សមាជពលរដ្ឋខ្មែរនៅអូស្ត្រាលី ជំរុញឱ្យផ្តាល់ប្តូរមេដឹកនាំគ្រួសារហ៊ុន ដើម្បីបុព្វហេតុទឹកដី ប្រជាធិបតេយ្យ និងយុត្តិធម៌សម្រាប់ លោក លិម គិមយ៉ា ។
សមាជនេះ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ នៅប្រទេសអូស្ត្រាលី តាមការគ្រោងទុក ក្នុងនោះ ក៏មានវត្តមានមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ ផងដែរ។
សមាជនេះ ក៏មានដើរហែរក្បូនស្រែកតាមឧបករណ៍បំពងសំឡេង ផ្ញើសារពីយុត្តិធម៌ លោក លិម គិមយ៉ា ទាមទារឱ្យប្កឹងករណីកោះគុតដែលថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងជំរុញការផ្តាស់ប្តូរមេដឹកនាំគ្រួសារហ៊ុន ដើម្បីបុព្វហេតុប្រជាធិបតេយ្យ និងការពារបូរណភាពទឹកដី។
សំឡេងអ្នកហែរក្បួន៖ «កោះគុត ICJៗ។ រួបរួមគ្នាការពារកោះគុត[…]។ ត្រូវធានាយុត្តិធម៌ជូនលោក លិម គិមយ៉ា យុត្តិធម៌ៗៗ […]។ ដូរមិនដូរៗ ជ័យយោលទ្ធិប្រជាធិបតេយ្យ»។
សមាជពលរដ្ឋខ្មែរនៅអូស្ត្រាលី ត្រូវបានអះអាងថា ធ្វើឡើងពីបណ្តុំអ្នកប្រជាធិបតេយ្យ ដែលកំពុងរស់នៅប្រទេសអូស្ត្រាលី និងញូហ្សេឡេន ក្រោមប្រធានបទស្តីពី «ដំណោះស្រាយបញ្ហាកម្ពុជា»។
ពួកគេធ្លាប់អះអាងថា សមាជនេះ មានបំណងចែករំលែកចំណេះដឹងផ្លាស់ប្តូរយោបល់ លើប្រធានបទ ពាក់ព័ន្ធនឹងស្ថានភាព ការរំលោភសិទ្ធិមនុស្ស អំពើអយុត្តិធម៌សង្គម បំផ្លាញប្រជាធិបតេយ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។
ឈរលើស្មារតីកិច្ចព្រមព្រៀងក្រុងប៉ារីស រដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិទាំងឡាយ ដើម្បីទាមទារឱ្យភាគីពាក់ព័ន្ធទាំងអស់ ការពារឱ្យមានការដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យពិតប្រាកដ គោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងការពារបូរណភាពទឹកដីសម្រាប់អ្នកជំនាន់ក្រោយ និងជាការបង្ហាញនូវជំហរយ៉ាងច្បាស់ថា បងប្អូនខ្មែរនៅក្រៅប្រទេស មិនភ្លេចជាតិមាតុភូមិកម្ពុជា។
លោក លិម គិមយ៉ា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ គិតត្រឹមថ្ងៃចន្ទនេះ មានរយៈពេលជាង១ខែហើយ។
រយៈពេលជាង១ខែទៅនេះ ជនសង្ស័យពីររូបមាន លី រតនរស្មី និង ពេជ្រ គឹមស្រ៊ិន ដែលគេស្គាល់ថាជាមនុស្សស្និទ្ធនឹងមេដឹកនាំគ្រួសារហ៊ុននោះ សមត្ថកិច្ចកម្ពុជា មិនទាន់ចាប់បញ្ជូនឱ្យទៅភាគីថៃ ដើម្បីកាត់ទោសនៅឡើយទេ ទោះមានការទាមទារ ពីតុលាការព្រហ្មទណ្ឌថៃ និងប៉ូលិសអន្តរជាតិ។
ការមិនចាប់បញ្ជូនជនសង្ស័យ ក្នុងសំណុំរឿងឃាតកម្មនេះ ឱ្យទៅភាគីថៃ ដើម្បីកាត់ទោស ជំរុញឱ្យមានការលើកឡើងថា គ្រួសារហ៊ុន ជាមេខ្លោងធំ នៅពីក្រោយការធ្វើឃាត លោក លិម គិមយ៉ា ដើម្បីគំរាមមន្ត្រីបក្សប្រឆាំងផ្សេងទៀត កុំឱ្យរិះគន់រដ្ឋាភិបាល។
ពួកគេអះអាងថា ការដែលគណបក្សកាន់អំណាច ប្រើដៃតុលាការរំលាយគណបក្សសង្គ្រោះជាតិចេញពីឆាកនយោបាយជាង៧ឆ្នាំទៅនេះ ដោយសារមេដឹកនាំគ្រួសារហ៊ុន លែងហ៊ានប្រកួតការបោះឆ្នោត ជាមួយគណបក្សសង្គ្រោះជាតិ ខណៈនៅឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិ ដណ្តើមអាសនៈឃុំសង្កាត់ជិតពាក់កណ្តាលប្រទេស ដែលជាការគាស់រំលើងឫស្សកែវគណបក្សកាន់អំណាច៕