

បើទោះ​បីជាក្រុម​អ្នក​តាម​ដាន​​នយោបាយ​​​រិះគន់​ថា រដ្ឋាភិបាល​តពូជ​ដែល​ដឹក​នាំ​ដោយ​គ្រួសារ​ហ៊ុន មាន​​ក្បាល​​​ធំ​​សំពីង​សំពោង​​ធ្វើ​ឱ្យ​មាន​​ការ​ចំណាយ​​ថវិកា​ជាតិ​​ច្រើន​ខ្ជះ​ខ្ជាយ​​​ក៏​ដោយ​ ក៏​រដ្ឋាភិ​បាល​​ឈាម​ថ្មី​​របស់​​គណបក្ស​ប្រជាជន​ មិនបាន​បង្ហាញពី​ឆន្ទៈ​ក្នុង​​ការ​​​ធ្វើកំ​ណែ​ទម្រង់​ឡើយ។ តើ​កក្តា​អ្វី​ខ្លះ​​បាន​​ជារដ្ឋាភិបាល​កម្ពុជា ​មិន​​​ធ្វើ​កំណែទម្រង់ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ​ ?

រដ្ឋសភាវៀតណាម កាលពីថ្ងៃទី​១៨ ​ខែកុម្ភៈ ​ឆ្នាំ​២០២៥នេះ​ បានអនុម័តសេចក្តីព្រាង​ច្បាប់​រៀបចំ​រដ្ឋាភិបាល​​ថ្មី ដែលនឹងកាត់បន្ថយ​មន្ត្រីពី​១៥ ទៅ ២៥% និង​កាត់​​បន្ថយ​ក្រសួង​ចំនួន​៥ គឺពី​១៨​ក្រសួង​ មក​នៅ​ត្រឹម​១៤​ក្រសួង។

អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ​លោក​ តូ ឡាំ បាន​​ថ្លែង​​ថា នេះ​ជា​ការ​បង្កើន​ប្រសិទ្ធ​ភាព​រដ្ឋបាល​សាធារណៈ​​​វៀត​​ណាម។ តាម​សេចក្តីព្រាង​​ច្បាប់​ដែល​​ត្រូ​វ​បាន​​រដ្ឋសភា​វៀត​ណាម​អនុ​ម័ត ក្រសួង​៥ ទីភ្នាក់​ងារ​៤ និង​​ទូរទស្សន៍​​រដ្ឋ​៥ នឹង​ត្រូវលុប​ចោល។

វៀត​ណាម​​និយាយ​ថា រដ្ឋ​ប្រឹង​ជំរុញ​ប្រសិទ្ធ​ភាព​ក្បាល​​ម៉ាស៊ីន​រដ្ឋ​បាល​​​​​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា និង​លុប​ប្រការ​​ដែល​ស្ថាប័ន​រដ្ឋ​ជា ​«ស្ថាន​សួគ៌​សម្រាប់​មន្ត្រី​​អសមត្ថ​​ភាព»។​ នេះ​​​បើ​តាម​ការ​​ចុះ​ផ្សាយ​​របស់​បាង​កក​ប៉ុស្តិ៍។

ជាមួយគ្នា​នេះ ​បើ​​តាម AFP ការ​​​កាត់​បន្ថយ​បុគ្គលិករដ្ឋ​​វៀតណាម​​​២០%​ ប្រមាណ​១០ម៉ឺន​​នាក់ និង​កាត់​បន្ថយ​ចំនួន​ក្រសួង​ ​និង​ទីភ្នាក់​ងារនេះ ​​នឹង​​ធ្វើ​​ឲ្យ​​រដ្ឋ​សន្សំ​​បាន​ថវិកា​ ៤,៣​ពាន់​​លាន​​ដុល្លារ ក្នុង​​រយៈ​ពេល​​៥ឆ្នាំ។ លោក តូ ឡាំ​ បាន​ថ្លែង​​ថា ទីភ្នាក់ងារ ស្ថាប័ន​រដ្ឋ​​មិន​គួរ​​ជា​កន្លែងលាក់​ខ្លួន​របស់​​មន្រ្តី​អន់ៗ គ្មានសមត្ថភាពនោះទេ ខណៈបច្ចុប្បន្ន​ប្រទេស​វៀតណាម​​មាន​​ប្រជាជន​​ប្រមាណ ១០១​លាន​នាក់។

ចំណែក ប្រទេសកម្ពុជា​ ដែលមាន​ប្រជាជនប្រមាណ​​តែ ​១៧​លាន​នាក់​ ​មាន​​ក្រសួង​​រហូត​​ដល់​​២៨ ​និង​​មាន​ស្ថាប័​ន​ជាតិចំនួន ​១៧ផ្សេងទៀត និង​មាន​​មន្រ្តី​​រាជ​​​ការ​​ស៊ីវិល​​ទូទាំង​​ប្រទេស​ជាង​ ២២​ម៉ឺន​​​នាក់។ នេះ​បើ​តាម​លោក ព្រុំ សុខា ​​អតីត​រដ្ឋមន្ត្រី​​ក្រសួង​​មុខងារ​សាធារណៈ។

លោក ព្រំ សុខា ធ្លាប់​បាន​​ថ្លែង​​​ក្នុង​​សន្និសីទមួយថា ​​នៅ​ក្នុង​ឆ្នាំ​​២០២៣ មន្ត្រី​​រាជការ​​ស៊ីវិល​​ (ដោយ​មិន​​គិត​​កង​​កម្លាំង​​ប្រដាប់​អាវុធ​) ទូទាំង​​ប្រទេស​​មាន​​ចំនួន​ជាង ២២ម៉ឺន​នាក់​(២២៦ ៩៤៩នាក់) ក្នុង​នោះ​​ថ្នាក់​​ជាតិ​​មាន​​ចំនួន​ជិត ៥ម៉ឺន​នាក់ (៤៩ ៨៤៥នាក់​) និង​​ថ្នាក់​ក្រោម​​ជាតិ​ជាង​ ១៧​ម៉ឺន​នាក់​ (១៧៧ ១០៤ នាក់)។

ទាក់​ទង​មន្រ្តី​ខ្មោច ឬ​​មន្រ្តី​មិន​ប្រក្រតី លោក ​ព្រុំ សុខា បាន​​បញ្ជាក់​​​ថា តាម​​ការ​​ធ្វើ​​ជំរឿន ​ចំនួន​ពីរ​​លើក​ បាន​​​រក​ឃើញ​​មាន​​មន្ត្រី​ខ្មោច ​ឬមន្ត្រី​មិន​ប្រក្រតី​ចំនួនជាង ៣ម៉ឺននាក់ (៣១ ៥៥៥នាក់)។ ​

យ៉ាងណាក្តី ​VOD ​រក​មិន​ឃើញ​ព័ត៌មាន​លម្អិត​​ពី​ចំនួន​​មន្ត្រី​​រាជ​ការ​ ​នៅ​ក្នុង​រដ្ឋាភិបាល​​ឈាម​​ថ្មី​​«រក្សា​ចាស់​ថែម​ថ្មី» ​របស់​​គណបក្ស​​ប្រជាជន​កម្ពុជា ក្នុង​នីតិកាល​ទី​​៧​​នេះ​​ទេ ខណៈ​តាំង​តែពី​ដើម​អាណត្តិ​​មក​ គេ​ឃើញ​​រដ្ឋាភិបាល​​ដែល​​លើក​កូន​ខ្លួន​ឯង ឱ្យ​​ឡើង​​កាន់​តំណែង​​តពូជ​នេះ ​តែង​​តែ​យក​​តំណែង​​បុណ្យ​​ស័ក្តិ​​លុយ​​កាក់​ ​ទាក់​ទាញ​សកម្ម​ជន​​បក្ស​ប្រឆាំង​​ឱ្យ​ចុះចូល​​​ថែមទៀត។

វិល​ទៅ​​សំណួរ​ខាង​ដើម ថាតើ​កក្តា​អ្វី​ខ្លះ​​បាន​​​ជា​រដ្ឋាភិបាល​​កម្ពុជា​ ​មិន​​ឃើញ​​​ធ្វើ​កំណែ​ទម្រង់ ​ដើម្បី​កាត់​​បន្ថយ​​ការ​​ចំណាយ​​ថវិកា​រ​ដ្ឋ​?

ជ្រុង​​មួយ​ត្រូវ​​បាន​​អ្នក​​តាម​​ដាន​លើកឡើងថា ប្រទេសវៀតណាម ​​ជាប្រទេស​កុម្មុយ​នីស្ត​ឯក​បក្ស ​គឺ​ងាយ​ស្រួល​​ក្នុង​ការ​​​ធ្វើ​កំណែ​ទម្រង់។

ប៉ុន្តែ​​កម្ពុជា ​មិន​​ងាយ​​ស្រួល​​ទេ ពីព្រោះ​​បើ​​គណបក្ស​​ប្រជាជន ​ដែល​​ជា​គណបក្ស​​កាន់​​អំណាច ​ធ្វើ កំណែ​ទម្រង់ រដ្ឋាភិបាល​​ដោយ​​កាត់​បន្ថយ​​ក្រសួង ​​កាត់​បន្ថយ​​ចំនួន​​មន្ត្រី​​រាជការ នោះ​មន្ត្រី​របស់​គណបក្ស​​ដែល​​កាន់អំណាច​ជាង ​៤០ឆ្នាំ​​មក​​ហើយ​​មួយ​​នេះ​ អាច​​នឹង​​រត់​​ទៅ​​ចូល​រួម​​គណបក្ស​​ផ្សេង ខណៈ​​ដែល​​បច្ចុប្បន្ន​ទាំង​ លោក ​ហ៊ុន សែន ​ប្រធាន​គណបក្យ ​និង​​លោក​​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ាណែត ​អនុ​ប្រធានគណបក្ស​​កំពុង​​​​ប្រើ​​គ្រប់​មធ្យោបាយ​​ទាំង​​ស្រប​​ច្បាប់​ និង​​មិន​​ស្រប​ច្បាប់ ​ដើម្បី​​អូស​ទាញ​​សមាជិក​​គណ​បក្ស​​ប្រឆាំង​​ ឱ្យមក​ចូល​រួម​ជាមួយគណបក្យ​ប្រជាជន ​​តាម​​រយៈ​​ការ​ផ្តល់​ប្រាក់​ និង​​ផ្តល់​​តំណែង​​ក្នុង​ជួរ​​រដ្ឋាភិ​បាល។

ជ្រុង​មួយ​ផ្សេងទៀត ត្រូវ​បាន​​ក្រុម​អ្នក​វិភាគ​ លើក​ឡើង​​ថា រដ្ឋាភិបាល​​ក្បាល​​​ធំ​ជាង​​ខ្លួន​​ដែល​កំពុង​​ត្រូវ​បាន​​ដឹកនាំ​​ដោយ​​ឈាម​​ថ្មី​​របស់​​គណបក្ស​​កាន់ណា​ច​​នេះ ​គឺ​​ប្រមូល​​ផ្តុំ​​វិញ​​បញ្ចូល​គ្នា​​ទៅ​ដោយ​​គ្រួសារ​​និយម​​បក្ខ​ពួក​និយម ឧកញ៉ា​ទុច្ច​រិត ​​​មាន​​រហូត​ទៅដល់ការ​ចង​ភ្ជាប់​គ្នា​​ជា​​សាច់​សា​លោហិត​ធ្វើជា​ដន្លង​នឹង​គ្នា ​ដើ​ម្បី​ការ​​ពារ​​ផ​ល​​ប្រយោជន៍​​គ្នា​​ទៅ​វិញ​​ទៅ​​មក និង​​អាច​​បន្ត​កាន់​អំណាច​បាន​​តពូជ។

ហេតុដូច្នេះ​ហើយ​​បាន​ជា​គេ​សង្កេត​​ឃើញ​រដ្ឋាភិបាល​ ​ដែល​​ដឹកនាំ​​ដោយ​​គ្រួសារ​​ហ៊ុន ​ហា​ក់​​​បី​ដូច​​ជា​បាន​​​ខិត​​ខំ​ប្រឹង​ប្រែង​​ខ្លាំង​​ណាស់ ​ក្នុង​ការ​ធ្វើ​នយោ​បាយ​បែប​ប្រជាភិថុតិ។

បំភ្លៃការពិត គំរាមកំហែង និង​តាម​បំបែក​បំបាក់​ តាមកម្ទេច​​​​​ក្រុម​ប្រឆាំង ​ដែល​ជាគូប្រជែង​យ៉ាង​ស្រួច​​ស្រាល​​របស់​​ខ្លួន​ ​​ដូច​​ដែល ​លោក ​ហ៊ុន សែន ​តែង​តែថ្លែង​ជាញឹកញាប់​ថា​ «ទោះ​​ក្នុង​តម្លៃ​ណា​ក៏ដោយ ​ត្រូវ​​តែ​​តាម​​កម្ទេច​​​ក្រុម​បដិវត្តន៍ពណ៌ ​​ជ្រុល​និយម​របស់​គណបក្ស​​ប្រឆាំង​​មួយ​​ក្តាប់​តូច ​​​ដើម្បី​ការ​ពារសន្តិភាព​ និង​សេចក្តីសុខសាន្ត​​របស់​ប្រជាពល​រដ្ឋ​​ឱ្យខាង​តែបាន»។

ផ្ទុយទៅវិញសារនេះ ហាក់ប្រាប់យើងថា ​អ្វី​ដែល ​លោក ​ហ៊ុន សែន​ បាន​ធ្វើ ​​គឺ​ដើម្បី​​ការ​​ពារ​​អំណាច​​ឱ្យ​បាន​តពូជ​ទៅ​វិញ​ទេ ដូច​ដែល​​គ្រប់​គ្នា​​បាន​​ឃើញ​​នាពេល​បច្ចុប្បន្ន​​​។​

គេកត់​សម្គាល់​ឃើញថា នាពេល​ថ្មីៗ​ជា​បន្ត​បន្ទាប់​មក​​នេះ មាន​​បញ្ហា​​ជា​ច្រើន​បាន​​កើត​ឡើង​ដូច​ជា​​កសិផល​​របស់​​ប្រជា​កសិករ​ខ្មែរ ​ចុះ​ថោក​គ្មាន​ទីផ្សារ ​កសិករ​​ខ្វះ​​បណ្តាញ​​ទឹក​​ស្រោច​​ស្រព។

អំពើ​ឆបោក​កើតឡើង​ជា​ប្រព័ន្ធ​​​គ្រប់​ទម្រង់ ប្រជាពលដ្ឋ​​​រហូត​ដល់​​ប្រមាណ ៥លាន​​នាក់ ​ជំពាក់​បំណុល​ធនាគារ​​វ័ណ្ឌ​ក ជម្លោះដី​ធ្លី​​នៅ​​តែ​បន្ត​​កើត​ឡើង​​​រ៉ាំរ៉ៃ ​ធ្វើឱ្យប្រជា​ពលរដ្ឋ​ជាច្រើន​បន្ត​​ទទួល​​រង​គ្រោះ ការ​រីក​រាល​​ដាល​​យ៉ាង​ខ្លាំងនៃគ្រឿងញៀន។

​ការ​បន្តកាប់​បំផ្លាញ​​ព្រៃ​​ឈើ ​បញ្ហា​​បូរណភាពទឹកដី​កោះគុត អំពើ​​អយុត្តិធម៌​​សង្គម និង​​ករណី​ឃាតកម្ម​​ទៅ​​លើ លោក លិម គិមយ៉ា ​តំណាង​​រាស្ត្រ​គណបក្ស​​សង្គ្រោះ​ជាតិ​​ជាដើម គេ​កម្រ​ឃើញ​លោក ​ហ៊ុន សែន ​និង​​​លោក ហ៊ុន​ ម៉ាណែត​​ យក​​ចិត្ត​​ទុក​ដាក់​​ធ្វើការ​​ដោះ​​ស្រាយ​បញ្ហា​​​ទាំង​​នេះ​ឱ្យ​មាន​​ប្រសិទ្ធ​ភាព​​ណាស់។

តែផ្ទុយ​​ទៅ​​វិញ​ គេ​ឃើញ​ឪពុកកូន​ទាំង​​២នាក់​​នេះ​ បែរ​ជា​បង្ហាញ​​ឱ្យ​​ឃើញ​​ពី​ការ​​ខិត​​ខំ​ប្រឹង​ប្រែង​និង​​សកម្ម​​ខ្លាំង​​ណាស់​ ​ក្នុង​ការ​​​​ធ្វើ​​ទុក្ខ​​បុក​ម្នេញ តាម​​កម្ទេច​​​ក្រុម​​ប្រឆាំង​ ​​បើ​ទោះ​បី​ជា​គណបក្ស​​សង្គ្រោះ​​ជាតិ ​ត្រូ​វបាន​​តុលាការ​​កំពូល ​ក្រោម​បញ្ជា​របស់​លោក​ ហ៊ុន សែន​ ​​បាន​​សម្រេច​​រំលាយ​ចោល។

លោក ​កឹម សុខា មេបក្ស​ប្រឆាំង ​ត្រូវ​​ចាប់​ឃុំខ្លួន​ក្នុង​ផ្ទះ​​ទាំង​អយុត្តិធម៌ ​អស់​រយៈ​​ពេល​ប្រមាណ ៨ឆ្នាំ​មក​​ហើយ​ និង​ ​លោក ​សម រង្ស៊ី រួមទាំង​ថ្នាក់​ដឹក​នាំជាន់​​ខ្ពស់​​​បក្ស​ប្រឆាំង​ដទៃទៀត ​ត្រូវ​បាន​រាំង​ខ្ទប់​ មិន​ឱ្យ​វិល​ត្រឡ​ប់​​ចូល​មក​កម្ពុជា​វិញ ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​​ក្តី។

ថ្មីៗ​នេះ ​មានការ​លាតត្រដាង​ករណី​​ដែល ​លោក ​ហ៊ុន សែន បាន​ចំណាយ​ប្រាក់​​លើស​​ពី​​ជាង ​១០ម៉ឺន​ដុល្លារ​ ជួល​លោក​​បណ្ឌិត​ សេង សារី ឱ្យ​ទៅ​​ធ្វើ​ជាជន​បង្កប់ ​ដើម្បី​ស៊ើប​យកព័ត៌មាន​ពី​ផ្ទៃ​ក្នុង​​​ថ្នាក់​ដឹកនាំគណ​បក្ស​ប្រឆាំង។

ស្របពេលជាមួយគ្នា​នេះ ក្រុមហ៊ុនគ្រប់គ្រងហ្វេសប៊ុក​ឈ្មោះ Meta បាន​ចេញ​​របាយ​​ការ​ណ៍​​បង្ហាញ​ថា ចាប់​ពី​ខែ​កញ្ញា ឆ្នាំ​២០២២ ដល់​ខែ​កុម្ភៈ ឆ្នាំ​២០២៥ លោក ហ៊ុន ម៉ាណែត បាន​ចំណាយ​ប្រាក់​ជាង ១លាន​៥សែន​ដុល្លារ ​​សម្រាប់​ផ្សព្វ​​ផ្សាយ​​មាតិកា​​ផ្សេងៗ​​របស់​​ខ្លួន ​នៅលើបណ្តាញសង្គម ហើយ​មន្ត្រី​ខ្មែរ​មួយ​ចំនួន ក៏​បា​​ន​ចំណាយ​​ថវិកា​រាប់​​សិប​​​ម៉ឺន​ដុល្លារ ដើម្បី​ផ្សព្វ​ផ្សាយ​សកម្ម​ភាព​ការ​ងារ​របស់​ខ្លួន នៅលើ​​បណ្តាញ​​ស​ង្គម​​ហ្វេស​​ប៊ុក​ផង​ដែរ។

អ្នក​តាម​ដាន​ ​លើកឡើងថា លោក ​ហ៊ុន សែន ​និង​​លោក ​ហ៊ុន ម៉ាណែត គួរ​​យក​ប្រាក់​រាប់​លាន​ដុល្លារ ​ដែល​ចំណាយ​ទៅលើ​ការ​ជួលចារកម្ម​​ និង​កា​រ​ផ្សព្វផ្សាយ​​ពី​សកម្មភាព​​ធ្វើ​ប្រជាភិថុតិ ​អួត​​ពី​ស្នាដៃ​​​របស់​​​ខ្លួន​ឯង​​​​នៅ​លើ​​បណ្តាញ​​​សង្គម​ ទៅ​ដោះ​ស្រាយ​ពី​ទុក្ខ​លំបាក​​របស់​​ប្រជា​ពលរដ្ឋ។

​ជាពិសេស ​​យក​​ប្រាក់​​ទាំង​​នោះ​​ទៅ​ជីក​​ប្រឡាយ​​ទឹក ​​សម្រាប់​​ស្រោច​​ស្រព​​ស្រូវ​​​របស់​​កសិករ​​វិញ​ទើប​ជា​ការ​​ល្អ​ប្រសើរ​ ពីព្រោះ​នៅ​​​ពេល​​ដែល​​រដ្ឋាភិបាល​​យក​​ចិត្ត​​ទុក​ដាក់​ ​ដោះ​ស្រាយ​ទុក្ខ​លំបាក​​របស់​ប្រជា​ពលរដ្ឋ​បាន​ប្រជាពលរដ្ឋ​ នឹង​គាំទ្រ​រដ្ឋាភិបាល​មិន​ខាន។

គេបាន​ដឹងឮជាទូទៅថា ក្នុងរយៈ​​ពេល​​ជាច្រើន​ឆ្នាំមកនេះ លោក ហ៊ុន សែន ​បាន​​ចំណាយ​​ប្រាក់​រាប់​លាន​ដុល្លារ​ ដើម្បី​ទិញ​សកម្ម​ជន​​នយោបាយ​​បក្ស​​ប្រឆាំង​ ទាំង​ថ្នាក់​ជាតិ ​និង​​ថ្នាក់​​ក្រោម​​ជាតិ​នៅ​​ទូទាំង​ប្រទេស​ ដោយ​ក្នុង​ម្នាក់​ៗ​ត្រូវ​ចំណាយ​ប្រាក់​​រាប់​​ពាន់ ​ឬរហូត​ដល់​រាប់​ស៊ឹបម៉ឺនដុល្លារ​ ​ទៅ​តាម​​​តំណែង ​និង​តួនាទី​របស់សកម្មជនទាំង​នោះ។

ចំណែក​ សកម្ម​ជនបក្ស​ប្រឆាំង​ដែល​​ទិញ​​មិន​លក់​​សម្លុត​​មិន​​ខ្លាច ​លោក ​ហ៊ុន សែន ​បាន​បង្កើត​ក្រុម​​បាត​ដៃ​ទី​៣ ​​ឱ្យ​​ទៅ​​តាម​​វ៉ៃ​​សកម្ម​ជន​​ទាំង​​នោះ​ ​រហូត​ដល់​សកម្ម​ជន​ខ្លះ​អត់​ទ្រាំមិ​ន​​បាន​ ​ក៏​បង្ខំចិត្ត​ចុះ​ចូល ​និងខ្លះទៀត​បាន​រត់​ភៀសខ្លួន​ទៅ​​ក្រៅ​ប្រទេស។

ដូច្នេះ​ ជារួមទឡ្ហីករណ៍​ដូច​ដែល​បាន​រៀបរាប់ខាងលើមក​នេះ អាច​ជាកក្តាចំបង​ ដែល​​រដ្ឋាភិបាល​ឈាម​​ថ្មី​​របស់​​គណបក្ស​​ប្រជាជន​កម្ពុជា ​ក្រោមកណ្តាប់​ដៃដែក​រ​បស់ ​លោក​ ហ៊ុន សែន មិន​​​ធ្វើ​កំណែ​ទម្រង់​​កាត់​បន្ថយ​​ចំនួន​​ក្រសួង​ កាត់​បន្ថយ​​ចំនួន​​មន្ត្រីរាជ​ការ ដើម្បី​ពង្រឹង​ប្រសិទ្ធភាពការ​ងារ​ ដូចរដ្ឋាភិបាល​វៀត​ណាម​ ។

បញ្ហា​ទាំងអស់​នេះ ទំនង​​​​​ដោយសារ​តែ​អតីតកម្មាភិបាល​ខ្មែរ​ក្រហម ដែល​ជាប់ពាក់​​ព័ន្ធ​​នឹង​​សំណុំ​រឿង​​ឧក្រិដ្ឋ​ជាច្រើន​រូប​នេះ ​ចង់​រក្សា​មន្ត្រី​រដ្ឋាភិបាល​​ដ៏ច្រើន​​ទាំង​​នោះ ​និង​​បន្ត​កម្ទេច​កម្លាំង​ប្រឆាំង​​​ឱ្យ​​ចុះ​​ខ្សោយ ​ដើម្បីធ្វើយ៉ាងណា​ឱ្យ​គ្រួសារខ្លួន​អាច​​បន្ត​​កាន់​តំណែង​​បាន​​តពូជ។

យ៉ាងណាក្តី​ថ្មីៗនេះ ​ក្រុម​អ្នក​តស៊ូមតិកម្ពុជា​ ហៅកាត់ថា​ (CAT) ​ដែល​​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អូស្ត្រាលី លើកឡើង​​ថា គណបក្ស​ប្រជាជន​​កម្ពុជា ​ត្រូវ​ប្រឈម​​នឹង​​ការ​រំលាយ​ចោល ជុំវិញ​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ចារកម្ម​​របស់​​បណ្ឌិត សេង សារី និង​លោក ហ៊ុន សែន ពី​ព្រោះ​​សកម្មភាពនេះ វា​បាន​​ល្មើស​នឹង​ច្បាប់​ស្ដីពី​ ​គណបក្ស​នយោបាយ និង​រដ្ឋធម្មនុញ្ញកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ